នៅទីបំផុត រុស្ស៊ីសម្រេចលើកទ័ពចូលទឹកដីអ៊ុយក្រែននៅក្នុងតំបន់ចំនួន២ បន្ទាប់ពីសភាជាន់ទាបដែលភាសារុស្ស៊ីហៅឌូម៉ា បានប្រកាសទទួលស្គាល់តំបន់ពីរនេះជាសាធារណរដ្ឋឯករាជ្យពីអ៊ុយក្រែន។
សារព័ត៌មានអង់គ្លេស Independent បានចុះផ្សាយថា តំបន់ពីរនេះដែលរុស្ស៊ីលើកទ័ពចូលទៅនៅលើទីតាំងក្រោមការកាន់កាប់ដោយពួកឧទ្ទាមដណ្ដើមបានពីកងទ័ពអ៊ុយក្រែន គឺតំបន់ Donetsk និង Luhansk ដែលតំបន់ Luhansk ភាសារុស្ស៊ីហៅថា Donbas។ ទង្វើរបស់កងទ័ពរុស្ស៊ី បាននាំឲ្យមានប្រតិកម្មថ្កោលទោសជាច្រើនពីបណ្ដាប្រទេសនៅទូទាំងពិភពលោក។ គេអាចរាប់ទាំងទ្វីបអាស៊ី អឺរ៉ុប អាមេរិក និងអាហ្វ្រិក។ ទង្វើរបស់រុស្ស៊ី មិនត្រឹមរងការថ្កោលទោសនោះទេ គឺរងទណ្ឌកម្មទៀតផង។
ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in បានថ្លែងថា ពិភពលោកត្រូវនាំគ្នាគោរពស្រឡាញ់អ៊ុយក្រែន ហើយគោរពអធិបតេយ្យភាពរបស់ប្រទេសនេះ។ លោកបញ្ជាក់ថា វិបត្តិអ៊ុយក្រែនអាចនាំឱ្យអឺរ៉ុប និងអាស៊ីក៏មានបញ្ហាដែរ ទាំងសេដ្ឋកិច្ច និងនយោបាយ ដែលអាចប៉ះពាល់ពិភពលោកទាំងមូល។ លោកបន្តថា ទោះពីអាស៊ីនៅឆ្ងាយពីអឺរ៉ុបក្ដី តែអាស៊ីពិតណាស់នឹងមានការព្រួយបារម្ភអំពីពិភពលោកជួបនូវវិបត្តិថាមពល ព្រោះប្រទេសរុស្ស៊ីដែលជាអ្នកផ្គត់ផ្គង់ដ៏ធំនូវថាមពលឧស្ម័ន ហើយទីផ្សារអឺរ៉ុបអាចនឹងបិទការនាំចូលឧស្ម័នពីរុស្ស៊ី។
បើតាមប្រធានាធិបតីកូរ៉េខាងត្បូងរូបនេះ ឲ្យដឹងថា សេដ្ឋកិច្ចរុស្ស៊ីនឹងជួបផលវិបាកធ្ងន់ជាងគេ ព្រោះប្រទេសនេះធ្លាក់ក្នុងទណ្ឌកម្មរបស់សហគមន៍អន្តរជាតិ។ ទោះជាយ៉ាងណា មេដឹកនាំប្រទេសកូរ៉េខាងត្បូងនៅបន្តសង្ឃឹមថា នឹងមានដំណោះស្រាយផ្នែកការទូត ហើយរុស្ស៊ីអាចនឹងត្រឡប់ក្រោយវិញ។
ពីទីក្រុងតូក្យូឯណោះវិញ នាយករដ្ឋមន្ត្រី លោក Fumio Kishida បានថ្កោលទោសរុស្ស៊ី ដោយហៅថាជាទង្វើបំពានដែនអធិបតេយ្យប្រទេសមួយជារដ្ឋឯករាជ្យ ហើយព្រមានថា ជប៉ុននឹងចូលរួមជាមួយសហគមន៍អន្តរជាតិដទៃទៀតដាក់ទណ្ឌកម្មធ្ងន់ធ្ងរលើប្រទេសរុស្ស៊ី។ លោក Kishida បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ជប៉ុនកំពុងតែតាមដានការវិវឌ្ឍជាខ្លាំងអំពីសកម្មភាពយោធារបស់រុស្ស៊ី។ ជប៉ុនបានបាត់កោះទៅរុស្ស៊ីយ៉ាងតិច ៤កោះនៅពេលជប៉ុនកំពុងធ្លាក់ជាប្រទេសចាញ់សង្គ្រាមនៃសង្គ្រាមលោកលើកទី២។ មកទល់ពេលនេះ ជប៉ុននៅតែចិញ្ចឹមចិត្តចង់បានកោះទាំងនោះពីរុស្ស៊ីមកវិញ។
ចំណែកប្រទេសឥណ្ឌា តាមរយៈតំណាងរបស់ខ្លួននៅអង្គការសហប្រជាជាតិ បានចេញសេចក្ដីថ្លែងការណ៍ខ្លីមួយ ដោយជំរុញឲ្យភាគីទាំងពីរ គឺទាំងរុស្ស៊ី និងអ៊ុយក្រែនបើកការចរចានឹងគ្នា ព្រោះតែឥណ្ឌាបារម្ភអំពីការផ្ទុះសង្គ្រាមទ្រង់ទ្រាយធំកើតមាននៅពេលអ៊ុយក្រែនបើកការវាយប្រហារទៅលើទីតាំងដែលពួកឧទ្ទាមកាន់កាប់ ហើយទ័ពរុស្ស៊ីជួយការពារដែនដីទាំងនោះ។
ដោយឡែករដ្ឋមន្ត្រីការបរទេសនៃប្រទេស New Zealand អ្នកស្រី Nanaia Mahuta និយាយថា គ្មានច្បាប់អន្តរជាតិណាមួយផ្ដល់ឱ្យប្រទេសរុស្ស៊ីទទួលស្គាល់ និងយកទឹកដីរបស់ប្រទេសណាមួយនៅពេលក្រុមឧទ្ទាមវាយកាន់កាប់ដណ្ដើមបាន មកដាក់នៅក្រោមដែនដីចំណុះរបស់ខ្លួននោះទេ។ រដ្ឋមន្ត្រីការបរទេស New Zealand រូបនេះ បានបន្តទាមទារឲ្យមានដំណោះស្រាយជាបន្ទាន់ បើពុំនោះទេ អ៊ុយក្រែនអាចវាយបកទ្រង់ទ្រាយធំដណ្ដើមកាន់កាប់មកវិញ។
នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Scott Morrison និយាយថា រុស្ស៊ីត្រូវដកទ័ពត្រឡប់ចេញពីទីតាំងទាំងឡាយណាដែលខ្លួនចូលទៅដល់ ទោះជានៅលើទឹកដីធ្លាក់ក្រោមពួកឧទ្ទាមក៏ដោយ។ លោកថា ទង្វើរបស់កងទ័ពរុស្ស៊ី គឺជាការបង្កសង្គ្រាម ហើយឈ្លានពានប្រទេសទន់ខ្សោយដែលត្រូវតែរងការថ្កោលទោស។
នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Scott Morrison បានបញ្ជាក់ថា អូស្ត្រាលីនឹងសហការជាមួយសហគមន៍អន្តរជាតិដទៃទៀត ដើម្បីដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសរុស្ស៊ី។ ចំណែកប្រទេសតួកគីដែលជាសមាជិកនៃអង្គការយោធាណាតូ (NATO) ហើយជាប្រទេសមានទំនាក់ទំនងល្អជាមួយរុស្ស៊ី ក៏បានចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសផងដែរ។ ក្រសួងការបរទេសរបស់ប្រទេសនេះ បានហៅក្រឹត្យច្បាប់របស់លោក វ៉្លាឌីមៀរ ពូទីន ដែលប្រកាសទទួលស្គាល់ទឹកដីបំបែកខ្លួនជា គឺជាចេតនាកាន់កាប់ដែនដីរបស់ប្រទេសជិតខាង ហើយតួកគីមិនអាចទទួលយកបានឡើយ។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បានសម្រេចលើកទូរស័ព្ទទៅកាន់សមភាគីអ៊ុយក្រែន លោក Dmytro Kuleba ដោយបន្តប្រកាសគាំទ្រអ៊ុយក្រែនក្នុងការទាមទារអធិបតេយ្យរបស់ខ្លួនមកវិញ។ លោកបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោន ត្រៀមរួចហើយក្នុងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើប្រទេសរុស្ស៊ី ដោយសហការជាមួយប្រទេសនៅអឺរ៉ុប។
បន្ទាប់ពីមានដំណឹងថា រុស្ស៊ីរំកិលទ័ពឆ្លងចូលទឹកដីអ៊ុយក្រែន នៅតំបន់ Donetsk និង Luhansk ឬហៅថា Donbas ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានជួបប្រជុំគ្នាជាបន្ទាន់ ហើយកិច្ចប្រជុំនេះតាមសំណើរបស់មហាអំណាចអាមេរិក អង់គ្លេស បារាំង និងអ៊ុយក្រែនផ្ទាល់។ នៅក្នុងកិច្ចប្រជុំនោះ តំណាងរបស់ប្រទេសរុស្ស៊ី រងការវាយប្រហារយ៉ាងខ្លាំងពីសំណាក់ប្រទេសជាសមាជិករបស់ក្រុមប្រឹក្សាសន្តិសុខ។ សម្រាប់ប្រទេសចិន មិនបានចេញមុខថ្កោលទោសរុស្ស៊ីនោះទេ ហើយសឹងតែនិយាយមិនរួច ដោយគ្រាន់តែសុំឲ្យមានដំណោះស្រាយការទូតជាបន្ទាន់។
ឯកអគ្គរដ្ឋទូតរុស្ស៊ី បានប្រតិកម្មវិញថា ដោយសារតែក្រុមបស្ចិមប្រទេសលម្អៀងអ៊ុយក្រែន ទើបលើកទឹកចិត្តឱ្យអ៊ុយក្រែនបង្កការវាយប្រហារទៅលើដែនដីរុស្ស៊ី ក្រោមលេសថាដេញតាមវាយប្រហារពួកកងទ័ពបំបែកដែនដី។
តំណាងរុស្ស៊ី Vassily Nebenzia បាននិយាយថា រុស្ស៊ីអត់ធ្មត់ជាខ្លាំងទោះជាអ៊ុយក្រែនបាញ់ផ្លោងចូលទឹកដីរុស្ស៊ីក៏ដោយ។ លោកថា កងទ័ពរុស្ស៊ីនៅលើតំបន់ពីរនេះ គឺជាកងកម្លាំងរក្សាសន្តិភាពតែប៉ុណ្ណោះ។
ចំពោះឯកអគ្គរដ្ឋទូតអ៊ុយក្រែន លោក Sergiy Kyslytsya បានទាមទារឱ្យក្រុងមូស្គូលុបចោលក្រឹត្យច្បាប់ ហើយដកពាក្យចេញវិញនូវការប្រកាសទទួលស្គាល់ដែនដីបំបែករដ្ឋ។ ជាមួយគ្នានេះ កងទ័ពរុស្ស៊ីដែលស្ថិតនៅលើទីតាំងរបស់ពួកឧទ្ទាម ក៏ត្រូវដកចេញវិញជាបន្ទាន់ដែរ។ ចំណែកឯប្រធានាធិបតីបារាំង លោក Emmanuel Macron ដែលទើបបានជួបលោក ពូទីន តាមទូរស័ព្ទជាថ្មី លោកបានសម្ដែងការខកចិត្តជាខ្លាំងដោយបានហៅវិធានការរបស់លោក ពូទីន ថាជាអំពើក្បត់នឹងការសន្យារបស់ខ្លួន ដែលថានឹងមិនឈ្លានពានអ៊ុយក្រែននោះទេ។
មកដល់ពេលនេះ កងទ័ពរុស្ស៊ីនៅតែបន្តឡោមព័ទ្ធអ៊ុយក្រែនជាង ១០ម៉ឺននាក់ ហើយមួយភាគបានរុលចូលទៅបោះជំរំលើទីតាំងដែលពួកឧទ្ទាមវាយកាន់កាប់បានពីកងទ័ពអ៊ុយក្រែននៅតំបន់ Donetsk និង Luhansk។ ទាំងអ៊ុយក្រែន និងក្រុមបស្ចិមប្រទេស បានចោទរុស្ស៊ីថាជាអ្នកជួយគាំទ្រអាវុធទៅឱ្យក្រុមបំបែកទឹកដីនៅតំបន់ពីរនេះ ប៉ុន្តែរុស្ស៊ីបដិសេធ ដោយអះអាងថាក្រុមកងទ័ពទាំងនោះត្រូវវាយការពារដែនដីកំណើតរបស់ខ្លួន៕