38 C
Phnom Penh

លោក ស ខេង បង្ហាញ​ក្ដី​បារម្ភ​ដោយសារ​បទល្មើស​គ្រឿងញៀន មនុស្ស​ឃាត និង​ការ​រំលោភ​ផ្លូវ​ភេទ​នៅតែ​កើតឡើង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បង្ហាញ​ក្ដី​បារម្ភ​ចំពោះ​សង្គម​ជាតិ ខណៈ​បញ្ហា​គ្រឿងញៀន បទល្មើស​លួច អំពើ​មនុស្ស​ឃាត អំពើ​ហិង្សា ការរំលោភ​ផ្លូវ​ភេទ ដែល​លោក​ថា​កំពុង​កើតមាន​ច្រើន​នៅ​ទូទាំង​ប្រទេស។

ក្នុង​សន្និបាត​ត្រួតពិនិត្យ​លទ្ធផល​ការងារ​ប្រចាំ​ឆ្នាំ​២០២១ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២២ របស់​ក្រសួង​មហាផ្ទៃ នៅ​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ លោក ស ខេង បាន​លើកឡើង​ថា បញ្ហា​សន្តិសុខ​សណ្ដាប់ធ្នាប់​ផ្ទៃក្នុង​ប្រទេស​ដែល​បង្ក​ក្ដី​បារម្ភ​នៅ​ក្នុង​សង្គម​នា​ពេល​បច្ចុប្បន្ន​នេះ គឺ​ការ​ចរាចរ ជួញ​ដូរ និង​ប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់ រួម​ទាំង​ការ​លួច​ប្រើប្រាស់​សារធាតុ​គីមី​ផ្សំ ដើម្បី​ផលិត​គ្រឿងញៀន​ខុសច្បាប់​ទ្រង់ទ្រាយ​ធំ។

លោក​បន្ត​ថា បើ​ទោះបីជា​គ្រោះថ្នាក់​ចរាចរណ៍ ការ​ជួញដូរ​មនុស្ស អាជីវកម្ម​ផ្លូវ​ភេទ និង​ផលិតផល​ក្លែងក្លាយ​គ្មាន​គុណភាព​បាន​ថយ​ចុះ​ខ្លះ​មែន ប៉ុន្តែ​បទល្មើស​មួយ​ចំនួន​នៅតែ​មាន​ចំនួន​ច្រើន ដូចជា​អំពើ​លួច មនុស្ស​ឃាត​ដោយ​ចេតនា អំពើ​ហិង្សា ការរំលោភ និង​ការ​បំពាន​ខាង​ផ្លូវ​ភេទ ជាដើម។

បញ្ហា​ប្រឈម​ទាំងអស់​នេះ លោក​ទាមទារ​ឱ្យ​មាន​ការ​ដោះស្រាយ​ឱ្យ​បាន​ទាន់​ពេលវេលា និង​មាន​ប្រសិទ្ធភាព។ លោក​បញ្ជា​ឲ្យ​អាជ្ញាធរ​ទាំងអស់ ត្រូវ​ពង្រឹង​ការ​ប្រយុទ្ធ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ខុសច្បាប់ ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស និង​ផ្លូវ​ភេទ ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ បទល្មើស​សេដ្ឋកិច្ច និង​បទល្មើស​ផ្សេងៗ ទោះបីជា​ការ​រំខាន​ខ្លះៗ​ដោយ​ជំងឺ Covid-19 ក៏ដោយ។ លោក​បញ្ជាក់​ថា បើ​មិន​មាន​សកម្មភាព​ទប់ស្កាត់​ឲ្យ​ទាន់​ពេលវេលា​ទេ នោះ​កម្ពុជា​ប្រឈម​នឹង​គ្រោះថ្នាក់៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស