ឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ទាមទារឱ្យអាជ្ញាធរកម្ពុជាឲ្យឈប់យកហេតុផលកូវីដ-១៩ ដើម្បីបង្ក្រាបកូដករក្រុមហ៊ុនណាហ្គាវើលដ៍ (NAGA World) ដែលធ្វើកូដកម្មស្របច្បាប់ និងឲ្យគោរពសិទ្ធិសេរីភាពក្នុងការជួបប្រជុំដោយសន្តិវិធី។
ការទាមទារនេះ ធ្វើឡើងក្នុងសេចក្តីថ្លែងការណ៍មួយបន្ទាប់ពីបិទបញ្ចប់កិច្ចប្រជុំលើកទី៤៩ របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សកាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២២ កន្លងមក។
ឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស អ្នកស្រី មីឆែល ប៉ាហ្សេលែត បានបង្ហាញក្ដីកង្វល់អំពីការប្រើប្រាស់វិធានការទប់ស្កាត់ជំងឺកូវីដ-១៩ របស់អាជ្ញាធរ ដើម្បីបង្ក្រាបកូដកម្មស្របច្បាប់របស់ក្រុមបុគ្គលិកកាស៊ីណូណាហ្គាវើលដ៍។ អ្នកស្រីថា ការបន្តបង្ក្រាបទៅលើកូដករណាហ្គាវើលដ៍ ក្រោមហេតុផលកូវីដ-១៩ នេះថានឹងធ្វើឱ្យលំហប្រជាធិបតេយ្យ និងសង្គមស៊ីវិលកាន់តែធ្លាក់ចុះ ក្រោយពីមន្ត្រីការិយាល័យអង្គការសហប្រជាជាតិបានឃើញដោយផ្ទាល់នូវអំពើហិង្សានាពេលថ្មីៗនេះ ដែលអាជ្ញាធរបានចាប់កូដករជាស្ត្រីឡើងលើឡានក្រុង និងបានដឹកចេញពីកន្លែងធ្វើកូដកម្មទាំងបង្ខំ។
អ្នកស្រី មីឆែល ប៉ាហ្សេលែត បន្តថា ការការពារសេរីភាពមូលដ្ឋានមានសារសំខាន់ ខណៈកម្ពុជាឈានឆ្ពោះទៅកាន់ការបោះឆ្នោតឃុំ-សង្កាត់ខាងមុខ នៅគ្រាដែលគណបក្សជំទាស់ធំជាងគេរបស់ប្រទេសនេះពុំត្រូវបានអនុញ្ញាតឱ្យចូលរួមប្រកួតប្រជែងនៅឡើយ។
អ្នកស្រីអំពាវនាវដល់អាជ្ញាធរឱ្យគោរពសិទ្ធិសេរីភាពក្នុងការជួបប្រជុំដោយសន្តិវិធី និងចូលរួមពិភាក្សាដើម្បីដោះស្រាយទៅតាមការទាមទាររបស់កូដករឱ្យស្របតាមផ្លូវច្បាប់ ដោយថាក្រុមកូដករជាច្រើនត្រូវបានចាប់ឃុំខ្លួនតាមអំពើចិត្ត និងបង្ខំឱ្យធ្វើតេស្ដពិនិត្យជំងឺកូវីដ-១៩ជាច្រើនដង ដែលវិធានការនេះធ្វើឡើងផ្ទុយពីការអនុវត្តលើសាធារណជនទូទៅ។
ចំណែកសហរដ្ឋអាមេរិក នៅថ្ងៃទី៩ មីនា នេះ ក៏បានជំរុញឱ្យអាជ្ញាធរកម្ពុជាដោះលែងថ្នាក់ដឹកនាំសហជីពណាហ្គាវើលដ៍ដែលត្រូវបានឃុំខ្លួន និងទម្លាក់ការចោទប្រកាន់លើពួកគេ រួមទាំងដោះស្រាយវិវាទបញ្ចប់ការងារមួយនេះ។
ការចេញសេចក្ដីថ្លែងការណ៍របស់អង្គការសហប្រជាជាតិ និងសហរដ្ឋអាមេរិក នាពេលនេះ បានធ្វើឡើងស្របពេលដែលអាជ្ញាធររាជធានីភ្នំពេញកាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២ បានចាប់កូដករណាហ្គាវើលដ៍ ១៨៣នាក់ទាំងបង្ខំដាក់ចូលរថយន្ត រួចដឹកបញ្ជូនទៅមណ្ឌលចត្តាឡីស័កព្រែកព្នៅ។ លើសពីនេះ អាជ្ញាធរក៏បានឃុំខ្លួនកូដករជិត ២០០នាក់នៅមណ្ឌលចត្តាឡីស័ករហូតដល់ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២២ ទើបបានដោះលែងពួកគេវិញ។
វិធានការរបស់អាជ្ញាធររាជធានីភ្នំពេញលើក្រុមកូដករណាហ្គាវើលដ៍ជាបន្តបន្ទាប់នេះ ខណៈពួកគេនៅតែនាំគ្នាចេញធ្វើកូដកម្មដោយសន្តិវិធីជាថ្មី ដើម្បីទាមទារឱ្យក្រុមហ៊ុន និងរដ្ឋាភិបាលដោះលែងតំណាងពួកគេទាំង ១១នាក់ ហើយដោះស្រាយបញ្ចប់វិវាទការងារជាមួយក្រុមហ៊ុន។
នៅថ្ងៃពុធ ទី៩ មីនា នេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានចូលរួមកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធនៅសាលារាជធានីភ្នំពេញ ដើម្បីស្វែងរកដំណោះស្រាយវិវាទនៅក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍។ យ៉ាងណា កិច្ចប្រជុំដែលដឹកនាំដោយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ជាមួយភាគីពាក់ព័ន្ធនាថ្ងៃពុធនេះ មិនទាន់ដឹងលទ្ធផលនៅឡើយ។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានប្រាប់សារព័ត៌មានក្នុងស្រុកថា ការអនុវត្តវិធានសុខាភិបាលលើក្រុមកូដករ មិនមែនជាការរឹតត្បិត និងរំលោភបំពានសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋឡើយ ប៉ុន្តែវាជាការទប់ស្កាត់ការឆ្លងរីករាលដាលកូវីដ-១៩ ខណៈកម្ពុជាជាប្រទេសមួយដែលបានទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ បានល្អជាងគេក្នុងចំណោមប្រទេសដទៃទៀត។
វិវាទការងាររវាងបុគ្គលិកជាមួយនឹងក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ បានអូសបន្លាយរយៈពេលជិត ៣ខែមកហើយ ខណៈការអូសបន្លាយនេះបានជំរុញឱ្យមានការចាប់ខ្លួនថ្នាក់ដឹកនាំ និងសកម្មជនសហជីព ១១នាក់ដាក់ពន្ធនាគារព្រៃស បន្ទាប់ប្រើប្រាស់សិទ្ធិធ្វើកូដកម្មអហិង្សាទាមទារឱ្យក្រុមហ៊ុនណាហ្គាវើលដ៍គោរពសិទ្ធិកម្មករ និងសហជីព៕