អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ អះអាងថា លោកស្រី ជូឡុង សូមូរ៉ា ភរិយារបស់លោក សម រង្ស៊ី បានបញ្ជាឲ្យលោក ឣេង ឆៃឣ៊ាង អង្វរលោក ហ៊ុន សែន ឲ្យលើកលែងទោសដល់លោកសម រង្ស៊ី និងមន្ត្រីបក្សប្រឆាំងផ្សេងទៀត ជាថ្នូរនឹងការចូលរួមការបោះឆ្នោតឃុំ-សង្កាត់នៅខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ។
អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក សួន សុរីដា បានសរសេរលើគណនីហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២២ ថា លោកទទួលបានព័ត៌មានពីប្រភពច្បាស់ការណ៍ពីអតីតមន្ត្រីជាន់ខ្ពស់បក្សប្រឆាំងភាគីលោក សម រង្ស៊ី ថាមូលហេតុដែលតុលាការក្រុងភ្នំពេញមិនបានដាក់លក់ឡាយឡុងផ្ទះមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី បន្តទៀតនោះ គឺដោយសារមន្ត្រីបក្សប្រឆាំងភាគីលោក សម រង្ស៊ី បានយល់ព្រមធ្វើតាមការបញ្ជារបស់មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន។
អតីតតំណាងរាស្ត្របក្សប្រឆាំងរូបនេះរិះគន់ថា ការធ្វើបែបនេះ គឺល្អសម្រាប់លោក សម រង្ស៊ី និងបក្ខពួករបស់គាត់ ដើម្បីមានសេរីភាពនយោបាយ និងទទួលបានផ្ទះរបស់គាត់ត្រឡប់មកវិញ។ ប៉ុន្តែរឿងនេះ បានបង្ហាញយ៉ាងច្បាស់នូវចរិតនយោបាយដ៏អាក្រក់របស់ពួកគេ ដែលធ្វើដើម្បីតែទប់អំណាចឱ្យបក្សកាន់អំណាច។ ដូច្នេះអ្នកដែលគាំទ្រនូវទង្វើរបស់លោក សម រង្ស៊ី បែបនេះ គឺមានន័យស្មើនឹងគាំទ្រលោក ហ៊ុន សែន ឲ្យកាន់អំណាចបន្តទៀតដូច្នោះដែរ។
លោក សួន សុរីដា លើកឡើងថា ផ្អែកលើហេតុផលនៅពេលនេះ គឺមានភាពស្របគ្នាយ៉ាងខ្លាំង ដោយសារភាគីលោក សម រង្ស៊ី បានដំណើរការគណបក្សភ្លើងទៀន ឲ្យចូលរួមការបោះឆ្នោត ខណៈភាគីលោក ហ៊ុន សែន ក៏មិនបានដាក់លក់ឡាយឡុងផ្ទះរបស់លោក សម រង្ស៊ី នោះដែរ។ បន្ថែមពីនេះ ប្រសិនបើក្រោយការបោះឆ្នោតឆ្នាំ២០២២ និងឆ្នាំ២០២៣ មានការលើកលែងទោសដល់លោក សម រង្ស៊ី និងក្រុមរបស់គាត់មែន នោះមានន័យថា ការអង្វរសុំសិទ្ធិនយោបាយពីលោក ហ៊ុន សែន គឺជារឿងប្រាកដដែលមិនអាចប្រកែកបាននោះទេ។
ការអះអាងនេះ ធ្វើឡើងនៅពេលដែលមានការសង្ស័យជាច្រើនពីវត្តមានរបស់គណបក្សភ្លើងទៀន ដែលមន្ត្រីបក្សប្រឆាំងមួយចំនួនអះអាងថាមានលោក សម រង្ស៊ី នៅពីក្រោយ។
កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ តុលាការកំពូលក្រុងភ្នំពេញបានចេញបម្រាមមិនឱ្យមន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំងចំនួន ១១៨រូបធ្វើនយោបាយរយៈពេល ៥ឆ្នាំ រួមជាមួយការរំលាយគណបក្សសង្គ្រោះជាតិក្នុងសំណុំរឿងក្បត់ជាតិ។ ប៉ុន្តែមកទល់នឹងពេលនេះ លោក សម រង្ស៊ី និងក្រុមរបស់គាត់មិនទាន់ទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញនៅឡើយទេ បើទោះបីមន្ត្រីបក្សប្រឆាំងដែលតុលាការបានហាមឃាត់ខ្លះទទួលបានសិទ្ធិធ្វើនយោបាយទៅហើយនោះ។
ជុំវិញបញ្ហានេះ អតីតមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី ក៏រងនូវបណ្តឹងផ្ទាល់ខ្លួនផ្សេងទៀតដែរ ក្នុងនោះសាលាដំបូងរាជធានីភ្នំពេញបានប្រកាសលក់ផ្ទះរបស់គាត់ដែលបានប្រើប្រាស់ជាទីស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិ ប្រចាំទីក្រុងភ្នំពេញ ប៉ុន្តែការដាក់លក់ឡាយឡុងនេះបានស្ងាត់ទៅវិញ ដោយមិនមានមូលហេតុណាមួយពីតុលាការនៅឡើយទេ។
សារព័ត៌មាន The Cambodia Daily នៅមិនទាន់សុំការបំភ្លឺពីអនុប្រធានគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង បាននៅឡើយទេរហូតមកទល់នឹងម៉ោងផ្សាយនេះ៕