31 C
Phnom Penh

ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ​ថា​ស្ថានទូត​ម៉ាឡេស៊ី​រើសអើង​មិន​ចេញ​មក​ទទួល​ញត្តិ​របស់​ពួកគេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ​ដែល​ជា​ភរិយា​សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ថា​ស្ថានទូត​ម៉ាឡេស៊ី​ប្រចាំ​ប្រទេស​កម្ពុជា រើសអើង​ដោយ​មិន​បាន​ចេញ​មក​ទទួល​ញត្តិ​ដែល​ពួកគេ​ស្នើសុំ​ឱ្យ​ជួយ​ជំរុញ​ទៅ​រដ្ឋាភិបាល​កម្ពុជា ដោះលែង​ស្វាមី​របស់​ពួកគេ និង​អ្នក​ផ្សេង​ទៀត​ឲ្យ​មាន​សេរីភាព​វិញ។

ភរិយា​សកម្មជន​បក្ស​ប្រឆាំង​ម្នាក់ គឺ​អ្នកស្រី ព្រំ ចាន់ថា បាន​ប្រាប់​អ្នក​សារព័ត៌មាន​នៅមុខ​ស្ថានទូត​ម៉ាឡេស៊ី ថា ពួកគាត់​នាំគ្នា​យក​ញត្តិ​មក​ដាក់​នៅ​ស្ថានទូត​នេះ ដោយ​យល់​ថា​ម៉ាឡេស៊ី​ក៏​ជា​ប្រទេស​ហត្ថលេខី​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ដែរ ទើប​សុំ​ឱ្យ​ជួយ​ជំរុញ​ទៅ​រដ្ឋាភិបាល​គោរព​សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ ដោយ​ដោះលែង​ស្វាមី​ពួកគាត់ និង​អ្នក​ផ្សេងៗ​ទៀត​ឱ្យ​មាន​សេរីភាព​វិញ។ អ្នកស្រី​បន្ត​ថា ស្វាមី​ពួកគាត់​ជាប់​ពន្ធនាគារ ២​ឆ្នាំ​មក​ហើយ ទាំង​ដែល​មិន​បាន​ធ្វើ​អ្វី​ខុស ប៉ុន្តែ​បែរជា​យក​ប្ដី​ពួកគាត់​ទៅ​ឃុំ​នៅ​ក្នុង​គុក​ទៅវិញ។

អ្នកស្រី​បង្ហាញ​ការ​សោកស្តាយ​ដែល​ស្ថានទូត​ម៉ាឡេស៊ី មិន​ចេញ​មក​ជួប និង​មក​ទទួល​យក​ញត្តិ​ពួកគាត់ ខណៈ​សន្តិសុខ​ដែល​យាម​នៅមុខ​ស្ថានទូត​នោះ ក៏​មិន​ទទួល​ដែរ ដែល​ផ្ទុយពី​ស្ថានទូត​ផ្សេងៗ​ទៀត​មាន​ដូចជា​សហរដ្ឋ​អាមេរិក ជប៉ុន រួម​ទាំង​ស្ថានទូត​ផ្សេង​ទៀត​តែង​មាន​តំណាង​របស់​គេ​ចេញ​មក​ទទួល។

អ្នកស្រី ព្រំ ចាន់ថា បាន​ចាត់ទុក​ការ​មិន​ចេញ​មក​ជួប និង​មិន​ទទួល​ញត្តិ​នេះ​កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ ទី​៤ មីនា នេះ ថា​ស្ថានទូត​ម៉ាឡេស៊ី​រើសអើង​ពួកគាត់​ដែល​ជា​គ្រួសារ​ជនរងគ្រោះ​ដោយសារ​ការប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ពី​សំណាក់​រដ្ឋាភិបាល​កម្ពុជា។

សារព័ត៌មាន The Cambodia Daily មិន​អាច​សុំ​ការ​បញ្ជាក់​ជុំវិញ​ករណី​នេះ​ពី​តំណាង​ស្ថានទូត​ម៉ាឡេស៊ី​ប្រចាំ​នៅ​កម្ពុជា​បាន​ទេ។

អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា ការ​រក​កិច្ច​អន្តរាគមន៍​ពី​ស្ថានទូត​នានា​នៅ​កម្ពុជា​របស់​ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ​នេះ មិន​អាច​ជួយ​អ្វី​បាន​ឡើយ។ លោក​ថា តុលាការ​ត្រូវ​ដោះស្រាយ​តាម​នីតិវិធី​របស់​តុលាការ ហើយ​គ្មាន​ស្ថាប័ន​អន្តរជាតិ និង​អង្គទូត​ណា​អាច​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​តុលាការ​ដែល​ជា​ស្ថាប័ន​ឯករាជ្យ​នៃ​រដ្ឋ​អធិបតេយ្យ​មួយ​បាន​ទេ។

កាលពី​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ ឆ្នាំ​២០២២ ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ​ក៏​បាន​នាំគ្នា​ស្វែងរក​កិច្ច​អន្តរាគមន៍​ពី​ស្ថានទូត​ជប៉ុន និង​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​ដែរ។

ស្វាមី​ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ​ដែល​ជា​សកម្មជន​គណបក្ស​ប្រឆាំង ត្រូវ​បាន​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​ចោទប្រកាន់​ពី​បទ «ញុះញង់ និង​រួម​គំនិត​ក្បត់» ពាក់ព័ន្ធ​នឹង​ការ​គាំទ្រ​ដំណើរ​វិល​ត្រឡប់​របស់​លោក សម រង្ស៊ី និង​មន្ត្រី​បក្ស​ប្រឆាំង​ផ្សេង​ទៀត។ បច្ចុប្បន្ន សកម្មជន​ទាំងនោះ​បាន​ជាប់​ពន្ធនាគារ​ម្នាក់ៗ ២​ឆ្នាំ ខណៈ​សំណុំរឿង​ពួកគេ តុលាការ​កំពុង​បើក​សវនាការ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស