នយោបាយ

បារាំង​និង​អាល្លឺម៉ង់​អំពាវនាវ​ឱ្យ​កម្ពុជា​ចូលរួម​ចលនា​អន្តរជាតិ​ដើម្បី​គាំទ្រ​អ៊ុយក្រែន​ដោយ​ថ្កោលទោស​រុស្ស៊ី

By ឌឹ ខេមបូឌា ដេលី

March 03, 2022

ស្ថានទូត​បារាំង និង​អាល្លឺម៉ង់ ប្រចាំ​នៅ​កម្ពុជា អំពាវនាវ​ទៅ​រដ្ឋាភិបាល​កម្ពុជា​ឱ្យ​ចូលរួម​យ៉ាង​សកម្ម​នៅ​ក្នុង​ចលនា​អន្តរជាតិ ដើម្បី​គាំទ្រ​ប្រទេស​អ៊ុយក្រែន ដោយ​ធ្វើ​ការ​ថ្កោលទោស​ចំពោះ​ការ​ឈ្លានពាន​របស់​រុស្ស៊ី លើ​ប្រទេស​អ៊ុយក្រែន។

ទំព័រ​ហ្វេសប៊ុក​ស្ថានទូត​បារាំង នៅ​ថ្ងៃ​ពុធ ទី​២ មីនា នេះ​ចុះផ្សាយ​ថា ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ​កម្ពុជា លោក ហ្សាក់ ប៉ឺឡេ និង​ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់​ប្រចាំ​កម្ពុជា លោក គ្រីស្យង់ ប៊ែរហ្សេ បាន​ជួប​ជាមួយ​រដ្ឋលេខាធិការ​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ អ្នកស្រី សឿង រ័ត្នចាវី កាលពី​ថ្ងៃ​ទី​១ ខែ​មីនា ឆ្នាំ​២០២២។ នៅ​ក្នុង​ជំនួប​នោះ ឯកអគ្គរដ្ឋទូត​ទាំង​ពីរ​បាន​អំពាវនាវ​ឱ្យ​កម្ពុជា​ចូលរួម​យ៉ាង​សកម្ម​នៅ​ក្នុង​ចលនា​អន្តរជាតិ ដើម្បី​គាំទ្រ​ប្រទេស​អ៊ុយក្រែន ហើយ​ថ្កោលទោស​ការ​ឈ្លានពាន​របស់​រុស្ស៊ី​ទៅលើ​ប្រទេស​នេះ។

ឯកអគ្គរដ្ឋទូត​ទាំង​ពីរ​ក៏​បាន​អំពាវនាវ​ឱ្យ​មាន​ការ​គោរព​អធិបតេយ្យភាព និង​បូរណភាព​ដែនដី​របស់​ប្រទេស​អ៊ុយក្រែន ហើយ​ឱ្យ​មាន​ការ​ដក​ទ័ព​រុស្ស៊ី​ភ្លាមៗ និង​គ្មាន​លក្ខខណ្ឌ​ចេញពី​ទឹកដី​ប្រទេស​អ៊ុយក្រែន។

ជាមួយ​គ្នា​នោះ ឯកអគ្គរដ្ឋទូត​ទាំង​ពីរ គឺ​លោក ហ្សាក់ ប៉ឺឡេ និង​លោក គ្រីស្យង់ ប៊ែរហ្សេ ក៏​បាន​រំឭក​ពី​ការ​អំពាវនាវ​របស់​បារាំង និង​អាល្លឺម៉ង់ ឱ្យ​មាន​ការ​គោរព​ច្បាប់​មនុស្សធម៌​អន្តរជាតិ ការ​ចាប់ផ្តើម​ការ​ចរចា​ឡើងវិញ និង​ការ​ដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី។ ជាង​នេះ​ទៅ​ទៀត ឯកអគ្គរដ្ឋទូត​បារាំង និង​អាល្លឺម៉ង់ បាន​ស្នើ​ឱ្យ​ប្រទេស​កម្ពុជា​មិន​ត្រឹមតែ​បោះឆ្នោត​គាំទ្រ​ដំណោះស្រាយ​មួយ​ដែល​កំពុង​ដាក់​ជូន​អង្គប្រជុំ​វិសាមញ្ញ​បន្ទាន់​នៃ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​ប៉ុណ្ណោះ​ទេ ក៏ប៉ុន្តែ​ធ្វើជា​ប្រទេស​ផ្ចុងផ្ដើម​ដំណោះស្រាយ​នេះ​ជាមួយ​ប្រទេស​ផ្សេងៗ​ទៀត​ផង​ដែរ។

ឯកអគ្គរដ្ឋទូត​ទាំង​ពីរ​បញ្ជាក់​ថា បញ្ហា​ប្រឈម​នឹង​ការ​ឈ្លានពាន​របស់​រុស្ស៊ី​ទៅលើ​ប្រទេស​អ៊ុយក្រែន ជា​ការ​រំលោភ​លើ​គោលការណ៍​គ្រឹះ​សំខាន់​បំផុត​នៃ​សណ្ដាប់ធ្នាប់​អន្តរជាតិ ការ​បោះឆ្នោត​អនុប្បវាទ​មិនមែន​ជា​ជម្រើស​នោះ​ទេ។

កាលពី​ថ្ងៃ​ទី​០១ ខែ​មីនា ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ​កម្ពុជា បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ នៅ​ក្នុង​ជំនួប​នោះ លោក​ទូត​បាន​អំពាវនាវ​ឱ្យ​ប្រទេស​កម្ពុជា​គាំទ្រ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​សហគមន៍​អន្តរជាតិ ដើម្បី​ឱ្យ​មាន​ការ​គោរព​យ៉ាង​ពេញលេញ​នូវ​អធិបតេយ្យភាព និង​បូរណភាព​ដែនដី​របស់​ប្រទេស​អ៊ុយក្រែន។

យ៉ាងណា ការ​បង្ហាញ​សារ​អំពាវនាវ​របស់​បារាំង និង​អាល្លឺម៉ង់ ធ្វើឡើង​ក្រោយ​ពី​លោក ហ៊ុន សែន នៅ​ថ្ងៃ​ព្រឹក​ថ្ងៃ​ពុធ ទី​២ មីនា បាន​ប្រកាស​ជា​សាធារណៈ​ដោយ​មិន​គាំទ្រ​ចំពោះ​ប្រទេស​នានា​ដែល​ផ្ដល់​សព្វាវុធ​ទៅកាន់​អ៊ុយក្រែន។ លោក ហ៊ុន សែន បាន​ចាត់ទុក​ការ​ផ្តល់​សព្វាវុធ​ទៅកាន់​អ៊ុយក្រែន ថា​នឹង​ធ្វើ​ឱ្យ​សង្គ្រាម​រុស្ស៊ី-អ៊ុយក្រែន ផ្ទុះ​កាន់តែ​ខ្លាំង​ទៅជា​សង្គ្រាម​រវាង​រុស្ស៊ី និង​អឺរ៉ុប ទៅវិញ៕