27 C
Phnom Penh

លោក សុន ឆ័យ ចូលរួម​ជីវិត​នយោបាយ​ជាមួយ​គណបក្ស​ភ្លើង​ទៀន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក សុន ឆ័យ អតីត​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ប្រកាស​ចូលរួម​ជីវិត​នយោបាយ​ជាមួយ​គណបក្ស​ភ្លើង​ទៀន ចាប់ពី​ថ្ងៃ​ទី​១ ខែ​មីនា ឆ្នាំ​២០២២ នេះ​តទៅ ពីព្រោះ​គណបក្ស​នេះ​ធ្លាប់​បាន​គាំទ្រ​យ៉ាង​សកម្ម​ពី​ពលរដ្ឋ​ខ្មែរ និង​បម្រើ​ការពារ​ពលរដ្ឋ​ខ្មែរ។

អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​ទី​១ ខែ​មីនា ឆ្នាំ​២០២២ នេះ​ថា លោក​នឹង​ចូល​ជា​សមាជិក​គណបក្ស​ភ្លើង​ទៀន ចាប់ពី​ពេលនេះ​តទៅ ព្រោះ​ជា​គណបក្ស​ដែល​លោក និង​ពលរដ្ឋ​ខ្មែរ​ធ្លាប់​បាន​គាំទ្រ​យ៉ាង​សកម្ម ហើយ​គណបក្ស​នេះ​ក៏​ជា​គណបក្ស​បម្រើ និង​ការពារ​ពលរដ្ឋ​ខ្មែរ​បាន​យ៉ាង​ត្រឹមត្រូវ​ផង​ដែរ។ លោក​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ចូលរួម​គាំទ្រ​គណបក្ស​ភ្លើង​ទៀន ដែល​នឹង​ចូលរួម​ការ​បោះឆ្នោត​ឃុំ-សង្កាត់​ឆ្នាំ​២០២២ ខាងមុខ​នេះ។

ការ​អំពាវនាវ​នេះ ធ្វើឡើង​បន្ទាប់ពី​គណបក្ស​ភ្លើង​ទៀន បាន​ប្រកាស​សកម្មភាព​នយោបាយ​របស់​ខ្លួន​កាលពី​ចុង​ឆ្នាំ​២០២១ កន្លងទៅ ដែល​ត្រូវ​គេ​សង្ស័យ​ថា​មាន​លោក សម រង្ស៊ី ជា​អ្នក​បញ្ជា​ពី​ខាងក្រោយ។

សកម្មជន​បក្ស​ប្រឆាំង លោក ហ៊ុន កុសល បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​១ មីនា នេះ​ថា ការ​សម្រេច​ចូល​គណបក្ស​ភ្លើង​ទៀន​របស់​លោក ស៊ុន ឆ័យ គឺ​មិន​ខុសគ្នា​ទៅ​នឹង​អតីត​តំណាងរាស្ត្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ នាំគ្នា​ចេញ​ទៅ​បង្កើត​បក្ស​ថ្មីៗ​ក្រោយ​ទទួល​បាន​សិទ្ធិ​នយោបាយ​នោះ​ទេ។

សកម្មជន​បក្ស​ប្រឆាំង​រូប​នេះ​លើកឡើង​ថា គណបក្ស​ភ្លើង​ទៀន គឺជា​គណបក្ស​ដែល​បែក​ចេញ​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ដូច​បក្ស​ផ្សេង​ទៀត​ដែរ ដូច្នេះ​ការ​ប្រកាស​ចូល​ជា​សមាជិក​បក្ស​នេះ​របស់​លោក ស៊ុន ឆ័យ ក៏​គ្រាន់តែ​ជា​ទង្វើ​មួយ​បង្ហាញ​ទៅកាន់​ប្រជាពលរដ្ឋ​ថា គាត់​មិន​គាំទ្រ​ឱ្យ​មាន​ស្មារតី​រួបរួម​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ទៀត​ទេ។

លោក ហ៊ុន កុសល បញ្ជាក់​ថា រឿង​ដែល​គួរ​ឱ្យ​សោកស្តាយ និង​អាណិតអាសូរ​បំផុត​នោះ គឺ​ប្រជាពលរដ្ឋ​ដែល​ពួកគាត់​បាន​លក់​ឆ្កែ​លក់​ឆ្មា​ដើម្បី​ជួយ​ជ្រោមជ្រែង​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ជា​កម្លាំង​ផ្លាស់ប្ដូរ​ជា​វិជ្ជមាន​ដោយ​ពិតប្រាកដ ប៉ុន្តែ​លោក ស៊ុន ឆ័យ ដែល​ជា​មេដឹកនាំ​មួយ​រូប បែរជា​ដើរ​តាម​ផែនការ​សម្រេច​បំណង​គណបក្ស​កាន់​អំណាច​ដែល​ព្យាយាម​កម្ទេច​ស្មារតី​រួបរួម​របស់​សង្គ្រោះ​ជាតិ​ទៅវិញ។

គណបក្ស សម រង្ស៊ី ដែល​មាន​ស្លាក​សញ្ញា​ភ្លើង​ទៀន​ស្រាប់ បាន​ប្ដូរ​ឈ្មោះ​ទៅជា​គណបក្ស​ភ្លើង​ទៀន ហើយ​ប្រើ​ស្លាក​សញ្ញា​ភ្លើង​ទៀន​ចាប់តាំង​ពី​ឆ្នាំ​២០១៧ មក ក្រោយ​ពី​រដ្ឋសភា​ប្រកាស​ឱ្យ​ប្រើប្រាស់​ច្បាប់​ស្ដីពី​វិសោធនកម្ម​ច្បាប់​គណបក្ស​នយោបាយ ដែល​ច្បាប់​នោះ​មិន​អនុញ្ញាត​ឱ្យ​គណបក្ស​ណា​មួយ​យក​រូប​បុគ្គល​មក​ធ្វើជា​ស្លាក​សញ្ញា​គណបក្ស​នោះ​ទេ។

មាត្រា​៦ នៃ​ច្បាប់​នេះ​ចែង​ថា គណបក្ស​នយោបាយ​មិន​ត្រូវ​ធ្វើ​សកម្មភាព​ឱ្យ​មាន​អបគមន៍ ឬ​បំបែក​រដ្ឋ ដែល​នាំ​ឱ្យ​អន្តរាយ​ដល់​ការ​ឯកភាព​ជាតិ និង​បូរណភាព​ទឹកដី​នោះ​ទេ ហើយ​ក៏​មិន​ត្រូវ​ធ្វើ​វិទ្ធង្សនា​ប្រឆាំង​នឹង​របប​ប្រជាធិបតេយ្យ សេរី​ពហុ​បក្ស និង​រាជា​និយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ ធ្វើការ​ញុះញង់​ដែល​អាច​នាំ​ឱ្យ​មាន​ការ​បែកបាក់​ជាតិ ជាដើម។

ជុំវិញ​បញ្ហា​នេះ នាយក​សារព័ត៌មាន​ដើម​អម្ពិល លោក សយ សុភាព ដែល​មាន​និន្នាការ​គាំទ្រ​បក្ស​កាន់​អំណាច លើក​ជា​សំណួរ​កាលពី​ពេល​ថ្មីៗ​នេះ​ថា តើ​គណបក្ស​ភ្លើង​ទៀន​អាច​ប្រឈម​មុខ​តាម​ផ្លូវច្បាប់​ដែរ​ឬ​ទេ ប្រសិនបើ​គេ​រក​ឃើញ​ថា លោក សម រង្ស៊ី និង​បក្ខពួក​របស់​គាត់​នៅ​ពីក្រោយ​បក្ស​នេះ នៅ​ពេល​ដែល​តុលាការ​ក្រុង​ភ្នំពេញ​កាត់ទោស​អ្នក​ទាំងនោះ​ក្នុង​សំណុំរឿង​ក្បត់​ជាតិ។

ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា មេដឹកនាំ​បក្ស​ប្រឆាំង​ដែល​សម្លាប់​ស្មារតី​គណបក្ស​សង្គ្រោះ​ជាតិ​ពិតប្រាកដ គឺជា​លោក សម រង្ស៊ី តែ​ម្នាក់​ប៉ុណ្ណោះ ហើយ​ភស្តុតាង​ជាក់ស្តែង​ដែល​មិន​អាច​ប្រកែក​បាន គឺ​គាត់​បាន​គាំទ្រ​ឱ្យ​មាន​សមាជ​គណបក្ស​ភ្លើង​ទៀន​កាលពី​ចុង​ខែ​វិច្ឆិកា ឆ្នាំ​២០២១ កន្លងទៅ​នេះ។

គួរ​បញ្ជាក់​ផង​ដែរ​ថា គណបក្ស សម រង្ស៊ី ដែល​មាន​រូប​សញ្ញា​ភ្លើង​ទៀន អំឡុង​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០០៨ មុន​ចង​សម្ព័ន្ធ​ជាមួយ​គណបក្ស​សិទ្ធិមនុស្ស ទទួល​បាន​សំឡេង​ឆ្នោត​ជាង ១​លាន ៣​សែន​សំឡេង (១ ៣១៦ ៧១៤​សំឡេង) ស្មើ​ជាង ២១% នៃ​សន្លឹកឆ្នោត​ទូទាំង​ប្រទេស ដែល​គិតជា​អាសនៈ​ក្នុង​សភា​មាន​ចំនួន​២៦ ក្នុង​ចំណោម​សមាជិក​សភា​១២៣។

ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ឆ្នាំ​២០១២ គណបក្ស សម រង្ស៊ី ទទួល​បាន​សន្លឹកឆ្នោត​ជាង ១​លាន ២​សែន​សំឡេង (១ ២២៤ ៤៦០​សំឡេង) បាន​តំណែង​មេឃុំ និង​ចៅសង្កាត់​ចំនួន​២២ ខណៈ​គណបក្ស​សិទ្ធិមនុស្ស ទទួល​បាន​តំណែង​មេឃុំ និង​ចៅសង្កាត់​ចំនួន​១៨៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស