32 C
Phnom Penh

លោក បៃដិន៖ ទ័ព​រុស្ស៊ី​ឡោមព័ទ្ធ​រដ្ឋធានី​គៀវ​ពិតមែន តែ​មិន​អាច​យក​ឈ្នះ​បេះដូង​ប្រជាជន​អ៊ុយក្រែន​ឡើយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ការ​វាយលុក​ដ៏​ខ្លាំង​របស់​កងទ័ព​រុស្ស៊ី​លើ​ប្រទេស​អ៊ុយក្រែន បណ្តាល​ឲ្យ​ឆាបឆេះ​ជាច្រើន​កន្លែង។ លោក​ប្រធានាធិបតី​អ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេឡិនស្គី អះអាង​ថា បើ​ទោះបីជា​មាន​ការ​អំពាវនាវ​រក​ជំនួយ​អន្តរជាតិ​បន្ថែម​ទៀត​ក៏ដោយ ប៉ុន្តែ​រហូត​មក​ដល់​ពេលនេះ អ៊ុយក្រែន​នៅតែ​ប្រឈមមុខ​នឹង​ការ​វាយលុក​របស់​ទីក្រុង​មូស្គូ គ្រប់​ទិសទី។

ចាប់តាំង​ពី​ថ្ងៃ​អង្គារ មក ទីតាំង​សំខាន់ៗ​ក្នុង​ទីក្រុង​ជាច្រើន​របស់​អ៊ុយក្រែន បាន​រង​នូវ​ការវាយប្រហារ រួម​ទាំង​អគារ​នៅ​កណ្តាល​រដ្ឋធានី​គៀវ និង​ការ​ទម្លាក់​គ្រាប់បែក​លើ​ទីក្រុង​ធំ​ទី​ពីរ​របស់​អ៊ុយក្រែន គឺ Kharkiv។

មក​ដល់​ពេលនេះ កងទ័ព​រុស្ស៊ី​នៅ​បន្ត​រុល​សំដៅ​ទៅ​រដ្ឋធានី​គៀវ គឺ​សំដៅ​វាយ​ផ្ដួល​រដ្ឋាភិបាល​របស់​ប្រធានាធិបតី ហ្សេឡិនស្គី។ នេះ​បើ​តាម​ការ​ចេញផ្សាយ​ដោយ​សារព័ត៌មាន CNN នៅ​ថ្ងៃ​ទី​២ ខែ​មីនា នេះ។

តែ​យ៉ាងណា ប្រធានាធិបតី ហ្សេឡិនស្គី នៅ​ថ្ងៃ​ពុធ នេះ​បាន​អះអាង​ថា កងទ័ព​រុស្ស៊ី​ជិត ៦​ពាន់​នាក់​ហើយ​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​សង្គ្រាម​អស់​រយៈពេល ៦​ថ្ងៃ​មកនេះ ហើយ​ព្រមាន​វិមាន​ក្រឹមឡាំង​ថា នឹង​មិន​អាច​គ្រប់គ្រង​អ៊ុយក្រែន​បាន​ទេ​តាមរយៈ​ការ​ទម្លាក់​គ្រាប់បែក។

នៅ​ក្នុង​សុន្ទរកថា​ថ្មី​មួយ​ទៀត​តាម​វីដេអូ លោក ហ្សេឡិនស្គី បាន​ថ្លែង​ថា រុស្ស៊ី​បាន​វាយប្រហារ​កម្ទេច​បូជនីយដ្ឋាន Holocaust ដែល​លោក​ថា រុស្ស៊ី​ចង់​លុបបំបាត់​ប្រវត្តិសាស្ត្រ​របស់​អ៊ុយក្រែន។ លោក​ក៏​បាន​បន្ត​ទទូច​សុំ​ឱ្យ​ពិភពលោក​នៅ​ជាមួយ​ប្រជាជន​អ៊ុយក្រែន ហើយ​រាល់​ជំនួយ​ទាំងអស់​នៅ​ពេលនេះ គឺ​អ៊ុយក្រែន​ទទួលយក​បាន​ទាំងអស់ ដើម្បី​ទប់ទល់​កម្លាំង​ឈ្លានពាន។

នៅ​ក្នុង​សុន្ទរកថា​ប្រចាំ​ឆ្នាំ​ស្ដី​អំពី​ស្ថានភាព​សហព័ន្ធ​កាលពី​យប់​ថ្ងៃ​អង្គារ ទី​១ ខែ​មីនា លោក​ប្រធានាធិបតី ចូ បៃដិន បាន​សន្យា​ថា​លោក​នឹង​យកចិត្ត​ទុកដាក់​ចំពោះ​ភាព​គឃ្លើន​របស់​រុស្ស៊ី ទៅលើ​ប្រទេស​អ៊ុយក្រែន។ នៅ​ក្នុង​សុន្ទរកថា​នៅ​ចំពោះ​មុខ​សភា​ទាំង​ពីរ​ថ្នាក់ លោក Biden បាន​ថ្លែង​សរសើរ​អំពី​ភាព​អង់អាច​ក្លាហាន​របស់​ប្រជាជន​អ៊ុយក្រែន ដែល​ប្រយុទ្ធ​ដើម្បី​ការពារ​ទឹកដី និង​ការ​ប្ដេជ្ញា​របស់​សម្ពន្ធមិត្ត​បស្ចិម​ប្រទេស​ដែល​បាន​ផ្ដល់​គ្រឿង​សព្វាវុធ​ដល់​យោធា​អ៊ុយក្រែន និង​ការ​ដាក់​សម្ពាធ​លើ​សេដ្ឋកិច្ច​របស់​រុស្ស៊ី​តាមរយៈ​ទណ្ឌកម្ម។

លោក​ក៏​បាន​ព្រមាន​ដែរ​ថា ប្រសិនបើ​គ្មាន​ផលវិបាក​ទាំងនេះ​ទេ នោះ​ភាព​គឃ្លើន​របស់​ប្រធានាធិបតី​មេដឹកនាំ​រុស្ស៊ី​ទៅលើ​ប្រទេស​អ៊ុយក្រែន នឹង​មិន​អាច​ទប់ស្កាត់​បាន​ឡើយ។ លោក Biden ថ្លែង​ថា៖ «ប្រវត្តិសាស្ត្រ​របស់​អាមេរិក បាន​បង្ហាញ​ថា នៅ​ពេល​មេដឹកនាំ​ផ្ដាច់ការ​មិន​ទទួល​រង​នូវ​ផលវិបាក​ព្រោះ​តែ​សកម្មភាព​គឃ្លើន​របស់​ពួកគេ នោះ​ពួកគេ​នឹង​បង្ក​ភាព​ចលាចល​កាន់តែ​ខ្លាំង​ឡើង។ មិន​តែប៉ុណ្ណោះ មេដឹកនាំ​ផ្ដាច់ការ​ទាំងនោះ​នៅតែ​បន្ត​បង្ក​រឿង ហើយ​ផលវិបាក និង​ការ​គំរាមកំហែង​ក៏​ប៉ះពាល់​ដល់​សហរដ្ឋ​អាមេរិក និង​ពិភពលោក​ដែរ»

ដោយ​មើល​ឃើញ​ប្រទេស​ជាច្រើន​បិទ​ដែនអាកាស​មិន​ឱ្យ​មាន​ជើង​ហោះហើរ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​រុស្ស៊ី គឺ​សម្រាប់​អាមេរិក លោក បៃដិន ថា​នឹង​ហាមឃាត់​យន្តហោះ​របស់​រុស្ស៊ី​មិន​ឲ្យ​ហោះហើរ​នៅ​លើ​ដែនអាកាស​របស់​សហរដ្ឋ​អាមេរិក ដែល​ជា​ការ​ឆ្លើយតប​ទៅ​រុស្ស៊ី​ដែល​បើក​ការ​ឈ្លានពាន​ប្រទេស​អ៊ុយក្រែន។

លោក​បាន​អះអាង​ថា ក្រសួង​យុត្តិធម៌​កំពុង​រៀបចំ​បេសកកម្ម​មួយ​ដើម្បី​តាមដាន​ឧក្រិដ្ឋកម្ម​របស់​ពួក​អ្នក​មាន​អំណាច​នៃ​ប្រទេស​រុស្ស៊ី ដែល​លោក​ហៅថា​ក្រុម​ពុករលួយ​កេងប្រវ័ញ្ច​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ​ពី​សង្គម​ហិង្សា​របស់​ពួកគេ។

នៅ​មុន​សុន្ទរកថា​ចាប់ផ្ដើម លោក បៃដិន បាន​ស្នើ​ទៅ​សមាជិក​សភា​ទាំង​ពីរ​ថ្នាក់​ឱ្យ​ក្រោកឈរ​ឡើង​ដើម្បី​សម្ដែង​ការ​គោរព​ដល់​ពលរដ្ឋ​អ៊ុយក្រែន ដែល​បាន​ស្លាប់​ដោយ​គ្រាប់កាំភ្លើង​របស់​កងទ័ព​រុស្ស៊ី។ សមាជិក​សភា​ក៏​បាន​នាំគ្នា​ក្រោកឈរ និង​ទះដៃ​អបអរ​ជនជាតិ​អ៊ុយក្រែន ដែល​មាន​វត្តមាន​នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ។

តែ​យ៉ាងណា សុន្ទរកថា​លោក​ប្រធានាធិបតី បៃដិន បាន​ថ្លែង​ដោយ​លើក​ទឹកចិត្ត​ប្រជាជន​អ៊ុយក្រែន ថា​ទោះ​ជា​កងទ័ព​រុស្ស៊ី​ឡោមព័ទ្ធ​ក្រុង​គៀវ ជាមួយ​រថពាសដែក រថក្រោះ​រាប់​រយ​គ្រឿង​ក៏ដោយ ក៏​មិន​អាច​យក​ឈ្នះ​បេះដូង និង​ទឹកចិត្ត​របស់​ប្រជាជន​អ៊ុយក្រែន​បាន​ឡើយ។ លោក​ចំអក​ឲ្យ​មេដឹកនាំ​រុស្ស៊ី​ថា សង្គ្រាម​ឈ្លានពាន​របស់​រុស្ស៊ី នឹង​មិន​អាច​បំបាក់​វីរភាព​របស់​ប្រជាជន​អ៊ុយក្រែន​បាន​ឡើយ។

នៅ​ចំពោះមុខ​សមាជិក​សភា​អាមេរិក លោក បៃដិន បាន​បញ្ជាក់​ថា បើ​ទោះបី​រុស្ស៊ី មាន​អាវុធ​ទំនើប​វាយប្រហារ​អ៊ុយក្រែន ប៉ុន្តែ​រុស្ស៊ី មិន​អាច​ឈ្នះ​ទឹកចិត្ត​ប្រជាជន​ក្នុង​ប្រទេស​នោះ​បាន​ដាច់ខាត ហើយ​សម្រាប់​អាមេរិក លោក​សន្យា​ថា​នឹង​ឈរ​នៅ​ជាមួយ​ប្រជាជន​អ៊ុយក្រែន​ជានិច្ច។

ដោយ​មើល​ឃើញ​អំពី​សកម្មភាព​របស់​កងទ័ព​រុស្ស៊ី លោក បៃដិន បាន​ហៅ​ការឈ្លានពាន​លើ​អ៊ុយក្រែន គឺជា​មហិច្ឆតា​របស់​លោក ពូទីន ដើម្បី​អុកឡុក​ពិភពលោក។ ប៉ុន្តែ​លោក​ថា លោក ពូទីន គិត​ខុស​ហើយ។ លោក​បាន​ប្រាប់​ទៅ​លោក ពូទីន ថា ដោយសារ​ទង្វើ​របស់​លោក​នេះ​ហើយ ពិភពលោក​បាន​សាមគ្គី​ជា​ខ្លាំង​ប្រឆាំង​ទង្វើ​របស់​លោក៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស