28 C
Phnom Penh

អង្គការ​ឃ្លាំមើល​សេរីភាព​ពិភពលោក​ដាក់​ពិន្ទុ​កម្ពុជា​ជា​ប្រទេស​ដែល​គ្មាន​សិទ្ធិ​សេរីភាព

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អង្គការ​ឃ្លាំមើល​សេរីភាព​ពិភពលោក (Freedom House) ចេញ​ផ្សាយ​របាយការណ៍​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​ស្ដីពី «សិទ្ធិ​នយោបាយ និង​សេរីភាព​ជនស៊ីវិល» ថា​កម្ពុជា​ជា​ប្រទេស​ដែល​គ្មាន​សិទ្ធិ​សេរីភាព​ក្នុង​ចំណោម​ប្រទេស​អាស៊ាន​ចំនួន​៥ ផ្សេង​ទៀត។

ក្នុង​របាយការណ៍​ប្រចាំ​ឆ្នាំ​២០២១ ដែល​ចេញ​ផ្សាយ​នៅ​ខែ​កុម្ភៈ ឆ្នាំ​២០២២ របស់​អង្គការ​ឃ្លាំមើល​សេរីភាព​ពិភពលោក (Freedom House) ក៏​បាន​វាយតម្លៃ​ប្រទេស​សិង្ហបុរី ម៉ាឡេស៊ី ហ្វីលីពីន និង​ឥណ្ឌូនេស៊ី ស្ថិត​ក្នុង​ចំណោម​ប្រទេស​មាន​សេរីភាព​ខ្លះ (Partly Freedom) ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ Freedom House បាន​ឲ្យ​ចំណាត់ថ្នាក់​ទីម័រខាងកើត ស្ថិត​ក្នុង​ចំណោម​ប្រទេស​ដែល​មាន​សេរីភាព​ពេញលេញ។

របាយការណ៍​បាន​លើកឡើង​ថា ប្រទេស​ដែល​មាន​សេរីភាព​ពេញលេញ ហើយ​ទទួល​បាន ១០០​ពិន្ទុ​ពេញ​នោះ​រួម​មាន ន័រវែស ហ្វាំងឡង់ និង​ស៊ុយអែត។ រីឯ​បណ្តា​ប្រទេស​ផ្សេង​ទៀត​ដែល​ស្ថិត​ក្នុង​ចំណោម Top 10 រួម​មាន នូវែលហ្សេឡង់ កាណាដា ដាណឺម៉ាក ហុឡង់ដ៍ អ៊ុយរុយហ្គាយ អៀរឡង់ និង​លុចហ្សំបួរ។

ទាក់ទង​នឹង​របាយការណ៍​នេះ លោក ជិន ម៉ាលីន អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌ និង​ជា​អនុប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា បាន​លើកឡើង​ថា របាយការណ៍​នេះ​មិន​ខុសគ្នា​ពី​របាយការណ៍​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​នៅ​ក្នុង​ស្រុក​ដែល​មាន​និន្នាការ​ប្រឆាំង​រដ្ឋាភិបាល ដែល​តែងតែ​ចេញ​របាយការណ៍​រិះគន់​ស្ថានភាព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ដែល​ខុស​ពី​ការពិត​ជាក់ស្តែង​នៅ​ក្នុង​ប្រទេស​កម្ពុជា​នោះ​ទេ។ លោក​ថា របាយការណ៍​នេះ​មិន​ខុស​ពី​របាយការណ៍​របស់​ក្រុម​អង្គការ​អន្តរជាតិ​មួយ​ចំនួន​ដែល​ធ្វើ​សកម្មភាព​ក្នុង​ចេតនា​នយោបាយ​រិះគន់​កម្ពុជា នៅ​លើ​ឆាក​អន្តរជាតិ​នោះ​ដែរ។

លោក​អះអាង​ថា ជាក់ស្តែង​ពលរដ្ឋ​ប្រើប្រាស់​សេរីភាព​របស់​ពួកគេ​ដោយ​មិន​មាន​ការ​គាបសង្កត់​នោះ​ទេ។ ទោះបី​មាន​ការ​រិះគន់​លើ​រដ្ឋាភិបាល​យ៉ាងណាក៏ដោយ ក៏​កម្ពុជា​នៅតែ​ប្រកាន់ខ្ជាប់​នូវ​វិធានការ​ច្បាប់​ក្នុង​ការ​លើកស្ទួយ​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ។ លោក​ថា ការ​វាយតម្លៃ​របស់​អង្គការ​នេះ​មិន​ឆ្លុះបញ្ចាំង​ពី​ការពិត​នោះ​ឡើយ។

អ្នក​នាំពាក្យ​អង្គការ​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា បាន​ថ្លែង​ប្រាប់​សារព័ត៌មាន The Cambodia Daily ថា ចាប់តាំង​ពី​មាន​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ឆ្នាំ​២០១៧ មក ពិន្ទុ​សេរីភាព​នៅ​កម្ពុជា​មាន​ការ​ធ្លាក់ចុះ​គួរ​ឲ្យ​កត់សម្គាល់ ជាពិសេស​ការ​រឹតត្បិត​សិទ្ធិ​នយោបាយ និង​សិទ្ធិពលរដ្ឋ។

លោក​ថា របាយការណ៍​របស់​អង្គការ Freedom House គឺ​យោង​ទៅតាម​ស្ថានភាព​ជាក់ស្តែង ពីព្រោះ​កន្លងមក​សហគមន៍​អឺរ៉ុប​ក៏ដូចជា​អ្នកជំនាញ​ផ្នែក​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ តែង​ទាមទារ​ឲ្យ​កម្ពុជា​ស្ដារ​ឡើងវិញ​នូវ​លទ្ធិប្រជាធិបតេយ្យ និង​ការគោរព​សិទ្ធិមនុស្ស។

លោក ស៊ឹង សែនករុណា បាន​លើកឡើង​ទៀត​ថា ការ​លើកឡើង​នៅ​ក្នុង​របាយការណ៍​នោះ​ថា​សិទ្ធិ​នយោបាយ​មាន​ការ​ធ្លាក់ចុះ គឺ​ប្រហែលជា​គេ​មើល​ទៅ​លើ​ការ​ចាប់​ខ្លួន និង​ការ​ចោទប្រកាន់​តាម​ផ្លូវ​តុលាការ​ទៅលើ​មេដឹកនាំ​អតីត​គណបក្ស​ប្រឆាំង និង​សកម្មជន​អតីត​គណបក្ស​ប្រឆាំង ព្រមទាំង​សកម្មជន​សិទ្ធិមនុស្ស និង​បរិស្ថាន​ផង​ដែរ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស