29 C
Phnom Penh

លោក ហ៊ុន សែន ថា​បើ​មាន​ក្ដី​ក្ដាំ​នឹង​គ្នា កុំ​ឡើង​តុលាការ​ព្រោះ​អស់​លុយ​ច្រើន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ហ៊ុន សែន នៅ​ថ្ងៃ​ចន្ទ ទី​៧ មីនា នេះ ប្រាប់​ទៅ​ប្រជាពលរដ្ឋ​ឱ្យ​រក​វិធី​ដោះស្រាយ​ជម្លោះ​ក្រៅ​ប្រព័ន្ធ​តុលាការ ដើម្បី​កាត់បន្ថយ​ការ​ចំណាយ​ច្រើន។

ថ្លែង​ក្នុង​ពិធី​សម្ពោធ​ឱ្យ​ប្រើប្រាស់​មន្ទីរពេទ្យ​កម្ពុជា-ចិន នៅ​ខេត្ត​ត្បូងឃ្មុំ នា​ថ្ងៃ​ចន្ទ​នេះ លោក ហ៊ុន សែន អះអាង​ថា ខេត្ត​ត្បូងឃ្មុំ ដែល​ទើប​បំបែក​ចេញ​ពី​ខេត្ត​កំពង់ចាម នោះ មាន​ទាំង​សាលាដំបូង និង​សាលា​ឧទ្ធរណ៍ ដែល​ផ្ដល់​ភាព​ងាយស្រួល​ជាង​មុន​ដល់​ពលរដ្ឋ ដោយ​មិន​ចាំបាច់​ឡើង​ទៅ​សាលា​ឧទ្ធរណ៍​នៅ​រាជធានី​ភ្នំពេញ ដើម្បី​ស្វែងរក​យុត្តិធម៌​ដូច​ពេល​កន្លងមក។

លោក​ថា ការ​បង្កើត​សាលា​ឧទ្ធរណ៍​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​នៃ​ប្រទេស​កម្ពុជា​នា​ពេលនេះ ដើម្បី​ធ្វើ​កំណែ​ទម្រង់​ប្រព័ន្ធ​តុលាការ​ក្នុង​ការ​ផ្ដល់​សេវា​យុត្តិធម៌​ដល់​ពលរដ្ឋ​ឱ្យ​កាន់តែ​ប្រសើរ។

តែ​យ៉ាងណា លោក ហ៊ុន សែន អំពាវនាវ​ឲ្យ​ពលរដ្ឋ​ដោយ​កុំ​បង្កើត​ជម្លោះ ដោយ​ថា​ការ​មាន​ជម្លោះ ឬ​ក្ដី​ក្ដាំ​គ្នា​ម្ដងៗ គឺ​អស់​លុយ​ច្រើន ដោយសារតែ​ឡើង​តុលាការ ដូច្នេះ​លោក​ថា​បើ​មាន​ជម្លោះ គួរ​រក​វិធី​ដោះស្រាយ​ក្រៅ​ប្រព័ន្ធ​តុលាការ​វិញ។

ការ​ថ្លែង​របស់​លោក ហ៊ុន សែន នា​ពេលនេះ ហាក់ដូចជា​បង្ហាញ​ថា បើសិនជា​មិន​មាន​ប្រាក់​ទេ កុំ​ឡើង​តុលាការ​រក​យុត្តិធម៌​ធ្វើ​អី ខណៈ​កន្លង​មក ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា​បាន​រង​ការ​រិះគន់​ខ្លាំង​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ។

ជាក់ស្ដែង​កាលពី​ខែ​កុម្ភៈ ឆ្នាំ​២០២២ ឧត្ដមសេនីយ៍​ផ្កាយ​៣ ឧកញ៉ា ឌួង ងៀប បាន​លាតត្រដាង​អំពី​ការ​ទទួល​រង​ភាព​អយុត្តិធម៌​ដោយសារ​ប្រព័ន្ធ​តុលាការ​កម្ពុជា។ លោក ឌួង ងៀប បាន​និយាយ​នៅ​ក្នុង​វីដេអូ​ឃ្លីប​ចំនួន​ពីរ​ថា លោក​គ្មាន​លទ្ធភាព​រក​ប្រាក់​ជាង ៥​លាន​ដុល្លារ ដើម្បី​តម្កល់​នៅ​តុលាការ​តាម​ការ​បង្គាប់​របស់​ចៅក្រម ជា​ថ្នូរ​នឹង​មិន​ចេញ​ដីកា​ឃុំ​ខ្លួន​នោះ​ទេ ហើយ​ថា​បញ្ហា​នេះ លោក​ទាល់ច្រក​ហើយ និង​សម្រេច​ចិត្ត​ដើរ​ចូល​ពន្ធនាគារ​ដោយ​ខ្លួនឯង។

របាយការណ៍​របស់​អង្គការ​តម្លាភាព​អន្តរជាតិ ចេញផ្សាយ​កាលពី​ខែ​មករា ឆ្នាំ​២០២២ រក​ឃើញ​ថា អំពើពុករលួយ​នៅ​កម្ពុជា​រយៈពេល ២​ឆ្នាំ​ជាប់​គ្នាៗ​នៅតែ​ស្ថិត​ក្នុង​លំដាប់​ថ្នាក់​ខ្ពស់​ជាងគេ បើ​ធៀប​ទៅ​នឹង​ប្រទេស​ជា​សមាជិក​អាស៊ាន​ដទៃ​ទៀត ហើយ​ថា​ប្រព័ន្ធ​យុត្តិធម៌​ជា​ផ្នែក​មួយ​ដែល​បាន​ទាញ​ទម្លាក់​ពិន្ទុ​នៃ​ការ​វាយតម្លៃ​ពី​កម្រិត​អំពើពុករលួយ​នៅ​កម្ពុជា​នេះ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស