នៅក្នុងថ្ងៃអបអរសាទរខួបលើកទី១១១ នៃទិវាអន្តរជាតិនារី ៨ មីនា លោកស្រី ហុយ ម៉ៃ ជនរងគ្រោះនៅក្នុងជម្លោះដីធ្លីដែលបានបាត់បង់គ្រប់យ៉ាងតាំងពីទ្រព្យសម្បត្តិ គ្រួសារ ដោយសារតែតស៊ូប្រឆាំងជាមួយក្រុមហ៊ុន Mitr Phol ដែលជាក្រុមហ៊ុនស្ករសដ៏ធំបំផុតនៅអាស៊ី និងអ្នកផ្គត់ផ្គង់ដ៏សំខាន់មួយក្នុងចំណោមអ្នកផ្គត់ផ្គង់ធំបីរបស់ក្រុមហ៊ុនកូកាកូឡា ស្នើទៅដល់រដ្ឋាភិបាលផ្តល់យុត្តិធម៌ដល់ជនរងគ្រោះទាំងអស់ និងឈប់ធ្វើបាបស្ត្រីដែលរងគ្រោះនៅក្នុងជម្លោះដីធ្លី។
ស្ត្រីវ័យ ៦០ឆ្នាំ មានកូន ៨នាក់ អ្នកស្រី ហុយ ម៉ៃ បានខិតខំតស៊ូប្រឆាំងជាមួយក្រុមហ៊ុន Mitr Phol ដែលជាក្រុមហ៊ុនស្ករសដ៏ធំបំផុតនៅអាស៊ីតាំងពីឆ្នាំ២០០៩។ ករណីក្តីក្ដាំរបស់អ្នកស្រីនៅតុលាការនៃប្រទេសថៃ នៅតែបន្តនៅឡើយ ពីព្រោះនៅខែកក្កដា ឆ្នាំ២០២០ កន្លងទៅ អ្នកស្រី និងជនរងគ្រោះផ្សេងទៀតទទួលបានសេចក្តីសម្រេចយល់ស្របពីសាលាឧទ្ធរណ៍ថៃ បានអនុញ្ញាតឲ្យគ្រួសាររងគ្រោះដាក់ពាក្យបណ្តឹងជាសមូហភាព ហើយរឿងក្តីនេះកំពុងមានដំណើរឆ្ពោះទៅរកសវនាការ។
គ្រួសាររបស់លោកស្រី ហុយ ម៉ៃ បានក្លាយជាគ្រួសារអនាថា ជាស្ត្រីមេម៉ាយ ព្រាត់ប្រាសម្តាយកូន និងគ្មានប្រាក់ចំណូលចាប់តាំងពីឆ្នាំ២០០៩ បន្ទាប់ពីកងរាជអាវុធហត្ថបានដុតផ្ទះរបស់អ្នកស្រី និងផ្ទះប្រជាជនជាង ១០០គ្រួសារផ្សេងទៀតនៅភូមិបុស្ស សង្កាត់កូនក្រៀល ស្រុកសំរោង ខេត្តឧត្តរមានជ័យ។
អ្នកស្រីបានថ្លែងថា កូនរបស់អ្នកស្រី ៤នាក់បានទៅរកការងារធ្វើនៅប្រទេសថៃ ប៉ុន្តែបាត់ខ្លួនម្នាក់រហូតមកដល់សព្វថ្ងៃមិនដឹងស្លាប់ ឬរស់នោះឡើយ។ ចំណែកឯប្តីរបស់លោកស្រីបានស្លាប់ ដោយសារតែពិបាកចិត្តព្រោះតែដីកាចាប់ខ្លួនរបស់តុលាការ។ លោកស្រីថា សព្វថ្ងៃនេះលោកស្រីរស់នៅដូចនាងបដាចារ ក្រឡេកទៅនេះបាត់កូន ក្រឡេកទៅនោះបាត់ប្តី ឥឡូវនៅតែពីរកូន។
ការបាត់បង់គ្រប់យ៉ាងរបស់គ្រួសារលោកស្រី និងពលរដ្ឋរាប់រយគ្រួសារទៀត ដោយសារក្រុមហ៊ុន Mitr Phol ដែលជាក្រុមហ៊ុនរបស់លោក Isara Vongkusolkit ប្រធានសភាពាណិជ្ជកម្មរបស់ថៃ ជាបុរសម្នាក់ដែលមានតម្លៃខ្លួន ១,៥ពាន់លានដុល្លារ គឺគាត់ជាសេដ្ឋីមានបំផុតទី២០ នៅក្នុងប្រទេសថៃ។

លោកស្រីបានថ្លែងថា បើសិនមន្ត្រីមិនពុករលួយ ក៏ក្រុមហ៊ុនគេមិនធ្វើអំពើសាហាវឃោរឃៅចំពោះអ្នកភូមិនៅទីនេះដែរ។ គេដុតផ្ទះ និងប្លន់យកដីរបស់ពួកអ្នកភូមិ គេប្លន់យកដីរបស់លោកស្រី ហើយគេចាប់លោកស្រីដាក់គុកទាំងមានផ្ទៃពោះ ៥ខែ។ លោកស្រីបានសម្រាលកូនក្នុងគុក គេគ្រាន់តែយកលោកស្រីទៅសម្រាលកូននៅពេទ្យខេត្តមួយភ្លែត នៅពេលដែលសម្រាលកូនរួច គេយកទាំងកូនទាំងម្តាយមកដាក់គុកវិញភ្លាម ដោយមិនបានឲ្យដេកពេទ្យសូម្បីតែមួយយប់។
អ្នកស្រីបានថ្លែងថា អ្នកស្រីបានចេញពីពន្ធនាគារវិញក្រោយពីបានទទួលយកសំណងពីក្រុមហ៊ុន បន្ទាប់ពីជាប់ពន្ធនាគារអស់រយៈពេល ៨ខែ ដោយលោកស្រីពុំដឹងថាគេចោទអំពីរឿងអ្វីផង។
បច្ចុប្បន្ន លោកស្រីបានទទួលដី ២ហិកតារដែលរដ្ឋាភិបាលធ្វើសម្បទានសង្គមកិច្ចឲ្យទៅពលរដ្ឋ ដោយអះអាងថាពុំមែនជាការផ្តល់ឲ្យតាមការទាមទាររបស់ពលរដ្ឋ បន្ទាប់ពីក្រុមហ៊ុនបានប្រគល់មកឲ្យរដ្ឋាភិបាលវិញ។
អ្នកស្រី ហុយ ម៉ៃ អះអាងថា កាលនោះនៅពេលដែលគេដុតផ្ទះហើយ អ្នកស្រីបានព្យាយាមដើររយៈពេលបីថ្ងៃកាត់ព្រៃរហូតដល់ខេត្តសៀមរាប ទើបមានរថយន្តជិះទៅទីក្រុងភ្នំពេញ ដើម្បីស្វែងរកការអន្តរាគមន៍ពីលោក ហ៊ុន សែន។ អ្នកស្រីថា អ្នកស្រីបានលក់គោ និងក្របីចំនួន ២០ក្បាល ដើម្បីបានប្រាក់ធ្វើដំណើរមករាជធានីភ្នំពេញស្វែងរកយុត្តិធម៌ ប៉ុន្តែអ្នកស្រីនៅតែមិនទទួលបានយុត្តិធម៌ដដែល។
អ្នកស្រីថា សព្វថ្ងៃនេះលោកស្រីរស់នៅវិលវល់ដោយពុំដឹងច្បាស់ថាត្រូវធ្វើអ្វីទៀតនោះទេ ក្រៅតែពីរង់ចាំដំណោះស្រាយពីតុលាការប្រទេសថៃ និងបន្តទាមទារឲ្យអាជ្ញាធរផ្តល់ដីដល់ពលរដ្ឋ ៩២គ្រួសារទៀតក្នុងចំណោមពលរដ្ឋ ២១៤គ្រួសារ។

អ្នកស្រីថា បើតាមការជូនដំណឹង តុលាការប្រទេសថៃនឹងបើកសវនាការលើសំណុំរឿងរបស់ពួកលោកស្រីនៅខែមេសា ខាងមុខនេះ។
អ្នកស្រីថា នៅក្នុងថ្ងៃបុណ្យទិវាសិទ្ធិនារីអន្តរជាតិ អ្នកស្រីមិនចង់បានអីនោះទេ ក្រៅតែពីទទូចឱ្យរដ្ឋាភិបាល ក៏ដូចជាមន្ត្រីពាក់ព័ន្ធផ្តល់យុត្តិធម៌ដល់ជនរងគ្រោះទាំងអស់ ជាពិសេសក្រុមស្ត្រីៗតែម្តង សូមឈប់ធ្វើបាបពួកគាត់។ បើពួកគាត់មិនរងគ្រោះ គាត់ក៏មិនចេញពីផ្ទះឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយរកយុត្តិធម៌នោះដែរ។
អ្នកស្រីថា អស់លោកដឹងហើយថា ស្ត្រីខ្មែរគឺសុភាពរាបសារណាស់ នៅពេលណាដែលឃើញពួកគាត់ដើរទាមទារតាមថ្នល់ គឺមានន័យថាគាត់កាត់កេរ្តិ៍ខ្មាសហើយ ដើម្បីជីវិត និងគ្រួសាររបស់ពួកគាត់។
មិនខុសគ្នាប៉ុន្មាន លោក ស្មិន តិ ជាតំណាងប្រជាពលរដ្ឋនៅស្រុកសំរោង ខេត្តឧត្តរមានជ័យ បានថ្លែងថា ក្រុមរបស់លោកនៅតែទាមទារឲ្យក្រសួងកសិកម្ម ដែលបានដកដីពីក្រុមហ៊ុនអង្គរស៊ូហ្គើរខេន និងទន្លេស៊ូហ្គើរខេន កាលពីឆ្នាំ២០១៥ ដើម្បីពន្លឿននីតិវិធីប្រគល់ដីឲ្យពលរដ្ឋចំនួន ៩២គ្រួសារទៀតឲ្យបានឆាប់រហ័ស។ លោកថា ពលរដ្ឋរងគ្រោះជាង ១០ឆ្នាំមកហើយ ពួកគាត់ត្រូវការដីដើម្បីបង្កបង្កើនផល។
បើយោងតាមសេចក្តីថ្លែងការណ៍របស់អង្គការសមធម៌កម្ពុជា និងអង្គការ Inclusive Development International កន្លងមកបានឲ្យដឹងថា កាលពីឆ្នាំ២០១៨ ភាគីដើមបណ្ដឹងបានដាក់ពាក្យបណ្តឹងទៅកាន់តុលាការថៃ ដោយចោទប្រកាន់ក្រុមហ៊ុន Mitr Phol ពីបទឃុបឃិតក្នុងរឿងបណ្តេញចេញដោយហិង្សាមកលើពលរដ្ឋខ្មែរជាង ៧០០គ្រួសារនៅតំបន់ជនបទភាគពាយ័ព្យប្រទេសនៅចន្លោះឆ្នាំ២០០៨ និង ២០០៩។ ហើយនៅឆ្នាំ២០១៥ គណៈកម្មាធិការសិទ្ធិមនុស្សថៃ បានរកឃើញថា ក្រុមហ៊ុន Mitr Phol មានការទទួលខុសត្រូវផ្ទាល់ ដោយស្នើឲ្យក្រុមហ៊ុននេះ «កែប្រែ និងផ្តល់ជាសំណងដល់ការប៉ះពាល់» ប៉ុន្តែភាគីដើមបណ្តឹងមិនទាន់ទទួលបានសំណងនៅឡើយទេ។
កាលពីឆ្នាំ២០១៥ រដ្ឋាភិបាលបានចេញក្រឹត្យមួយដែលលុបចោលដីសម្បទានរបស់ក្រុមហ៊ុន Mitr Phol ដែលមានផ្ទៃដីប្រហែល ២ម៉ឺនហិកតារ គឺទំហំជិតពីរដងលើដែនកំណត់របស់ច្បាប់។ បន្ទាប់ពីដីនោះទំនេរ ត្រូវបានអង្គភាពយោធាដែលប្រតិបត្តិការនៅដីសម្បទាន គឺកងវរសេនាតូចលេខ៤១ ដែលដឹកនាំដោយឧត្តមសេនីយ៍ ឈាង គីម។ អង្គភាពនេះត្រូវបានគាំទ្រដោយក្រុមហ៊ុន Chub Rubber របស់លោកឧកញ៉ា លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភារបស់គណបក្សកាន់អំណាច។ នេះបើយោងតាមក្រឹត្យឆ្នាំ២០១០ ដែលបានបង្កើតប្រព័ន្ធទំនាក់ទំនងរវាងកងកម្លាំងសន្តិសុខនាយកដ្ឋានរដ្ឋាភិបាល និងអាជីវកម្មឯកជនជាផ្លូវការ។
លោកឧកញ៉ា លី យ៉ុងផាត់ ជាប់ពាក់ព័ន្ធនឹងដីសម្បទានរបស់ក្រុមហ៊ុន Mitr Phol ពីព្រោះមន្ត្រីមូលដ្ឋានតែងតែឲ្យអ្នកភូមិដាក់ពាក្យបណ្តឹងប្រឆាំងនឹងក្រុមហ៊ុន Mitr Phol ទៅលោក លី យ៉ុងផាត់ ព្រោះដីសម្បទាននោះជារបស់លោក លី យ៉ុងផាត់។ លោកឧកញ៉ា លី យ៉ុងផាត់ បានប្រាប់សារព័ត៌មានក្នុងស្រុកកន្លងមកថា ដីទាំងអស់ដែលមានជម្លោះ ក្រុមហ៊ុនបានប្រគល់ទៅរដ្ឋាភិបាលវិញអស់ហើយ ដោយសារតែពលរដ្ឋ និងអង្គការសង្គមស៊ីវិលបង្កើតបញ្ហាច្រើនពេក ដូច្នេះដី គឺអាស្រ័យលើរដ្ឋាភិបាលចង់ធ្វើ ព្រោះក្រុមហ៊ុនមិនធ្វើអាជីវកម្មទៀតទេ ហើយក្រុមហ៊ុនទាំងនោះមិនជាប់ពាក់ព័ន្ធនឹងរូបលោកទេ។
លោក ស្រី ណារ៉េន អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក ប្រចាំខេត្តឧត្តរមានជ័យ បានឲ្យសារព័ត៌មាន The Cambodia Daily ដឹងថា នៅក្នុងចំណោមពលរដ្ឋរងគ្រោះ ២១៤គ្រួសារ គឺនៅពលរដ្ឋ ៩២គ្រួសារទៀតមិនទាន់ទទួលបានដីនៅឡើយ។ លោកថា មូលហេតុគេថាចាំពិនិត្យលើឯកសារ ហើយការដោះស្រាយនេះអាជ្ញាធរបានអះអាងកន្លងមកថា មិនមែនដោះស្រាយតាមបណ្តឹងរបស់ពលរដ្ឋនោះទេ តែខាងអាជ្ញាធរធ្វើដីសម្បទានសង្គមកិច្ចដល់ពលរដ្ឋទាំងអស់នោះ។
លោកបានថ្លែងបន្តទៀតថា ក្នុងនោះមានអង្គការសង្គមស៊ីវិលលោកស្នើទៅដល់អាជ្ញាធរកុំយកលេសច្រើនពេក អាជ្ញាធរគួរដោះស្រាយឲ្យពួកគាត់ទទួលបានដីទាំងអស់គ្នា ព្រោះពួកគាត់បានបាត់បង់ផលប្រយោជន៍ជាង ១០ឆ្នាំហើយ។ លោកទទូចស្នើដល់អាជ្ញាធរធ្វើយ៉ាងណាឲ្យពលរដ្ឋរងគ្រោះទទួលបានយុត្តិធម៌ស្មើៗគ្នា។
បើតាមរបាយការណ៍សមាគមការពារសិទ្ធិមនុស្សអាដហុក ដែលចេញផ្សាយកាលពីថ្ងៃទី៨ ខែកុម្ភៈ ដោយមានចំណងជើងថា «ការបន្តចោទប្រកាន់-ការចាប់ឃុំខ្លួនពលរដ្ឋក្នុងរឿងវិវាទដីធ្លី» ឱ្យដឹងថា ក្នុងឆ្នាំ២០២១ ពលរដ្ឋដែលរងគ្រោះដោយសារជម្លោះដីធ្លីចំនួន ១៧០៣៣គ្រួសារ ក្នុងនោះមានជនជាតិដើមភាគតិចចំនួន ១៣៤៧គ្រួសារ។
អាដហុកដដែលថា វិវាទដីធ្លីធំៗបានកើនឡើងខ្ពស់មានលក្ខណៈធ្ងន់ធ្ងរ ដោយមានការប្រើអំពើហិង្សា វាយបង្ក្រាប ចាប់ខ្លួន ឃុំខ្លួន និងបាញ់ប្រហារទៅលើប្រជាពលរដ្ឋ ខណៈពលរដ្ឋដែលត្រូវបានចាប់ខ្លួនបានធ្លាក់ខ្លួនឈឺធ្ងន់ក្នុងពន្ធនាគារ ដូចជាករណីវិវាទនៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល រវាងក្រុមហ៊ុន OCIC ដែលអភិវឌ្ឍធ្វើព្រលានយន្តហោះថ្មី ខណៈករណីវិវាទនៅក្នុងស្រុកស្អាងក៏មានសកម្មជនម្នាក់ស្លាប់ក្រោយពេលបញ្ជូនពីពន្ធនាគារដល់មន្ទីរពេទ្យ។
លោកស្រី ម៉ៃ ថ្លែងថា៖ «បើកុំតែមានជម្លោះ ម្ល៉េះខ្ញុំក៏មិនព្រាត់ប្តី ព្រាត់កូន និងក្លាយជាស្ត្រីមេម៉ាយរស់នៅគ្មានកោះគ្មានត្រើយដូចសព្វថ្ងៃនេះទេ។ បើអ្នកដឹកនាំឱ្យតម្លៃទៅលើស្ត្រី សូមមេត្តាឈប់ធ្វើទុក្ខបុកម្នេញស្ត្រីរងគ្រោះទៀត។ អាជ្ញាធរគួរតែបង្កើនការយកចិត្តទុកដាក់ជាពិសេសទៅលើស្ត្រីដែលស្វែងរកយុត្តិធម៌»៕