នៅក្នុងសំណេរមួយនៅលើបណ្ដាញសង្គមទ្វីតធើ (Twitter) សមាជិកព្រឹទ្ធសភាអាមេរិក លោក Lindsey Graham បានផ្ញើសារទៅប្រជាជនរុស្ស៊ី ឱ្យឡើងផ្ដួលរំលំលោក ពូទីន ពីអំណាច ដោយចាប់ទាញជនផ្ដាច់ការរុស្ស៊ីរូបនេះពីអំណាច ដោយការបញ្ចប់ជីវិតរបស់គាត់តែម្តង។ លោកបន្តថា តើនៅរុស្ស៊ីមានក្រុម Brutus ដែរឬទេ?
ក្រុម Brutus គឺជាក្រុមអត្តឃាត ជាក្រុមសម្លាប់មេដឹកនាំណាដែលផ្ដាច់ការ។ ក្រុមនេះធ្លាប់មាននៅក្នុងសង្គ្រាមលោកទី២ ដែលវរសេនីយ៍ឯកម្នាក់នៃកងទ័ពអាល្លឺម៉ង់ បានព្យាយាមសម្លាប់លោក Adolf Hitler តែមិនបានសម្រេចកាលពីឆ្នាំ១៩៤៤។
សាររបស់សមាជិកព្រឹទ្ធសភា Lindsey Graham បានហៅលោក Vladimir Putin ប្រធានាធិបតីរុស្ស៊ី ថាសមណាស់តែត្រូវបានប្រជាជនរុស្ស៊ីផ្ដួលរំលំ ព្រោះជនផ្ដាច់ការរូបនេះគំរាមសម្លាប់ពិភពលោកដោយអាវុធប្រល័យលោកនុយក្លេអ៊ែរ។ លោកថា កងទ័ពរបស់រុស្ស៊ីក្រោមបញ្ជារបស់លោក ពូទីន កំពុងវាយប្រហារលើជនស៊ីវិល ហើយសូម្បីរោងចក្រថាមពលនុយក្លេអ៊ែរ ក៏កងទ័ពរុស្ស៊ីវាយបំផ្លាញធ្វើឱ្យឆាបឆេះ ដែលជាការភ័យព្រួយពីការសាយភាយវិទ្យុសកម្មរ៉េអាក់ទ័ររបស់រោងចក្រនេះបណ្ដាលឱ្យប៉ះពាល់សុខភាព និងអាយុជីវិតមនុស្សរាប់ម៉ឺននាក់នៅអ៊ុយក្រែន។
លោកបន្តថា មានផ្លូវតែមួយគត់ដែលប្រជាជនរុស្ស៊ីត្រូវជ្រើសរើស គឺធ្វើឃាតលោក ពូទីន គឺទើបអូសគាត់ចេញពីអំណាចបាន ហើយបើពុំនោះទេ ពិភពលោកនឹងគ្រោះថ្នាក់ដោយសារជនផ្ដាច់ការរូបនេះ។
សមាជិកព្រឹទ្ធសភា លោក Graham ព្រមានថា ប្រសិនបើប្រជាជនរុស្ស៊ីមិនងើបឡើងអូសកលោក ពូទីន ពីអំណាចទេ គឺប្រទេសរុស្ស៊ី នឹងបន្តធ្លាក់ក្នុងភាពងងឹត និងស្ថិតនៅក្នុងភាពឯកោនៃពិភពលោក។
តែបើតាមការចុះផ្សាយរបស់បណ្ដាញផ្សាយព័ត៌មានរបស់អាមេរិក NPR ការអំពាវនាវរបស់សមាជិកព្រឹទ្ធសភា Lindsey Graham បាននាំឲ្យមានប្រតិកម្មខ្លះៗពីសមាជិកសភា និងព្រឹទ្ធសភាអាមេរិក ដោយហៅពាក្យសម្ដីរបស់លោក Graham ថាមានភាពសាហាវ។ សមាជិកព្រឹទ្ធសភា Ted Cruz នៃរដ្ឋតិចសាស់ បានប្រតិកម្មដោយហៅថាជាការប្រមាថ ហើយមានភាពមិនសមរម្យ។
រីឯសមាជិកសភា Omar D-Minn បានទទូចឱ្យលោក Graham ធ្វើចិត្តឲ្យត្រជាក់បន្តិច ព្រោះស្ថានការណ៍នៃសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមិនប្រុងប្រយ័ត្ន នឹងអាចទាញទៅរកសង្គ្រាមលោកទី៣។
នាយកទំនាក់ទំនងនៃស្ថាប័នព្រឹទ្ធសភា លោក Kevin Bishop បាននិយាយថា គេគួរប្រាប់ទៅប្រជាជនរុស្ស៊ីថា គួរបញ្ចប់របបលោក ពូទីន ដោយការធ្វើរដ្ឋប្រហារ គឺជាការសមរម្យមួយ។
តែយ៉ាងនេះក្ដី ឯកអគ្គរដ្ឋទូតរុស្ស៊ី ប្រចាំនៅសហរដ្ឋអាមេរិក លោក Anatoly Antonova បានប្រតិកម្មនឹងការអំពាវនាវរបស់សមាជិកព្រឹទ្ធសភា Graham ដោយបានហៅថាជាវោហារសាស្ត្រប្រមាថជីវិតមេដឹកនាំម្នាក់។
លោកថាសេចក្ដីថ្លែងការណ៍របស់អ្នកនយោបាយអាមេរិកដូចនេះ មិនអាចទទួលយកបានទេ។ តែជាមួយគ្នានេះ អ្នកនាំពាក្យសេតវិមាន Jen Psaki បាននិយាយថា ពាក្យសម្ដីរបស់លោក Graham មិនតំណាងឱ្យរដ្ឋការលោក បៃដិន នោះទេ គឺគ្រាន់តែជាទស្សនៈរបស់បុគ្គលម្នាក់ប៉ុណ្ណោះ។
យ៉ាងនេះក្ដី លោក ពូទីន កំពុងក្លាយជាមេដឹកនាំរុស្ស៊ីដែលជាប់ចោទពីបទឧក្រិដ្ឋកម្មសង្គ្រាមដោយតុលាការយុត្តិធម៌អន្តរជាតិ ICJ ករណីលើកទ័ពឈ្លានពានអ៊ុយក្រែន និងការបាញ់ប្រហារទៅលើសហគមន៍ស៊ីវិលនៅអ៊ុយក្រែន ហើយសំណុំរឿងកំពុងទាញឱ្យរបបលោក ពូទីន ទៅការពារខ្លួននៅតុលាការអន្តរជាតិមួយនេះតាមបណ្ដឹងរបស់ប្រធានាធិបតីអ៊ុយក្រែន លោក Zelenskiy៕