28 C
Phnom Penh

លោក ហ៊ុន សែន ថា​កម្ពុជា​និង​ពិភពលោក​កំពុង​រង​ផល​ប៉ះពាល់​ពី​ប្រេងសាំង​ឡើងថ្លៃ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បុរស​ខ្លាំង​ក្រាញ​អំណាច​ត​ត្រកូល​នៅ​កម្ពុជា គឺ​លោក ហ៊ុន សែន អះអាង​ថា កម្ពុជា និង​ពិភពលោក​កំពុង​រង​ផល​ប៉ះពាល់​ដោយសារ​ការ​ឡើងថ្លៃ​ប្រេងសាំង ដែល​អាច​បណ្ដាល​មកពី​សង្គ្រាម​នៅ​រុស្ស៊ី និង​អ៊ុយក្រែន។

ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​កំណាត់​ផ្លូវ​ជាតិ​លេខ​៣ ភ្នំពេញ-កំពត នា​ថ្ងៃ​ទី​០២ ខែ​មីនា ឆ្នាំ​២០២២ លោក ហ៊ុន សែន ថា​ការ​ឡើងថ្លៃ​ប្រេងសាំង​នា​ពេល​បច្ចុប្បន្ន​នេះ​ជា​ការ​ដាក់​បន្ទុក​មួយ​ទៀត ដែល​បង្ក​ផល​ប៉ះពាល់​ដល់​ពិភពលោក​ទាំងមូល​បន្ទាប់ពី​វិបត្តិ​កូវីដ-១៩ នោះ។

លោក​បន្ត​ថា ផល​ប៉ះពាល់​នៃ​ប្រេង​ឡើងថ្លៃ​អាច​បណ្ដាល​មកពី​សង្គ្រាម​រុស្ស៊ី​ជាមួយ​អ៊ុយក្រែន ខណៈ​រុស្ស៊ី​ដែល​ជា​អ្នក​ផលិត​ប្រេង​ដ៏​ធំ​មួយ​នៅ​លើ​ពិភពលោក​ផង​ដែរ​នោះ។ លោក​អះអាង​ថា សេដ្ឋកិច្ច​កំពុង​រង​ផល​ប៉ះពាល់​ដល់​ដោយសារ​ការ​ឆ្លង​រីក​រាលដាល​កូវីដ-១៩ បំប្លែង​ខ្លួន​អូមីក្រុង ហើយ​អាច​នឹង​រង​ផល​ប៉ះពាល់​បន្ថែម​ទៀត​ដោយសារ​សង្គ្រាម​រុស្ស៊ី និង​អ៊ុយក្រែន ដែល​សង្គ្រាម​នេះ​កំពុង​ពង្រីក​ទៅជា​សង្គ្រាម​រុស្ស៊ី​ជាមួយ​នឹង​អឺរ៉ុប តាមរយៈ​ការ​ផ្ដល់​ជំនួយ​អាវុធ និង​សម្ភារៈ​ផ្សេងៗ​ទៀត។

លោក ហ៊ុន សែន ដែល​ជា​មេដឹកនាំ​កាន់​អំណាច​ប្រមាណ ៤០​ឆ្នាំ បាន​សុំ​ការ​យោគយល់​ពី​ពលរដ្ឋ​ក្រោម​ហេតុផល​ថា ការ​ឡើងថ្លៃ​ប្រេង​មិនមែន​ឡើង​តែ​កម្ពុជា​ទេ ឡើង​គ្រប់​ប្រទេស​ទាំងអស់​នៅ​លើ​ពិភពលោក សូម្បីតែ​ប្រទេស​ផលិត​ប្រេង​ក៏​ឡើងថ្លៃ​ប្រេង​ដែរ។

ការ​ថ្លែង​របស់​លោក ហ៊ុន សែន នា​ពេលនេះ ធ្វើឡើង​បន្ទាប់ពី​ពលរដ្ឋ​បាន​ត្អូញត្អែរ និង​ទាមទារ​ឱ្យ​រដ្ឋាភិបាល​អន្តរាគមន៍ ដើម្បី​កុំ​ឱ្យ​ប្រេង​ឡើងថ្លៃ​ខ្ពស់ ខណៈ​ពួកគេ​រក​ចំណូល​បាន​តិចតួច​មិន​អាច​ផ្គត់ផ្គង់​ជីវភាព​បាន បែរជា​តម្លៃ​ប្រេង​ឡើង​ខ្លាំង​ថែមទៀត។

អ្នក​រត់​រ៉ឺម៉ក និង​អាជីវករ​លក់ដូរ​នៅ​ម្ដុំ​ផ្សារ បាន​លើកឡើង​ប្រហាក់ប្រហែល​គ្នា​ថា តម្លៃ​ប្រេងសាំង​ឡើងថ្លៃ អ្នក​ដែល​រងគ្រោះ​គឺ​ពួកគាត់​ជា​ពលរដ្ឋ ខណៈ​បច្ចុប្បន្ន ការ​រក​ចំណូល​របស់​ពួកគាត់​ធ្លាក់​ចុះ​ខ្លាំង​ដោយសារ​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ-១៩ នៅតែ​បន្ត ហើយ​ការ​ចំណាយ​កាន់តែ​ច្រើន​ឡើង។ ពួកគាត់​បាន​លើកឡើង​ថា បើសិនជា​កូវីដ-១៩ នៅតែ​បន្ត ហើយ​ប្រេងសាំង​កាន់តែ​ឡើងថ្លៃ ដោយ​រដ្ឋាភិបាល​មិន​មាន​វិធានការ​អ្វី​ជួយ​ពលរដ្ឋ​នោះ អត្រា​ភាព​ក្រីក្រ​កាន់តែ​កើន​ឡើង។

តួលេខ​ចុងក្រោយ​អំពី​ខ្សែបន្ទាត់​ភាព​ក្រីក្រ​ថ្មី និង​អត្រា​ភាព​ក្រីក្រ​ឆ្នាំ​២០១៩-២០២០ របស់​ក្រសួង​ផែនការ បង្ហាញ​ថា ពលរដ្ឋ ១៧,៨% នៃ​ប្រជាជន​កម្ពុជា​សរុប​នៅ​ទូទាំង​ប្រទេស កំពុង​រស់​ក្រោម​បន្ទាត់​ភាព​ក្រីក្រ ហើយ​ពលរដ្ឋ​នៅ​តំបន់​ជនបទ​មាន​អត្រា​ភាព​ក្រីក្រ​ខ្ពស់​ជាងគេ។

សេចក្តី​ជូនដំណឹង​ស្ដីពី​តម្លៃ​លក់​រាយ​ប្រេងឥន្ធនៈ​ថ្មី ដែល​ត្រូវ​អនុវត្ត​ចាប់ពី​ថ្ងៃ​ទី​០១ ដល់​ថ្ងៃ​ទី​១៥ ខែ​មីនា ឆ្នាំ​២០២២ ចេញ​ដោយ​ក្រសួង​ពាណិជ្ជកម្ម គឺ​តម្លៃ​ប្រេង​ធម្មតា​លក់​ចេញ ៤៨០០​រៀល និង​ប្រេង​ម៉ាស៊ូត​តម្លៃ ៤៥០០​រៀល​ក្នុង​មួយ​លីត្រ ប្រេងឥន្ធនៈ​ស៊ុបពែរ តម្លៃ ៥៣៥០​រៀល​ក្នុង​មួយ​លីត្រ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស