ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ (UNSC)

ច្បាប់

ក្រុមប្រឹក្សា​សន្តិសុខ UN បដិសេធ​មិន​បាន​បញ្ចេញ​របាយការណ៍​បើក​អាជីវកម្ម​របស់​កូរ៉េ​ខាងជើង​នៅ​កម្ពុជា​នោះ​ទេ

By ឌឹ ខេមបូឌា ដេលី

February 24, 2022

ក្រុម​អ្នកជំនាញ​ក្នុង​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ (UNSC) បាន​បញ្ជាក់​មក​ភាគី​កម្ពុជា​ថា ខ្លួន​មិន​បាន​ផ្តល់​របាយការណ៍​អំពី​ការ​បើក​អាជីវកម្ម​របស់​សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​កូរ៉េ (កូរ៉េ​ខាងជើង) នៅ​កម្ពុជា ទៅកាន់​សារព័ត៌មាន​នោះ​ទេ ពីព្រោះ​របាយការណ៍​នេះ​កំពុង​ស្ថិត​ក្នុង​ការ​ត្រួតពិនិត្យ ហើយ​ត្រូវតែ​រក្សា​ជា​ការណ៍​សម្ងាត់។

ការ​ឆ្លើយ​បំភ្លឺ​របស់​ក្រុម​អ្នកជំនាញ​ក្នុង​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ត្រូវ​បាន​អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា ចេញ​ផ្សាយ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​លើ​បណ្ដាញ​សង្គម Facebook របស់​ខ្លួន​កាលពី​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ ថា​របាយការណ៍​ទាក់ទង​នឹង​កម្ពុជា គឺ​កំពុង​ស្ថិត​ក្នុង​សេចក្តី​ព្រាង​នៅឡើយ ហើយ​កំពុង​ស្ថិត​ក្នុង​ការ​ត្រួតពិនិត្យ​របស់​គណៈកម្មការ ១៧១៨។

ក្រុម​អ្នកជំនាញ​ក្នុង​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ បន្ត​ថា នៅ​ពេល​ស្ថិត​ក្នុង​សេចក្ដី​ព្រាង និង​កំពុង​ស្ថិត​ក្នុង​ការ​ត្រួតពិនិត្យ​របស់​គណៈកម្មការ​បែប​នេះ របាយការណ៍​ទាក់ទិន​នឹង​កម្ពុជា គឺ​ត្រូវ​រក្សា​ជា​ការណ៍​សម្ងាត់។ ក្រោយ​ពិនិត្យ​រួច របាយការណ៍​ទាក់ទិន​នឹង​កម្ពុជា​នឹង​ត្រូវ​គណៈកម្មការ​ដាក់​ជូន​ទៅ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​នៅ​សប្តាហ៍​ក្រោយ។

សេចក្ដី​បដិសេធ​របស់​ក្រុម​អ្នកជំនាញ​ក្នុង​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ បញ្ជាក់​ថា ពួកគេ​មិន​អាច​ផ្សព្វផ្សាយ​ជា​សាធារណៈ​នូវ​ផ្នែក​ណា​មួយ​នៃ​សេចក្ដី​ព្រាង​របាយការណ៍​របស់​ខ្លួន​បាន​ទេ រហូត​ដល់​របាយការណ៍​នោះ​ត្រូវ​បាន​អនុវត្ត​ដោយ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ។

ក្រុម​អ្នកជំនាញ​ក្នុង​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ បង្ហាញ​ការ​សោកស្តាយ និង​ការ​ខកចិត្ត​ចំពោះ​ការ​បែក​ធ្លាយ​របាយការណ៍​ទាក់ទិន​នឹង​កម្ពុជា ចេញពី​គណៈកម្មការ​ទៅ​ដល់​សារព័ត៌មាន​ដោយ​គ្មាន​ការអនុញ្ញាត​បែប​នេះ។

កាលពី​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​បំភ្លឺ​ជុំវិញ​ការផ្សាយ​របស់​សារព័ត៌មាន NK News ថា កម្ពុជា​បាន​អនុវត្ត​ស្របតាម​សេចក្តី​សម្រេច​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ (UNSC) ដោយ​បាន​បិទ​គ្រប់​អាជីវកម្ម និង​គណនី​ធនាគារ​របស់​សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​កូរ៉េ​ខាងជើង​នៅ​កម្ពុជា និង​បញ្ឈប់​ការ​ផ្តល់​ប័ណ្ណ​ការងារ​ដល់​កម្មករ​មកពី​សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​កូរ៉េ ឬ​កូរ៉េ​ខាងជើង​ផង​ដែរ។

សេចក្ដី​បំភ្លឺ​របស់​ក្រសួង​ការបរទេស​ឲ្យ​ដឹង​ថា ក្នុង​នាម​ជា​សមាជិក​របស់​អង្គការ​សហប្រជាជាតិ កម្ពុជា​បាន​បំពេញ​ទាំងស្រុង​នូវ​កាតព្វកិច្ច​អន្តរជាតិ​ក្រោម​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ ហើយ​បាន​អនុវត្ត​យ៉ាង​ស្មោះត្រង់​នូវ​សេចក្តី​សម្រេច​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ស្ដីពី​ការ​ដាក់​ទណ្ឌកម្ម​លើ​កូរ៉េ​ខាងជើង។

កាលពី​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ ទីភ្នាក់ងារ​សារព័ត៌មាន​កូរ៉េ​ខាងត្បូង NK News បាន​ស្រង់​របាយការណ៍​បឋម​មួយ​របស់​ក្រុម​អ្នកជំនាញ​អង្គការ​សហប្រជាជាតិ មក​ចុះផ្សាយ​ថា ចារកម្ម​កូរ៉េ​ខាងជើង​បាន​បើក​ដំណើរការ​អាជីវកម្ម​មួយ​ចំនួន​នៅ​កម្ពុជា រួម​មាន​សណ្ឋាគារ កាស៊ីណូ ភោជនីយដ្ឋាន រង្គសាល និង​ភ្នាក់ងារ​ទេសចរណ៍ ជាដើម ចាប់ពី​ពាក់កណ្ដាល​ឆ្នាំ​២០២០។

ប្រភព​ដដែល​បន្ត​ថា ក្រុម​អ្នកជំនាញ​របស់​អង្គការ​សហប្រជាជាតិ រក​ឃើញ​ថា ភ្នាក់ងារ​ចារកម្ម​ម្នាក់​ឈ្មោះ គឹម ចុលសុខ (Kim Chol Sok) បាន​បើក​ដំណើរការ​អាជីវកម្ម​ដោយ​ប្រើ​ឈ្មោះ​ហៅ​ក្រៅ​ថា សុខា (Sok Kha) តាម​ការ​បញ្ជា​របស់​ការិយាល័យ​ស៊ើប​អង្កេត​ទូទៅ (RGB) ដែល​ជា​ភ្នាក់ងារ​ចារកម្ម​កំពូល​របស់​កូរ៉េ​ខាងជើង។

ប្រភព​ព័ត៌មាន​ដដែល​បាន​បន្ត​ទៀត​ថា យោង​តាម​សេចក្ដី​ព្រាង​នៃ​របាយការណ៍​ក្រុម​អ្នកជំនាញ​របស់​អង្គការ​សហប្រជាជាតិ អាជីវកម្ម​មួយ​ក្នុង​ចំណោម​អាជីវកម្ម​ដែល​លោក គីម (Kim) បាន​បើក​ដំណើរការ​នោះ ក្រុមហ៊ុន​ទេសចរណ៍ C.H. World Travel Co., Ltd មាន​ទីតាំង​នៅ​ក្នុង​រាជធានី​ភ្នំពេញ ដែល​សម្របសម្រួល​ការ​ដើរ​លេង​កម្សាន្ត​នៅ​តំបន់​អាស៊ី​បូព៌ា និង​អាស៊ី​អាគ្នេយ៍។

យោង​តាម​របាយការណ៍​របស់​អង្គការ​សហប្រជាជាតិ លោក គីម គឺជា​សហការី​ជំនួញ​របស់​លោក ទ្រី ភាព ជា​ឧកញ៉ា​កាប់​ឈើ​ដ៏​ល្បីល្បាញ​នៅ​កម្ពុជា ដែល​សហរដ្ឋ​អាមេរិក​បាន​ដាក់​ទណ្ឌកម្ម​កាលពី​ឆ្នាំ​២០១៩ ពី​បទ​ពុករលួយ។

លោក ទ្រី ភាព ខ្លួនឯង គឺជា​សហការី​ជិតស្និទ្ធ​របស់​លោក ហ៊ុន សែន ហើយ​ក្នុង​ទំនាក់ទំនង​កម្រិត​ខ្ពស់​ស្អិតល្មួត​បែប​នេះ លោក​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​កម្លាំង​យោធា​កម្ពុជា ដើម្បី​ការពារ​ការ​ដឹកជញ្ជូន​ផលិតផល​ខុសច្បាប់​របស់​លោក។ នេះ​បើ​យោង​តាម​របាយការណ៍​ស៊ើប​អង្កេត​ស៊ីជម្រៅ​របស់​ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក៕