32.9 C
Phnom Penh

លោក ហ៊ុន សែន៖ សង្គ្រាម​រវាង​រុស្ស៊ី​និង​អ៊ុយក្រែន គឺជា​សង្គ្រាម​រវាង​រុស្ស៊ី​និង​អឺរ៉ុប

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន ចាត់ទុក​សង្គ្រាម​រវាង​រុស្ស៊ី និង​អ៊ុយក្រែន គឺជា​សង្គ្រាម​រវាង​រុស្ស៊ី និង​អឺរ៉ុប តាមរយៈ​ការ​ផ្ដល់​ជំនួយ​យោធា​ដែល​ជា​ការ​លើក​ទឹកចិត្ត​បន្ថែម​ក្នុង​ការ​ធ្វើ​សង្គ្រាម។

ថ្លែង​នៅ​ក្នុង​ពិធី​បើក​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​កំណាត់​ផ្លូវ​ជាតិ​លេខ​៣ នា​ព្រឹក​ថ្ងៃ​ទី​០២ ខែ​មីនា ឆ្នាំ​២០២២ បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន អះអាង​ថា ការ​ផ្ដល់​ជំនួយ​យោធា​ពី​បណ្តា​ប្រទេស​មួយ​ចំនួន​នៅ​អឺរ៉ុប​ទៅ​ឲ្យ​អ៊ុយក្រែន គឺជា​ការ​លើក​ទឹកចិត្ត​ក្នុង​ការ​ធ្វើ​សង្គ្រាម ហើយ​សង្គ្រាម​នេះ​នឹង​កាន់តែ​ខ្លាំង​ឡើង។

បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន បាន​លើកឡើង​ថា ឥឡូវ​ជម្លោះ​នេះ​កំពុង​ក្លាយ​ជា «អឺរ៉ុបនីយកម្ម​សង្គ្រាម​ជាមួយ​រុស្ស៊ី» ដែល​ពី​មុន​គឺជា​ការ​វាយប្រហារ​ពី​រុស្ស៊ី​ទៅកាន់​អ៊ុយក្រែន ប៉ុន្តែ​ឥឡូវ​នេះ ប្រទេស​នានា​នៅ​អឺរ៉ុប​បាន​នាំគ្នា​ផ្តល់​មនុស្ស ផ្តល់​អាវុធ ផ្តល់​យន្តហោះ​ចម្បាំង ដើម្បី​វាយតប​រុស្ស៊ី។ បើ​ដូច្នេះ សង្គ្រាម​រវាង​អ៊ុយក្រែន និង​រុស្ស៊ី មិនមែន​ជា​សង្គ្រាម​រុស្ស៊ី និង​អ៊ុយក្រែន​ទៀត​ទេ ជា​សង្គ្រាម​រវាង​រុស្ស៊ី និង​អឺរ៉ុប តាមរយៈ​ការ​ផ្ដល់​ជំនួយ​យោធា។

បុរស​ខ្លាំង​កម្ពុជា​រូប​នេះ​បញ្ជាក់​ថា លោក​នៅតែ​រក្សា​ទស្សនទាន​ដដែល គឺ​មិន​អាច​យក​សង្គ្រាម​ដើម្បី​បញ្ចប់​សង្គ្រាម​បាន​ទេ គោល​ជំហរ​របស់​លោក​តាំងពី​ដើម​រហូត​មក គឺ​មិន​គាំទ្រ​ការ​ប្រើប្រាស់​កម្លាំង ឬ​ការ​គំរាមកំហែង​ប្រើប្រាស់​កម្លាំង​ពី​ភាគី​ណា​មួយ​ប្រឆាំង​នឹង​ភាគី​ណា​មួយ​នោះ​ទេ។ លោក​បន្ត​ថា នេះ​ជា​គោល​ជំហរ​ផ្លូវការ​របស់​លោក ព្រោះ​នេះ​គឺជា​ការ​ចង់​បាន​របស់​លោក​ដែល​លោក​ធ្លាប់​បាន​ថ្លែង​នៅ​ឯ​អង្គការ​សហប្រជាជាតិ។

លោក ហ៊ុន សែន អះអាង​ថា គោល​ជំហរ​ផ្លូវការ​របស់​លោក​សម្រាប់​ក្របខ័ណ្ឌ​អាស៊ាន នឹង​មើល​ទៅ​តាម​ការ​វិវឌ្ឍ​នៃ​សភាពការណ៍ លោក​មិន​ដាក់​ការ​ប្រដៅ​ចំពោះ​ប្រទេស​ណា​ទាំងអស់ ប៉ុន្តែ​លោក​គ្រាន់តែ​បញ្ជាក់​ពី​គោល​ជំហរ​របស់​លោក គឺ​លោក​លើក​ទឹកចិត្ត​ឲ្យ​មាន​ការ​ចរចា។

អ្នកវិភាគ​នយោបាយ និង​សង្គម បណ្ឌិត ឡៅ ម៉ុងហៃ បាន​សរសេរ​លើ​គណនី Facebook របស់​លោក​កាលពី​ថ្ងៃ​ទី​២ ខែ​មីនា នេះ​ថា តាមពិត​សង្គ្រាម​រុស្ស៊ី-អ៊ុយក្រែន មាន​លក្ខណៈ​មិន​ខុស​ពី​សង្គ្រាម​វៀតណាម និង​កម្ពុជា​ប៉ុន្មាន​នោះ​ទេ វា​គ្រាន់តែ​នៅ​អ៊ុយក្រែន​មិន​មាន​ធាតុ​អាក្រក់ៗ​ពីរ គឺ​មិន​មាន​ខ្មែរក្រហម និង​មិន​មាន​រដ្ឋាភិបាល​ដែល​កងទ័ព​រុស្ស៊ី​បង្កើត ដែល​ធ្វើ​ឲ្យ​សង្គ្រាម​រុស្ស៊ី-អ៊ុយក្រែន អាច​ងាយ​ដោះស្រាយ​ជាង​តាម​រូបមន្ត​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស។

លោក​បន្ត​ទៀត​ថា ម្យ៉ាង​ទៀត រុស្ស៊ី​ខ្លួនឯង​ជា​មហាអំណាច​ដែល​ធ្លាប់​ចូលរួម​សកម្ម​ក្នុង​ការ​តាក់តែង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដែល​បាន​បញ្ចប់​សង្គ្រាម​វៀតណាម-កម្ពុជា​ថែមទៀត។

ចំណែក​អ្នកជំនាញ​កិច្ចការ​អន្តរជាតិ និង​ជា​ព្រឹទ្ធបុរស​រង​នៃ​សាកលវិទ្យាល័យ​រដ្ឋ​អារីហ្សូណា បណ្ឌិត អៀ សុផល បាន​ប្រាប់​កាសែត The Cambodia Daily ថា កម្ពុជា​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​រុស្ស៊ី ប៉ុន្តែ​រដ្ឋាភិបាល​លោក ហ៊ុន សែន អាច​នឹង​ធ្វើ​តាម​ជំហរ​របស់​ក្រុង​ប៉េកាំង ជុំវិញ​បញ្ហា​នៅ​អ៊ុយក្រែន ព្រោះ​កម្ពុជា​មាន​ទំនាក់ទំនង​ស្អិតល្មួត​ជាមួយ​ចិន កម្ពុជា​អាច​នឹង​បញ្ជាក់​ជំហរ​ដូច​ចិន។

កាលពី​ថ្ងៃ​ទី​២៥ កុម្ភៈ កន្លងមក ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង និង​សម​ភាគី​រុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន បាន​ជួប​សន្ទនា​គ្នា​តាម​ទូរស័ព្ទ​ស្ដីពី​សង្គ្រាម​នៅ​អ៊ុយក្រែន។ លោក ស៊ី ជីនពីង គាំទ្រ​រុស្ស៊ី នៅ​ក្នុង​ដំណោះស្រាយ​វិបត្តិ​អ៊ុយក្រែន​តាមរយៈ​ការ​ចរចា​ជាមួយ​អ៊ុយក្រែន។ លោក​មិន​បាន​ប្រើ​ពាក្យ​សង្គ្រាម ឬ​ឈ្លានពាន​ទេ តែ​បាន​គូស​បញ្ជាក់​ពី​ភាព​ក្រឡាប់ចាក់​នៅ​ប៉ែក​ខាងកើត​អ៊ុយក្រែន​ដែល​កំពុង​ធ្វើ​ឲ្យ​សហគមន៍​អន្តរជាតិ​ព្រួយបារម្ភ។ លោក​ថា ជំហរ​របស់​ចិន គឺ​គោរព​អធិបតេយ្យភាព និង​បូរណភាព​ទឹកដី​របស់​ប្រទេស​ទាំងអស់។

កាលពី​ថ្ងៃ​ទី​១ ខែ​មីនា កន្លងមក ទីភ្នាក់ងារ​សារព័ត៌មាន Reuters បាន​ស្រង់​សម្ដី​ប្រធានាធិបតី​អាមេរិក លោក ចូ បៃដិន ដែល​បាន​ថ្លែង​នៅ​ក្នុង​សុន្ទរកថា​ស្ដីពី​ស្ថានភាព​សហព័ន្ធ (State of the Union) ថា ប្រធានាធិបតី​រុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន នឹង​ទទួល​រង​នូវ​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​សម្រាប់​អំពើ​ឈ្លានពាន​អ៊ុយក្រែន ទោះបីជា​យុទ្ធនាការ​យោធា​របស់​ខ្លួន​នៅ​ពេលនេះ​ហាក់​ទទួល​បាន​ជោគជ័យ​ក្នុង​រយៈពេល​ខ្លី​ណា​មួយ​ក៏ដោយ។

រុស្ស៊ី​បាន​បើក​ការ​ឈ្លានពាន​ក្នុង​ទ្រង់ទ្រាយ​ធំ​របស់​ខ្លួន​លើ​ប្រទេស​អ៊ុយក្រែន តាម​ផ្លូវ​គោក ផ្លូវ​អាកាស និង​សមុទ្រ កាលពី​ថ្ងៃ​ព្រហស្បតិ៍ សប្ដាហ៍​មុន ពោល​គឺ​បន្ទាប់ពី​ការប្រកាស​សង្គ្រាម​មួយ​ដោយ​ប្រធានាធិបតី​រុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន។

គិត​ចាប់តាំង​ពី​ទាហាន​រុស្ស៊ី បាន​ចូល​កាន់​ប្រទេស​អ៊ុយក្រែន អស់​រយៈពេល​មួយ​សប្ដាហ៍​មកនេះ ពួកគេ​នៅ​មិន​ទាន់​ដណ្ដើម​បាន​ទីក្រុង​សំខាន់ៗ​ណា​មួយ​របស់​អ៊ុយក្រែន យក​មក​គ្រប់គ្រង​ទាំងស្រុង​នោះ​ទេ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស