មនុស្សនៅលើពិភពលោកប្រារព្ធថ្ងៃទិវាបុណ្យនៃក្តីស្រឡាញ់នៅថ្ងៃទី១៤ ខែកុម្ភៈ ប៉ុន្តែជនជាតិដើមភាគតិចដែលជាគ្រួសាររងគ្រោះពីគម្រោងអភិវឌ្ឍន៍ទំនប់វារីអគ្គិសនីសេសានក្រោម២ របស់ប្រទេសមហាមិត្តដែកថែបកម្ពុជា វៀតណាម និងចិន ដែលស្ម័គ្រចិត្តបង្កើតភូមិថ្មីបណ្ដេញពលរដ្ឋពីភូមិចាស់ជាង ៤ឆ្នាំមកហើយនោះ ស្នើឱ្យអាជ្ញាធរពន្លឿននីតិវិធីដោះស្រាយសំណងរបស់ពួកគេ ដើម្បីបញ្ជាក់ពីក្តីស្រឡាញ់ និងការយកចិត្តទុកដាក់របស់រដ្ឋាភិបាលបុរសខ្លាំងកម្ពុជាមកលើជនជាតិដើមភាគតិច។
កំពុងតែមមាញឹករៀបចំចម្លងអ្នកស្រុកឆ្លងកាត់ទន្លេដែលខាងក្រុមហ៊ុនបានបើកទ្វារទឹកកាលពីឆ្នាំ២០១៧ ធ្វើឲ្យផ្ទះ វត្តអារាម សាលារៀន ទីសក្ការៈដូនតា ដើមឈើ និងរុក្ខជាតិរបស់សហគមន៍ជនជាតិដើមភាគតិចនៅតំបន់ស្រែគរ លិចលង់នៅសល់តែដំបូល និងចុងឈើតិចៗនោះ លោក ហ្វុត ឃឿន អាយុ ៤០ឆ្នាំជាតំណាងពលរដ្ឋនៅក្នុងតំបន់ស្រែគរ ដែលមិនព្រមទទួលសំណង ហើយសុខចិត្តរស់នៅក្បែរភូមិលិចទឹក បានថ្លែងថា អាជ្ញាធរមិនបានយកចិត្តទុកដាក់នឹងសំណើរបស់ពលរដ្ឋនោះទេ ដូច្នេះនៅក្នុងថ្ងៃបុណ្យនៃក្តីស្រឡាញ់នេះ លោកជំរុញឲ្យអាជ្ញាធរចុះបញ្ជីដីធ្លីរបស់ពលរដ្ឋដែលរស់នៅក្បែរភូមិចាស់ និងរៀបចំហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងសាលារៀនដល់ពួកគេ។

ក្រោយពីភ្ញៀវឡើងចេញពីទូកដ លោក ហ្វុត ឃឿន បានអង្គុយនៅលើទូកចម្លងដែលចងពីរផ្អោបជាប់គ្នានោះ បាននិយាយបន្តទៀតថា ក្នុងនាមពួកលោកជាជនជាតិដើមភាគតិចដែលពលរដ្ឋរងគ្រោះ លោកក៏ស្នើឲ្យអាជ្ញាធរបញ្ឈប់សកម្មភាពយង់ឃ្នងមកលើពួកគាត់ទៀត។ លោកថា ថ្ងៃនេះគឺជាថ្ងៃបុណ្យនៃក្តីស្រឡាញ់ ដូច្នេះពួកលោកស្នើសុំឲ្យអាជ្ញាធរបញ្ឈប់សកម្មភាពមកអារផ្ដួលរំលំផ្ទះចាស់របស់ពួកគាត់ ព្រោះពួកគាត់ចង់សាងសង់ទីនេះជាតំបន់ទេសចរណ៍មួយ ដើម្បីរំឭកអំពីភាពឈឺចាប់ដែលគេបើកទឹកពន្លិចពលរដ្ឋដែលកំពុងរស់នៅ ឲ្យរត់ចេញពីភូមិស្ទើរតែមិនទាន់។
ទឹកមុខស្រពោននៅពេលដែលរំឭកដល់អនុស្សាវរីយ៍ជូរចត់ដែលក្រុមហ៊ុនវារីអគ្គិសនីបើកទឹកពន្លិចភូមិនោះ លោក ឃឿន ថ្លែងថា ពួកលោកមិនចង់ឲ្យអាជ្ញាធរមករំលំផ្ទះដើម្បីបំបាត់ភស្តុតាងនៃការបើកទឹកពន្លិចមនុស្សទាំងរស់នោះទេ។ ពួកលោកចង់រក្សាទុកដើម្បីប្រាប់ទៅដល់កូនចៅក្រោយៗឲ្យបានដឹងថា គ្រាន់តែចង់រស់ដោយសុខស្រួលមិនរំខានអ្នកណា ក៏គេមិនចង់ឲ្យរស់ដែរ។
លោកថា ផ្ទះចាស់របស់លោកដែលបានដាក់ស្លាកសញ្ញា «ស៊ូស្លាប់ក្នុងភូមិជាមួយនឹងទំនប់វារីអគ្គិសនី» អាជ្ញាធរបានមកផ្តួលរំលំអស់ពាក់កណ្តាល ប៉ុន្តែជាសំណាងលោកបានមកឃាត់ទាន់ពេលវេលា បើមិនដូច្នេះទេ លោកគ្មានអ្វីដើម្បីប្រាប់ទៅកូនចៅ និងជាភស្តុតាងដើម្បីស្វែងរកដំណោះស្រាយនោះទេ។
ម្ចាស់ស្លាកសញ្ញា «ស៊ូស្លាប់ក្នុងភូមិជាមួយនឹងទំនប់វារីអគ្គិសនី» ដែលបានសរសេរជាប់ជញ្ជាំងផ្ទះបានថ្លែងថា ជាច្រើនឆ្នាំមកហើយ ពលរដ្ឋជាង ៤០គ្រួសាររស់នៅរង់ចាំដំណោះស្រាយពីក្រុមហ៊ុន ប៉ុន្តែគ្មានទទួលបានអ្វីក្រៅតែអំពីពាក្យគំរាម និងការព្យាយាមបំផ្លាញភស្តុតាងនោះទេ។ លោកថា តើអនុញ្ញាតឲ្យពលរដ្ឋធ្វើពិធីបុណ្យថ្ងៃក្តីស្រឡាញ់ធ្វើអី? បើអស់លោកកំពុងតែធ្វើបាបពលរដ្ឋរងគ្រោះជនជាតិដើមភាគតិចនោះ។ បើថាខ្លួនស្រឡាញ់ពលរដ្ឋមែន ដោះស្រាយឲ្យពលរដ្ឋរងគ្រោះ កុំចិញ្ចឹមបញ្ហាបន្តទៀតអី។
លោកបានបញ្ជាក់ថា ពួកលោកនៅតែចិញ្ចឹមចិត្តរក្សាផ្ទះ វត្តអារាម សាលារៀន ទីសក្ការៈដូនតា ដើមឈើ និងរុក្ខជាតិរបស់សហគមន៍ជនជាតិដើមភាគតិចនៅតំបន់ស្រែគរ ដែលលិចលង់នៅសល់តែដំបូលនោះ ធ្វើជាតំបន់អេកូទេសចរណ៍ដើម្បីប្រាប់ទៅដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិថា អ្នករស់នៅទីក្រុងដែលមានភ្លើងប្រើប្រាស់ គឺដោយសារតែគេបើកទឹកបន្លិចពួកជនជាតិដើមភាគតិចនៅទីនេះ។ លោកថា ពួកលោកអាចរស់បានដោយគ្មានភ្លើង តែមិនអាចរស់បានដោយបាត់បង់វប្បធម៌ប្រពៃណីដូនតានោះទេ។

នៅមិនឆ្ងាយពីគ្នាប៉ុន្មាន អ្នកស្រី ស្រាំង ឡាញ់ អាយុ ៤៤ឆ្នាំ ជាជនជាតិដើមភាគតិចពូនង (ព្នង) រស់នៅក្នុងភូមិក្បាលរមាស ឃុំក្បាលរមាស ដែលមិនទទួលយកសំណងមករស់នៅក្នុងទីតាំងថ្មីចម្ងាយ ៣គីឡូម៉ែត្រពីផ្ទះចាស់នោះ បានថ្លែងថា អ្នកស្រីមិនទទួលយកសំណងដោយសារតែអ្នកស្រីមិនចង់រស់នៅឆ្ងាយពីតំបន់ដែលអ្នកស្រីធ្លាប់រស់នៅច្រើនជំនាន់មកហើយ។
អ្នកស្រីថា ថ្ងៃនេះនៅលើ Facebook ឃើញគេបង្ហោះថ្ងៃបុណ្យនៃក្តីស្រឡាញ់ ដូច្នេះអ្នកស្រីសុំឲ្យអាជ្ញាធរបង្ហាញសេចក្តីស្រឡាញ់ដល់ជនជាតិដើមភាគតិចផង។ អ្នកស្រីថា ពួកគាត់មិនចង់បានអ្វីក្រៅពីដំណោះស្រាយសមរម្យ និងចុះកម្មសិទ្ធិដីធ្លីដែលកំពុងរស់នៅបច្ចុប្បន្ន ដើម្បីមានទំនុកចិត្តថា ទៅថ្ងៃក្រោយទៀតគេនឹងមិនពន្លិចតំបន់នេះដើម្បីយកដីឲ្យក្រុមហ៊ុនទៀតនោះទេ។
អ្នកស្រីថ្លែងថា បើទោះជាពួកគាត់ជាជនជាតិដើមភាគតិច ប៉ុន្តែឥឡូវពួកគាត់បានយល់ដឹងច្រើន ជាពិសេសបន្ទាប់ពីមានទូរស័ព្ទដែលអាចប្រើ Facebook បាន។ អ្នកស្រីថា បច្ចុប្បន្នអ្វីៗមិនអាចលាក់បានទេ ព្រោះអ្វីៗទាំងអស់ត្រូវបានចែករំលែកនៅលើ Facebook។
អ្នកស្រីបានថ្លែង កុំបោកពលរដ្ឋថាស្រឡាញ់ពលរដ្ឋណាស់ យកចិត្តទុកដាក់ណាស់ តែតាមពិត មិនដែលខ្វល់អ្វីសូម្បីតែបន្តិច។
កាលពីពេលថ្មីៗនេះ អង្គការសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch (HRW) បានចេញរបាយការណ៍មួយដោយអះអាងថា ទំនប់វារីអគ្គិសនីសេសានក្រោម២ បង្កជាមហន្តរាយដល់សិទ្ធិជនជាតិដើមភាគតិច។ អង្គការនេះបានរកឃើញថា ជនជាតិដើមភាគតិចត្រូវបាន «បង្ខំ» ឲ្យចាកចេញ និងការផ្តល់សំណងមិនសមរម្យ ដោយចាត់ទុកគម្រោងអភិវឌ្ឍន៍ទំនប់វារីអគ្គិសនីនេះជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍ «ក្រវាត់ផ្លូវពាណិជ្ជកម្ម ឬ Belt & Road Initiative (BRI)» របស់ចិន ដែលរងការរិះគន់ ខ្វះតម្លាភាព មិនយកចិត្តទុកដាក់លើក្តីបារម្ភរបស់សហគមន៍ និងផលប៉ះពាល់បរិស្ថាន។
លោក John Sifton ប្រធានផ្នែកតស៊ូមតិរបស់អង្គការ HRW ប្រចាំតំបន់អាស៊ី បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា ទំនប់វារីអគ្គិសនីសេសានក្រោម២ បានហូរនាំបាត់ទៅនូវជីវភាពរស់រវើកនៃការរស់នៅរបស់ជនជាតិដើមភាគតិច និងសហគមន៍ជនជាតិដើមភាគតិច ដែលពីមុនរស់នៅជាសហគមន៍ និងភាគច្រើនពឹងផ្អែកដោយខ្លួនឯងគ្រប់គ្រាន់ដោយការនេសាទ ការប្រមូលផលពីព្រៃឈើ និងកសិកម្ម។ លោកជំរុញឲ្យរដ្ឋាភិបាលកម្ពុជា ចាំបាច់ពិនិត្យឡើងវិញនូវសំណងសម្រាប់គម្រោងមួយនេះ។
គម្រោងវារីអគ្គិសនីសេសានក្រោម២ ដែលមានសមត្ថភាពផលិតថាមពលអគ្គិសនីបាន ៤០០មេហ្គាវ៉ាត់ គឺជាគម្រោងវារីអគ្គិសនីដ៏ធំបំផុតរបស់កម្ពុជា និងជាគម្រោងរួមគ្នារវាងក្រុមហ៊ុនរបស់កម្ពុជា រូយ៉ាល់ គ្រុប (Royal Group) របស់អ្នកឧកញ៉ា គិត ម៉េង ដោយកាន់កាប់ចំណែកភាគហ៊ុនចំនួន ៣៩% ជាមួយក្រុមហ៊ុនមហាមិត្តដែកថែបចិន Huaneng Hydrolancang International Energy ដោយកាន់កាប់ចំណែកភាគហ៊ុនចំនួន ៥១% និងសម្ពន្ធមិត្តវៀតណាម ក្រុមហ៊ុន EVN International Joint Stock Company កាន់កាប់ភាគហ៊ុនចំនួន ១០% ដែលមានតម្លៃ ៨១៦លានដុល្លារអាមេរិក។
ទំនប់នេះមានកម្ពស់ ៧៥ម៉ែត្រ ការវិនិយោគសាងសង់ដំណើរការផ្ទេរ (BOT) មានរយៈពេលសម្បទាន ៤៥ឆ្នាំ ដែលក្នុងនោះរយៈពេល ៥ឆ្នាំសម្រាប់ដំណើរការសាងសង់ និង ៤០ឆ្នាំសម្រាប់ធ្វើអាជីវកម្ម។

អ្នកនាំពាក្យសាលាខេត្តស្ទឹងត្រែង លោក ម៉ែន គុង បានថ្លែងថា កន្លងមក សម្រាប់ពលរដ្ឋនៅឃុំស្រែគរ និងឃុំក្បាលរមាសចាស់ ដែលបានប្ដូរមករស់នៅទីតាំងថ្មីនៅក្បែរទីតាំងចាស់របស់ពួកគាត់នោះ អាជ្ញាធរបានធ្វើផ្លូវថ្នល់ សាលារៀន ប៉ុស្តិ៍សុខភាព ដល់ពួកគាត់រួចរាល់ហើយ។ លោកបញ្ជាក់ថា មន្ត្រីជំនាញកំពុងសិក្សាបន្ថែមអំពីការផ្តល់សំណងបន្ថែមទៅដល់គ្រួសារនីមួយៗ។ លោកថា មួយរយៈនេះដោយសារតែបញ្ហាជំងឺ Covid-19 ទើបពន្យារពេលដោះស្រាយ។
គេហទំព័ររបស់ក្រុមហ៊ុនសេសានក្រោម២ បានបង្ហោះថា ក្រុមហ៊ុនសន្យាប្ដេជ្ញាចិត្តគោរពតាមច្បាប់ និងបទបញ្ញត្តិវិនិយោគក្នុងប្រទេស គោរពទំនៀមទម្លាប់វប្បធម៌ក្នុងស្រុក គាំទ្រលើកកម្ពស់គំនិតអភិវឌ្ឍន៍សុខដុមរមនា អនុវត្តការទទួលខុសត្រូវសេដ្ឋកិច្ចសហគ្រាស ទទួលខុសត្រូវសង្គម និងបរិស្ថាន។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា បានលើកឡើងថា ចំពោះទិវានៃសេចក្តីស្រឡាញ់នេះ គឺមិនមែនផ្ដោតទៅលើតែរឿងស្នេហាមួយមុខនោះទេ ដូច្នេះក្នុងករណីពលរដ្ឋរងគ្រោះក្នុងទំនប់វារីអគ្គិសនីសេសានក្រោម២ នេះ ក៏គួរតែអាជ្ញាធរចាប់តាំងពីថ្នាក់ជាតិរហូតដល់ថ្នាក់អាជ្ញាធរមូលដ្ឋាន អាណិតអាសូរ និងផ្តល់សេចក្តីស្រឡាញ់ទៅដល់ពលរដ្ឋរបស់ខ្លួនដែលកំពុងតែរងគ្រោះនោះដែរ។
លោកថា ប្រសិនបើថ្នាក់ដឹកនាំពុំបានដោះស្រាយដល់ជនរងគ្រោះទាំងអស់នោះទេ គឺសបញ្ជាក់ឲ្យឃើញថា សេចក្តីស្រឡាញ់ពុំមាននៅក្នុងបេះដូងថ្នាក់ដឹកនាំ ឬក៏មន្ត្រីទាំងអស់នោះទេ ការស្រឡាញ់របស់ពួកគាត់មានតែនៅលើបបូរមាត់តែប៉ុណ្ណោះ។

Valentine’s Day ជាពិធីបុណ្យមួយរបស់ពលរដ្ឋនៅប៉ែកអឺរ៉ុប ដែលត្រូវបានគេនិយាយថា មានប្រភពចេញពីលោក Saint Valentine ជាបុរសម្នាក់ហ៊ានបង្ហាញក្តីស្រឡាញ់ចំពោះគូស្នេហ៍ រហូតលោកត្រូវគេយកទៅសម្លាប់។ ប៉ុន្តែទោះជាយ៉ាងណា ក្តីស្រឡាញ់នេះត្រូវបានជនជាតិដើមភាគតិចដែលរងគ្រោះដោយសារទំនប់វារីអគ្គិសនីយល់ថា ជាថ្ងៃរំឭកនៃការឈឺចាប់របស់គេទៅវិញ ដោយទាមទារឲ្យរដ្ឋាភិបាលរបស់បុរសខ្លាំងកម្ពុជា ស្វែងរកដំណោះស្រាយដើម្បីបញ្ចប់ជម្លោះជាមួយក្រុមហ៊ុនឯកជន។
លោក ឃឿត ដែលកំពុងតែរៀបចំអីវ៉ាន់ឡើងទូកដវិលទៅគេហដ្ឋានរបស់គាត់វិញ បានថ្លែងថា ពួកលោកនឹងចាត់ទុកថ្ងៃបុណ្យនៃក្តីស្រឡាញ់នេះតកូនតចៅ ប្រសិនបើរដ្ឋាភិបាលក៏ដូចជាក្រុមហ៊ុន ស្វែងរកដំណោះស្រាយឲ្យពួកគាត់ក្នុងពេលឆាប់ៗខាងមុខនេះ៕