អតីត​រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​ជាតិ​កម្ពុជា​នៃ​របប​សាធារណរដ្ឋ​ខ្មែរ លោក វ៉ាន សរ។

នយោបាយ

អ្នក​ឃ្លាំមើល​ថា​ពលរដ្ឋ​ខ្មែរ​នៅ​អាមេរិក​កំពុង​ចាញ់បោក​រដ្ឋាភិបាល​កម្ពុជា​ដែល​ធ្លាប់​ធ្វើ​បាប​ខ្លួន

By ឌឹ ខេមបូឌា ដេលី

February 25, 2022

អតីត​រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​ជាតិ​កម្ពុជា​ក្នុង​សម័យ​សាធារណរដ្ឋ អះអាង​ថា ពលរដ្ឋ​ខ្មែរ​ដែល​ភៀស​ខ្លួន​ពី​ការ​ធ្វើ​ទុក្ខបុកម្នេញ​នៅ​ទឹកដី​កម្ពុជា មក​រស់នៅ​លើ​ទឹកដី​សហរដ្ឋ​អាមេរិក ដែល​ពេញ​ដោយ​សេរីភាព គឺ​ពួកគេ​កំពុង​ចាញ់​ល្បិច​លួងលោម​ងាក​ទៅ​ចូលរួម​គាំទ្រ​បណ្ដាញ​ក្រុម​បក្ខពួក​របស់​រដ្ឋាភិបាល​ខ្មែរ​ដែល​ធ្លាប់​ធ្វើ​បាប​ខ្លួន​ទៅវិញ។

លោក វ៉ាន សរ បាន​លើកឡើង​ក្នុង​កិច្ចពិភាក្សា​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​ថ្ងៃ​ទី​២៣ កុម្ភៈ ថា ពលរដ្ឋ​ខ្មែរ​ដែល​មាន​វាសនា​មក​រស់នៅ​លើ​ទឹកដី​សេរីភាព​សហរដ្ឋ​អាមេរិក គួរតែ​ឈ្វេងយល់ និង​សិក្សា​ឱ្យ​បាន​ច្បាស់លាស់​មុន​នឹង​សម្រេច​ចិត្ត​គាំទ្រ​បក្ស​កាន់​អំណាច​នៅ​ក្រៅ​ប្រទេស ព្រោះ​ថា​ពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​ក្នុង​នាម​ជា​ជន​ភៀស​ខ្លួន​ដោយសារតែ​ការ​ធ្វើ​ទុក្ខបុកម្នេញ​ពី​រដ្ឋាភិបាល​របស់​ខ្លួន គឺជា​ការរស់នៅ​ដោយ​ឈឺចាប់​ជាទីបំផុត។

លោក វ៉ាន សរ បាន​លើកឡើង​ថា គណបក្ស​កាន់​អំណាច​មិន​គួរ​បង្កើត​ព្យុះភ្លៀង​តាម​រុកកួន​ពលរដ្ឋ​ខ្មែរ​ដែល​បាន​រស់នៅ​លើ​ទឹកដី​អាមេរិក​បន្ត​ទៀត​នោះ​ទេ ព្រោះ​ថា​បើ​គណបក្ស​ខ្លួន​ពិតជា​ល្អ​មែន គួរតែ​បង្ហាញ​ពី​ភាព​ល្អ​របស់​ខ្លួន​ដើម្បី​ឱ្យ​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ស្រុក​ចូលរួម​គាំទ្រ​ដោយ​ពេញចិត្ត មិន​គួរ​ប្រើ​វិធី​ទិញ​ទឹកចិត្ត បំភិតបំភ័យ ដើម្បី​ឱ្យ​គេ​គាំទ្រ​គណបក្ស​របស់​ខ្លួន​នោះ​ឡើយ។

លោក វ៉ាន សរ បាន​មាន​ប្រសាសន៍​បែប​នេះ​ក្រោយ​សម្គាល់​ឃើញ​ថា បក្ស​កាន់​អំណាច​របស់​លោក ហ៊ុន សែន បាន​ពង្រាយ​សមាជិក​របស់​ខ្លួន​នៅ​បរទេស​ដើម្បី​ទាក់ទាញ​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ស្រុក​ឱ្យ​គាំទ្រ​ខ្លួន​តាម​វិធី​ទុច្ចរិត​ផ្សេងៗ​សព្វថ្ងៃ​នេះ។

ចំណែក​ឯ​សកម្មជន​សហគមន៍​ខ្មែរ​ក្នុង​ទីក្រុង​ឡងប៊ិច លោក ទិត្យ ទិព្វផាណា បាន​លើកឡើង​ក្នុង​កិច្ចពិភាក្សា​នេះ​ដែរ​ថា ពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​ជា​ជន​ភៀស​ខ្លួន​លើ​ទឹកដី​សហរដ្ឋ​អាមេរិក ពិត​មែន​ថា​ជា​ទឹកដី​ដែល​ពោរពេញ​ដោយ​សេរីភាព ប៉ុន្តែ​ក្នុង​ចិត្ត​ពួកគេ គឺ​នៅតែ​រងា​ជានិច្ច ព្រោះ​ថា​រដ្ឋាភិបាល​កម្ពុជា​ដែល​កំពុង​គ្រប់គ្រង​ទឹកដី​កំណើត​របស់​ខ្លួន មិន​បាន​ផ្តល់​ភាព​កក់ក្តៅ​សម្រាប់​ពួកគេ​នោះ​ឡើយ មាន​តែ​ការ​គំរាមកំហែង​នៅ​ពេល​ដែល​អ្នក​ទាំងនោះ​មិន​គាំទ្រ​បណ្ដាញ​បក្ខពួក​របស់​ពួកគេ​ដែល​កំពុង​ចងក្រង​នៅ​ក្រៅ​ស្រុក​សព្វថ្ងៃ​នេះ។

សកម្មជន​សហគមន៍​ខ្មែរ​ក្នុង​ទីក្រុង​ឡងប៊ិច​រូប​នេះ អះអាង​ថា បក្ស​កាន់​អំណាច​មិន​ត្រឹមតែ​ដឹកនាំ​ឱ្យ​មាន​ការ​បែកបាក់​ខ្មែរ​នៅ​ក្នុង​ស្រុក ដោយ​មិន​ត្រឹមតែ​ប្រកាន់​និន្នាការ​នយោបាយ​ប៉ុណ្ណោះ​ទេ សូម្បីតែ​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ស្រុក​ដូចជា​នៅ​សហរដ្ឋ​អាមេរិក ជាដើម ក៏​បក្ស​កាន់​អំណាច​ដាក់​បណ្ដាញ​តាម​បំបែក អូសទាញ​ពលរដ្ឋ​ខ្មែរ​ឱ្យ​ចូល​បក្ស​របស់​ខ្លួន​ដែរ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ស្រុក​បែកបាក់​សាមគ្គី​គ្នា​យ៉ាង​ធ្ងន់ធ្ងរ។

លោក ទិត្យ ទិព្វផាណា បញ្ជាក់​ថា គណបក្ស​កាន់​អំណាច​របស់​លោក ហ៊ុន សែន កំពុង​ប្រើ​មនោគមន៍​បញ្ចុះបញ្ចូល​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ស្រុក​ឱ្យ​ចូល​ជា​សមាជិក​របស់​ខ្លួន ក្នុង​បំណង​វាតទី​ដើម្បី​យក​សហគមន៍​ខ្មែរ​ក្នុង​ទឹកដី​សហរដ្ឋ​អាមេរិក ធ្វើជា​ទីតាំង​ក្នុង​ការ​ពង្រីក​ឥទ្ធិពល​គណបក្ស​របស់​ខ្លួន​ដែល​ពួកគេ​កំពុង​អនុវត្ត​នៅ​កម្ពុជា​សព្វថ្ងៃ​នេះ។

ចាប់តាំង​ពី​ឆ្នាំ​២០១៥ មក ឯកអគ្គរាជទូត​កម្ពុជា ត្រូវ​បន្ថែម​មុខងារ និង​តួនាទី​ថ្មី​មួយ​ក្រៅពី​កិច្ច​ការទូត​រវាង​ប្រទេស និង​ប្រទេស គឺ​ត្រូវ​ចងក្រង​សមាជិក​សហគមន៍​ខ្មែរ​បញ្ចូល​ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​ឯកអគ្គរាជទូត​ទាំងនោះ​មាន​មុខនាទី​ជា​ប្រធាន​គណៈកម្មាធិការ​បក្ស​ប្រចាំ​ប្រទេស​ដែល​ពួកគេ​តំណាង​នោះ។

ឯកអគ្គរាជទូត​បង្កើត​បណ្ដាញ​សាខា​បក្ស​ដែល​ហៅថា​ក្រុម​ការងារ​យុវជន​បក្ស​ប្រចាំ​ប្រទេស​នោះ ក្រោម​ការ​ចាត់តាំង​យុវជន​បក្ស​ថ្នាក់​កណ្តាល​ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ាណែត ដែល​ជា​បេក្ខជន​អនាគត​នាយករដ្ឋមន្ត្រី​របស់​កម្ពុជា។

ទាក់ទិន​នឹង​បញ្ហា​នេះ ក្រុម​អ្នក​ឃ្លាំមើល​សង្គម​អះអាង​ថា គណបក្ស​កាន់​អំណាច​របស់​លោក ហ៊ុន សែន ព្យាយាម​រៀប​ផែនការ​ចាត់តាំង ពង្រឹង​ទាំង​យុវជន និង​មនុស្ស​ចាស់​នៅ​ក្រៅ​ប្រទេស​យ៉ាង​មមាញឹក ដូចជា​នៅ​កូរ៉េ​ខាងត្បូង អូស្ត្រាលី បារាំង អង់គ្លេស និង​សហរដ្ឋ​អាមេរិក ជាដើម ឲ្យ​ចូល​សមាជិក​គាំទ្រ​គណបក្ស​របស់​ពួកគេ។

ដោយសារតែ​បក្ស​កាន់​អំណាច​របស់​លោក ហ៊ុន សែន អាច​រៀបចំ​អ្នកគាំទ្រ​នៅ​ក្រៅ​ប្រទេស​បាន​កាន់តែ​ច្រើន ទើប​ពួកគេ​ហ៊ាន​ធ្វើ​សកម្មភាព​នយោបាយ​ជា​ចំហ​ដែល​ខ្លួន​មិន​ហ៊ាន​ធ្វើ​ពី​មុន​មក គឺ​ការ​ធ្វើ​បាតុកម្ម​ប្រឆាំង​វត្តមាន​របស់​លោក សម រង្ស៊ី លើ​ទឹក​ដី​សហរដ្ឋ​អាមេរិក កាលពី​ពេល​ថ្មីៗ​នេះ ដែល​កាលពី​មុន​មាន​តែ​អ្នកគាំទ្រ​ក្រុម​ប្រឆាំង​បាតុកម្ម​នឹង​វត្តមាន​របស់​លោក ហ៊ុន សែន ប៉ុណ្ណោះ ប៉ុន្តែ​ពេលនេះ​បក្ស​កាន់​អំណាច​ប្រើ​វិធី​បក្ស​ប្រឆាំង​ដើម្បី​បំភ័ន្ត​ភ្នែក​ពលរដ្ឋ​លើ​អំពើ​ទុច្ចរិត​របស់​ខ្លួន៕