29.3 C
Phnom Penh

ពលរដ្ឋ​នៅ​ស្រុក​ឱរ៉ាល់ ៣​នាក់​រង​របួស​ដោយសារ​ការពារ​ដី​សហគមន៍​ពី​ការ​កាប់​ទន្ទ្រាន​របស់​កង​ទាហាន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពលរដ្ឋ​នៅ​សហគមន៍​ឧត្ដមស្រែខ្ពស់ ក្នុង​ខេត្ត​កំពង់ស្ពឺ បាន​ឲ្យ​ដឹង​ថា សមាជិក​សហគមន៍​ចំនួន ៣​នាក់​បាន​រង​របួល ដោយសារតែ​ក្រុម​ទាហាន​បាន​ប្រើ​អំពើ​ហិង្សា​ក្នុង​ពេល​ពួកគាត់​បាន​ព្យាយាម​ចូល​ទៅ​ការពារ និង​ទប់ស្កាត់​ក្រុម​ទាហាន​ទាំងនោះ​កុំ​ឲ្យ​ឈូស​ឆាយ និង​កាប់​ទន្ទ្រាន​ដី​ព្រៃ​សហគមន៍​ឧត្ដមស្រែខ្ពស់ ក្នុង​ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ នៅ​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០២២។

តាម​ការ​ប្រកាស​របស់​សហគមន៍​ឧត្តមស្រែខ្ពស់ នៅ​ថ្ងៃ​ទី​២២ កុម្ភៈ នេះ​បាន​ឲ្យ​ដឹង​ថា សមាជិក​សហគមន៍​ឧត្តមស្រែខ្ពស់ និង​សហគមន៍​ត្រពាំងជោរ ប្រមាណ ៣០​នាក់ បាន​នាំគ្នា​ទៅ​ទប់ស្កាត់​ក្រុម​ទាហាន «ង​៧០» ដែល​បាន​ដឹកនាំ​កម្លាំង​ប្រមាណ ២០​នាក់​ទៅ​កាប់​រំលំ​ដើមឈើ​ចម្រុះ​នៅ​ព្រៃ​សហគមន៍​ឧត្តមស្រែខ្ពស់ ស្ថិត​ក្នុង​ឃុំ​ត្រពាំងជោរ ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ហេតុការណ៍​ខាងលើ ក្រុម​ទាហាន​ផ្ទុះ​អាវុធ ២​គ្រាប់​គំរាម​ពលរដ្ឋ និង​បាន​ប្រើប្រាស់​ហិង្សា​លើ​ពលរដ្ឋ​សមាជិក​សហគមន៍​ចំនួន ៣​នាក់​ឲ្យ​រង​របួស។

ក្រុម​សហគមន៍​បាន​បន្ត​ថា ពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ក្រុម​ទាហាន​ប្រើ​អំពើ​ហិង្សា​នោះ មាន​ឈ្មោះ កាក់ សឿន ភេទ​ប្រុស អាយុ ៤១​ឆ្នាំ ឈ្មោះ ម៉េង វី ភេទ​ប្រុស អាយុ ២៥​ឆ្នាំ និង​ឈ្មោះ ឃន ធុច ភេទ​ស្រី អាយុ ៥៩​ឆ្នាំ។

ប្រជា​សហគមន៍​បាន​អះអាង​ទៀត​ថា កងកម្លាំង​ទាហាន​នៃ​កងពលតូច «ង​៧០» ដែល​ក្នុង​នោះ​មាន​ឈ្មោះ អៀម ម៉ៅ និង​ឈ្មោះ ប៉ែន សារិទ្ធ បាន​ដឹកនាំ​កម្លាំង​មាន​ទាំង​គ្រឿងចក្រ​ផង និង​កម្លាំង​ពលរដ្ឋ​ផង បាន​ចូល​ទៅ​ឈូស​ឆាយ​ទន្ទ្រាន​យក​ដី​ក្នុង​សហគមន៍​ឧត្តមស្រែខ្ពស់​អស់​រយៈពេល​ប្រមាណ ៥​ខែ​មក​ហើយ។

ប្រភព​ដដែល​បាន​បញ្ជាក់​ថា ក្រុម​ទាហាន​ចូល​ទៅ​កាប់​ទន្ទ្រាន​នេះ គឺ​បន្ទាប់ពី​ពលរដ្ឋ​បាន​ទទួល​ដំណឹង​ថា ដី​នេះ​ត្រូវ​បាន​លោក ហ៊ុន សែន ចេញ​អនុក្រឹត្យ​កាត់​ដី​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ឱរ៉ាល់​នៅ​ក្នុង​សហគមន៍​ឧត្តមស្រែខ្ពស់​ស្ថិត​ក្នុង​ឃុំ​ត្រពាំងជោរ ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ ដែល​ពលរដ្ឋ​បាន​ថែរក្សា និង​អភិរក្ស​ជិត ២០​ឆ្នាំ ចំនួន​ជិត ៣០០​ហិកតារ (២៦២,២៤​ហិកតារ) ឲ្យ​ទៅ​ក្រុម​ទាហាន​នៃ​កងពលតូច «ង​៧០» ជា​កង​អង្គរក្ស​របស់​លោក ហ៊ុន សែន។

ព្រៃ​សហគមន៍​ការពារ​ធនធាន​ធម្មជាតិ​ឧត្ដមស្រែខ្ពស់ ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​២០០៣ ដោយ​ពេល​នោះ​មាន​ទំហំ​ផ្ទៃ​ដី​ជាង ២​ពាន់​ហិកតារ ប៉ុន្តែ​បច្ចុប្បន្ន អ្នក​ភូមិ​ឲ្យ​ដឹង​ថា ដី​ព្រៃ​សហគមន៍​នេះ​នៅ​សល់​ជាង ៨០០​ហិកតារ​ប៉ុណ្ណោះ។

ប្រជា​សហគមន៍​នៅ​ឃុំ​ត្រពាំងជោរ ស្នើសុំ​អាជ្ញាធរ​រក្សាទុក​ដី​ព្រៃ​ដែល​នៅ​សេសសល់​មិន​ដល់ ១​ពាន់​ហិកតារ​នេះ ដើម្បី​ឲ្យ​ពួកគាត់​ទទួល​ផលប្រយោជន៍​ពី​តំបន់​ព្រៃឈើ​មួយ​នេះ​តាម​មុខរបរ​ប្រពៃណី ដូចជា​ការ​រក​ផ្សិត រក​វល្លិ លែង​គោ​ក្របី ជាដើម៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស