ផ្ទះ​ប្រជាពលរដ្ឋ​ដែល​ត្រូវ​បាន​ដុត​បំផ្លាញ។ (រូបថត​ឯកសារ)

ជម្លោះដីធ្លី

ស្ត្រី​រងគ្រោះ​ដោយសារ​ក្រុមហ៊ុន​ស្ករស​ដ៏​ធំ​បំផុត​នៅ​អាស៊ី ស្នើ​រដ្ឋាភិបាល​ផ្តល់​យុត្តិធម៌​និង​ឈប់​ធ្វើ​បាប​ស្ត្រី​ដែល​តវ៉ា​រក​យុត្តិធម៌

By ឌឹ ខេមបូឌា ដេលី

March 09, 2022

នៅ​ក្នុង​ថ្ងៃ​អបអរ​សាទរ​ខួប​លើក​ទី​១១១ នៃ​ទិវា​អន្តរជាតិ​នារី ៨ មីនា លោកស្រី ហុយ ម៉ៃ ជនរងគ្រោះ​នៅ​ក្នុង​ជម្លោះ​ដីធ្លី​ដែល​បាន​បាត់បង់​គ្រប់​យ៉ាង​តាំងពី​ទ្រព្យសម្បត្តិ គ្រួសារ ដោយសារតែ​តស៊ូ​ប្រឆាំង​ជាមួយ​ក្រុមហ៊ុន Mitr Phol ដែល​ជា​ក្រុមហ៊ុន​ស្ករស​ដ៏​ធំ​បំផុត​នៅ​អាស៊ី និង​អ្នក​ផ្គត់ផ្គង់​ដ៏​សំខាន់​មួយ​ក្នុង​ចំណោម​អ្នក​ផ្គត់ផ្គង់​ធំ​បី​របស់​ក្រុមហ៊ុន​កូកាកូឡា ស្នើ​ទៅ​ដល់​រដ្ឋាភិបាល​ផ្តល់​យុត្តិធម៌​ដល់​ជនរងគ្រោះ​ទាំងអស់ និង​ឈប់​ធ្វើ​បាប​ស្ត្រី​ដែល​រងគ្រោះ​នៅ​ក្នុង​ជម្លោះ​ដីធ្លី។

ស្ត្រី​វ័យ ៦០​ឆ្នាំ មាន​កូន ៨​នាក់ អ្នកស្រី ហុយ ម៉ៃ បាន​ខិតខំ​តស៊ូ​ប្រឆាំង​ជាមួយ​ក្រុមហ៊ុន Mitr Phol ដែល​ជា​ក្រុមហ៊ុន​ស្ករស​ដ៏​ធំ​បំផុត​នៅ​អាស៊ី​តាំងពី​ឆ្នាំ​២០០៩។ ករណី​ក្តី​ក្ដាំ​របស់​អ្នកស្រី​នៅ​តុលាការ​នៃ​ប្រទេស​ថៃ នៅតែ​បន្ត​នៅឡើយ ពីព្រោះ​នៅ​ខែ​កក្កដា ឆ្នាំ​២០២០ កន្លងទៅ អ្នកស្រី និង​ជនរងគ្រោះ​ផ្សេង​ទៀត​ទទួល​បាន​សេចក្តី​សម្រេច​យល់ស្រប​ពី​សាលា​ឧទ្ធរណ៍​ថៃ បាន​អនុញ្ញាត​ឲ្យ​គ្រួសារ​រងគ្រោះ​ដាក់​ពាក្យ​បណ្តឹង​ជា​សមូហភាព ហើយ​រឿង​ក្តី​នេះ​កំពុង​មាន​ដំណើរ​ឆ្ពោះ​ទៅ​រក​សវនាការ។

គ្រួសារ​របស់​លោកស្រី ហុយ ម៉ៃ បាន​ក្លាយ​ជា​គ្រួសារ​អនាថា ជា​ស្ត្រី​មេម៉ាយ ព្រាត់ប្រាស​ម្តាយ​កូន និង​គ្មាន​ប្រាក់ចំណូល​ចាប់តាំង​ពី​ឆ្នាំ​២០០៩ បន្ទាប់ពី​កង​រាជ​អាវុធហត្ថ​បាន​ដុត​ផ្ទះ​របស់​អ្នកស្រី និង​ផ្ទះ​ប្រជាជន​ជាង ១០០​គ្រួសារ​ផ្សេង​ទៀត​នៅ​ភូមិ​បុស្ស សង្កាត់​កូនក្រៀល ស្រុក​សំរោង ខេត្ត​ឧត្តរមានជ័យ។

អ្នកស្រី​បាន​ថ្លែង​ថា កូន​របស់​អ្នកស្រី ៤​នាក់​បាន​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ ប៉ុន្តែ​បាត់​ខ្លួន​ម្នាក់​រហូត​មកដល់​សព្វថ្ងៃ​មិន​ដឹង​ស្លាប់ ឬ​រស់​នោះ​ឡើយ។ ចំណែក​ឯ​ប្តី​របស់​លោកស្រី​បាន​ស្លាប់ ដោយសារតែ​ពិបាក​ចិត្ត​ព្រោះ​តែ​ដីកា​ចាប់​ខ្លួន​របស់​តុលាការ។ លោកស្រី​ថា សព្វថ្ងៃ​នេះ​លោកស្រី​រស់នៅ​ដូច​នាងបដាចារ ក្រឡេក​ទៅ​នេះ​បាត់​កូន ក្រឡេក​ទៅ​នោះ​បាត់​ប្តី ឥឡូវ​នៅតែ​ពីរ​កូន។

ការ​បាត់បង់​គ្រប់​យ៉ាង​របស់​គ្រួសារ​លោកស្រី និង​ពលរដ្ឋ​រាប់​រយ​គ្រួសារ​ទៀត ដោយសារ​ក្រុមហ៊ុន Mitr Phol ដែល​ជា​ក្រុមហ៊ុន​របស់​លោក Isara Vongkusolkit ប្រធាន​សភា​ពាណិជ្ជកម្ម​របស់​ថៃ ជា​បុរស​ម្នាក់​ដែល​មាន​តម្លៃ​ខ្លួន ១,៥​ពាន់​លាន​ដុល្លារ គឺ​គាត់​ជា​សេដ្ឋី​មាន​បំផុត​ទី​២០ នៅ​ក្នុង​ប្រទេស​ថៃ។

លោកស្រី ហុយ ម៉ៃ ជនរងគ្រោះ​នៅ​ក្នុង​ជម្លោះ​ដីធ្លី​ដែល​បាន​បាត់បង់​គ្រប់​យ៉ាង​តាំងពី​ទ្រព្យសម្បត្តិ គ្រួសារ ដោយសារតែ​តស៊ូ​ប្រឆាំង​ជាមួយ​ក្រុមហ៊ុន Mitre Phol ដែល​ជា​ក្រុមហ៊ុន​ស្ករស​ដ៏​ធំ​បំផុត​នៅ​អាស៊ី។ (រូបថត​ឯកសារ)

លោកស្រី​បាន​ថ្លែង​ថា បើ​សិន​មន្ត្រី​មិន​ពុករលួយ ក៏​ក្រុមហ៊ុន​គេ​មិន​ធ្វើ​អំពើ​សាហាវ​ឃោរឃៅ​ចំពោះ​អ្នក​ភូមិ​នៅ​ទីនេះ​ដែរ។ គេ​ដុត​ផ្ទះ និង​ប្លន់​យក​ដី​របស់​ពួក​អ្នក​ភូមិ គេ​ប្លន់​យក​ដី​របស់​លោកស្រី ហើយ​គេ​ចាប់​លោកស្រី​ដាក់​គុក​ទាំង​មាន​ផ្ទៃពោះ ៥​ខែ។ លោកស្រី​បាន​សម្រាល​កូន​ក្នុង​គុក គេ​គ្រាន់តែ​យក​លោកស្រី​ទៅ​សម្រាល​កូន​នៅ​ពេទ្យ​ខេត្ត​មួយ​ភ្លែត នៅ​ពេល​ដែល​សម្រាល​កូន​រួច គេ​យក​ទាំង​កូន​ទាំង​ម្តាយ​មក​ដាក់​គុក​វិញ​ភ្លាម ដោយ​មិន​បាន​ឲ្យ​ដេក​ពេទ្យ​សូម្បីតែ​មួយ​យប់។

អ្នកស្រី​បាន​ថ្លែង​ថា អ្នកស្រី​បាន​ចេញពី​ពន្ធនាគារ​វិញ​ក្រោយ​ពី​បាន​ទទួល​យក​សំណង​ពី​ក្រុមហ៊ុន បន្ទាប់ពី​ជាប់​ពន្ធនាគារ​អស់​រយៈពេល ៨​ខែ ដោយ​លោកស្រី​ពុំ​ដឹង​ថា​គេ​ចោទ​អំពី​រឿង​អ្វី​ផង។

បច្ចុប្បន្ន លោកស្រី​បាន​ទទួល​ដី ២​ហិកតារ​ដែល​រដ្ឋាភិបាល​ធ្វើ​សម្បទាន​សង្គមកិច្ច​ឲ្យ​ទៅ​ពលរដ្ឋ ដោយ​អះអាង​ថា​ពុំ​មែន​ជា​ការ​ផ្តល់​ឲ្យ​តាម​ការ​ទាមទារ​របស់​ពលរដ្ឋ បន្ទាប់ពី​ក្រុមហ៊ុន​បាន​ប្រគល់​មក​ឲ្យ​រដ្ឋាភិបាល​វិញ។

អ្នកស្រី ហុយ ម៉ៃ អះអាង​ថា កាលនោះ​នៅ​ពេល​ដែល​គេ​ដុត​ផ្ទះ​ហើយ អ្នកស្រី​បាន​ព្យាយាម​ដើរ​រយៈពេល​បី​ថ្ងៃ​កាត់​ព្រៃ​រហូត​ដល់​ខេត្ត​សៀមរាប ទើប​មាន​រថយន្ត​ជិះ​ទៅ​ទីក្រុង​ភ្នំពេញ ដើម្បី​ស្វែងរក​ការ​អន្តរាគមន៍​ពី​លោក ហ៊ុន សែន។ អ្នកស្រី​ថា អ្នកស្រី​បាន​លក់​គោ និង​ក្របី​ចំនួន ២០​ក្បាល ដើម្បី​បាន​ប្រាក់​ធ្វើ​ដំណើរ​មក​រាជធានី​ភ្នំពេញ​ស្វែងរក​យុត្តិធម៌ ប៉ុន្តែ​អ្នកស្រី​នៅតែ​មិន​ទទួល​បាន​យុត្តិធម៌​ដដែល។

អ្នកស្រី​ថា សព្វថ្ងៃ​នេះ​លោកស្រី​រស់នៅ​វិលវល់​ដោយ​ពុំ​ដឹង​ច្បាស់​ថា​ត្រូវ​ធ្វើ​អ្វី​ទៀត​នោះ​ទេ ក្រៅតែ​ពី​រង់ចាំ​ដំណោះស្រាយ​ពី​តុលាការ​ប្រទេស​ថៃ និង​បន្ត​ទាមទារ​ឲ្យ​អាជ្ញាធរ​ផ្តល់​ដី​ដល់​ពលរដ្ឋ ៩២​គ្រួសារ​ទៀត​ក្នុង​ចំណោម​ពលរដ្ឋ ២១៤​គ្រួសារ។

តុលាការ​ថៃ នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ។

អ្នកស្រី​ថា បើ​តាម​ការ​ជូនដំណឹង តុលាការ​ប្រទេស​ថៃ​នឹង​បើក​សវនាការ​លើ​សំណុំរឿង​របស់​ពួក​លោកស្រី​នៅ​ខែ​មេសា ខាងមុខ​នេះ។

អ្នកស្រី​ថា នៅ​ក្នុង​ថ្ងៃ​បុណ្យ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ អ្នកស្រី​មិន​ចង់​បាន​អី​នោះ​ទេ ក្រៅតែ​ពី​ទទូច​ឱ្យ​រដ្ឋាភិបាល ក៏ដូចជា​មន្ត្រី​ពាក់ព័ន្ធ​ផ្តល់​យុត្តិធម៌​ដល់​ជនរងគ្រោះ​ទាំងអស់ ជាពិសេស​ក្រុម​ស្ត្រីៗ​តែម្តង សូម​ឈប់​ធ្វើ​បាប​ពួកគាត់។ បើ​ពួកគាត់​មិន​រងគ្រោះ គាត់​ក៏​មិន​ចេញពី​ផ្ទះ​ឆ្លងកាត់​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​រក​យុត្តិធម៌​នោះ​ដែរ។

អ្នកស្រី​ថា អស់​លោក​ដឹង​ហើយ​ថា ស្ត្រី​ខ្មែរ​គឺ​សុភាព​រាបសារ​ណាស់ នៅ​ពេល​ណា​ដែល​ឃើញ​ពួកគាត់​ដើរ​ទាមទារ​តាម​ថ្នល់ គឺ​មាន​ន័យ​ថា​គាត់​កាត់​កេរ្តិ៍​ខ្មាស​ហើយ ដើម្បី​ជីវិត និង​គ្រួសារ​របស់​ពួកគាត់។

មិន​ខុសគ្នា​ប៉ុន្មាន លោក ស្មិន តិ ជា​តំណាង​ប្រជាពលរដ្ឋ​នៅ​ស្រុក​សំរោង ខេត្ត​ឧត្តរមានជ័យ បាន​ថ្លែង​ថា ក្រុម​របស់​លោក​នៅតែ​ទាមទារ​ឲ្យ​ក្រសួង​កសិកម្ម ដែល​បាន​ដក​ដី​ពី​ក្រុមហ៊ុន​អង្គរ​ស៊ូហ្គើរ​ខេន និង​ទន្លេ​ស៊ូហ្គើរ​ខេន កាលពី​ឆ្នាំ​២០១៥ ដើម្បី​ពន្លឿន​នីតិវិធី​ប្រគល់​ដី​ឲ្យ​ពលរដ្ឋ​ចំនួន ៩២​គ្រួសារ​ទៀត​ឲ្យ​បាន​ឆាប់រហ័ស។ លោក​ថា ពលរដ្ឋ​រងគ្រោះ​ជាង ១០​ឆ្នាំ​មក​ហើយ ពួកគាត់​ត្រូវការ​ដី​ដើម្បី​បង្កបង្កើនផល។

បើ​យោង​តាម​សេចក្តី​ថ្លែងការណ៍​របស់​អង្គការ​សមធម៌​កម្ពុជា និង​អង្គការ Inclusive Development International កន្លងមក​បាន​ឲ្យ​ដឹង​ថា កាលពី​ឆ្នាំ​២០១៨ ភាគី​ដើមបណ្ដឹង​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅកាន់​តុលាការ​ថៃ ដោយ​ចោទប្រកាន់​ក្រុមហ៊ុន Mitr Phol ពី​បទ​ឃុបឃិត​ក្នុង​រឿង​បណ្តេញ​ចេញ​ដោយ​ហិង្សា​មក​លើ​ពលរដ្ឋ​ខ្មែរ​ជាង ៧០០​គ្រួសារ​នៅ​តំបន់​ជនបទ​ភាគ​ពាយ័ព្យ​ប្រទេស​នៅ​ចន្លោះ​ឆ្នាំ​២០០៨ និង ២០០៩។ ហើយ​នៅ​ឆ្នាំ​២០១៥ គណៈកម្មាធិការ​សិទ្ធិមនុស្ស​ថៃ បាន​រក​ឃើញ​ថា ក្រុមហ៊ុន Mitr Phol មាន​ការ​ទទួល​ខុសត្រូវ​ផ្ទាល់ ដោយ​ស្នើ​ឲ្យ​ក្រុមហ៊ុន​នេះ «កែប្រែ និង​ផ្តល់​ជា​សំណង​ដល់​ការ​ប៉ះពាល់» ប៉ុន្តែ​ភាគី​ដើម​បណ្តឹង​មិនទាន់​ទទួល​បាន​សំណង​នៅឡើយ​ទេ។

កាលពី​ឆ្នាំ​២០១៥ រដ្ឋាភិបាល​បាន​ចេញ​ក្រឹត្យ​មួយ​ដែល​លុបចោល​ដីសម្បទាន​របស់​ក្រុមហ៊ុន Mitr Phol ដែល​មាន​ផ្ទៃដី​ប្រហែល ២​ម៉ឺន​ហិកតារ គឺ​ទំហំ​ជិត​ពីរ​ដង​លើ​ដែន​កំណត់​របស់​ច្បាប់។ បន្ទាប់ពី​ដី​នោះ​ទំនេរ ត្រូវ​បាន​អង្គភាព​យោធា​ដែល​ប្រតិបត្តិការ​នៅ​ដីសម្បទាន គឺ​កង​វរ​សេនា​តូច​លេខ​៤១ ដែល​ដឹកនាំ​ដោយ​ឧត្តមសេនីយ៍ ឈាង គីម។ អង្គភាព​នេះ​ត្រូវ​បាន​គាំទ្រ​ដោយ​ក្រុមហ៊ុន Chub Rubber របស់​លោក​ឧកញ៉ា លី យ៉ុងផាត់ សមាជិក​ព្រឹទ្ធសភា​របស់​គណបក្ស​កាន់​អំណាច។ នេះ​បើ​យោង​តាម​ក្រឹត្យ​ឆ្នាំ​២០១០ ដែល​បាន​បង្កើត​ប្រព័ន្ធ​ទំនាក់ទំនង​រវាង​កងកម្លាំង​សន្តិសុខ​នាយកដ្ឋាន​រដ្ឋាភិបាល និង​អាជីវកម្ម​ឯកជន​ជា​ផ្លូវការ។

លោក​ឧកញ៉ា លី យ៉ុងផាត់ ជាប់​ពាក់ព័ន្ធ​នឹង​ដីសម្បទាន​របស់​ក្រុមហ៊ុន Mitr Phol ពីព្រោះ​មន្ត្រី​មូលដ្ឋាន​តែងតែ​ឲ្យ​អ្នក​ភូមិ​ដាក់​ពាក្យ​បណ្តឹង​ប្រឆាំង​នឹង​ក្រុមហ៊ុន Mitr Phol ទៅ​លោក លី យ៉ុងផាត់ ព្រោះ​ដីសម្បទាន​នោះ​ជា​របស់​លោក លី យ៉ុងផាត់។ លោក​ឧកញ៉ា លី យ៉ុងផាត់ បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​កន្លងមក​ថា ដី​ទាំងអស់​ដែល​មាន​ជម្លោះ ក្រុមហ៊ុន​បាន​ប្រគល់​ទៅ​រដ្ឋាភិបាល​វិញ​អស់​ហើយ ដោយសារតែ​ពលរដ្ឋ និង​អង្គការ​សង្គម​ស៊ីវិល​បង្កើត​បញ្ហា​ច្រើន​ពេក ដូច្នេះ​ដី គឺ​អាស្រ័យ​លើ​រដ្ឋាភិបាល​ចង់​ធ្វើ ព្រោះ​ក្រុមហ៊ុន​មិន​ធ្វើ​អាជីវកម្ម​ទៀត​ទេ ហើយ​ក្រុមហ៊ុន​ទាំងនោះ​មិន​ជាប់​ពាក់ព័ន្ធ​នឹង​រូបលោក​ទេ។

លោក ស្រី ណារ៉េន អ្នក​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ប្រចាំ​ខេត្ត​ឧត្តរមានជ័យ បាន​ឲ្យ​សារព័ត៌មាន The Cambodia Daily ដឹង​ថា នៅ​ក្នុង​ចំណោម​ពលរដ្ឋ​រងគ្រោះ ២១៤​គ្រួសារ គឺ​នៅ​ពលរដ្ឋ ៩២​គ្រួសារ​ទៀត​មិនទាន់​ទទួល​បាន​ដី​នៅឡើយ។ លោក​ថា មូលហេតុ​គេ​ថា​ចាំ​ពិនិត្យ​លើ​ឯកសារ ហើយ​ការ​ដោះស្រាយ​នេះ​អាជ្ញាធរ​បាន​អះអាង​កន្លងមក​ថា មិនមែន​ដោះស្រាយ​តាម​បណ្តឹង​របស់​ពលរដ្ឋ​នោះ​ទេ តែ​ខាង​អាជ្ញាធរ​ធ្វើ​ដីសម្បទាន​សង្គមកិច្ច​ដល់​ពលរដ្ឋ​ទាំងអស់​នោះ។

លោក​បាន​ថ្លែង​បន្ត​ទៀត​ថា ក្នុង​នោះ​មាន​អង្គការ​សង្គម​ស៊ីវិល​លោក​ស្នើ​ទៅ​ដល់​អាជ្ញាធរ​កុំ​យក​លេស​ច្រើន​ពេក អាជ្ញាធរ​គួរ​ដោះស្រាយ​ឲ្យ​ពួកគាត់​ទទួល​បាន​ដី​ទាំងអស់​គ្នា ព្រោះ​ពួកគាត់​បាន​បាត់បង់​ផលប្រយោជន៍​ជាង ១០​ឆ្នាំ​ហើយ។ លោក​ទទូច​ស្នើ​ដល់​អាជ្ញាធរ​ធ្វើ​យ៉ាង​ណា​ឲ្យ​ពលរដ្ឋ​រងគ្រោះ​ទទួល​បាន​យុត្តិធម៌​ស្មើៗ​គ្នា។

បើ​តាម​របាយការណ៍​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ដែល​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ទី​៨ ខែ​កុម្ភៈ ដោយ​មាន​ចំណងជើង​ថា «ការ​បន្ត​ចោទប្រកាន់-ការ​ចាប់​ឃុំ​ខ្លួន​ពលរដ្ឋ​ក្នុង​រឿង​វិវាទ​ដីធ្លី» ឱ្យ​ដឹង​ថា ក្នុង​ឆ្នាំ​២០២១ ពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​ជម្លោះ​ដីធ្លី​ចំនួន ១៧០៣៣​គ្រួសារ ក្នុង​នោះ​មាន​ជនជាតិ​ដើម​ភាគតិច​ចំនួន ១៣៤៧​គ្រួសារ។

អាដហុក​ដដែល​ថា វិវាទ​ដីធ្លី​ធំៗ​បាន​កើន​ឡើង​ខ្ពស់​មាន​លក្ខណៈ​ធ្ងន់ធ្ងរ ដោយ​មាន​ការ​ប្រើ​អំពើ​ហិង្សា វាយ​បង្ក្រាប ចាប់​ខ្លួន ឃុំ​ខ្លួន និង​បាញ់​ប្រហារ​ទៅលើ​ប្រជាពលរដ្ឋ ខណៈ​ពលរដ្ឋ​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​បាន​ធ្លាក់​ខ្លួន​ឈឺធ្ងន់​ក្នុង​ពន្ធនាគារ ដូចជា​ករណី​វិវាទ​នៅ​ស្រុក​កណ្ដាលស្ទឹង ខេត្ត​កណ្ដាល រវាង​ក្រុមហ៊ុន OCIC ដែល​អភិវឌ្ឍ​ធ្វើ​ព្រលាន​យន្តហោះ​ថ្មី ខណៈ​ករណី​វិវាទ​នៅ​ក្នុង​ស្រុក​ស្អាង​ក៏​មាន​សកម្មជន​ម្នាក់​ស្លាប់​ក្រោយ​ពេល​បញ្ជូន​ពី​ពន្ធនាគារ​ដល់​មន្ទីរពេទ្យ។

លោកស្រី ម៉ៃ ថ្លែង​ថា៖ «បើ​កុំ​តែ​មាន​ជម្លោះ ម្ល៉េះ​ខ្ញុំ​ក៏​មិន​ព្រាត់​ប្តី ព្រាត់​កូន និង​ក្លាយ​ជា​ស្ត្រី​មេម៉ាយ​រស់នៅ​គ្មាន​កោះ​គ្មាន​ត្រើយ​ដូច​សព្វថ្ងៃ​នេះ​ទេ។ បើ​អ្នក​ដឹកនាំ​ឱ្យ​តម្លៃ​ទៅលើ​ស្ត្រី សូម​មេត្តា​ឈប់​ធ្វើ​ទុក្ខបុកម្នេញ​ស្ត្រី​រងគ្រោះ​ទៀត។ អាជ្ញាធរ​គួរតែ​បង្កើន​ការ​យកចិត្ត​ទុកដាក់​ជាពិសេស​ទៅលើ​ស្ត្រី​ដែល​ស្វែងរក​យុត្តិធម៌»៕