ប្រទេសរុស្ស៊ីទទួលរងទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរពីប្រទេសលោកសេរី ហើយនេះមិនមែនលើកទីមួយនោះទេ ក្នុងទសវត្សឆ្នាំ១៩៨០ ដែលពលរដ្ឋក្នុងអតីតសហភាពសូវៀតធ្លាប់រងទណ្ឌកម្មពីលោកខាងលិចរហូតដល់ឈរបន្តកន្ទុយរាប់គីឡូម៉ែត្រចាំទទួលយកការចែករបបនំប៉័ង។
ជាង ១០ថ្ងៃហើយ កងទ័ពរុស្ស៊ីឈ្លានពានប្រទេសអ៊ុយក្រែន មិនទាន់អាចត្រួតត្រាបានទាំងស្រុងនៅឡើយទេ ហើយទទួលរងទណ្ឌកម្មយ៉ាងធ្ងន់។ តើមេដឹកនាំរុស្ស៊ី គន់គូរខុសថាទណ្ឌកម្មសេដ្ឋកិច្ច និងហិរញ្ញវត្ថុមិនអាចប៉ះពាល់ដល់ជីវភាពពលរដ្ឋខ្លួនឬយ៉ាងណា?
ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) សម្រេចចិត្តបញ្ជូនទ័ពជិត ២សែននាក់ទាំងជើងគោក ទាំងជើងទឹក ទាំងជើងអាកាស ឡោមព័ទ្ធ វាយលុកលុយ ទន្រ្ទានឈ្លានពានប្រទេសអ៊ុយក្រែន ដែលបានឯករាជ្យ អធិបតេយ្យ មានបូរណភាពដែនដី ជាសមាជិកអង្គការសហប្រជាជាតិពេញលេញក្រោយការបោះឆ្នោតប្រជាមតិនៅខែធ្នូ ឆ្នាំ១៩៩១។ ជនជាតិនេះនិយាយភាសាអ៊ុយក្រែន អម្បូរភាសាស្លាវិក លាយឡំនឹងភាសារុស្ស៊ី និងភាសាប៉ូឡូញ។
រុស្ស៊ី ជាមហាអំណាចមួយលើលោកដែលមានគ្រឿងសព្វាវុធសម្បើមមហិមាសល់ពីអតីតសហភាពសូវៀត។ សូវៀតមានន័យថា ក្រុមប្រឹក្សាពិគ្រោះ ដែលបង្កើតដំបូងដោយរដ្ឋចំនួនបួនគឺ Russia, Belorussia, Ukraine, Transcaucasia ក្រោយបដិវត្តន៍វណ្ណៈអធនរំលាយរបបសក្ដិភូមិ សម្លាប់ផ្តាច់ពូជរាជវង្ស ស្តេច Czar Nikolay Alexandrovich Romanov ឬ Nicholas II នាឆ្នាំ១៩១៧ ដោយបក្ស Bolshevik ឬកម្មករ/កសិករក្រហមភាគច្រើនមាន Vladimir Lenin ជាអ្នកដឹកនាំ។
ប្រធានាធិបតី Vladimir Putin យកលេសជាច្រើនបែបដើម្បីវាយប្រហារលើប្រទេសអ៊ុយក្រែន៖ ដំបូងប្រាប់ពិភពលោកថា ហ្វឹកហាត់ធ្វើសមយុទ្ធយោធាម្នាក់ឯង ក្រោយមកថាជាមួយប្រទេសបែលឡារុស្ស ក្រោយមកថាធ្វើប្រតិបត្តិការពិសេស រួចវាយកាន់កាប់តំបន់ដន់បាសប៉ែកខាងកើត ថាដើម្បីការពារជនជាតិរុស្ស៊ី ពីការប្រល័យពូជសាសន៍ជនជាតិរបស់ខ្លួនប្រព្រឹត្តដោយរដ្ឋអំណាចអ៊ុយក្រែន ក្រោយមកថាមិនឲ្យអ៊ុយក្រែន ចូលជាសមាជិកសហភាពអឺរ៉ុប និងអង្គការសម្ពន្ធភាពយោធាណាតូ (North Atlantic Treaty Organization=NATO) ជាមួយនឹងប្រទេសជាអតីតសាធារណរដ្ឋក្នុងប្លុកអតីតសហភាពសូវៀតឯទៀត។ ប្រធានាធិបតីប្រទេសអ៊ុយក្រែន Volodymyr Zelenskiy មានបំណងឲ្យប្រទេសរបស់លោកចូលជាសមាជិកពិតមែន ប៉ុន្តែត្រូវបំពេញលក្ខខណ្ឌមួយចំនួន មុននឹងអាចចូលជាសមាជិកក្នុងនាមជាប្រទេសឯករាជ្យ អធិបតេយ្យ បន្ទាប់មកទៀតថាប្រធានាធិបតីអ៊ុយក្រែន ជាពួកអ៊ីទ្លែ។

ប្រធានាធិបតី ពូទីន គិតថាកម្លាំងរបស់ខ្លួនអាចវាយកាន់កាប់ គ្រប់គ្រង បន្តុបរដ្ឋាភិបាលអាយ៉ងមួយរណបក្រុងមូស្គូ ក្នុងរយៈពេល ២៤ម៉ោង ឬ ៤៨ម៉ោង។ រុស្ស៊ីបាញ់កាំភ្លើងធំ បាញ់មីស៊ីលពីរថក្រោះ ទម្លាក់គ្រាប់បែកពីយន្តហោះលើក្រុងធំៗចំតំបន់ជនស៊ីវិលរស់នៅបណ្តាលឲ្យស្លាប់ រងរបួសជាច្រើន និងបង្កើនចំនួនជនភៀសសឹកជិត ១លាននាក់រត់ទៅជ្រកក្នុងប្រទេសជិតខាង។
ស្ថានការណ៍កាន់តែតានតឹង សោកនាដកម្មលើពលរដ្ឋអ៊ុយក្រែនកាន់តែធ្ងន់ធ្ងរ ហើយពលរដ្ឋអ៊ុយក្រែនទាំងប្រុសទាំងស្រីក៏មិនព្រមលុតជង្គង់ចុះចាញ់ នៅតែបន្តប្រយុទ្ធតតាំងការពារទឹកដីរបស់គេ។
ហេតុការណ៍នេះ តម្រូវឲ្យប្រទេសលោកសេរីបស្ចិមទិសចាត់វិធានការបង្អង់ល្បឿនឈ្លានពានពីរុស្ស៊ី។ ដំបូង គេរួមគ្នាដាក់ទណ្ឌកម្មសេដ្ឋកិច្ច ផ្តាច់ជំនួញជាមួយគ្នាលើទំនិញធំៗ ៥យ៉ាងធ្លាប់ជួញដូរទិញលក់ជាមួយរុស្ស៊ីពីឆ្នាំ២០១៩ មក គឺ ប្រេងឥន្ធនៈ ឧស្ម័ន ធ្យូងថ្ម លោហធាតុមានតម្លៃ និងសិលា ធាតុដែក (iron) និងសំលោហៈ ឬដែករំលាយចូលគ្នា (steel) ជីរបាចដំណាំ ផលិតផលគីមី ប៉ុន្តែរុស្ស៊ីមិនទាន់បង្អង់ដៃទេ នៅតែសម្ដែងឫទ្ធិប្រើកម្លាំងយោធាវាយប្រហារឥតឈប់ឈរ។
សហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងប្រទេសសេរីជឿនលឿនឯទៀតមានជប៉ុន ជាដើម បន្តបន្ថែមទណ្ឌកម្មលើរដ្ឋការក្រុងមូស្គូ ដ៏ធ្ងន់ធ្ងរមិនធ្លាប់មានពីមុនមក គឺទណ្ឌកម្មហិរញ្ញវត្ថុ ពោលគឺកាត់ផ្ដាច់ចរាចររូបិយប័ណ្ណក្នុងជំនួញជាមួយធនាគារធំៗនៃប្រទេសរុស្ស៊ី ជាមួយធនាគារជាង ៤ម៉ឺនក្នុងពិភពលោក។
ទណ្ឌកម្មចុងក្រោយនេះ ប៉ះលើធនាគារជាតិរុស្ស៊ី ដែលមិនអាចប្រើប្រាស់ ដក បញ្ចេញបញ្ចូលទឹកប្រាក់ ៦០០ពាន់លានដុល្លារ។ ទំនិញសព្វសារពើឡើងថ្លៃ ពលរដ្ឋរុស្ស៊ីព្រួយបារម្ភនឹងលុយរូប៊លអត់តម្លៃ ធនាគារគ្មានរូបិយប័ណ្ណអន្តរជាតិដូរ ដូចជាដុល្លារ និងអឺរ៉ូ បានឈរតម្រង់ជួរទៅបើកលុយរបស់គេចេញពីធនាគារ។
តម្លៃហ៊ុនស្តុកនៃធនាគាររុស្ស៊ី Sberbank នៅទីផ្សារស្តុកនៅអង់គ្លេសអស់តម្លៃ ៩៥% ត្រូវបិទទ្វារ រដ្ឋាភិបាលរុស្ស៊ីអត់ចំណូល។ បន្ទាប់មក ប្រទេសទាំងអស់សហការគ្នាស្វែងរកទ្រព្យសម្បត្តិមហាសេដ្ឋីរុស្ស៊ី ដែលមានលុយដាក់ទុនជុំវិញពិភពលោកខាងអចលនទ្រព្យ មានដូចជាទិញដីធ្លី អគារ ផ្ទះសម្បែង ឬបើកក្រុមហ៊ុនធំៗផ្សេងៗជាដើម។
ប្រធានាធិបតី ពូទីន មានលុយរាប់ពាន់លានដុល្លារ មិនប្រើឈ្មោះខ្លួនផ្ទាល់ ដាក់ហ៊ុនជាមួយគូកនមិត្តសម្លាញ់ជាមហាសេដ្ឋីមួយក្តាប់តូច ហៅថា oligarch។ ក្រុមមនុស្សជំនិតមានការទុកចិត្តពីប្រធានាធិបតី ពូទីន រកស៊ីខាងលក់គ្រឿងអាវុធ គ្រប់គ្រងក្រុមហ៊ុនប្រេង/ឧស្ម័ន ខាងអចលនទ្រព្យ ទទួលផលវិបាកផ្ទាល់មុនគេពីទណ្ឌកម្មហិរញ្ញវត្ថុ។ អ្នកទាំងនោះបានសុំឲ្យ ពូទីន បញ្ចប់សង្គ្រាម។
តាមការផ្សាយពីសារព័ត៌មាន Bloomberg និង Yahoo មហាសេដ្ឋីរុស្ស៊ីប្រមាណ ២០នាក់ខាតទុនម្នាក់ៗប្រមាណជាង ១០ពាន់លានដុល្លារ ឬសរុបចំនួន ៨០ពាន់លានដុល្លារចាប់ពីថ្ងៃអនុវត្តទណ្ឌកម្មសេដ្ឋកិច្ច និងហិរញ្ញវត្ថុពីសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប។
មហាសេដ្ឋីជុំវិញលោក ពូទីន រួមមាន៖
- Alisher Usmanov ខាត ១៧០០លានដុល្លារ និងអស់កប៉ាល់ប្រណីតមួយគ្រឿងចតនៅអាល្លឺម៉ង់ មានតម្លៃ ៦០០លានដុល្លារ
- មហាសេដ្ឋីខាតធំជាងគេ គឺ Gennady Timchenko ពីក្រុមហ៊ុន វ៉ុលហ្គាហ្រ្គុប (Volga Group) គឺធ្លាក់ទ្រព្យសម្បត្តិពី ២២ពាន់លានដុល្លារមកនៅ ១១ពាន់លានដុល្លារ
- Leonid Mikhelson ថៅកែក្រុមហ៊ុន Novatek ខាតអស់ ១០៥០០លានដុល្លារ
- Alexei Mordashov ថៅកែក្រុមហ៊ុនរ៉ែ ខាតអស់ ៥៦០០លានដុល្លារ
- Vladimir Potanin ខាត ១/៣ នៃទ្រព្យសរុប ៨០ពាន់លានដុល្លារ
- ថៅកែក្រុមហ៊ុនធនាគារ Mikhail Fridman មិនអាចគ្រប់គ្រងកាន់កាប់ទ្រព្យរបស់ខ្លួនតម្លៃប្រមាណ ១០ពាន់លានដុល្លារ។
យោងតាមទស្សនាវដី្ត Forbes ផ្សាយថ្ងៃទី១ ខែមីនា ឥឡូវនេះរដ្ឋាភិបាលប្រទេសសេរីឃាត់ទុករឹបអូសកប៉ាល់ប្រណីតជិះដើរលេង ហៅថា yacht ពីមហាសេដ្ឋីរុស្ស៊ីដូចតទៅនេះដោយផ្តើមពីអាល្លឺម៉ង់ និងបារាំង៖
- Alexander Abramov កប៉ាល់ឈ្មោះ Titan តម្លៃ ៨២លានដុល្លារ ចុះឈ្មោះនៅប្រទេសកោះ Bermuda ឃើញចតនៅប្រទេសម៉ាល់ឌីវ
- Roman Abramovich មានកប៉ាល់ពីរឈ្មោះ Eclipse តម្លៃ ៤៣៨លានដុល្លារ ចុះឈ្មោះនៅ Bermuda ឃើញចតនៅម្តុំកោះ St. Martin និង British Virgin Islands និងកប៉ាល់មួយទៀតឈ្មោះ Solaris តម្លៃ ៤៧៤លានដុល្លារ ចុះឈ្មោះនៅ Bermuda ឃើញចតនៅ Barcelona ប្រទេសអេស្ប៉ាញ
- Farkhad Akhmedov កប៉ាល់ឈ្មោះ Luna តម្លៃ ១៩៦លានដុល្លារ ចុះឈ្មោះនៅប្រទេសកោះ Marshall Islands ឃើញចតនៅប្រទេសអាល្លឺម៉ង់
- Vagit Alekperov កប៉ាល់ឈ្មោះ Galactica Super Nova តម្លៃ ៦៧លានដុល្លារ ចុះឈ្មោះនៅកោះ Cayman Islands ឃើញចេញពីឆ្នេរសមុទ្រប្រទេស Montenegro
- Alexey Mordashov កប៉ាល់ពីរឈ្មោះ Lady M តម្លៃ ២៧លានដុល្លារ ចុះឈ្មោះនៅកោះ Cayman Islands ឃើញចតនៅប្រទេសអ៊ីតាលី និងកប៉ាល់ឈ្មោះ Nord មិនដឹងតម្លៃ ចុះឈ្មោះនៅកោះ Cayman Islands ឃើញចតនៅប្រទេសកោះ Seychelles
- Oleg Deripaska កប៉ាល់ឈ្មោះ Clio តម្លៃ ៥៨លានដុល្លារ ចុះឈ្មោះនៅកោះ Cayman Islands ឃើញចតនៅ Maldives
- Alexander Frolov កប៉ាល់ឈ្មោះ Dream តម្លៃ ៣លានដុល្លារ ចុះឈ្មោះនៅកោះ Cayman Islands ឃើញចតនៅ Croatia
- Sergei Galitsky កប៉ាល់ឈ្មោះ Quantum Blue តម្លៃ ២១៣លានដុល្លារ ចុះឈ្មោះនៅកោះ Cayman Islands ឃើញចត រួចចេញពីប្រទេស Monaco
- Andrei Guriev កប៉ាល់ឈ្មោះ Alfa Nero តម្លៃ ៨១លានដុល្លារ ចុះឈ្មោះនៅកោះ Cayman Islands ឃើញចតនៅកោះ St. Martin
- Igor Kesaev កប៉ាល់ពីរ ឈ្មោះ My Sky តម្លៃ ៣០លានដុល្លារ ចុះឈ្មោះនៅកោះ Cayman Islands ឃើញចតនៅ Maldives និងឈ្មោះ Sky តម្លៃ ២៣លានដុល្លារ ចុះឈ្មោះនៅកោះ Cayman Islands ឃើញចតនៅ St. Barths
- Anatoly Lomakin កប៉ាល់ឈ្មោះ Sea & Us តម្លៃ ៥៨លានដុល្លារ ចុះឈ្មោះនៅកោះ Marshall Islands ឃើញចតនៅប្រទេសអារ៉ាប់រួម
- Igor Makarov កប៉ាល់ឈ្មោះ Areti I តម្លៃ ៧លានដុល្លារ ចុះឈ្មោះនៅកោះ Cayman Islands ឃើញចតនៅ St. Augustine, Florida សហរដ្ឋអាមេរិក
- Iskander Makhmudov កប៉ាល់ឈ្មោះ Predator តម្លៃ ៥៥លានដុល្លារ ចុះឈ្មោះនៅកោះ Cayman Islands ឃើញចតនៅប្រទេសអ៊ីតាលី
- Andrey Melnichenko កប៉ាល់ពីរ ឈ្មោះ អេ (A) តម្លៃ ២០៤លានដុល្លារ ចុះឈ្មោះនៅកោះ Isle of Man ឃើញចតនៅប្រទេសអារ៉ាប់រួម និងឈ្មោះ SY A មិនដាក់តម្លៃ ចុះឈ្មោះនៅប្រទេសអង់គ្លេស ឃើញចតនៅប្រទេសអ៊ីតាលី
- Leonid Mikhelson កប៉ាល់ឈ្មោះ Pacific តម្លៃ ១១៥លានដុល្លារ ចុះឈ្មោះនៅកោះ Cayman Islands ឃើញចតនៅប្រទេស Costa Rica អាមេរិកកណ្តាល
- Andrei Molchanov កប៉ាល់ឈ្មោះ Aurora តម្លៃ ១១០លានដុល្លារ ចុះឈ្មោះនៅកោះ Cayman Islands ឃើញចតនៅ Barcelona ប្រទេសអេស្ប៉ាញ
- Alexander Nesis កប៉ាល់ឈ្មោះ Romea តម្លៃ ១១០លានដុល្លារ ចុះឈ្មោះនៅកោះ Cayman Islands ឃើញចតនៅប្រទេស Seychelles
- Vladimir Potanin កប៉ាល់ឈ្មោះ Nirvana ឬនិព្វាន មិនដាក់តម្លៃ ចុះឈ្មោះនៅកោះ Cayman Islands ឃើញចតនៅប្រទេស Maldives ក្នុងសមុទ្រឥណ្ឌា
- Mikhail Prokhorov កប៉ាល់ឈ្មោះ Palladium តម្លៃ ១៥៧លានដុល្លារ ចុះឈ្មោះនៅកោះ Cayman Islands ឃើញចតនៅ Barcelona ប្រទេសអេស្ប៉ាញ
- Dmitry Pumpyansky កប៉ាល់ឈ្មោះ Axioma តម្លៃ ៤២លានដុល្លារ ចុះឈ្មោះនៅកោះ Malta ឃើញចតនៅផែដែនដីអង់គ្លេស English Harbour, Antigua, Barbuda
- Viktor Rashnikov កប៉ាល់ឈ្មោះ Ocean Victory តម្លៃ ២៩៤លានដុល្លារ ចុះឈ្មោះនៅកោះ Cayman Islands ឃើញចតនៅប្រទេស Maldives
- Arkady Rotenberg កប៉ាល់ឈ្មោះ Rahil តម្លៃ ៣៨លានដុល្លារ ចុះឈ្មោះនៅប្រទេសរុស្ស៊ី ឃើញចតនៅ Istanbul ប្រទេសតួកគី
- Dmitry Rybolovlev កប៉ាល់ឈ្មោះ Anna មិនដាក់តម្លៃ ចុះឈ្មោះនៅកោះ Cayman Islands ឃើញចតនៅនៅអាមេរិកកណ្តាល តាមកោះ Canouan, St. Vincent, the Grenadines
- Anatoly Sedykh កប៉ាល់ឈ្មោះ Hermitage តម្លៃ ៧៣លានដុល្លារ ចុះឈ្មោះនៅកោះ Cayman Islands ឃើញចេញពីប្រទេស Seychelles
- Eugene Shvidler មានសញ្ជាតិអាមេរិកាំង និងអង់គ្លេស កប៉ាល់ឈ្មោះ Le Grand Bleu តម្លៃ ១០៩លានដុល្លារ ចុះឈ្មោះនៅប្រទេស Bermuda ឃើញចតនៅកោះ St. Martin
- Andrei Skoch កប៉ាល់ឈ្មោះ Madame Gu តម្លៃ ១៥៦លានដុល្លារ ចុះឈ្មោះនៅកោះ Cayman Islands ឃើញចតនៅប្រទេសអារ៉ាប់រួម
- Alexander Svetakov កប៉ាល់ឈ្មោះ Cloudbreak តម្លៃ ៩៨លានដុល្លារ ចុះឈ្មោះនៅកោះ Cayman Islands ឃើញចតនៅកោះ Seychelles
- Gennady Timchenko កប៉ាល់ឈ្មោះ Lena តម្លៃ ៨លានដុល្លារ ចុះឈ្មោះនៅកោះ British Virgin Islands ឃើញចតនៅប្រទេសអ៊ីតាលី
- Oleg Tinkov កប៉ាល់ពីរ ឈ្មោះ La Datcha មិនដាក់តម្លៃ ចុះឈ្មោះនៅរុស្ស៊ី ឃើញចតនៅ Cabo San Lucas ប្រទេសម៉ិកស៊ិក និងឈ្មោះ YCM90 តម្លៃ ២លានដុល្លារ ចុះឈ្មោះនៅកោះ Cayman Islands មិនទាន់ដឹងចតនៅឯណា
- Viktor Vekselberg កប៉ាល់ឈ្មោះ Tango តម្លៃ ៩០លានដុល្លារ ចុះឈ្មោះនៅប្រទេសកោះ Cook Islands ឃើញចតនៅ Palma de Mallorca ប្រទេសអេស្ប៉ាញ។
យោងតាមការផ្សាយក្នុងទូរទស្សន៍ MSNBC យប់ថ្ងៃសុក្រ ទី៤ មីនា ជនជាតិអ៊ុយក្រែន ឈ្មោះ Taras Ostapchu ជាអ្នកបច្ចេកទេសថែទាំកប៉ាល់មហាសេដ្ឋីរុស្ស៊ីម្នាក់ជាឈ្មួញគ្រឿងអាវុធ បានពន្លិចកប៉ាល់ចៅហ្វាយរបស់ខ្លួនលិចពាក់កណ្តាលតួក្នុងទឹក ព្រោះឈឺចាប់នឹងរុស្ស៊ីវាយប្រហារលើមាតុភូមិខ្លួនប៉ះចំអគារគាត់ធ្លាប់រស់នៅ។ អាជ្ញាធរអេស្ប៉ាញចាប់លោក Taras Ostapchu ឡើងតុលាការ ប៉ុន្តែដោះលែងវិញ។ Taras Ostapchu ថាលោកអត់ស្តាយក្រោយឡើយ បើមានឱកាស លោកនឹងធ្វើអ៊ីចឹងទៀត ព្រោះជាការឆ្លើយតបនឹងការឈ្លានពានបាញ់សម្លាប់ជនស៊ីវិល។ តុលាការដោះលែងវិញ ហើយឥឡូវនេះ លោកវិលចូលទៅស្រុកកំណើតកាន់កាំភ្លើងច្បាំងនឹងទាហានរុស្ស៊ី។
ទណ្ឌកម្មទាំងពីរប្រភេទ សេដ្ឋកិច្ចផង ហិរញ្ញវត្ថុផង ជំរុញឲ្យប្រធានាធិបតី ពូទីន ស្នើដោយទទូចឲ្យលោកខាងលិចឈប់បន្ថែមទណ្ឌកម្មធ្ងន់ធ្ងរតទៅទៀត។ លោកខាងលិចមិនទាន់ជឿទុកចិត្តលោក ពូទីន ទេ។ ការិយាល័យសុភាចារបុរសនៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC ចាប់ផ្តើមស៊ើបអង្កេតករណីឧក្រិដ្ឋកម្មសង្គ្រាមលើប្រធានាធិបតី ពូទីន។ ដំណាលពេលគ្នានេះ សហរដ្ឋអាមេរិក កាណាដា រួមទាំងសម្ពន្ធមិត្ត ១៩ប្រទេសនៅអឺរ៉ុប បន្តផ្តល់ជំនួយយោធា និងមនុស្សធម៌ទៅឲ្យកងទ័ព និងពលរដ្ឋស៊ីវិលអ៊ុយក្រែន ព្រោះឃើញសេចក្តីក្លាហានជនជាតិនេះ។
ប្រទេសបញ្ជូនជំនួយទាំងនោះក្រៅពីសហរដ្ឋអាមេរិក និងកាណាដា រួមមាន៖
- អាល្លឺម៉ង់ ១ពាន់រ៉ុកកែតកម្ទេចរថក្រោះ ៥០០កាំជ្រួចដីអាកាស Stinger (បាញ់យន្តហោះ);
- ស៊ុយអែត ៥ពាន់រ៉ុកកែតកម្ទេចរថក្រោះ និងអាវក្រោះ
- បារាំង ឲ្យប្រេងឥន្ធនៈ និងជំនួយមនុស្សធម៌
- អង់គ្លេស មិនបញ្ជាក់
- បែលហ្សិក ប្រេងឥន្ធនៈជិត ៤ពាន់តោន កាំភ្លើងយន្ត ៣ពាន់ដើម រ៉ុកកែតកម្ទេចរថក្រោះ ២០០ដើម
- ហុល្លង់ ឲ្យមីស៊ីល Stinger ២០០គ្រឿង កាំភ្លើងពួនបាញ់ចំណុចដៅ sniper និងមួកដែក
- សាធារណរដ្ឋឆេក ឲ្យកាំភ្លើងត្បាល់ ៤ពាន់ដើម កាំភ្លើងខ្លី ៣ម៉ឺនដើម កាំភ្លើងវែង ៧ពាន់ដើម កាំភ្លើងយន្ត ៣ពាន់ដើម និងគ្រាប់ ១លានគ្រាប់
- ព័រទុយហ្គាល់ ឲ្យកែវឆ្លុះពេលយប់ អាវក្រោះ មួកដែក គ្រាប់បែកដៃ កាំភ្លើងស្វ័យប្រវត្តិប្រភេទ G3
- ក្រិក មិនបញ្ជាក់ជំនួយ
- រ៉ូម៉ានី ជួយព្យាបាលអ្នករបួសតាមមន្ទីរពេទ្យចំនួន ១១ ឲ្យអាវក្រោះ មួកដែក និងសម្ភារៈផ្សេងទៀត
រីឯជំនួយមនុស្សធម៌៖
- អ៊ីតាលីជួយ ១១០លានអឺរ៉ូ
- ហុល្លង់ ២០លានអឺរ៉ូ
- អេស្ប៉ាញ ឲ្យបរិក្ខារពេទ្យ ២០តោន និងអាវក្រោះ
- អ៊ីស្រាអែល ឲ្យជំនួយ ១០០តោនជាបរិក្ខារពេទ្យ ម៉ាស៊ីនច្រោះទឹកស្អាត តង់ ភួយរុំដេក
- ក្រិក និងតួកគី បញ្ជូនជំនួយមនុស្សធម៌តាមឡានដឹកជញ្ជូនតាមរយៈអង្គការអឌ្ឍចន្ទក្រហម កាត់តាមប្រទេសរ៉ូម៉ានី ម៉ុលដូវ៉ា ប៉ូឡូញ។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) និយាយថា វិធីដាក់ទណ្ឌកម្មធ្ងន់ៗនៅមានទៀតមិនទាន់អស់ទេ៕