នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងនាយករដ្ឋមន្ត្រីកម្ពុជា បានឯកភាពគ្នាអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទទាំង ៥ចំណុចរបស់អាស៊ាន ក្នុងនោះនាយករដ្ឋមន្ត្រីប្រទេសម៉ាឡេស៊ី បញ្ជាក់ថា លោកកំពុងទន្ទឹងរង់ចាំលទ្ធផលនៃដំណើរទស្សនកិច្ចប្រេសិតពិសេសរបស់ប្រធានអាស៊ានទៅកាន់ប្រទេសមីយ៉ាន់ម៉ា នៅពេលខាងមុខនេះ។
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អ៊ីស្មាឯល សាប្រ៊ី យ៉ាកុប (Ismail Sabri Yaakob) និងនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ បានចេញសេចក្តីថ្លែងការណ៍រួមបន្ទាប់ពីជួបពិភាក្សាគ្នាអំពីបញ្ហាក្នុងតំបន់ និងអន្តរជាតិថា ពួកគេនឹងពង្រឹងសហគមន៍អាស៊ានដើម្បីដោះស្រាយបញ្ហាក្នុងតំបន់ និងអន្តរជាតិក្នុងក្របខ័ណ្ឌអាស៊ាន និងយន្តការពហុភាគីនានាក្នុងគោលដៅរួមគ្នា ថែរក្សាអព្យាក្រឹត្យអាស៊ាន ការរួបរួមគ្នារក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចិរភាព និងវិបុលភាពនៅក្នុងតំបន់ និងពិភពលោក។
សេចក្តីថ្លែងការណ៍រួមដដែលអះអាងថា មេដឹកនាំប្រទេសម៉ាឡេស៊ី មានក្តីកង្វល់យ៉ាងខ្លាំងអំពីបញ្ហាដែលកំពុងប្រឈមនៅប្រទេសភូមា បញ្ហាសមុទ្រចិនខាងត្បូង និងការប្រកួតប្រជែងភូមិសាស្ត្រនយោបាយក្នុងចំណោមប្រទេសមហាអំណាច ដែលក្នុងនោះពាក់ព័ន្ធយ៉ាងខ្លាំងទៅនឹងសេចក្តីថ្លែងការណ៍ស្ដីពីការប្រតិបត្តិរបស់បណ្ដាភាគីនៅសមុទ្រចិនខាងត្បូង (DOC) និងក្រមប្រតិបត្តិ (COC) ដែលត្រូវតែបញ្ចប់វិបត្តិនេះឲ្យបានឆាប់។
ប្រភពដដែលបញ្ជាក់ថា នាយករដ្ឋមន្ត្រីប្រទេសម៉ាឡេស៊ី បានអះអាងថា ដើម្បីបញ្ចប់នូវបញ្ហាសមុទ្រចិនខាងត្បូង កម្ពុជាត្រូវតែជំរុញឲ្យបណ្តាភាគីពាក់ព័ន្ធទាំងអស់អនុវត្តតាមច្បាប់សមុទ្រឆ្នាំ១៩៨២ ឬ UNCLOSE 1982 ដែលជាអនុសញ្ញារបស់អង្គការសហប្រជាជាតិ ក្នុងនាមកម្ពុជាជាប្រធានអាស៊ានប្តូរវេននៅឆ្នាំ២០២២ នេះ។
ប្រធានក្រុមប្រឹក្សាភិបាលនៃចលនាពលរដ្ឋដើម្បីលទ្ធិប្រជាធិបតេយ្យ លោក ម៉ែន ណាត បានប្រាប់សារព័ត៌មាន The Cambodia Daily ថា ម៉ាឡេស៊ីមិនទុកចិត្តលើនយោបាយការទូតរបស់កម្ពុជាឡើយ ដោយសារបារម្ភប្រេសិតអាស៊ាន លោក ប្រាក់ សុខុន មិនលើកឡើងឲ្យបានច្បាស់លាស់អំពីសេចក្តីសម្រេចកាលពីខែមេសា ឆ្នាំ២០២១ របស់អាស៊ាន ទៅកាន់មេរបបសឹក ក្នុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសភូមា នៅខែមីនា ឆ្នាំ២០២២ ខាងមុខនេះ។
លោក ម៉ែន ណាត អះអាងថា ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី មកកាន់កម្ពុជានេះ គឺជាការបញ្ជាក់យ៉ាងច្បាស់ក្នុងការជំរុញឲ្យកម្ពុជា ទាមទារឲ្យរបបសឹកភូមាអនុវត្តដាច់ខាតនូវគោលការណ៍កុងសង់ស៊ីស ៥ចំណុចរបស់អាស៊ាន ព្រោះថាម៉ាឡេស៊ី និងមេដឹកនាំអាស៊ានដទៃទៀតមិនចង់ឃើញកម្ពុជាបរាជ័យលើនយោបាយការទូតរបស់ខ្លួនម្តងទៀត ដូចដំណើរទស្សនកិច្ចរបស់លោក ហ៊ុន សែន កាលពីអំឡុងខែមករា ឆ្នាំ២០២២ កន្លងទៅនោះទេ។
ប្រធានក្រុមប្រឹក្សាភិបាលនៃចលនាពលរដ្ឋរូបនេះ បញ្ជាក់ថា មេដឹកនាំកម្ពុជា លោក ហ៊ុន សែន គ្មានសមត្ថភាពដោះស្រាយបញ្ហាក្រមប្រតិបត្តិ COC និងសេចក្តីថ្លែងការណ៍ DOC នៅសមុទ្រចិនខាងត្បូងបានទេ ប៉ុន្តែលោកអំពាវនាវមេដឹកនាំកម្ពុជា ដែលជាប្រធានអាស៊ានប្តូរវេននៅឆ្នាំ២០២២ នេះ ព្យាយាមដោះស្រាយវិបត្តិនៅប្រទេសភូមាឲ្យបានត្រឹមត្រូវស្របតាមគោលការណ៍ ៥ចំណុចរបស់អាស៊ាន ដើម្បីស្ដារមុខមាត់កម្ពុជាលើឆាកអន្តរជាតិឡើងវិញ។
ជុំវិញបញ្ហានេះ កាលពីខែមករា ឆ្នាំ២០២២ កន្លងទៅ រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក សៃហ្វូឌីន អាប់ឌុលឡាហ៍ (Saifuddin Abdullah) បានរិះគន់យ៉ាងចាស់ដៃចំពោះដំណើរទស្សនកិច្ចរបស់លោក ហ៊ុន សែន ទៅកាន់ប្រទេសភូមាថាជាការធ្វើឡើងដោយខ្វះការពិគ្រោះយោបល់ជាមួយបណ្ដារដ្ឋសមាជិកអាស៊ានដទៃទៀត។
ប៉ុន្តែមេដឹកនាំកម្ពុជា លោក ហ៊ុន សែន បានចាត់ទុកការរិះគន់របស់រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី ថាជាការប្រើពាក្យសម្ដីព្រហើនដែលមិនគប្បីចំពោះរូបលោកដែលជាប្រធានអាស៊ាននៅពេលនេះ។
ជុំវិញបញ្ហានេះ ក្រុមអ្នកឃ្លាំមើលលើកឡើងថា ជំនួបរវាងមេដឹកនាំកម្ពុជា និងម៉ាឡេស៊ី ក៏អាចជាការឈ្វេងយល់ពីគ្នាបន្ថែមទៀតបន្ទាប់ពីការប៉ះទង្គិចគ្នារវាងប្រមុខការទូតម៉ាឡេស៊ី និងប្រមុខរដ្ឋាភិបាលកម្ពុជា ដែលផ្ដើមចេញពីដំណើរទស្សនកិច្ចដោយឯកតោភាគីរបស់លោក ហ៊ុន សែន ទៅកាន់ប្រទេសភូមា កាលពីដើមខែមករា ឆ្នាំ២០២២ កន្លងទៅនោះ៕