29 C
Phnom Penh

លោក ហ៊ុន សែន អះអាង​ថា​មិន​ឱ្យ​ប្រើ​វ៉ាក់សាំង​ហួស​សុពលភាព​ចាក់​ឱ្យ​ពលរដ្ឋ​ឡើយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ហ៊ុន សែន ថ្លែង​ថា ទោះបី​អត់​មាន​វ៉ាក់សាំង​ក៏ដោយ តែ​កម្ពុជា​មិន​ប្រើ​វ៉ាក់សាំង​ហួស​សុពលភាព​មក​ចាក់​ឱ្យ​ពលរដ្ឋ​នោះ​ដែរ ព្រោះ​កម្ពុជា​មិនមែន​ជា​កន្លែង​ប្រមូល និង​ស្តុក​ទុក​វ៉ាក់សាំង​ហួស​សុពលភាព​របស់​ម្ចាស់​ជំនួយ និង​ដៃគូ​ណា​មួយ​ឡើយ។

ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន ខេត្ត​ត្បូងឃ្មុំ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​០៧ ខែ​មីនា ឆ្នាំ​២០២២ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើង​ថា ប្រទេស​នៅ​អឺរ៉ុប​មួយ​ចំនួន​គ្រោង​នឹង​បញ្ជូន​វ៉ាក់សាំង​ឱ្យ​កម្ពុជា​នៅ​ក្នុង​ខែ​មីនា ប៉ុន្តែ​មកដល់​ថ្ងៃ​នេះ​ហើយ រូបលោក​នៅ​មិនទាន់​ដឹង​វ៉ាក់សាំង​ដែល​ផ្ដល់​ឱ្យ​កម្ពុជា​មកដល់​ថ្ងៃ​ណា​ឡើយ ខណៈ​ជំនួយ​វ៉ាក់សាំង​ខ្លះ​ផុត​កំណត់​នៅ​ចុង​ខែ​៣ នេះ។

លោក​អះអាង​ថា ករណី​នេះ​លោក​បាន​ប្រកាស​ដោយ​ហាម​កុំ​ឱ្យ​យក​វ៉ាក់សាំង​ហួស​កាលបរិច្ឆេទ​មក​ចាក់​ឱ្យ​ពលរដ្ឋ បើ​ទោះបី​កម្ពុជា​មិន​មាន​វ៉ាក់សាំង ក៏​មិន​ត្រូវ​ប្រើ​វ៉ាក់សាំង​ដែល​ហួស​សុពលភាព​នោះ​ដែរ។

យ៉ាងណាក៏ដោយ លោក ហ៊ុន សែន រំពឹង​ថា​រដ្ឋាភិបាល​ចិន នឹង​បន្ត​ផ្តល់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ-១៩ ដល់​កម្ពុជា​បន្ថែម​ទៀត។ លោក​ប្រកាស​ថា កម្ពុជា​មិនមែន​ជា​កន្លែង​ប្រមូល និង​ស្តុក​ទុក​វ៉ាក់សាំង​ហួស​សុពលភាព​របស់​ម្ចាស់​ជំនួយ និង​ដៃគូ​ណា​មួយ​ឡើយ។

អ្នកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូវីដ-១៩ បាន​លើកឡើង​ថា គិត​ត្រឹម​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ ឆ្នាំ​២០២២ នេះ កម្ពុជា​មាន​វ៉ាក់សាំង​បង្ការ និង​ទប់ស្កាត់​ការ​ឆ្លង និង​ការ​វាយលុក​ធ្ងន់ធ្ងរ​ពី​ជំងឺ​កូវីដ-១៩ ចំនួន ៤៣​លាន​ដូស។ អ្នកស្រី​ថា វ៉ាក់សាំង​ដែល​កម្ពុជា​បាន និង​កំពុង​ប្រើប្រាស់​ទាំងអស់ សុទ្ធតែ​ជា​ប្រភេទ​វ៉ាក់សាំង​ដែល​ស្ថិតនៅ​ក្នុង​បញ្ជី​ប្រើប្រាស់​បន្ទាន់​របស់​អង្គការ​សុខភាព​ពិភពលោក និង​អាច​ទទួល​ទុកចិត្ត​បាន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស