ស្ថានទូតបារាំងប្រចាំនៅប្រទេសកម្ពុជា កោតសរសើរការសម្រេចចិត្តរបស់ប្រទេសកម្ពុជា ជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន១៤១ ផ្សេងទៀត ដែលបានបោះឆ្នោតគាំទ្រលើដីកាដំណោះស្រាយស្ដីពីវិបត្តិសង្គ្រាមនៅអ៊ុយក្រែន នៅឯមហាសន្និបាតអង្គការសហប្រជាជាតិ ដោយទទូចទាមទារឱ្យរុស្ស៊ីបញ្ឈប់ជាបន្ទាន់នូវការប្រើប្រាស់កម្លាំងប្រឆាំងនឹងអ៊ុយក្រែន ព្រមទាំងត្រូវដកកងកម្លាំងយោធារបស់ខ្លួនចេញពីប្រទេសអ៊ុយក្រែន។
ស្ថានទូតបារាំង បានសរសេរនៅលើគណនីហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី៣ មីនា នេះថា បារាំងសូមកោតសរសើរការសម្រេចចិត្តរបស់កម្ពុជាកាលពីម្សិលមិញ (ថ្ងៃទី២ មីនា) ក្នុងការចូលរួមជាមួយសមាជិកអង្គការសហប្រជាជាតិចំនួន ១៤០ប្រទេសផ្សេងទៀត ដើម្បីសម្ដែងសាមគ្គីភាពជាមួយប្រទេសអ៊ុយក្រែន ដែលរងគ្រោះពីការឈ្លានពានរបស់រុស្ស៊ី ដោយរំលោភលើធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ។
តំណាងប្រទេសបារាំងទាំងមូលលើកឡើងថា កម្ពុជា និងប្រទេសបារាំង រួមជាមួយប្រទេសសមាជិកចំនួន ៩៤ផ្សេងទៀតដែលបានធ្វើជាសហស្ថាបនិកនៃសេចក្តីសម្រេចដែលត្រូវបានអនុម័តកាលពីម្សិលមិញ (ថ្ងៃទី២ មីនា) ប្រកាន់ខ្ជាប់ដូចគ្នានូវការគោរពអធិបតេយ្យភាព និងបូរណភាពដែនដីនៃរដ្ឋនានាដែលជាមូលដ្ឋានគ្រឹះនៃសណ្ដាប់ធ្នាប់អន្តរជាតិ។ រដ្ឋាភិបាលបារាំងបានបញ្ចេញសារមួយថា «យើងរួមគ្នាដើម្បីបញ្ចប់ការឈឺចាប់របស់ពលរដ្ឋអ៊ុយក្រែន និងស្វែងរកមាគ៌ាសន្តិភាពសាជាថ្មី»។

តាមលទ្ធផលបោះឆ្នោតដោយមហាសន្និបាតអង្គការសហប្រជាជាតិ បានចេញអនុម័តសេចក្តីសម្រេចមួយលើកដំបូងនៅថ្ងៃទី២ ខែមីនា ដែលមានឈ្មោះថា «ការរួបរួមដើម្បីសន្តិភាព»។ សេចក្តីសម្រេចគាំទ្រដោយរដ្ឋចំនួន ១៤១ រួមទាំងកម្ពុជាផងដែរ ក្នុងចំណោមប្រទេសជាសមាជិកទាំង ១៩៣ បានជំរុញឱ្យរុស្ស៊ី បញ្ឈប់ជាបន្ទាន់នូវការប្រើប្រាស់កងកម្លាំងឈ្លានពានប្រឆាំងនឹងប្រទេសអ៊ុយក្រែន និងដកទ័ពចេញពីអ៊ុយក្រែនឱ្យអស់។
កម្ពុជាក្នុងនាមជាប្រធានអាស៊ាន ក្រៅពីសម្រេចបោះឆ្នោតគាំទ្រអធិបតេយ្យ និងបូរណភាពទឹកដីរបស់អ៊ុយក្រែន កម្ពុជាក៏បានចូលរួមជា Co-Sponsor គឺជាប្រទេសចូលរួមផ្ដួចផ្ដើម ឬយល់ព្រមឲ្យគេកត់ត្រាថាជាប្រទេសចូលរួមផ្ដួចផ្ដើមសេចក្តីព្រាងនៃសេចក្តីសម្រេចចិត្តរបស់អង្គការសហប្រជាជាតិ។
ចំណែកឯរុស្ស៊ី បេឡារូស កូរ៉េខាងជើង ស៊ីរី និងអេរីត្រេ បានបោះឆ្នោតប្រឆាំងលើសេចក្តីសម្រេច ខណៈចិន ឥណ្ឌា និងប្រទេសចំនួន ៣៣ផ្សេងទៀត បោះឆ្នោតអនុបវាទ។ បើទោះសេចក្តីសម្រេចរបស់មហាសន្និបាតមិនបានចងកាតព្វកិច្ចក៏ដោយ វាមានទម្ងន់ផ្នែកនយោបាយ ដើម្បីជំរុញឱ្យរុស្ស៊ីគោរពតាម។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ អ្នកស្រី Linda Thomas-Greenfield បានប្រាប់មហាសន្និបាតថា ប្រទេសរុស្ស៊ីបានត្រៀមខ្លួនរួចជាស្រេចក្នុងការបង្កើនភាពឃោរឃៅនៃការវាយលុករបស់ខ្លួន ហើយជំរុញសមាជិកឲ្យនាំទីក្រុងមូស្គូ មកទទួលខុសត្រូវចំពោះការរំលោភច្បាប់អន្តរជាតិរបស់ខ្លួន។
ជាការឆ្លើយតប បេសកជនអង្គការសហប្រជាជាតិរបស់រុស្សី លោក Vassily Nebenzia បានបដិសេធថា ទីក្រុងមូស្គូ មិនបានកំណត់គោលដៅលើជនស៊ីវិលទេ ហើយបានចោទប្រកាន់រដ្ឋាភិបាលលោកខាងលិចថាបានជំរុញសមាជិក UN ឲ្យអនុម័តសេចក្តីសម្រេចមួយដែលអាចបង្កឲ្យមានអំពើហិង្សាបន្ថែមទៀត។ លោកថា សកម្មភាពរបស់រុស្ស៊ី គឺជាប្រតិបត្តិការយោធាពិសេសសំដៅបញ្ចប់ការវាយប្រហារដោយចេតនាលើជនស៊ីវិលនៅក្នុងសាធារណរដ្ឋដែលគាំទ្រដោយទីក្រុងមូស្គូ គឺ Donetsk និង Luhansk នៅភាគខាងកើតប្រទេសអ៊ុយក្រែន។
អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន បានប្រាប់សារព័ត៌មានក្នុងស្រុកថា នេះគឺជាជំហររបស់កម្ពុជាដែលផ្ដល់តម្លៃទៅលើសិទ្ធិមនុស្សជាសំខាន់ ជាជាងរឿងនយោបាយ។ លោកថា វាជាជំហររបស់កម្ពុជាតាំងពីឆ្នាំ១៩៧៩ ថ្ងៃទី៧ មករា គឺតែងតែនិយាយអំពីសិទ្ធិរស់រានមានជីវិត។
ទោះជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា អះអាងថា កម្ពុជាធ្វើនេះជារឿងវៃឆ្លាតមួយ ជាឱកាសទាញបានផលប្រយោជន៍ពីក្រុមលោកសេរីលើជំហរមួយនេះ។ លោកបន្តថា កម្ពុជាក៏បានឃើញច្បាស់ដែរថា បើមហាអំណាចមួយណាទៅឈ្លានពានលើប្រទេសទន់ខ្សោយទាំងបំពាន មហាអំណាចនោះនឹងត្រូវបានចោមរោមដាក់ទណ្ឌកម្មជុំទិសស្ទើរងើបមិនចង់រួច៕