34 C
Phnom Penh

កូដករ​ណាហ្គា​៤​នាក់​ហួសចិត្ត​បន្ទាប់ពី​ស្នងការ​ភ្នំពេញ​បញ្ជូន​សំណុំរឿង​ពួកគាត់​ទៅ​តុលាការ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កូដករ​ក្រុមហ៊ុន​ល្បែងស៊ីសង​ណាហ្គា​វើលដ៍ (NAGA World) ចំនួន ៤​នាក់ បង្ហាញ​ការ​ហួសចិត្ត​ដែល​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បញ្ជូន​សំណុំរឿង​ពួកគាត់​ដែល​រង​ការ​ចោទប្រកាន់​ថា «រារាំង​ដល់​ការ​អនុវត្ត​វិធានការ» ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ។

នៅ​រសៀល​ថ្ងៃ​សុក្រ ទី​១៨ កុម្ភៈ នេះ កូដករ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ ៤​នាក់​បាន​នាំគ្នា​ចូល​បំភ្លឺ​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ តាម​ដីកា​បញ្ជា​របស់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​បាន​តម្រូវ​ឱ្យ​កូដករ​ទាំង ៤​នាក់​បង្ហាញ​ខ្លួន​ឱ្យ​បាន​មុន​ថ្ងៃ​ទី​១៩ ខែ​កុម្ភៈ ដើម្បី​សាកសួរ។ កូដករ​ណាហ្គា​វើលដ៍​ទាំង ៤​នាក់​សុទ្ធសឹងតែ​ជា​ស្ត្រី​ដែល​ត្រូវ​ចូល​ខ្លួន​ទៅ​បំភ្លឺ​នោះ​រួម​មាន​ឈ្មោះ ខេង ចិន្ដា ឈ្មោះ អ៊ុក សុភ័ក្រម៉ូលីកា ឈ្មោះ អេង ស្រីបូ និង​ឈ្មោះ ម៉េង កាក់នីកា។

កូដករ​ម្នាក់​ក្នុង​ចំណោម​កូដករ ៤​នាក់​ដែល​ទៅ​បំភ្លឺ បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា មូលហេតុ​ដែល​ពួកគាត់​ចូល​បំភ្លឺ​នា​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ នេះ ដើម្បី​បញ្ជាក់​ទៅ​អាជ្ញាធរ រួម​ទាំង​អយ្យការ​ឱ្យ​បាន​ដឹង​ច្បាស់​ថា ពួកគាត់​មិន​បាន «រារាំង​ដល់​ការ​អនុវត្ត​វិធានការ» ដូច​ការ​ចោទ​ប្រកាន់​ឡើយ។

ក្រោយ​ការ​ចូល​ខ្លួន​ទៅ​បំភ្លឺ​នៅ​ស្នងការដ្ឋាន​នគរបាល​ក្រុង​ភ្នំពេញ បែរជា​មន្ត្រី​ស្នងការ​ប្រាប់​ឱ្យ​ពួកគាត់​ទាំង ៤​នាក់​ទៅ​បំភ្លឺ​នៅ​តុលាការ​វិញ ខណៈ​ដីកា​បញ្ជា​របស់​អយ្យការ​ចុះ​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ កន្លងទៅ បាន​តម្រូវ​ឱ្យ​ពួកគាត់​ចូល​ខ្លួន​បំភ្លឺ​នៅ​ស្នងការដ្ឋាន​មិន​ឱ្យ​ហួស​ថ្ងៃ​ទី​១៩ ខែ​កុម្ភៈ នោះ។

កញ្ញា អេង ស្រីបូ ដែល​ត្រូវ​ចូល​បំភ្លឺ​នៅ​ស្នងការដ្ឋាន​នា​ថ្ងៃ​ទី​១៨ កុម្ភៈ នេះ បង្ហាញ​ការ​សោកស្ដាយ​ដែល​ស្នងការ​បញ្ជូន​សំណុំរឿង​ពួកគាត់​ទៅ​តុលាការ ខណៈ​ដីកា​បញ្ជា​ឱ្យ​ចូល​ខ្លួន​បំភ្លឺ​នៅ​មិនទាន់​ហួស​ថ្ងៃ​នៅឡើយ។

មេធាវី​របស់​អង្គការ​លីកាដូ គឺ​អ្នកស្រី សាម សុគន្ធា ដែល​បាន​ចូល​ស្តាប់​ការ​បំភ្លឺ​របស់​ក្រុម​កូដករ​ទាំង ៤​នាក់​នោះ បាន​ដកស្រង់​សម្ដី​របស់​សមត្ថកិច្ច ហើយ​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា សំណុំរឿង​នេះ​បាន​ផុតដៃ​របស់​ស្នងការ និង​បញ្ជូន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ហើយ។ អ្នកស្រី​បន្ត​ថា បើសិនជា​សំណុំរឿង​ផុតដៃ​ស្នងការ​ហើយ ពួកគាត់​ទាំង ៤​នាក់​ត្រូវតែ​រង់ចាំ​ដីកា​កោះ​ថ្មី​ពី​តុលាការ ហើយ​អ្នកស្រី​នឹង​ចូល​ការពារ​ក្ដី​ឱ្យ​ពួកគាត់។

យ៉ាងណា កូដករ​ប្រមាណ ៨០​នាក់​បាន​នាំគ្នា​ទៅ​ជួបជុំ​នៅមុខ​ស្នងការដ្ឋាន​នគរបាល ដើម្បី​ធ្វើជា​សាក្សី​ឱ្យ​កូដករ​ទាំង ៤​នាក់ ខណៈ​កូដករ​ប្រមាណ ៧០​នាក់​ទៀត​បាន​នាំគ្នា​ទៅ​ធ្វើ​តេស្ដ​រក​មេរោគ Covid-19 តម្រូវ​តាម​ក្រសួង​សុខាភិបាល។

ការ​ទៅ​បំភ្លឺ​របស់​កូដករ​ណាហ្គា​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នា​ថ្ងៃ​ទី​១៨ កុម្ភៈ នេះ ក៏​មាន​ការ​ឃ្លាំមើល​ពី​អង្គការ​សង្គម​ស៊ីវិល និង​តំណាង​អង្គការ​សហប្រជាជាតិ​ផង​ដែរ។

ចាប់ពី​ខែ​មករា ឆ្នាំ​២០២២ រហូត​មក​ទល់​ពេលនេះ ថ្នាក់​ដឹកនាំ​សហជីព និង​កូដករ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​ចំនួន ១១​នាក់​ហើយ​ត្រូវ​បាន​តុលាការ​សម្រេច​ឃុំ​ខ្លួន ក្រោម​បទ​ចោទប្រកាន់ «ញុះញង់​ឱ្យ​មាន​កូដកម្ម» និង «ល្មើស​វិធានការ​ច្បាប់​ប្រឆាំង Covid-19» ខណៈ​កូដករ ៤​នាក់​ទៀត​ត្រូវ​ប្រឈម​ការ​ចាប់​ខ្លួន​ក្រោម​បទ​ចោទ​ថា «រារាំង​ដល់​ការ​អនុវត្ត​វិធានការ​ប្រយុទ្ធ​នឹង​ជំងឺ Covid-19» ផង​ដែរ។

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស Human Rights Watch ក៏​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ ដោយ​លើកឡើង​ថា ការ​ធ្វើ​ទុក្ខបុកម្នេញ​របស់​រដ្ឋាភិបាល​ទៅលើ​សកម្មជន​សហជីព ទំនង​ជា​សំដៅ​កាត់បន្ថយ​សាមគ្គីភាព និង​កម្លាំង​នៃ​ចលនា​សហជីព​នៅ​កម្ពុជា​ដែល​កំពុងតែ​កើន​ឡើង និង​ការ​គាំទ្រ​របស់​ពួកគេ​ចំពោះ​កូដករ​ណាហ្គា​វើលដ៍។

Human Rights Watch បន្ត​ថា ចាប់តាំង​ពី​សហជីព​គាំទ្រ​សិទ្ធិ​ការងារ​របស់​និយោជិត​ខ្មែរ​ណាហ្គា​វើលដ៍ (LRSU) បាន​ធ្វើ​កូដកម្ម​កាលពី​ខែ​ធ្នូ ឆ្នាំ​២០២១ មក អាជ្ញាធរ​កម្ពុជា​បាន​ចាប់​ខ្លួន ឃាត់​ខ្លួន និង​កាត់ទោស​ថ្នាក់​ដឹកនាំ និង​សកម្មជន​សហជីព​ជាបន្តបន្ទាប់​តាម​អំពើ​ចិត្ត។

នាយក​រង​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស Human Rights Watch លោក Phil Robertson ប្រាប់​ទៅ​រដ្ឋាភិបាល​កម្ពុជា​ឱ្យ​បញ្ឈប់​ជាបន្ទាន់​នូវ​ការ​យក​វិធានការ​សុខភាព​សាធារណៈ​ជា​លេស ដើម្បី​គាបសង្កត់​សិទ្ធិ​ធ្វើ​កូដកម្ម​របស់​កម្មករ និង​សិទ្ធិ​ជា​មូលដ្ឋាន​ផ្សេងៗ​ទៀត។

ចំណែក​ក្រុម​អ្នកជំនាញ​នៃ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស កាលពី​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ ឆ្នាំ​២០២២ បាន​ចាត់ទុក​វិធានការ​ថ្មី​ដែល​អាជ្ញាធរ​ប្រើ​ដើម្បី​ទប់ស្កាត់​ការ​ធ្វើ​កូដកម្ម​របស់​ក្រុម​កូដករ​ណាហ្គា​វើលដ៍ ថា​ជា «រឿង​មិន​សម​ហេតុផល» ដោយ​ថា​អាជ្ញាធរ​មិន​គួរ​ប្រើ​ច្បាប់​មួយ​សម្រាប់​អនុវត្ត​ទៅលើ​ពួកគេ​ក្នុង​រូបភាព​ខុសគ្នា​ទៅ​នឹង​សាធារណជន​ផ្សេង​ទៀត​នោះ​ឡើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស