ប្រធានរាជបណ្ឌិត្យសភាកម្ពុជា លោក សុខ ទូច បានលើកឡើងថា ជនជាតិវៀតណាមដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា ជាពិសេសលើផ្ទះបណ្ដែតនៅបឹងទន្លេសាប បានប្រើប្រាស់ឧបករណ៍ខុសច្បាប់ដើម្បីឆក់ត្រីក្នុងទន្លេ ធ្វើឲ្យបាត់បង់ត្រីបឹងទន្លេសាបកម្ពុជា។
ក្នុងវីដេអូឃ្លីបជាង ១នាទី ដែលបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុករបស់លោក កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២ អំឡុងពេលចុះពិនិត្យមើលសកម្មភាពរបស់ជនជាតិវៀតណាមរស់នៅផ្ទះបណ្ដែតទឹកនៅបឹងទន្លេសាបក្នុងប្រទេសកម្ពុជា។
លោក សុខ ទូច លើកឡើងដោយប្រហែលសំដៅលើជនជាតិវៀតណាមថា អ្នកមករស់នៅលើទឹកដីកម្ពុជា អ្នកធ្វើមានធ្វើបាននៅលើទឹកដីខ្ញុំហើយ ចុះហេតុអ្វីអ្នកកម្ទេចត្រីនៅក្នុងទន្លេខ្ញុំទៀត។
លោកបន្តថា «អ្នកគិតទៅមើល អ្នកប្រព្រឹត្តខុសច្បាប់ អ្នកឆក់ត្រជាក់ (យ៉ាំងកាវ) ឆក់ក្តៅ ឈិបយន្ត ឆក់ទូកលឿនក្នុងដែន ៦០ម៉ែត្របួនជ្រុង ហើយអូសយកត្រីទាំងត្រីស្រកា ទាំងត្រីអត់ស្រកា។ ចំណែកឯត្រីតូចៗវិញ នៅពេលអ្នកប្រើការមិនកើត អ្នកបែរជាយកទៅធ្វើជី តើឱ្យខ្ញុំទ្រាំនឹងសកម្មភាពរបស់អ្នកបានយ៉ាងដូចម្តេចទៅ?»។
នៅក្នុងវីដេអូឃ្លីបជាង ១នាទីដដែល លោក សុខ ទូច ក៏បានលើកកាំភ្លើងបាញ់គំរាមទៅជនជាតិវៀតណាមមួយគ្រាប់ អំឡុងពេលដែលជនជាតិវៀតណាមរូបនោះបម្រុងបើកទូកគេច ដោយឧបករណ៍ឆក់ត្រជាក់យកត្រីនៅកន្លែងដែលពួកគេកំពុងរស់នៅលើផ្ទៃទឹកក្នុងបឹងទន្លេសាបកម្ពុជា។
បច្ចុប្បន្ន ជនជាតិវៀតណាមជាច្រើននាក់បាន និងកំពុងរស់នៅលើផ្ទះបណ្ដែតទឹកលើផ្ទៃបឹងទន្លេសាបនៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តមួយចំនួនក្នុងនោះខេត្តកំពង់ឆ្នាំង ព្រៃវែង រួមទាំងខេត្តកណ្ដាល ជាដើម ក្រោយពីរដ្ឋាភិបាលវៀតណាម មិនព្រមទទួលយកទៅស្រុកកំណើតវិញ។
កាលពីខែមិថុនា ឆ្នាំ២០២១ អាជ្ញាធររាជធានីភ្នំពេញបានជម្លៀសពលរដ្ឋវៀតណាម ដែលរស់នៅលើផ្ទះបណ្ដែតទឹកតាមដងទន្លេក្នុងខណ្ឌជ្រោយចង្វារ នោះឱ្យទៅរស់នៅខណ្ឌព្រែកព្នៅ វិញ។ ប៉ុន្តែអំឡុងពេលជម្លៀសនោះ ក៏បានធ្វើឱ្យពលរដ្ឋមួយចំនួនបាននាំគ្នាធ្វើដំណើរវិលត្រឡប់ទៅស្រុកកំណើតវិញតាមច្រកក្អមសំណ ស្រុកលើកដែក ខេត្តកណ្ដាល។ ហើយពេលទៅជិតដល់ព្រំដែននោះ វៀតណាមបានបិទច្រកដោយមិនទទួលយកពលរដ្ឋវៀតណាមឡើយ។
កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ លោក ប៉ោ ភក្តិ បានជំរុញឱ្យធ្វើវិសោធនកម្មច្បាប់អន្តោប្រវេសន៍ឆ្នាំ១៩៩៤ ជាបន្ទាន់ ដើម្បីធានាអំពីប្រសិទ្ធភាពនៃការគ្រប់គ្រងជនអន្តោប្រវេសន៍រស់នៅខុសច្បាប់។ ទោះជាយ៉ាងណាក៏ដោយ អាជ្ញាធរវៀតណាម មិនព្រមទទួលយកពលរដ្ឋរបស់ខ្លួន ទោះបីពួកគេខ្លះចង់ត្រឡប់ទៅវៀតណាមវិញក៏ដោយ៕