នៅក្នុងសេចក្ដីថ្លែងការណ៍របស់រដ្ឋាភិបាលឯកភាពជាតិនៃក្រុមប្រឆាំងរបបសឹកភូមា ដែលបានបញ្ជូនទៅកាន់កិច្ចប្រជុំអសាធារណៈនៃថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន កាលពីថ្ងៃទី១៧ កុម្ភៈ គឺក្រុមនេះបានស្នើឲ្យអាស៊ានយករូបមន្តមួយនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ មកអនុវត្តនៅប្រទេសភូមា ព្រោះជាកិច្ចព្រមព្រៀងសកល។
សេចក្ដីថ្លែងការណ៍របស់អ្នកស្រី Zin Mar Aung រដ្ឋមន្ត្រីកិច្ចការបរទេសនៃរដ្ឋាភិបាលឯកភាពជាតិភូមា បានលើកឡើងថា ក្នុងស្ថានការណ៍បែបនេះនៅក្នុងប្រទេសភូមា គឺគួរតែមានការចូលរួមជាសកល មិនត្រឹមតែកិច្ចប្រជុំថ្នាក់តំបន់នោះទេ គឺគួរមានការចូលពាក់ព័ន្ធនៃក្រុមអ្នកជំនាញកិច្ចការសង្គ្រាមស៊ីវិល និងហិង្សានៃអង្គការសហប្រជាជាតិ ព្រោះថាវិបត្តិនៅភូមា តាមមើលទៅបើពុំមានក្រុមអ្នកជំនាញ ឬក្រុមបេសកកម្មរបស់អង្គការសហប្រជាជាតិទេ នោះដំណោះស្រាយនឹងមិនអាចរកឃើញឡើយ។
នៅក្នុងវីដេអូឃ្លីបចំហមួយដែលផ្ញើជូនទៅក្រុមរដ្ឋមន្ត្រីការបរទេសអាស៊ាន ដែលបានជួបប្រជុំគ្នារយៈពេល ២ថ្ងៃនៅកម្ពុជា អ្នកស្រី Zin Mar Aung បានថ្លែងថា ប្រជាជនភូមាត្រូវការយន្តការកម្រិតអន្តរជាតិមួយខ្ពស់បំផុតចូលមកពន្លត់របបសឹក និងសង្គ្រាមស៊ីវិលនៅភូមា។ សេចក្ដីថ្លែងការណ៍របស់ក្រុមប្រឆាំងរបបសឹក បានទទូចទៀតថា ប្រជាជនភូមា មិនអាចទទួលយកបានទៀតទេនូវរដ្ឋធម្មនុញ្ញរបស់ពួកយោធាដែលបានតាក់តែងឡើងនៅឆ្នាំ២០០៨ ព្រោះរដ្ឋធម្មនុញ្ញនេះមិនអាចក្លាយជារដ្ឋធម្មនុញ្ញសម្រាប់ប្រទេសមួយប្រកាន់យករបបប្រជាធិបតេយ្យនោះទេ ហើយថាគេត្រូវរំលាយចោលរដ្ឋធម្មនុញ្ញបែបនេះ។
ជាមួយគ្នានេះទៀត អ្នកស្រី Zin Mar Aung រដ្ឋមន្ត្រីកិច្ចការបរទេសនៃរដ្ឋាភិបាលឯកភាពជាតិភូមា បានទទូចឲ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ចូលខ្លួនឲ្យបានស៊ីជម្រៅចំពោះវិបត្តិនៅភូមា ដោយចោទរបបសឹកសព្វថ្ងៃនេះថាបានមកពីការប្លន់អំណាចរបស់ប្រជាជន ហើយជារបបធ្លាក់ក្នុងអំពើឧក្រិដ្ឋកម្មសង្គ្រាម និងប្រល័យពូជសាសន៍ទៅហើយ។
ទោះជាយ៉ាងណា បើតាមសារព័ត៌មានភូមា MIZZIMA នៅក្នុងសេចក្ដីថ្លែងការណ៍របស់ក្រុមប្រឆាំងរបបសឹក ក៏បានកោតសរសើរផងដែរចំពោះក្រុមរដ្ឋមន្ត្រីការបរទេសអាស៊ាន ដែលបន្តទាត់ចោលតំណាងរបបសឹកភូមា មិនឲ្យចូលរួមប្រជុំ ដោយបានទទូចសុំឲ្យអាស៊ានបន្តដាក់ការគាបសង្កត់ទៅលើរបបសឹក ដោយត្រូវអនុវត្តឲ្យបាននូវគោលការណ៍កុងសង់ស៊ីស ៥ចំណុចរបស់អាស៊ាន។
ដោយយោងតាមគោលការណ៍កុងសង់ស៊ីស ៥ចំណុច អ្នកស្រីបញ្ជាក់ថា រដ្ឋាភិបាលឯកភាពជាតិសន្យាសហការជាមួយសមាគមអាស៊ាន រហូតរកបាននូវដំណោះស្រាយមួយបញ្ចប់របបសឹកនៅភូមា ហើយនាំប្រជាធិបតេយ្យមកឲ្យប្រជាជនភូមាឡើងវិញ។
ជាមួយគ្នានេះ អ្នកស្រីទទូចថា អាស៊ានគួរទទួលស្គាល់ក្រុមប្រឹក្សាពិគ្រោះយោបល់ថ្នាក់ជាតិមួយដ៏ទូលំទូលាយ គឺភាសាអង់គ្លេសហៅថា the National Unity Consultative Council ឬ NUCC ដែលភាគីពាក់ព័ន្ធទាំងអស់នៅភូមា អាចចូលមកកាន់តែវេទិកានេះ ហើយធ្វើឱ្យភូមាដែលជារដ្ឋសហភាពសហព័ន្ធប្រជាធិបតេយ្យដោយគ្រប់ជាតិសាសន៍ និងគ្រប់ជនជាតិ អាចរស់នៅក្រោមប្រទេសមួយដែលមានរបបប្រជាធិបតេយ្យសហព័ន្ធ។
អ្នកស្រីបញ្ជាក់ទៀតថា រដ្ឋាភិបាលឯកភាពជាតិបានបង្កើតក្រុមវេទិកានេះហើយ ដោយបានប្រជុំគ្នាម្ដងកាលពីចុងខែមករា ឆ្នាំ២០២២។
ក្នុងន័យនេះ អ្នកស្រីទទូចឱ្យអាស៊ានគួរចូលរួមអនុម័ត និងទទួលស្គាល់ក្រុមវេទិកានេះ។ បើតាមអ្នកស្រី ក្រុមវេទិកា NUCC កំពុងចងក្រងរដ្ឋធម្មនុញ្ញប្រជាធិបតេយ្យសហព័ន្ធដើម្បីចូលទៅជំនួសរដ្ឋធម្មនុញ្ញឆ្នាំ២០០៨ របស់ពួកយោធាដែលអ្នកស្រីថា រដ្ឋធម្មនុញ្ញរបស់ពួកយោធាគឺជាច្បាប់កំពូលមួយផ្ដល់សិទ្ធិឲ្យពួកយោធាមានអំណាចដោយបំពានគោលការណ៍នីតិរដ្ឋនៃប្រទេសប្រកាន់របបប្រជាធិបតេយ្យ។
ជាមួយគ្នានេះ សេចក្ដីថ្លែងការណ៍របស់រដ្ឋមន្ត្រីកិច្ចការបរទេសនៃរដ្ឋាភិបាលឯកភាពជាតិ បានប្រាប់ទៅអាស៊ានថា ឧត្តមសេនីយ៍យោធាភូមាមួយចំនួន ក្នុងនោះមានទាំងមេរដ្ឋប្រហារ មីន អ៊ុងឡាំង ផង ក៏មានឈ្មោះនៅក្នុងបញ្ជីរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) និងតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ទៅហើយ ដែលត្រូវប្រយ័ត្នប្រយែងក្នុងការនិយាយស្ដីទៅរកមេដឹកនាំរបបសឹក ដោយមិនត្រូវហៅមេរដ្ឋប្រហារជានាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលសហព័ន្ធសហភាពមីយ៉ាន់ម៉ា នោះទេ ព្រោះពួកយោធាមិនមានភាពស្របច្បាប់តំណាងប្រជាជនភូមាឡើយ។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយក្រោយបិទបញ្ចប់កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា និងជាប្រេសិតថ្មីរបស់សមាគមអាស៊ាន មានគម្រោងទៅកាន់ប្រទេសភូមាជាថ្មីម្ដងទៀតនៅក្នុងសប្ដាហ៍ទី២ នៃខែមីនា។
ប៉ុន្តែលោក ប្រាក់ សុខុន ត្រូវបានរាយការណ៍មកថា លោកបាននិយាយជាសាធារណៈលើកដំបូងនូវឈ្មោះរដ្ឋាភិបាលឯកភាពជាតិ ឬរួបរួមជាតិរបស់ក្រុមប្រឆាំងរបបសឹកភូមា។ លោកបង្ហើបថា លោកនឹងស្វែងរកជួបក្រុមរដ្ឋាភិបាលឯកភាពជាតិដើម្បីឈ្វេងយល់អំពីឆន្ទៈផ្ទាល់របស់ក្រុមនេះ។
តែបែបនេះក្ដី លោក ប្រាក់ សុខុន អះអាងថា ការនិយាយជាមួយរដ្ឋាភិបាលឯកភាពជាតិនេះ គ្រាន់តែជាបញ្ហាពេលវេលាប៉ុណ្ណោះ ដោយលោកថាគេត្រូវថ្នមទំនាក់ទំនងជាមួយរបបសឹក ដើម្បីរក្សាដំណើរការនិរន្តរភាពសន្តិភាពបន្តទៀតនៅភូមា។ តែការលើកឡើងរបស់លោក ប្រាក់ សុខុន គឺមិនខុសនឹងលោក ហ៊ុន សែន នោះទេ។
លោក បា្រក់ សុខុន និយាយថា គឺចៀសមិនផុតអំពីកិច្ចការដែលត្រូវធ្វើការជាមួយរបបសឹក។ តែសម្រាប់ប្រេសិតពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ អ្នកស្រី Noeleen Heyze ជាជនជាតិសិង្ហបុរី ធ្លាប់បានប្រាប់ទៅលោក ហ៊ុន សែន ថា គេមិនអាចហៅរបបសឹកថាជារបបស្របច្បាប់នោះទេ ព្រោះរបបនេះឆក់យកអំណាចពីរដ្ឋាភិបាលរបស់ប្រជាជនភូមា។ អ្នកស្រីថា គេគ្រាន់តែចាត់ទុករបបសឹកភូមា ជាភាគីមួយនៃការចរចាប៉ុណ្ណោះ៕