28 C
Phnom Penh

អាមេរិក​និង​អង់គ្លេស​អនុម័ត​ដាក់​ទណ្ឌកម្ម​ថ្មី​មួយ​ទៀត​លើ​របប​ប្រធានាធិបតី​រុស្ស៊ី ពូទីន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រោយ​ពី​ទទួល​បាន​ការ​យល់ព្រម​ពី​សភា​ទាំង​ពីរ​ថ្នាក់ រដ្ឋការ​លោក ចូ បៃដិន (Joe Biden) បាន​ប្រកាស​កាលពី​ថ្ងៃ​អង្គារ ទី​៨ មីនា ថា សហរដ្ឋ​អាមេរិក​បាន​សម្រេច​បិទ​ការ​នាំចូល​ប្រេងឥន្ធនៈ និង​ឧស្ម័ន​ពី​ប្រទេស​រុស្ស៊ី ដែល​ជា​វិធានការ​ថ្មី​មួយ​ទៀត បន្ទាប់ពី​ក្រុង​វ៉ាស៊ីនតោន បាន​ចូលរួម​ជាមួយ​នឹង​សហគមន៍​អន្តរជាតិ ជាពិសេស​ក្រុម​បស្ចិម​ប្រទេស​បាន​បង្កក​ទ្រព្យសម្បត្តិ​ក្រុមហ៊ុន​របស់​អ្នកជំនួញ​ជនជាតិ​រុស្ស៊ី និង​ការ​បិទ​ចរាចរ​ប្រព័ន្ធ​ធនាគារ​របស់​រុស្ស៊ី ដែល​មាន​នៅ​អឺរ៉ុប នៅ​សហរដ្ឋ​អាមេរិក និង​ប្រទេស​កាណាដា។

ចំណែក​ប្រទេស​អង់គ្លេស រដ្ឋាភិបាល​លោក​នាយករដ្ឋមន្ត្រី Boris Johnson ក៏​បាន​ប្រកាស​ចូលរួម​នឹង​សហរដ្ឋ​អាមេរិក​ផង​ដែរ។ រដ្ឋាភិបាល​លោក Boris Johnson ប្រកាស​ថា ជំហាន​ដំបូង​នឹង​កាត់បន្ថយ​កាត​នាំចូល​ប្រេងឥន្ធនៈ និង​ឧស្ម័ន​ពី​រុស្ស៊ី គឺ ២/៣ នៅ​ក្នុង​ឆ្នាំ​២០២២ នេះ ហើយ​អាច​នឹង​បន្ថែម​ទៀត​រហូត​ដល់​បិទ​ទាំងស្រុង។ បើ​តាម​សារព័ត៌មាន Financial Times ប្រទេស​អង់គ្លេស នាំ​ប្រេង និង​ឧស្ម័ន​ពី​ប្រទេស​រុស្ស៊ី មាន ១២%។

ចំណែក​ឯ​សហរដ្ឋ​អាមេរិក កាលពី​ឆ្នាំ​មុន​បាន​នាំចូល​ប្រេង​ឆៅ និង​ផលិតផល​ប្រេង​ចម្រាញ់​រួច​ជិត ៧០០​ពាន់​បារ៉ែល​ក្នុង​មួយ​ថ្ងៃ​ពី​រុស្ស៊ី។

ដោយឡែក​ប្រទេស​អឺរ៉ុប បាន​នាំចូល​ប្រេង​ពី​រុស្ស៊ី ប្រមាណ ៤,៥​លាន​បារ៉ែល​ក្នុង​មួយ​ថ្ងៃ គឺ​ស្មើ​នឹង ៦០%។ សម្រាប់​ប្រទេស​ចិន នាំចូល​គឺ​ទាំង​ប្រេងឥន្ធនៈ និង​ឧស្ម័ន ២០% ពី​រុស្ស៊ី។ រុស្ស៊ី​គឺជា​ប្រភព​ផលិត​ប្រេងឥន្ធនៈ និង​ឧស្ម័ន​ធំ​ជាងគេ​មួយ​ដែរ​នៃ​ពិភពលោក​ជិត ៨​លាន​បារ៉ែល​ក្នុង​មួយ​ថ្ងៃ។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ថាមពល​អន្តរជាតិ IEA។

សម្រាប់​សហភាព​អឺរ៉ុប ដែល​មាន ២៧​ប្រទេស កំពុង​ពិភាក្សា​ក្នុង​ចំណោម​សមាជិក​របស់​ខ្លួន ថា​តើ​អាច​អនុវត្ត​បាន​កម្រិត​ណា​នៃ​ការ​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ផលិតផល​ឧស្ម័ន និង​ប្រេងឥន្ធនៈ​របស់​ប្រទេស​រុស្ស៊ី។

អាល្លឺម៉ង់​ជា​ប្រទេស​នាំ​ឧស្ម័ន​ពី​រុស្ស៊ី ច្រើន​ជាងគេ កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ស្ទាក់ស្ទើរ​នៅឡើយ។ វិធានការ​បន្ថែម​ទៀត​នេះ គឺជា​ការ​ឆ្លើយតប​ការ​ដែល​ប្រទេស​រុស្ស៊ី ក្រោម​ការ​ដឹកនាំ​របស់​ប្រធានាធិបតី វ៉្លាឌីមៀរ ពូទីន កាលពី​ថ្ងៃ​ទី​២៤ កុម្ភៈ បាន​លើក​ទ័ព​ចូល​ឈ្លានពាន​ប្រទេស​អ៊ុយក្រែន ដែល​នាំ​ឱ្យ​ផ្ទុះ​សង្គ្រាម​វាយ​ប្រយុទ្ធ​គ្នា​រវាង​កងទ័ព​នៃ​ប្រទេស​ពីរ​នេះ​នៅ​ពាសពេញ​ប្រទេស​អ៊ុយក្រែន។

គិត​មកដល់​ថ្ងៃ​នេះ សង្គ្រាម​បាន​អូស​បន្លាយ ១៤​ថ្ងៃ​មក​ហើយ ដោយ​បណ្ដាល​ឱ្យ​មាន​ជនភៀសខ្លួន​ចេញពី​ប្រទេស​អ៊ុយក្រែន​ទៅ​ប្រទេស​ជិតខាង​កើន​ឡើង​ជិត ២​លាន​នាក់។ តែ​បើ​តាម​ប្រភព​ចារកម្ម​យោធា​អង់គ្លេស ជនភៀសខ្លួន​កើន​ឡើង​ជិត ៣​លាន​នាក់។

ប្រធានាធិបតី​រុស្ស៊ី លោក ពូទីន ព្រមាន​ថា ការ​ហ៊ុមព័ទ្ធ​សេដ្ឋកិច្ច​ប្រទេស​រុស្ស៊ី ពី​ពួក​បស្ចិម​ប្រទេស​ដែល​មាន​លក្ខណៈ​ធ្ងន់ធ្ងរ នឹង​ធ្វើ​ឲ្យ​ក្រុង​មូស្គូ អាច​រក​វិធី​សងសឹក​តាម​វិធី​ណា​មួយ​ដែល​អាច​ធ្វើ​ទៅ​បាន។

ការ​ដាក់​ទណ្ឌកម្ម​លើ​ការ​នាំ​ប្រេងឥន្ធនៈ និង​ឧស្ម័ន​ពី​រុស្ស៊ី បាន​ធ្វើ​ឱ្យ​ទីផ្សារ​ប្រេង​អន្តរជាតិ​ដំឡើង​តម្លៃ​ប្រេង​ឡើង​ដល់ ១៤០​ដុល្លារ​ក្នុង​មួយ​បារ៉ែល ដែល​ពី​មុន​ត្រឹម ១០០​ដុល្លារ​ក្នុង​មួយ​បារ៉ែល​ប៉ុណ្ណោះ។

រុស្ស៊ី គឺជា​ប្រទេស​ផលិត​ប្រេង​ធំ​ជាងគេ​លំដាប់​ទី​៣ នៃ​ពិភពលោក បន្ទាប់ពី​ប្រទេស​អារ៉ាប់រួមអ៊ីមេរ៉េត។ ក្នុង​មួយ​ថ្ងៃ រុស្ស៊ី​ផលិត​ប្រេង​ឆៅ​បាន​ចំនួន​ជិត ៨​លាន​បារ៉ែល។ ទណ្ឌកម្ម​សេដ្ឋកិច្ច​ដែល​ក្រុម​ប្រទេស​លោក​ខាងលិច​បាន​ដាក់​ទៅលើ​រុស្ស៊ី ដូចជា​ការ​ដក​ធនាគារ​រុស្ស៊ី ប្រមាណ ៧០% ពី​ប្រព័ន្ធ​ប្រតិបត្តិការ​ធនាគារ SWIFT គឺ​អាច​ធ្វើ​ឲ្យ​អ្នក​ទិញ​ប្រេង​មិន​អាច​ទិញ​ប្រេង​ពី​រុស្ស៊ី​បាន​ទៀត​ទេ ព្រោះ​ពិបាក​នឹង​ទូទាត់​ប្រាក់ ជាពិសេស​សាច់ប្រាក់​ដុល្លារ។

ដោយសារ​ស្ថានភាព​បែប​នេះ រដ្ឋការ​របស់​លោក បៃដិន បាន​សម្រេច​លើកលែង​ការ​ដាក់​ទណ្ឌកម្ម​ទៅលើ​ប្រទេស​វេណេហ្ស៊ុយអេឡា ដែល​ជា​ប្រទេស​ផលិត​ប្រេង​លំដាប់​ទី​៤ នៃ​ពិភពលោក។

សហរដ្ឋ​អាមេរិក​ដែល​ជា​ប្រទេស​ប្រើ​ប្រេង​ធំ​ជាងគេ​នៅ​លើ​ពិភពលោក បាន​សម្រេច​ទិញ​ប្រេង​ពី​ប្រទេស​វេណេហ្ស៊ុយអេឡា​ឡើងវិញ ក្រោយ​ពី​ប្រទេស​នេះ​រង​ទណ្ឌកម្ម​ពី​សហរដ្ឋ​អាមេរិក​ដ៏​ធ្ងន់ធ្ងរ​ជិត ៦​ឆ្នាំ​មក​ហើយ។ រដ្ឋាភិបាល​ប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ បាន​សាទរ​ការ​ដែល​អាមេរិក​សម្រេច​ប្ដូរ​ជំហរ​ឡើងវិញ។ យ៉ាង​នេះ​ក្ដី រដ្ឋការ​លោក បៃដិន ក៏​រង​ការ​រិះគន់​ខ្លាំង​ដែរ​ពី​សមាជិក​សភា និង​ព្រឹទ្ធសភា​ដែល​សម្រេច​លើកលែង​ការ​ដាក់​ទណ្ឌកម្ម​ទៅលើ​ប្រទេស​វេណេហ្ស៊ុយអេឡា ដែល​ស្ថិតនៅ​ក្រោម​ការ​ដឹកនាំ​របស់​លោក ម៉ាឌូរ៉ូ ដែល​លោក​ខាងលិច​ហៅថា​ជា​មេដឹកនាំ​ផ្ដាច់ការ។

តែ​យ៉ាងណា អ្នក​សង្កេតការណ៍​យល់​ថា បើ​រដ្ឋាភិបាល​លោក ម៉ាឌូរ៉ូ យល់ព្រម​ផលិត​ប្រេង​លក់​ឱ្យ​អាមេរិក គឺជា​ការ​វាយ​សំពង​លើ​របប​ប្រធានាធិបតី​រុស្ស៊ី វ៉្លាឌីមៀរ ពូទីន ដែល​ជា​សម្ពន្ធភាព​យុទ្ធសាស្ត្រ​នៃ​របប​លោក ម៉ាឌូរ៉ូ ហើយ​ធ្វើ​ឱ្យ​រុស្ស៊ី​កាន់តែ​ឯកា។

បែប​នេះ​ក្ដី រដ្ឋការ​លោក បៃដិន ក៏​បាន​សម្រេច​បញ្ចេញ​ប្រេង​ដែល​សហរដ្ឋ​អាមេរិក​ស្តុក​ទុក​ដើម្បី​ជួយ​បំពេញ​បន្ថែម​តម្រូវការ​នៃ​ការ​ប្រើប្រាស់​ថាមពល​នៅ​សហរដ្ឋ​អាមេរិក៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស