លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានពិភពលោកហៅថាមេដឹកនាំផ្ដាច់ការ។ ពាក្យផ្ដាច់ការមានន័យស្មើនឹងពាក្យថា ទុច្ចរិត ឃោរឃៅ ឬបំពានច្បាប់។ ដូច្នេះ អ្វីដែលលោក ហ៊ុន សែន ទទួលបានសម្រាប់ខ្លួនគាត់ និងរមែងតែអួតក្អេងក្អាងនោះ គឺសុទ្ធតែជាអ្វីៗដែលបានមកដោយសារអំពើឃោរឃៅ ឬបំពានច្បាប់។
លោក ហ៊ុន សែន តែងតែអួតអំពីយុទ្ធសាស្ត្រ «ឈ្នះឈ្នះ» របស់គាត់។ បើអ៊ីចឹង នោះក៏ជាយុទ្ធសាស្ត្រទុច្ចរិត ឬបំពានច្បាប់ដែរ។ ព្រោះតែលោក ហ៊ុន សែន តែងតែប្រើយុទ្ធសាស្ត្រនេះហើយ ទើបប្រទេសកម្ពុជាក្លាយជាសង្គមឃោរឃៅ និងរំលោភច្បាប់ឥតឈប់ឈរ ដែលបណ្តាលឱ្យប្រជាពលរដ្ឋខ្មែរ ជាពិសេសអ្នកក្រីក្រជួបតែរឿងអយុត្តិធម៌ និងទុក្ខវេទនា។
ក្នុងប្រទេសកម្ពុជា លោក ហ៊ុន សែន តែងតែមានអំនួតអំពីអ្វីដែលគាត់ហៅថាយុទ្ធសាស្ត្រ «ឈ្នះឈ្នះ»។ គាត់មានអំនួតបែបនេះ មកពីគាត់បានកម្ទេចដៃគូប្រឆាំងរបស់គាត់ទាំងអស់ក្នុងប្រទេសកម្ពុជា និងបានប្រមូលផ្តុំអំណាចក្តោបក្តាប់ពេញដៃ។ គាត់បានអះអាងថា ជោគជ័យរបស់គាត់ទាំងនេះ គឺបានមកដោយយុទ្ធសាស្ត្រ «ឈ្នះឈ្នះ» របស់គាត់ ឬហៅម្យ៉ាងទៀតថា ធ្វើយ៉ាងណាក៏ដោយឲ្យតែឈ្នះដៃ ដែលមានន័យដូចគ្នានឹងឃ្លាអង់គ្លេស «the end justifies the means» ឬប្រែថា «ឲ្យតែដល់គោលដៅ ប្រើមធ្យោបាយបែបណាក៏បានដែរ»។
បើគេពិនិត្យមើលមធ្យោបាយដែលលោក ហ៊ុន សែន យកឈ្នះគូប្រកួត និងការពង្រឹងអំណាចរបស់គាត់ចាប់តាំងពីឆ្នាំ១៩៩៣ មក គេប្រាកដជាឃើញច្បាស់ថា វិធីពីរដែលគាត់បានប្រើនោះគឺ បំបែក និងកម្ទេចតាមផែនការរៀបចំនាពាក់កណ្តាលទសវត្ស១៩៩០ ដើម្បីបំបែក និងគ្រប់គ្រង (divide and conquer) ខ្មែរក្រហម គេឲ្យឈ្មោះជាអក្សរកាត់អង់គ្លេសថា DIFID ឬ ប្រែថា៖
- divide បំបែក
- infiltrate ជ្រៀតចូល
- force បង្ខំ
- incorporate បញ្ចូលគ្នា
- defect ដាក់អាវុធចុះចូល។
ប៉ុន្តែ ដើម្បីទទួលបានជោគជ័យក្នុងការប្រើវិធីទាំងពីរនេះ លោក ហ៊ុន សែន ចាំបាច់ត្រូវតែប្រើវិធីទុច្ចរិតជាច្រើន ដូចជា ទិញ គំរាម សំឡុត កម្ទេច ឬសម្លាប់ចោល ជាដើម។ នៅពេលដែលលោក ហ៊ុន សែន ប្រើវិធីទុច្ចរិតទាំងនេះ លោក ហ៊ុន សែន មិនដែលខ្វល់នឹងច្បាប់ជាតិ ឬអន្តរជាតិអ្វីឡើយ។
ជាក់ស្តែង គាត់បានកម្ចាត់គណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សសង្គ្រោះជាតិ ហើយគាត់បានឈ្នះក្រុមទាំងពីរនេះមែន។ ប៉ុន្តែគាត់ឈ្នះគណបក្សហ៊្វុនស៊ិនប៉ិច ក្នុងការបោះឆ្នោតជាតិឆ្នាំ១៩៩៨ បន្ទាប់ពីគាត់ធ្វើរដ្ឋប្រហារយោធាក្នុងឆ្នាំ១៩៩៧ ដើម្បីគ្រប់គ្រងអំណាចទាំងអស់ ដោយរួមទាំងគណៈកម្មការជាតិរៀបចំការបោះឆ្នោតផង។ ដូចគ្នាដែរ លោក ហ៊ុន សែន ឈ្នះការបោះឆ្នោតជាតិ ១០០% ក្នុងឆ្នាំ២០១៨ បន្ទាប់ពីគាត់ចាប់លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ និងរំលាយគណបក្សនេះនាចុងឆ្នាំ២០១៧។

ដូច្នេះ ការឈ្នះរបស់លោក ហ៊ុន សែន លើគណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សសង្គ្រោះជាតិ គឺសុទ្ធតែជាការឈ្នះដោយអំពើទុច្ចរិត ព្រោះឈ្នះដោយមិនហ៊ានប្រកួតដោយស្មើភាព សេរីភាព យុត្តិធម៌ និងសុចរិត។
រីឯផ្ទៃក្នុងបក្សរបស់គាត់វិញក៏ដូចគ្នាដែរ គាត់បានបង្ខំគេឯងឱ្យធ្វើអ្វីៗតាមការចង់បានរបស់គាត់។ តែបើនរណាហ៊ានជំទាស់ ឬមិនព្រមសម្របតាមទេនោះ គាត់អាចនឹងបង្កើតបញ្ហា ឬកម្ចាត់អ្នកនោះចោលតែម្តង។
ឧទាហរណ៍ គាត់បង្ក្រាបក្រុមលោក ជា ស៊ីម តាមរយៈការចាប់ខ្លួនមនុស្សជុំវិញលោក ជា ស៊ីម ដាក់ពន្ធនាគារ ជាដើម។ ស្រដៀងគ្នាដែរ គាត់បានគំរាមលោក ស ខេង និងអ្នកឯទៀតឱ្យយល់ព្រមទទួលយកកូនប្រុសច្បងរបស់គាត់ជាបេក្ខជនស្នងតំណែងនាយករដ្ឋមន្ត្រី។

ការគំរាមបែបនោះ ត្រូវបានលោក ហ៊ុន សែន ធ្វើឡើងជាសាធារណៈនៅមុនពេលមានការសម្រេចជាផ្លូវការរបស់គណបក្សកុម្មុយនីស្តផ្ដាច់ការមួយនេះ។ លោក ហ៊ុន សែន តែងតែមានអំនួតអំពីជ័យជម្នះ ឬការឈ្នះបែបនេះ ហើយគាត់ធ្លាប់លើកឡើងថា នេះជាជ័យជម្នះដែលបានមកពីយុទ្ធសាស្ត្រ «ឈ្នះឈ្នះ» របស់គាត់។
ដូច្នេះ យុទ្ធសាស្ត្រ «ឈ្នះឈ្នះ» របស់លោក ហ៊ុន សែន គឺការប្រើកម្លាំងបាយ ឬអំពើទុច្ចរិតបំផ្លាញគេដើម្បីជ័យជម្នះរបស់ខ្លួន។ រីឯអត្ថន័យ «ឈ្នះឈ្នះ» របស់លោក ហ៊ុន សែន គឺគាត់ជាអ្នកឈ្នះ ឬចំណេញរហូត ហើយភាគីដទៃ គឺជាអ្នកចាញ់រហូត។ ឧទាហរណ៍ ក្រុមគ្រួសារ និងបក្សពួកគាត់ប្លន់យកដីប្រជាពលរដ្ឋចំនួនជាង ១០០ហិកតារ។ ដល់ពេលប្រជាពលរដ្ឋម្ចាស់ដីតវ៉ា លោក ហ៊ុន សែន បញ្ជាអ្នកប្លន់នោះឱ្យផ្តល់ដីសងប្រជាពលរដ្ឋវិញប្រមាណ ១០ហិកតារ ដើម្បីបញ្ចប់ការតវ៉ា។ ប្រជាពលរដ្ឋម្ចាស់ដីអត់ជម្រើស ក៏យល់ព្រមទទួលយកទាំងឈឺចាប់។ លោក ហ៊ុន សែន ហៅដំណោះស្រាយបែបនេះថាជាដំណោះស្រាយ «ឈ្នះឈ្នះ»។
តាមពិត អ្នកប្លន់ដីជាអ្នកឈ្នះ ព្រោះបានដីប្រមាណ ៩០ហិកតារដោយគ្មានចំណាយលុយមួយរៀល រីឯប្រជាពលរដ្ឋម្ចាស់ដីជាអ្នកខាតបង់។ រឿងបែបនេះបានកើតឡើងចំពោះប្រជាពលរដ្ឋអតីតសហគមន៍បឹងកក់ ប្រជាកសិករ និងសហគមន៍ក្រីក្រដទៃទៀតនៅទូទាំងប្រទេសកម្ពុជា។ មិនតែប៉ុណ្ណោះ ប្រជាពលរដ្ឋម្ចាស់ដីដែលបានទទួលដីខ្លះមកវិញនោះ បែរជាត្រូវសម្ដែងការអរគុណលោក ឬអរគុណសន្តិភាពផង។
តាមពិត យុទ្ធសាស្ត្រ ឬវិធី «ឈ្នះឈ្នះ» ក្នុងការដោះស្រាយទំនាស់ ឬវិបត្តិអ្វីមួយ គួរតែជាវិធី ឬដំណោះស្រាយដែលមានយុត្តិធម៌សម្រាប់ភាគីទាំងសងខាង។ វាមានន័យថា ភាគីទាំងពីរអាចទទួលបានផល និងស្ងប់ចិត្តទាំងអស់គ្នា។ ប៉ុន្តែវិធី «ឈ្នះឈ្នះ» របស់លោក ហ៊ុន សែន គឺគាត់ជាអ្នកឈ្នះ ហើយគេជាអ្នកចាញ់។
អ៊ីចឹងវាមានន័យថា លោក ហ៊ុន សែន ជាមនុស្សមិនយល់ពីអ្វីដែលហៅថា «ឈ្នះឈ្នះ» ឬយុត្តិធម៌ទាំងអស់គ្នានោះទេ។ ដោយសារតែគាត់ជាមនុស្សបែបនេះ ទើបប្រទេស និងប្រជាពលរដ្ឋខ្មែរដែលស្ថិតក្រោមអំណាចគ្រប់គ្រងរបស់លោក ហ៊ុន សែន ជិត ៤០ឆ្នាំមកនេះ ជួបតែភាពក្រីក្រ និងរងទុក្ខវេទនាឥតល្ហែ។
ប៉ុន្តែលោក ហ៊ុន សែន ហាក់នៅតែមានអំនួតនឹងអ្វីដែលគាត់ហៅថា យុទ្ធសាស្ត្រ «ឈ្នះឈ្នះ» របស់គាត់នេះ បើទោះបីកម្ពុជាក្លាយជាប្រទេសដ៏ក្រីក្របំផុតមួយក្នុងលោកនៅក្រោមអំណាចនៃយុទ្ធសាស្ត្រនេះក្តី។
ថ្មីៗនេះ គាត់បានអួតក្អេងក្អាងថា គាត់នឹងប្រើយុទ្ធសាស្ត្រនេះដើម្បីដោះស្រាយបញ្ហានយោបាយនៃប្រទេសភូមា ក្នុងខណៈគាត់ក្លាយជាប្រធានអាស៊ានប្តូរវេនសម្រាប់ឆ្នាំ២០២២ នេះ។
សំណួរសួរថា តើគាត់អាចប្រើយុទ្ធសាស្ត្រ «ឈ្នះឈ្នះ» របៀបគាត់នេះដើម្បីដោះស្រាយបញ្ហាក្នុងក្របខ័ណ្ឌអាស៊ានទៅរួចដែរឬទេ? ប្រសិនបើគាត់នៅតែបន្តប្រើវិធីនេះ តើវានឹងមានអ្វីកើតឡើងចំពោះអាស៊ាន?
ថ្វីបើវិបត្តិនយោបាយក្នុងប្រទេសភូមាជាបញ្ហាផ្ទៃក្នុងនៃប្រទេសនេះក៏ដោយ ប៉ុន្តែវាបានក្លាយជាបញ្ហាអន្តរជាតិ ក្នុងសហគមន៍អាស៊ាន ដោយសារតែមេដឹកនាំពិភពលោក ជាពិសេសបណ្តាប្រទេសប្រជាធិបតេយ្យមិនទទួលស្គាល់ក្រុមយោធាភូមា ដែលដណ្តើមអំណាចតាមរយៈរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាលស៊ីវិលរបស់លោកស្រី អ៊ុងសាន ស៊ូជី ដែលឈ្នះឆ្នោតកាលពីចុងឆ្នាំ២០២១ កន្លងទៅ។ ការមិនទទួលស្គាល់ពីសហគមន៍អន្តរជាតិ និងអាស៊ានចំពោះរបបរដ្ឋប្រហារ គឺជាការផ្តល់យុត្តិធម៌ចំពោះគណបក្សរងគ្រោះ និងប្រជាពលរដ្ឋភូមាដែលជាម្ចាស់ឆ្នោត ហើយក៏ជាការបង្ហាញការដឹងខុសដឹងត្រូវរបស់មេដឹកនាំសហគមន៍អន្តរជាតិ និងអាស៊ានផងដែរ។ ប៉ុន្តែការគិតបែបនេះ សុទ្ធតែផ្ទុយពីលោក ហ៊ុន សែន ដែលធ្លាប់តែមិនខ្វល់រឿងយុត្តិធម៌ ឬភាពខុសត្រូវអ្វីឡើយក្នុងការដោះស្រាយបញ្ហាក្នុងប្រទេសកម្ពុជាតាមវិធី «ឈ្នះឈ្នះ» របស់គាត់។

ដូច្នេះ របៀបធ្វើការ ការយល់ដឹងខុសត្រូវរវាងមេដឹកនាំផ្ដាច់ការលោក ហ៊ុន សែន និងមេដឹកនាំអាស៊ាន គឺមានភាពខុសគ្នា។
របៀបធ្វើការរបស់អាស៊ាន គឺឈរលើគោលការណ៍កុងសង់ស៊ីស ឬការសម្រេចចិត្តរួមគ្នា រីឯរបៀបធ្វើការរបស់លោក ហ៊ុន សែន គឺឯកតោភាគី ឬអ្វីៗស្រេចតែអញ។ អ៊ីចឹង តើលោក ហ៊ុន សែន អាចអនុវត្តរបៀបធ្វើការអញនិយម ឬអ្វីៗស្រេចតែអញក្នុងក្របខ័ណ្ឌអាស៊ានបានដែរឬទេ?
គេជឿថា ក្រុមអ្នកនយោបាយខ្មែរនានាទាំងក្នុង និងក្រៅគណបក្សប្រជាជនកម្ពុជា ពិបាកទទួលយកនូវចរិតអញនិយមរបស់លោក ហ៊ុន សែន ដែលបានអនុវត្តក្នុងប្រទេសកម្ពុជារាប់សិបឆ្នាំមកនេះ ប៉ុន្តែពួកគេទ្រាំលេបក្រួសលេបថ្ម ក៏ព្រោះតែលោក ហ៊ុន សែន ជាបុគ្គលមានអំណាចខ្លាំង។ គេអាចធ្វើការសន្និដ្ឋានបែបនេះដោយផ្អែកលើចរិតច្រងេងច្រងាងរបស់លោក ហ៊ុន សែន ដែលគំរាមកំហែងគេឯងឱ្យទទួលយកអ្វីៗដែលគាត់ចង់បាន។ អ៊ីចឹងវាមានន័យថា អ្នកនយោបាយទាំងនោះមិនពេញចិត្តនឹងលោក ហ៊ុន សែន ទេ ហើយអ្វីដែលពួកគេទទួលយកនោះ គឺជាការបង្ខំចិត្ត។
ដូច្នេះ តើលោក ហ៊ុន សែន អាចនឹងប្រើអំណាចបង្ខំឱ្យមេដឹកនាំអាស៊ានទទួលយកអ្វីៗដែលគាត់ចង់បានជាឯកតោភាគីនោះដែរឬទេ? លោក ហ៊ុន សែន គ្មានអំណាចអ្វីបង្ខំមេដឹកនាំទាំងនោះឡើយ។ ដូច្នេះ ប្រសិនបើលោក ហ៊ុន សែន នៅតែធ្វើចរិតអញនិយមដោយព្យាយាមទទួលស្គាល់ និងការពារមេដឹកនាំរដ្ឋប្រហារភូមា មីន អ៊ុងឡាំង (Ming Aung Hlaing) នោះគាត់នឹងឯកោ ហើយកិច្ចការអាស៊ានក្នុងអាណត្តិគាត់ជាប្រធាន នឹងជាប់គាំង។
ប៉ុន្តែលោក គឹម សុខ អ្នកវិភាគបញ្ហាសង្គម បានលើកឡើងក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីថ្ងៃ២៥ ខែមករា កន្លងទៅនេះថា លោក ហ៊ុន សែន ទំនងជាបន្ទន់ឥរិយាបថកែកំហុសរបស់ខ្លួន និងធ្វើតាមមេដឹកនាំអាស៊ានវិញក្នុងសំណុំរឿងវិបត្តិនយោបាយនៃប្រទេសភូមានេះ។ ប្រសិនបើដូច្នេះមែន វាមានន័យថា យុទ្ធសាស្ត្រ «ឈ្នះឈ្នះ» របស់លោក ហ៊ុន សែន គឺមិនត្រឹមត្រូវ និងមិនអាចប្រើការបានទេក្នុងក្របខ័ណ្ឌអាស៊ាន៕