29 C
Phnom Penh

រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា​ថា​ពុំ​បាន​ផ្តល់​មូលដ្ឋាន​ទ័ព​ជើងទឹក​រាម​ឱ្យ​ទៅ​ចិន​ផ្ដាច់មុខ​នោះ​ទេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​បដិសេធ​ចំពោះ​ការ​ចោទប្រកាន់​របស់​សហរដ្ឋ​អាមេរិក ថា​កម្ពុជា​បាន​ផ្តល់​មូលដ្ឋាន​ទ័ព​ជើងទឹក​រាម​ឱ្យ​ទៅ​ប្រទេស​ចិន ផ្ដាច់មុខ។ លោក​ថា កម្ពុជា​គ្រាន់តែ​ធ្វើ​ទំនើបកម្ម​មូលដ្ឋាន​កងទ័ព​របស់​ខ្លួន​តែប៉ុណ្ណោះ ដោយ​មិន​អនុញ្ញាត​ឱ្យ​មាន​វត្តមាន​យោធា​បរទេស​នៅ​លើ​ទឹក​ដី​របស់​ខ្លួន​នោះ​ឡើយ។

រដ្ឋមន្ត្រី​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោក ប្រាក់ សុខុន កាលពី​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០២២ បាន​ថ្លែង​បទ​អន្តរាគមន៍​ក្នុង​កិច្ចប្រជុំ​តុមូល​ស្ដីពី សន្តិសុខ និង​ការ​ការពារ​ជាតិ​នៅ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក ក្នុង​វេទិកា​ថ្នាក់​រដ្ឋមន្ត្រី​សម្រាប់​កិច្ចសហប្រតិបត្តិការ​នៅ​ឥណ្ឌូ-ប៉ាស៊ីហ្វិក នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ថា ប្រទេស​តូចតាច​ដូច​កម្ពុជា​ត្រូវ​ទទួល​រងគ្រោះ​ដោយ​គ្រាន់តែ​កម្ពុជា​ធ្វើ​ទំនើបកម្ម​មូលដ្ឋាន​កងទ័ព​របស់​ខ្លួន​ប៉ុណ្ណោះ។ លោក​លើកឡើង​ទៀត​ថា ខណៈ​ដែល​ការងារ​ជួសជុល​មូលដ្ឋាន​នេះ​កំពុង​ដំណើរការ​នៅឡើយ សហរដ្ឋ​អាមេរិក​បាន​ចោទប្រកាន់​ថា​កម្ពុជា​បាន​ផ្តល់​មូលដ្ឋាន​នេះ​ឱ្យ​ទៅ​ប្រទេស​ចិន ផ្ដាច់មុខ។

លោក ប្រាក់ សុខុន ថ្លែង​ទៅកាន់​អង្គប្រជុំ​ថា កម្ពុជា​ប្រកាន់​នូវ​នយោបាយ​អព្យាក្រឹត្យ​អចិន្ត្រៃយ៍។ រដ្ឋធម្មនុញ្ញ​កម្ពុជា​មិន​អនុញ្ញាត​ឱ្យ​មាន​វត្តមាន​យោធា​បរទេស​នៅ​លើ​ទឹក​ដី​របស់​ខ្លួន​នោះ​ទេ ហើយ​ក៏​មិន​អនុញ្ញាត​ឱ្យ​កម្ពុជា​បញ្ជូន​កងទ័ព​របស់​ខ្លួន​ទៅក្រៅ​ប្រទេស​នោះ​ដែរ លើកលែងតែ​ក្រោម​ឆត្រ​របស់​អង្គការ​សហប្រជាជាតិ ក្នុង​នោះ​គឺ​បេសកកម្ម​រក្សា​សន្តិភាព។

រដ្ឋមន្ត្រី​ការបរទេស​រូប​នេះ​ថ្លែង​បន្ត​ទៀត​ថា ទីតាំង​រាម គឺជា​មូលដ្ឋាន​ជើងទឹក​ដ៏​តូច​មួយ​ហ៊ុមព័ទ្ធ​ទៅ​ដោយ​សណ្ឋាគារ និង​តំបន់​ទេសចរណ៍។ មូលដ្ឋាន​នេះ​គ្មាន​គោលដៅ​ណា​ផ្សេង​ក្រៅពី​ការ​ការពារ​ដែន​សមុទ្រ និង​ការពារ​អធិបតេយ្យ បូរណភាព​ទឹកដី​របស់​ខ្លួន ដែល​ជា​ញឹកញាប់​ត្រូវ​បាន​គេ​រំលោភ​បំពាន​ដោយ​ប្រទេស​ជិតខាង​នោះ​ទេ។

លោក​ថា ក្នុង​ឋានៈ​ជា​ប្រទេស​អធិបតេយ្យ កម្ពុជា​មាន​សិទ្ធិ​គ្រប់យ៉ាង​ទាំងអស់​នៅ​ក្នុង​ការ​ជ្រើសរើស​មធ្យោបាយ​ប្រកប​ដោយ​ប្រសិទ្ធភាព​បំផុត ដើម្បី​ការពារ​ប្រជាជាតិ​របស់​ខ្លួន ប៉ុន្តែ​កម្ពុជា​នឹង​ជ្រើសរើស​មធ្យោបាយ​ដោយ​គោរព​យ៉ាង​ម៉ឺងម៉ាត់​បំផុត​ចំពោះ​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា។

លោក ប្រាក់ សុខុន បន្ត​ទៀត​ថា ដោយសារតែ​អ្វី​ទាំងអស់​ដែល​ប្រទេស​ចិន ធ្វើ​នៅ​ក្នុង​តំបន់​នេះ ក៏​ត្រូវ​បាន​សហរដ្ឋ​អាមេរិក​តាមដាន និង​វិភាគ​យ៉ាង​ល្អិតល្អន់ សូម្បីតែ​កិច្ចសន្យា​រវាង​កម្ពុជា និង​ចិន នៅ​ក្នុង​ការ​ស្ដារ​ជួសជុល និង​ការ​ធ្វើ​ទំនើបកម្ម​មូលដ្ឋាន​ទ័ព​ជើងទឹក​រាម​នេះ ក៏​បាន​ក្លាយ​ជា​ចំណុច​កណ្ដាល​នៃ​ការ​ចោទប្រកាន់ និង​ការ​ដាក់​សម្ពាធ​រហូត​ដល់​ការ​គំរាមកំហែង​ផង។

ទោះ​យ៉ាងណា កាលពី​ខែ​កក្កដា ឆ្នាំ​២០១៩ សារព័ត៌មាន​របស់​អាមេរិក The Wall Street Journal បាន​រាយការណ៍​ថា កម្ពុជា និង​ចិន បាន​ចុះ​កិច្ចព្រមព្រៀង​សម្ងាត់​មួយ​អនុញ្ញាត​ឲ្យ​ចិន​ប្រើប្រាស់​មូលដ្ឋាន​កងទ័ព​ជើងទឹក​រាម​របស់​កម្ពុជា។ សហរដ្ឋ​អាមេរិក​បាន​សម្ដែង​ការ​ព្រួយបារម្ភ​របស់​ខ្លួន​ម្តង​ហើយ​ម្តង​ទៀត បន្ទាប់ពី​ទីបញ្ជាការ​ជួរមុខ​អគ្គលេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ជាតិ​សន្តិសុខ​លំហ​សមុទ្រ ដែល​ឧបត្ថម្ភ​ថវិកា​ដោយ​សហរដ្ឋ​អាមេរិក (NCMS) ត្រូវ​បាន​កម្ទេច​ចោល។ មន្ត្រី​អាមេរិក​និយាយ​ថា ការ​វាយកម្ទេច​ទីតាំង​នេះ អាច​ត្រូវ​បាន​ចង​ភ្ជាប់​ទៅ​នឹង​ផែនការ​របស់​រដ្ឋាភិបាល​ក្នុង​ការ​ដាក់​ទ័ព និង​បុគ្គលិក​យោធា​ចិន​នៅ​ឯ​មូលដ្ឋាន​សមុទ្រ​មួយ​នេះ។

អ្នក​នាំពាក្យ​ស្ថានទូត​អាមេរិក​នៅ​ភ្នំពេញ លោក Chad Roedemeier ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​កន្លងមក​ថា សហរដ្ឋ​អាមេរិក​លើក​ទឹកចិត្ត​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​មាន​តម្លាភាព​ពេញលេញ​អំពី​គម្រោង​នៃ​ការ​អភិវឌ្ឍ​នៅ​មូលដ្ឋាន​កងទ័ព​ជើងទឹក​រាម និង​តួនាទី​របស់​យោធា​ចិន​ក្នុង​ការ​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​លោក​ថា វា​មាន​សារប្រយោជន៍​សម្រាប់​ប្រជាជន​កម្ពុជា ប្រទេស​ជិតខាង និង​ប្រទេស​ជា​សមាជិក​អាស៊ាន​ផង​ដែរ។ លោក​ថា រាល់​វត្តមាន​របស់​កងទ័ព​ចិន​ដោយ​ផ្ដាច់មុខ​នៅ​មូលដ្ឋាន​រាម នឹង​គំរាម​ដល់​ស្វ័យភាព​កម្ពុជា និង​ធ្វើ​ឲ្យ​សន្តិសុខ​តំបន់​ចុះ​ខ្សោយ។

កន្លងមក បុរស​ខ្លាំង​កម្ពុជា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ថា រដ្ឋាភិបាល​កម្ពុជា​លែង​ឲ្យ​មាន​ការ​ចូល​ទៅ​មូលដ្ឋាន​កងទ័ព​ជើងទឹក​រាម ក្នុង​ខេត្ត​ព្រះសីហនុ ដែល​កន្លងទៅ​អាមេរិក​បារម្ភ​ថា អាច​ជា​ទីតាំង​ឈរ​ជើង​របស់​ទាហាន​ចិន។ លោក​ថា ការ​ធ្វើ​ទស្សនកិច្ច​ខុស​ពី «ការ​ចុះ​ធ្វើ​អធិការកិច្ច» ឬ «ឆែកឆេរ»។ លោក​ថា កំពង់ផែ​រាម មិនមែន​ជា​កន្លែង​ចោរ​លួច​ចោរ​ប្លន់​ទេ។

ចំណែក​ឯ​លោក ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ ធ្លាប់​បាន​បញ្ជាក់​កាលពី​មុន​ថា ចិន​កំពុង​ជួយ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​មូលដ្ឋាន​ទ័ព​ជើងទឹក​រាម ដោយ​ថា​កម្ពុជា​ត្រូវការ​ជំនួយ​ដើម្បី​ពង្រីក និង​ធ្វើ​ទំនើបកម្ម​មូលដ្ឋាន ដើម្បី​ឲ្យ​នាវា​ខ្នាត​ធំ​អាច​ចូល​ចត​បាន។ លោក​អះអាង​ថា ចិន​នាំ​កម្លាំង​មក​ជួយ ហើយ​នៅ​ពេល​សាងសង់​រួច ពួកគេ​នឹង​ប្រគល់​មក​ឲ្យ​កម្ពុជា​វិញ ចំណែក​ឯ​រដ្ឋាភិបាល​កម្ពុជា​មាន​សិទ្ធិ​ពេញលេញ​ក្នុង​ការ​ប្រើប្រាស់​មូលដ្ឋាន​នេះ។

កាលពី​ខែ​វិច្ឆិកា ឆ្នាំ​២០២១ កន្លងទៅ សហរដ្ឋ​អាមេរិក បាន​ដាក់​ទណ្ឌកម្ម​បន្ថែម​លើ​មន្ត្រី​យោធា​កម្ពុជា​ពីរ​រូប គឺ​នាយ​ឧត្តមសេនីយ៍ ចៅ ភិរុណ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សម្ភារៈ​បច្ចេកទេស​នៃ​ក្រសួង​ការពារ​ជាតិ និង​នាយ​ឧត្ដមនាវី ទៀ វិញ ជា​អគ្គ​មេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ព​ជើងទឹក ដោយសារតែ​សហរដ្ឋ​អាមេរិក​ចោទ​មន្ត្រី​ទាំង​ពីរ​រូប​នេះ​ថា​បាន​ប្រព្រឹត្ត​អំពើពុករលួយ​តាមរយៈ​គម្រោង​នៅ​មូលដ្ឋាន​ទ័ព​ជើងទឹក​រាម​នោះ។

ចំណែក​ឯ​ក្រសួង​រតនាគារ​សហរដ្ឋ​អាមេរិក ក៏​ត្រូវ​បាន​គេ​រាយការណ៍​ថា ខ្លួន​កំពុង​បង្កក​ទ្រព្យសម្បត្តិ និង​ប្រតិបត្តិការ​ឧក្រិដ្ឋកម្ម​ជាមួយ​ពួកគេ​ជុំវិញ​ការប្រព្រឹត្ត​អំពើពុករលួយ​ធ្ងន់ធ្ងរ​ក្នុង​គម្រោង​ធ្វើ​ទំនើបកម្ម​កំពង់ផែ​កងទ័ព​ជើងទឹក​រាម​នេះ​ដែរ។

កាលពី​ខែ​ធ្នូ ឆ្នាំ​២០២១ សហរដ្ឋ​អាមេរិក ក៏​បាន​បន្ថែម​ទណ្ឌកម្ម​បញ្ឈប់​ការ​លក់ ឬ​រឹតត្បិត​អាវុធ​ផលិត​ដោយ​អាមេរិក​មក​ឲ្យ​កម្ពុជា​ផង​ដែរ ជុំវិញ​ការ​យល់ឃើញ​ពី​ឥទ្ធិពល​យោធា​របស់​ចិន​នៅ​កម្ពុជា៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស