28 C
Phnom Penh

សកម្មជន​ថា​ការ​បន្ត​យក​ឈ្មោះ​លោក កឹម សុខា ទៅ​ប្រើប្រាស់​ខុស​ពី​ស្មារតី​ដើម​គឺជា​ទង្វើ​ទុច្ចរិត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ រិះគន់​អតីត​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស ថា​ការ​បន្ត​យក​ឈ្មោះ និង​រូប​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា ទៅ​ប្រើប្រាស់​ខុស​ពី​ស្មារតី​ដើម​របស់​គណបក្ស​សង្គ្រោះ​ជាតិ គឺជា​ទង្វើ​ទុច្ចរិត និង​ជា​ការ​បោកបញ្ឆោត​ពលរដ្ឋ​ខ្មែរ។

សកម្មជន​បក្ស​ប្រឆាំង លោក ហ៊ុន កុសល បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ ថា ការ​បន្ត​យក​រូប​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ទៅ​ប្រើប្រាស់​ដើម្បី​ប្រមូល​លុយ​ពលរដ្ឋ​ដែល​ស្មោះស្ម័គ្រ​នឹង​គណបក្ស​សង្គ្រោះ​ជាតិ គឺ​គ្រាន់តែ​ជា​សកម្មភាព​ធ្វើ​អាជីវកម្ម​នយោបាយ​ប៉ុណ្ណោះ។

សកម្មជន​បក្ស​ប្រឆាំង​រូប​នេះ​លើកឡើង​ថា អតីត​មេដឹកនាំ​ប្រឆាំង លោក សម រង្ស៊ី បាន​ប្រកាស​ដើរ​ចេញពី​ស្មារតី​ដើម​របស់​គណបក្ស​សង្គ្រោះ​ជាតិ ទៅ​ដឹកនាំ​គណបក្ស​ភ្លើង​ទៀន ដែល​ជា​អតីត​គណបក្ស​ចាស់​របស់​គាត់​ហើយ ដូច្នេះ​ការ​យក​ឈ្មោះ និង​រូប​លោក កឹម សុខា ទៅ​ភ្ជាប់​ជាមួយ​សកម្មភាព​របស់​ខ្លួន គឺជា​ទង្វើ​អគុណធម៌​ដែល​មេដឹកនាំ​នយោបាយ​មិន​គួរ​ប្រព្រឹត្ត​នោះ​ទេ។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​អនុប្រធាន​បក្ស​ប្រឆាំង​ភាគី​លោក សម រង្ស៊ី បាន​យក​រូប​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ទៅ​ប្រើប្រាស់​ដើម្បី​ទាក់ទាញ​អ្នក​គាំទ្រ​នៅ​ក្រៅ​ស្រុក​សព្វថ្ងៃ​នេះ។

អនុប្រធាន​បក្ស​ប្រឆាំង​ភាគី​លោក សម រង្ស៊ី គឺ​អ្នកស្រី មូរ សុខហួរ នៅ​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ ឆ្នាំ​២០២២ នេះ​បាន​បង្ហោះ​រូបថត​លោក សម រង្ស៊ី និង​លោក កឹម សុខា កាន់ដៃ​គ្នា​ដែល​ជា​រូប​តំណាង​ឱ្យ​ស្មារតី​រួបរួម​របស់​គណបក្ស​សង្គ្រោះ​ជាតិ​លើ​គណនី Facebook របស់​ខ្លួន ដោយ​សរសេរ​ថា ត្រូវតែ​ធ្វើការ​ឆ្លុះបញ្ចាំង ធ្វើ​កំណែ​ទម្រង់ និង​បញ្ចូល​ថាមពល​ឡើងវិញ។ ការ​បង្ហោះ​សារ​បែប​នេះ គឺ​ធ្វើឡើង​មុន​ការ​ជួបជុំ​អ្នក​គាំទ្រ​របស់​ខ្លួន​នៅ​សហរដ្ឋ​អាមេរិក ដែល​គ្រោង​នឹង​ធ្វើឡើង​នៅ​រដ្ឋ​ផ្លរីដា (Florida) សហរដ្ឋ​អាមេរិក នា​ពេល​ខាងមុខ​នេះ។

រូបថត​លោក កឹម សុខា និង​លោក សម រង្ស៊ី ដែល​ត្រូវ​បាន​អ្នកស្រី មូរ សុខហួរ បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​អ្នកស្រី​នៅ​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ ឆ្នាំ​២០២២។

កាលពី​ឆ្នាំ​២០១២ គណបក្ស សម រង្ស៊ី របស់​លោក សម រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស​របស់​លោក កឹម សុខា បាន​រួមបញ្ចូល​គ្នា​បង្កើត​ទៅជា​គណបក្ស​សង្គ្រោះ​ជាតិ ប៉ុន្តែ​នៅ​ដើម​ឆ្នាំ​២០១៨ គណបក្ស​សិទ្ធិមនុស្ស បាន​ដាក់​ពាក្យ​ទៅ​ក្រសួង​មហាផ្ទៃ​ដើម្បី​សុំ​រំលាយ​ខ្លួនឯង បន្ទាប់ពី​តុលាការ​កំពូល​ក្រុង​ភ្នំពេញ​ប្រកាស​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ឆ្នាំ​២០១៧ កន្លងទៅ។

ដោយឡែក​គណបក្ស សម រង្ស៊ី មិន​បាន​ដាក់​ពាក្យ​ទៅ​ក្រសួង​មហាផ្ទៃ ដើម្បី​សុំ​រំលាយ​រចនាសម្ព័ន្ធ​បក្ស​នោះ​ទេ ប៉ុន្តែ​គណបក្ស​នេះ​បាន​ប្តូរ​ឈ្មោះ​របស់​ខ្លួន​ទៅជា​គណបក្ស​ភ្លើង​ទៀន​ជំនួស​វិញ។

អតីត​មេដឹកនាំ​ប្រឆាំង លោក សម រង្ស៊ី បាន​សរសេរ​លើ​ទំព័រ Facebook របស់​លោក​នៅ​ថ្ងៃ​ទី​១៧ កុម្ភៈ ដោយ​លើកឡើង​អំពី​ការ​ចុះផ្សាយ​របស់​កាសែត​ក្នុង​ស្រុក Khmer Times (ខ្មែរ​ថាមស៍) ដែល​សរសេរ​ថា គណបក្ស​ភ្លើង​ទៀន នឹង​ក្លាយ​ទៅជា​គណបក្ស​ប្រឆាំង​ធំ​ជាងគេ​ក្រោយ​ពី​ការ​បោះឆ្នោត​ឃុំ-សង្កាត់​ក្នុង​ខែ​មិថុនា ឆ្នាំ​២០២២ ខាងមុខ​នេះ។

ការ​លើកឡើង​របស់​អតីត​មេដឹកនាំ​ប្រឆាំង​នេះ ត្រូវ​គេ​មើល​ឃើញ​ថា​ជា​នយោបាយ​ចិត្តសាស្ត្រ​មួយ​ប្រាប់​ទៅដល់​សកម្មជន​នៅ​ក្នុង​ស្រុក​ថា គណបក្ស​ភ្លើង​ទៀន គឺ​មាន​លោក​ជា​មេដឹកនាំ​ជំហរ​ពីក្រោយ ហើយ​នេះ​ក៏​ជា​លើកដំបូង​ដែរ​ដែល​លោក សម រង្ស៊ី ចេញ​មុខ​បង្ហោះ​ពី​ការ​លើក​សរសើរ​គណបក្ស​ភ្លើង​ទៀន​ជា​សាធារណៈ ខណៈ​ការ​បោះឆ្នោត​ឃុំ-សង្កាត់​ឆ្នាំ​២០២២ កាន់តែ​ខិត​ជិត​មកដល់​នោះ។

កាលពី​ចុង​ឆ្នាំ​២០២០ លោក សម រង្ស៊ី ធ្លាប់​រិះគន់​ថា មន្ត្រី​បក្ស​ប្រឆាំង​ដែល​បាន​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ និង​អ្នក​ដែល​ទៅ​បង្កើត​បក្ស​ថ្មីៗ គឺជា​ការ​ចាញ់បោក និង​លក់​ខ្លួន​ឲ្យ​លោក ហ៊ុន សែន តែប៉ុណ្ណោះ ប៉ុន្តែ​នៅ​ពេលនេះ ត្រូវ​គេ​មើល​ឃើញ​ថា លោក សម រង្ស៊ី កំពុងតែ​នៅ​ពីក្រោយ​គណបក្ស​ភ្លើង​ទៀន និង​បញ្ជា​សកម្មភាព​នយោបាយ​បក្ស​នេះ​ទាំងស្រុង៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស