29.3 C
Phnom Penh

សិក្ខាសាលា​ដឹកនាំ​ដោយ​លោក សម រង្ស៊ី មិន​រំលេច​ឈ្មោះ​លោក កឹម សុខា ក្នុង​ការ​ទាមទារ​ឱ្យ​ដោះលែង​ទេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សិក្ខាសាលា​នៅ​សហរដ្ឋ​អាមេរិក​ដែល​ដឹកនាំ​ដោយ​អតីត​មេ​បក្ស​ប្រឆាំង លោក សម រង្ស៊ី កាលពី​សប្តាហ៍​មុន បាន​ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​រៀបចំ​ការ​បោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ប៉ុន្តែ​មិន​បាន​ទាមទារ​ឲ្យ​លោក ហ៊ុន សែន ទម្លាក់​ចោល​ការ​ចោទប្រកាន់​លោក កឹម សុខា ដែល​កំពុង​ជាប់​បណ្តឹង​ពី​បទ​ក្បត់​ជាតិ​ដែល​មាន​អាមេរិក​នៅ​ពីក្រោយ​នោះ​ទេ។

គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្រៅ​ប្រទេស បាន​ផ្សព្វផ្សាយ​សេចក្តី​ជូនដំណឹង​របស់​ខ្លួន នៅ​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០២២ ថា គណៈកម្មាធិការ​អចិន្ត្រៃយ៍ និង​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្រៅ​ប្រទេស បាន​សម្រេច​ដាក់​ចេញ​នូវ​ផែនការ​សម្រាប់​ឆ្នាំ​២០២២ ដោយ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ទម្លាក់​ចោល​បទ​ចោទ​ទៅលើ​អ្នក​ទោស​នយោបាយ ដើម្បី​បើក​លំហ​សេរីភាព​នៅ​កម្ពុជា​ឡើងវិញ។

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​នោះ​អះអាង​ថា មន្ត្រី​បក្ស​ប្រឆាំង​នៅ​ក្រៅ​ប្រទេស​ទាមទារ​ឱ្យ​មាន​ការ​បោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​នៅ​កម្ពុជា ដើម្បី​ធានា​ឱ្យ​ពលរដ្ឋ​ដែល​ជា​ម្ចាស់​ឆ្នោត​មាន​សេរីភាព​ពេញលេញ​ក្នុង​ការ​ជ្រើសរើស​តំណាង​ស្រប​ច្បាប់ និង​ស្រប​តាម​ឆន្ទៈ​របស់​ខ្លួន។

ក្រុម​សកម្មជន​បក្ស​ប្រឆាំង​នៅ​ក្រៅ​ប្រទេស​ភាគី​លោក សម រង្ស៊ី កាលពី​សប្តាហ៍​មុន​បាន​នាំគ្នា​បើក​សិក្ខាសាលា​រយៈពេល ៣​ថ្ងៃ​ក្នុង​ទីក្រុង Jacksonville រដ្ឋ Florida សហរដ្ឋ​អាមេរិក ប៉ុន្តែ​សិក្ខាសាលា​នេះ​ត្រូវ​គេ​រិះគន់​ថា ពួកគេ​បាន​ប្រើ​ឈ្មោះ​គណបក្ស​សង្គ្រោះ​ជាតិ​ជា​ឈ្នាន់​ដើម្បី​កៀរគរ​អ្នកគាំទ្រ និង​ថវិកា​សម្រាប់​ជួយ​ឧបត្ថម្ភ​ដំណើរការ​គណបក្ស​ភ្លើង​ទៀន ដែល​បាន​ងាក​ចេញពី​គណបក្ស​សង្គ្រោះ​ជាតិ​ទៅវិញ។

ក្រុម​មន្ត្រី​បក្ស​ប្រឆាំង​ទាំងនោះ​បាន​ប្រើ​ទង់​គណបក្ស​ភ្លើង​ទៀន និង​អុជ​ទៀន​បំភ្លឺ​ជា​សញ្ញា​តំណាង​នៃ​ការ​ជួបជុំ​របស់​ពួកគេ។ អ្នក​ទាំងនោះ​ក៏​បាន​នាំគ្នា​ស្រែក​ជយោ​គណបក្ស​ភ្លើង​ទៀន​ផង​ដែរ។

យ៉ាងណាក៏ដោយ សិក្ខាសាលា​នោះ​គេ​មិន​បាន​ឃើញ​តំណាង​សាខា​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្រៅ​ប្រទេស​ចូលរួម​នោះ​ទេ ដូចជា​តំណាង CNRP-A និង​តំណាង CNRP-O ជាដើម គឺ​មាន​តែ​ក្រុម សម រង្ស៊ី និយម​តែប៉ុណ្ណោះ។

អនុ​ប្រធាន​ប្រតិបត្តិ​នៃ​ចលនា​ពលរដ្ឋ​ដើម្បី​ប្រជាធិបតេយ្យ លោក អ៊ាប គឹមសេង បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​២២ កុម្ភៈ នេះ​ថា ខ្លឹមសារ​នៃ​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​មន្ត្រី​បក្ស​ប្រឆាំង​ទាំងនោះ បាន​បង្ហាញ​ឱ្យ​ឃើញ​ថា ពួកគេ​បាន​ចាកចេញ​ឆ្ងាយ​ពី​ស្មារតី​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ទៅ​ហើយ ព្រោះ​ថា​ក្នុង​លិខិត​នោះ ពួកគេ​មិន​បាន​ទាមទារ​ឱ្យ​មាន​វត្តមាន​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​ការ​បោះឆ្នោត​ខាងមុខ និង​ដោះលែង​មេដឹកនាំ​របស់​ខ្លួន គឺ​លោក កឹម សុខា ឡើយ។

លោក អ៊ាប គឹមសេង រិះគន់​ថា សិក្ខាសាលា​មួយ​ដែល​បង្កើត​ឡើង​ដោយ​គ្មាន​ផែនការ​ក្នុង​ការ​សង្គ្រោះ​គណបក្ស​របស់​ខ្លួន​ដែល​ត្រូវ​គេ​រំលាយ និង​ទាមទារ​រក​យុត្តិធម៌​សម្រាប់​មេដឹកនាំ​របស់​ខ្លួន​បែប​នេះ គឺជា​ឈុត​ឆាក​មួយ​ក្នុង​ចេតនា​ដើម្បី​បន្លំ​ភ្នែក​ពលរដ្ឋ​ទៅតាម​ចរន្ត​នយោបាយ​របស់​ពួកគេ​ប៉ុណ្ណោះ។ ជាង​នេះ​ទៀត សកម្មភាព​ជាក់ស្តែង​ក្នុង​ការ​ជួបជុំ​នោះ ក៏​បាន​បង្ហាញ​ពី​ការ​គាំទ្រ​គណបក្ស​ភ្លើង​ទៀន​របស់​ពួកគេ​ដែរ។

បន្ទាប់ពី​វត្តមាន​គណបក្ស​ភ្លើង​ទៀន ក្នុង​ទីលាន​នយោបាយ មន្ត្រី​បក្ស​ប្រឆាំង​ភាគី​លោក សម រង្ស៊ី បាន​នាំគ្នា​ចូលរួម​ធ្វើ​នយោបាយ​ជាមួយ​គណបក្ស​នេះ​ជាបន្តបន្ទាប់។ ជាក់ស្តែង​កាលពី​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ កន្លងទៅ​នេះ លោក ចាន់ ចេង អ្នកស្រី ពត ពៅ និង​លោក កែត ឃី ដែល​ជា​មន្ត្រី​បក្ស​ប្រឆាំង​ភាគី​លោក សម រង្ស៊ី ត្រូវ​បាន​ព្រះមហាក្សត្រ​ផ្តល់​នីតិសម្បទា​នយោបាយ​ឡើងវិញ ដែល​គេ​អាច​សន្មត​បាន​ថា អ្នក​ទាំងនោះ​នឹង​ទៅ​ចូលរួម​ជាមួយ​គណបក្ស​ភ្លើង​ទៀន ដូច​មន្ត្រី​បក្ស​ប្រឆាំង​មុនៗ​ដែរ ក្នុង​នោះ​មាន​ដូចជា លោក ថាច់ សេដ្ឋា ជាដើម៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស