29 C
Phnom Penh

GDP៖ រដ្ឋាភិបាល​ត្រូវ​លុបបំបាត់​រចនាសម្ព័ន្ធ​អង្គការ​ចាត់តាំង​របស់​បក្ស​នៅ​ក្នុង​ស្ថាប័ន​រដ្ឋ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណបក្ស​ក្រៅ​រដ្ឋាភិបាល​មួយ ជំរុញ​ឲ្យ​រដ្ឋាភិបាល​ត្រូវ​លុបចោល​នូវ​រចនាសម្ព័ន្ធ​របស់​អង្គការ​ចាត់តាំង​របស់​គណបក្ស​ក្នុង​ស្ថាប័ន​រដ្ឋ ទាំង​ស្ថាប័ន​ស៊ីវិល និង​យោធា​ឲ្យ​អស់ ដើម្បី​ធានា​ថា​មន្រ្តី​រាជការ​នឹង​លែង​ទៅ​បម្រើ​បក្ស​នយោបាយ​ក្នុង​ម៉ោង​ធ្វើការ​របស់​រដ្ឋ​ទៀត។

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (GDP) បាន​សរសេរ​លើ​ទំព័រ Facebook របស់​ខ្លួន​នៅ​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០២២ នេះ​ថា មន្ត្រី​រាជការ​ទាំង​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ​នៅ​កម្ពុជា​សព្វថ្ងៃ​នេះ​ពិតជា​ត្រូវការ​សេរីភាព​ក្នុង​ការ​បម្រើ​ប្រទេស​ជាតិ​តាម​គោលការណ៍​ច្បាប់​ដែល​ចែង​អំពី​តួនាទី និង​ភារកិច្ច​របស់​មន្ត្រី​រាជការ​ខ្លាំង​ណាស់។

ប្រភព​ដដែល​បញ្ជាក់​ថា បញ្ហា​ធំ​បំផុត​សម្រាប់​មន្ត្រី​រាជការ​នៅ​ពេលនេះ គឺ​គណបក្ស​ដែល​មាន​អំណាច បាន​បង្កើត​រចនាសម្ព័ន្ធ​គ្រប់គ្រង​ក្នុង​ប្រព័ន្ធ​រដ្ឋបាល​របស់​ក្រសួង​ស្ថាប័ន​រដ្ឋ​គ្រប់​ច្រកល្ហក ដើម្បី​គាបសង្កត់​ពួកគេ​ឲ្យ​ចូល​ជា​សមាជិក​បក្ស​របស់​ខ្លួន។ ជាង​នេះ​ទៀត មន្ត្រី​ដែល​មាន​ស្នាដៃ​ក្នុង​ការ​បម្រើ​គណបក្ស ក៏​ត្រូវ​គេ​មើល​ឃើញ​ផង​ដែរ​ក្នុង​ការ​ដំឡើង​តំណែង​តួនាទី​យ៉ាង​ឆាប់​រហ័ស ខណៈ​មន្ត្រី​ដែល​បម្រើ​ជាតិ​ដោយ​ពិតប្រាកដ មិន​បាន​គិតគូរ​ពី​ការងារ​បក្ស បែរជា​មិន​ត្រូវ​បាន​លើក​ទឹកចិត្ត​ទៅវិញ។

ការ​អះអាង​បែប​នេះ ធ្វើឡើង​បន្ទាប់ពី​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​ណែនាំ​ឲ្យ​មន្ត្រី​រាជការ​ទាំងអស់​បញ្ឈប់​ការ​យក​ម៉ោង​បម្រើ​ការងារ​រដ្ឋ​ទៅ​ធ្វើ​ការងារ​ឲ្យ​គណបក្ស ដែល​ខុស​ទៅ​នឹង​តួនាទី និង​ភារកិច្ច​របស់​មន្ត្រី​រាជការ។

កាលពី​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០២២ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​ចេញ​សេចក្តី​ណែនាំ​ទៅដល់​មន្ត្រី​រាជការ​ទាំងអស់ កុំ​ឲ្យ​យក​ម៉ោង​បម្រើ​ការងារ​រដ្ឋ​ទៅ​បម្រើ​គណបក្ស​នយោបាយ។ ជាង​នេះ​ទៀត មន្ត្រី​រាជការ​ក៏​មិន​ត្រូវ​ប្រើប្រាស់​ថវិកា សម្ភារៈ ទីកន្លែង និង​មធ្យោបាយ​ដឹកជញ្ជូន​របស់​រដ្ឋ ធ្វើ​សកម្មភាព​ដើម្បី​ឃោសនា​បោះឆ្នោត​ឲ្យ​គណបក្ស​នយោបាយ​ណា​មួយ​នោះ​ដែរ។ លោក ស ខេង បញ្ជាក់​ថា មន្ត្រី​រាជការ​ស៊ីវិល​ទាំងអស់ ត្រូវតែ​រក្សា​អព្យាក្រឹត្យ​ក្នុង​សកម្មភាព​ការងារ​តាម​តួនាទី​របស់​ខ្លួន ស្រប​តាម​ច្បាប់​ស្ដីពី​ការ​លក្ខន្តិកៈ​មន្ត្រី​រាជការ​ស៊ីវិល​ឲ្យ​បាន​ដាច់ខាត។

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​លើកឡើង​ថា គណបក្ស​កាន់​អំណាច​ដែល​ដឹកនាំ​រដ្ឋាភិបាល​ដោយ​ឯក​បក្ស​សព្វថ្ងៃ​នេះ បាន​រៀបចំ​បណ្ដាញ​សមាជិក​បក្ស​របស់​ពួកគេ​យ៉ាង​ណែន​ចូល​ក្នុង​ស្ថាប័ន​ទាំងអស់ ដូចជា​ស្ថាប័ន​នីតិប្បញ្ញត្តិ​គ្រប់គ្រង​ដោយ​លោក ហេង សំរិន ដែល​ជា​ប្រធាន​កិត្តិយស​គណបក្ស ស្ថាប័ន​តុលាការ​គ្រប់គ្រង​ដោយ​លោក ឌិត មុន្ទី ដែល​ជា​សមាជិក​អចិន្ត្រៃយ៍​គណបក្ស និង​ស្ថាប័ន​នីតិប្រតិបត្តិ គ្រប់គ្រង​ដោយ​ប្រធាន​គណបក្ស​កាន់​អំណាច លោក ហ៊ុន សែន តែម្តង។

ប្រភព​ដដែល​អះអាង​ថា ក្រៅពី​រៀបចំ​សមាជិក​បក្ស​របស់​ខ្លួន​ឲ្យ​ចូល​ទៅ​គ្រប់គ្រង​ក្នុង​ស្ថាប័ន​ជាតិ​ធំៗ តាម​ស្ថាប័ន​អង្គភាព​របស់​រដ្ឋ​គ្រប់​កន្លែង​ក៏​ត្រូវ​គ្រប់គ្រង​ដោយ​សមាជិក​បក្ស​កាន់​អំណាច​ដែរ។

ការ​ធ្វើ​បែប​នេះ គឺ​ដើម្បី​ប្រជែង​យក​ឈ្នះ​ការបោះឆ្នោត​ផង និង​ដើម្បី​រៀបចំ​ប្រព័ន្ធ​គ្រប់គ្រង​អំណាច​របស់​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក ហ៊ុន សែន កាន់តែ​រឹងមាំ​ផង​ដែរ។

ការ​រៀបចំ​មន្ត្រី​រាជការ​ឱ្យ​ចូល​ជា​សមាជិក​បក្ស​របស់​ខ្លួន​នេះ មិន​ត្រឹមតែ​រៀបចំ​ក្នុង​ប្រព័ន្ធ​រដ្ឋាភិបាល​ក្នុង​ប្រទេស​ទេ សូម្បី​នៅ​ក្រៅ​ប្រទេស ដូចជា​កូរ៉េ​ខាងត្បូង អូស្ត្រាលី បារាំង អង់គ្លេស និង​សហរដ្ឋ​អាមេរិក ជាដើម ក៏​ត្រូវ​បាន​បក្ស​កាន់​អំណាច​រៀបចំ​យ៉ាង​ណែន​ដែរ តាមរយៈ​ឯកអគ្គរាជទូត​ដែល​តំណាង​ឱ្យ​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ទាំងនោះ​តាំងពី​ឆ្នាំ​២០១៥ មក៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស