ពលរដ្ឋដែលរងគ្រោះដោយសារការរំលោភយកដីធ្លីមកពី ៥សហគមន៍ក្នុងស្រុកចំនួន៣ នៃខេត្តកំពង់ស្ពឺ នឹងមកជួបជុំគ្នានៅមុខសាលាដំបូងខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ ដើម្បីចូលរួមគាំទ្រ និងទាមទារឲ្យតុលាការទម្លាក់គ្រប់បទចោទមកលើតំណាងសហគមន៍ចំនួន ៦នាក់ដែលតុលាការចេញដីកាកោះហៅកន្លងមក។
ក្រុមសហគមន៍រងគ្រោះដីធ្លីទាំងនោះ បានចេញសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃទី២១ ខែកុម្ភៈ នេះបានឲ្យដឹងថា ពលរដ្ឋមានវិវាទដីធ្លីដែលនឹងឡើងមកតុលាការខេត្តកំពង់ស្ពឺ នោះមានមកពីសហគមន៍អមលាំង ត្រពាំងជោ រស្មីសាមគ្គី និងសហគមន៍ឧត្តមស្រែខ្ពស់ ស្ថិតក្នុងស្រុកថ្ពង់ ស្រុកឱរ៉ាល់ និងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
ប្រភពដដែលបានបញ្ជាក់ថា ពួកគាត់នឹងមកគាំទ្រ និងទាមទារឲ្យតុលាការខេត្តកំពង់ស្ពឺ ទម្លាក់គ្រប់បទចោទមកលើតំណាងសហគមន៍ត្រពាំងជោ ចំនួន ២នាក់ និងសហគមន៍ឧត្តមស្រែខ្ពស់ ចំនួន ៤នាក់ នៅឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលត្រូវបានសាលាដំបូងខេត្តកំពង់ស្ពឺ ចេញដីកាកោះហៅឲ្យចូលខ្លួនស្រាយបំភ្លឺនៅសាលាដំបូងខេត្តកំពង់ស្ពឺ ក្រោមបទចោទធ្វើឱ្យខូចខាតដោយចេតនា គំរាមកំហែង ជេរប្រមាថជាសាធារណៈ ញុះញង់បង្កភាពវឹកវរដល់សន្តិសុខសង្គម ប្រព្រឹត្តនៅដីព្រៃអភិរក្សមេត្តាធម្មជាតិ នៃសហគមន៍ឧត្តមស្រែខ្ពស់ ស្ថិតនៅឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
ពលរដ្ឋនៅសហគមន៍មានទំនាស់ដីធ្លីនោះ ធ្លាប់បានលើកឡើងកាលពីពេលកន្លងមកថា ពលរដ្ឋជាច្រើនរយនាក់ធ្លាប់បាននាំគ្នាចូលទៅហាមឃាត់គ្រឿងចក្រចំនួន ២គ្រឿង ដែលបានឈូសឆាយព្រៃដើម្បីយកដីមួយកន្លែងទំហំជាង ៤០០ហិកតារក្នុងចំណោមដីសរុប ២៨០០ហិកតារ មកធ្វើទ្រព្យសម្បត្តិឯកជន និងលក់ឲ្យឈ្មួញតាំងពីឆ្នាំ២០១៥ ខណៈដីព្រៃទាំងនោះត្រូវបានព្រះសង្ឃ និងប្រជាពលរដ្ឋអភិរក្សថែរក្សាអស់រយៈពេលជាង ២០ឆ្នាំមកហើយ ដើម្បីទុកសម្រាប់កូនចៅជំនាន់ក្រោយបានថែរក្សា និងអាស្រ័យផលនៅតំបន់នោះ៕