អ្នក​សង្កេតការណ៍​កម្ពុជា លោក សុខ សុគន្ធ

នយោបាយ

អ្នក​ឃ្លាំមើល​ថា​មេដឹកនាំ​នយោបាយ​បច្ចុប្បន្ន​ជា​អ្នក​ប្រកប​របរ​នយោបាយ​សម្រាប់​ប្រយោជន៍​ផ្ទាល់ខ្លួន

By ឌឹ ខេមបូឌា ដេលី

February 23, 2022

អ្នក​សង្កេតការណ៍​កម្ពុជា រិះគន់​ថា អ្នក​នយោបាយ​នៅ​កម្ពុជា​សព្វថ្ងៃ​នេះ​គ្រាន់តែ​ជា​អ្នក​ប្រកប​មុខរបរ​ក្នុង​កិច្ចការ​នយោបាយ​ប៉ុណ្ណោះ ព្រោះ​ថា​មេដឹកនាំ​នយោបាយ​ទាំងនោះ មិន​អាច​មាន​លទ្ធភាព ឬ​សមត្ថភាព​ស្ដារ​លទ្ធិប្រជាធិបតេយ្យ ការ​គោរព​សិទ្ធិមនុស្ស និង​នីតិរដ្ឋ​សម្រាប់​កម្ពុជា​ឱ្យ​រឹងមាំ​បាន​ទេ។

អ្នក​សង្កេតការណ៍​កម្ពុជា លោក សុខ សុគន្ធ បាន​លើកឡើង​ក្នុង​កិច្ចពិភាក្សា​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃ​ទី​២១ ខែ​កុម្ភៈ ថា អ្នក​នយោបាយ​នៅ​កម្ពុជា គឺជា​ក្រុម​អ្នក​នយោបាយ​ដែល​គ្មាន​គោលដៅ​ដើម្បី​ជាតិ​ពិតប្រាកដ​នោះ​ទេ ប៉ុន្តែ​ពួកគេ​គ្រាន់តែ​ប្រឹង​រក​កន្លែង​ឈរ​ជើង ដើម្បី​ជីវភាព​នយោបាយ​ខ្លួនឯង​ប៉ុណ្ណោះ មិន​មែន​ដើម្បី​ប្រទេស​ជាតិ ឬ​ប្រជាជន​នោះ​ឡើយ។

ប្រភព​ដដែល​អះអាង​ថា នៅ​ពេល​ដែល​កម្ពុជា​សម្បូរ​ទៅ​ដោយ​អ្នក​ស្វែងរក​ប្រយោជន៍​ផ្ទាល់ខ្លួន​ក្នុង​កិច្ចការ​នយោបាយ​បែប​នេះ នោះ​ដំណើរការ​នៃ​ការ​កសាង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា នឹង​ជួប​ឧបសគ្គ​កាន់តែ​ធំ ស្រប​ពេល​ដែល​មេដឹកនាំ​បក្ស​កាន់​អំណាច​ព្យាយាម​ក្តោប​ក្តាប់​អំណាច​មិន​លែង ខណៈ​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា ត្រូវ​រង​ការ​រឹតត្បិត​សេរីភាព​រើ​ខ្លួន​មិន​រួច ហើយ​លោក សម រង្ស៊ី ព្យាយាម​បញ្ឆេះ​កម្ដៅ​នយោបាយ​ឱ្យ​កាន់តែ​ឆេះ​ខ្លាំង​ឡើងៗ​នោះ។

លោក សុខ សុគន្ធ រិះគន់​ថា ដើម្បី​ប្រយោជន៍​ផ្ទាល់ខ្លួន និង​មុខរបរ​ក្នុង​កិច្ចការ​នយោបាយ​ខ្លួនឯង អ្នក​នយោបាយ​ទាំងនោះ​នាំគ្នា​បំបែកបំបាក់​ខ្មែរ​ដោយ​ការ​ចោទប្រកាន់​លើ​ពលរដ្ឋ​ដែល​មាន​និន្នាការ​នយោបាយ​ផ្សេង​ពី​ក្រុម​ខ្លួន ជាជាង​ការ​ដឹកនាំ​រក​ការ​ផ្សះផ្សា​បង្កើត​នូវ​សាមគ្គី​ជាតិ​ដែល​អាច​ផ្តល់​សេចក្តី​សុខ​ជូន​ពលរដ្ឋ​របស់​ខ្លួន។

ចំណែក​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ លោក ហ៊ុន កុសល បាន​លើកឡើង​ក្នុង​កិច្ចពិភាក្សា​នេះ​ដែរ​ថា ដើម្បី​បង្កើត​នូវ​ភាតរភាព និង​ការផ្សះផ្សា​ជាតិ មេដឹកនាំ​បក្ស​ប្រឆាំង​លោក កឹម សុខា តែង​ប្រកាស​ជំហរ​នយោបាយ​របស់​ខ្លួន​ជា​ច្រើនលើក​ច្រើនសា ដូចជា ការ​ធ្វើ​នយោបាយ​ដោយ​ហិង្សា មិន​យក​ជាតិសាសន៍​ខ្លួនឯង​ជា​សត្រូវ និង​លុបបំបាត់​នូវ​ការ​ចងគំនុំ​សងសឹក​រវាង​ខ្មែរ​និង​ខ្មែរ កុំ​ឱ្យ​កើត​មាន​ទៅ​ថ្ងៃ​មុខ ជាដើម។

សកម្មជន​បក្ស​ប្រឆាំង​រូប​នេះ​រិះគន់​ថា ក្នុង​ឋានៈ​ជា​មេដឹកនាំ​នយោបាយ​នៅ​កម្ពុជា ទាំង​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី និង​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន បាន​បង្ក​នូវ​វិបត្តិ​ធ្ងន់ធ្ងរ​សម្រាប់​ជាតិ​ខ្មែរ​ទាំងមូល ដោយសារតែ​ប្រយោជន៍​រៀងៗ​ខ្លួន​រហូត​ធ្វើ​ឱ្យ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ដើរ​ថយក្រោយ ហើយ​រង​ការ​រិះគន់​ជុំ​ទិស​ពី​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ​សព្វថ្ងៃ​នេះ។

ដោយឡែក​អ្នកវិភាគ​នយោបាយ និង​សង្គម បណ្ឌិត ឡៅ ម៉ុងហៃ ធ្លាប់​បាន​លើកឡើង​កាលពី​ពេល​ថ្មីៗ​នេះ​ថា អ្នក​នយោបាយ​ប្រជាធិបតេយ្យ​ពិតប្រាកដ ត្រូវតែ​មាន​គំនិត​ដោះស្រាយ​បញ្ហា និង​កសាង​ប្រទេស​ជាតិ​ឱ្យ​បាន​រីកចម្រើន និង​សុំ​ឱ្យ​ពលរដ្ឋ​សហការ​ចូលរួម​សកម្ម​ក្នុង​ការ​អនុវត្ត​ផែនការ​អភិវឌ្ឍន៍​ប្រទេស​របស់​ខ្លួន ដើម្បី​ជាតិ​មាតុភូមិ​ឲ្យ​កាន់តែ​រីកចម្រើន ថ្កុំថ្កើង រុងរឿង​ទៅ​ថ្ងៃ​អនាគត មិន​មែន​ជា​ការ​ហែកហួរ​គ្នា​ដើម្បី​ផល​ប្រយោជន៍​ផ្ទាល់ខ្លួន​នោះ​ឡើយ។

ទាក់ទិន​នឹង​បញ្ហា​នេះ សហភាព​អឺរ៉ុប និង​បណ្តា​ប្រទេស​លោកសេរី​ជាច្រើន កាលពី​ពេល​កន្លងទៅ បាន​អំពាវនាវ​ឱ្យ​អ្នក​នយោបាយ​ខ្មែរ​វិល​ទៅ​រក​ការចរចា​បញ្ចប់​ជម្លោះ​នយោបាយ ដោយ​តម្កល់​ផល​ប្រយោជន៍​ជាតិ​ធំ​ជាង​ផលប្រយោជន៍​បុគ្គល និង​បក្ស​របស់​ខ្លួន ប៉ុន្តែ​រហូត​មក​ទល់នឹង​ពេលនេះ សង្គ្រាម​នយោបាយ​ដើម្បី​ការពារ​ផលប្រយោជន៍​របស់​មេដឹកនាំ​នយោបាយ​នៅ​កម្ពុជា នៅតែ​បន្ត​ឥត​ឈប់ឈរ​នៅឡើយ៕