ក្រុមអ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (UN) រិះគន់ចំពោះបទបញ្ជារបស់អាជ្ញាធរក្រុងភ្នំពេញ កាលពីថ្ងៃទី១៥ ខែកុម្ភៈ កន្លងទៅ ថាជាបទបញ្ជាមិនស្របនឹងច្បាប់សិទ្ធិមនុស្សអន្តរជាតិ ហើយការអនុវត្តរបស់អាជ្ញាធរលើក្រុមកូដករណាហ្គាវើលដ៍ (NAGA World) កន្លងមកបានបង្ហាញឱ្យឃើញនូវការអនុវត្តច្បាប់មានស្តង់ដារពីរនៅកម្ពុជា។
ក្រុមអ្នកជំនាញរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស អ្នកស្រី Irene Khan អ្នកស្រី Mary Lawlor និងលោក Vitit Muntarbhorn បានលើកឡើងកាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ នេះថា អាជ្ញាធរក្រុងភ្នំពេញមិនគួរប្រើប្រាស់វិធានមួយសម្រាប់អនុវត្តជាមួយក្រុមកូដករ និងវិធានមួយផ្សេងទៀតសម្រាប់សាធារណជនទូទៅឡើយ។
ក្រុមអ្នកជំនាញសិទ្ធិមនុស្សទាំងនេះបានរិះគន់ថា អាជ្ញាធរក្រុងភ្នំពេញមិនត្រូវយកវិធានការសុខភាពសាធារណៈ ដើម្បីចាត់វិធានការលើបុគ្គលិកកាស៊ីណូណាហ្គា ដែលបានធ្វើកូដកម្មតវ៉ានឹងក្រុមហ៊ុនណាហ្គាវើលដ៍នៅពេលនេះ ដោយតម្រូវឱ្យធ្វើចត្តាឡីស័កក្នុងក្របខ័ណ្ឌការពារជំងឺ Covid-19 នោះទេ។
ប្រភពដដែលសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំង បន្ទាប់ពីអាជ្ញាធរបង្ខំឱ្យក្រុមកូដករទាំងនោះធ្វើតេស្ដរកមេរោគ Covid-19 ប៉ុន្តែរហូតដល់ពេលនេះ ក្រុមកូដកររាប់រយនាក់នៅមិនទាន់ទទួលបានលទ្ធផលតេស្ដ ឬភាពច្បាស់លាស់អំពីពេលវេលាដែលពួកគេនឹងត្រូវបានអនុញ្ញាតឱ្យបញ្ចប់ការធ្វើចត្តាឡីស័កនៅឡើយទេ ខណៈទីតាំងសម្រាប់ប្រមូលផ្តុំធ្វើកូដកម្ម ត្រូវអាជ្ញាធរតម្រូវឱ្យទៅធ្វើនៅខាងក្រៅទីក្រុងភ្នំពេញជំនួសវិញ។
ការរិះគន់នេះ ធ្វើឡើងបន្ទាប់ពីអាជ្ញាធរក្រុងភ្នំពេញប្រើវិធានការច្បាប់ និងវិធានការសុខាភិបាលជាបន្តបន្ទាប់ ដើម្បីបង្ក្រាបលើក្រុមកូដករនៃបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ក្នុងចេតនាបញ្ឈប់សកម្មភាពរបស់កូដករទាំងនោះ។
កាលពីថ្ងៃទី១៥ ខែកុម្ភៈ រដ្ឋបាលក្រុងភ្នំពេញបានចេញសេចក្តីជូនដំណឹង ដោយមិនអនុញ្ញាតឱ្យក្រុមកូដករក្រុមហ៊ុនណាហ្គាវើលដ៍ធ្វើកូដកម្មជាដាច់ខាត ក្រោមហេតុផលថា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺ Covid-19 បំប្លែងថ្មីនៅពេលនេះ។
ប្រភពដដែលបញ្ជាក់ថា ក្នុងករណីក្រុមកូដករទាំងនោះមិនអនុវត្តតាមសេចក្តីជូនដំណឹងនេះ រដ្ឋបាលក្រុងភ្នំពេញនឹងចាត់វិធានការរដ្ឋបាល និងមានវិធានការច្បាប់ដោយគ្មានករណីលើកលែងជាដាច់ខាត។
នៅថ្ងៃជូនដំណឹងនោះដែរ អាជ្ញាធរក្រុងភ្នំពេញបានរារាំងក្រុមកូដកររាប់រយនាក់ធ្វើដំណើរទៅទីតាំងធ្វើកូដកម្ម ហើយបានបង្ខំឱ្យពួកគេឡើងលើរថយន្តក្រុងដើម្បីយកទៅធ្វើតេស្ដរកមេរោគ Covid-19 ក្នុងនោះអាជ្ញាធរព្រមានថា អ្នកដែលទទួលលទ្ធផលអវិជ្ជមានពីការធ្វើតេស្ដ PCR ក៏ដោយ ក៏ត្រូវតែនៅដាច់ដោយឡែករយៈពេល ៧ថ្ងៃដែរ។
នៅថ្ងៃទី១៧ ខែកុម្ភៈ នេះ អង្គការសង្គមស៊ីវិលដែលធ្វើការលើវិស័យសិទ្ធិមនុស្សនៅកម្ពុជា ដូចជាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (ADHOC) ជាដើម បាននាំគ្នាបង្ហោះសារលើបណ្តេញសង្គម Facebook ទាមទារឱ្យក្រុមហ៊ុនណាហ្គាវើលដ៍បញ្ឈប់ទម្រង់នៃការរើសអើងសហជីព និងដោះលែងអ្នកដែលត្រូវបានចាប់ខ្លួនជាបន្ទាន់ និងឥតលក្ខខណ្ឌ។
សាលាដំបូងក្រុងភ្នំពេញកាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២ កន្លងទៅ បានចោទប្រកាន់លើក្រុមកូដករ ៣នាក់រហូតឈានដល់ការចាប់ខ្លួន ដូចជាលោក សេង វណ្ណារិទ្ធ ជាដើម ពីបទរារាំងវិធានការការពារជំងឺ Covid-19 ដែលនឹងត្រូវផ្ដន្ទាទោសដាក់ពន្ធនាគាររហូតដល់ទៅ ៥ឆ្នាំ ខណៈកូដករ ៤នាក់ផ្សេងទៀតត្រូវសមត្ថកិច្ចកំពុងតាមចាប់ខ្លួនតាមការបញ្ជាឱ្យចូលខ្លួនរបស់តុលាការ ពីបទរារាំងវិធានការសុខាភិបាលផងដែរ៕