40.3 C
Phnom Penh

លោក ស ខេង៖ ប្រទេស​ខ្លះ​មិន​ទទួលយក​អ្នកទោស​ជា​ជនជាតិ​ខ្លួន​ដែល​កម្ពុជា​បញ្ជូន​ទៅវិញ​ទេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ថ្លែង​ថា ប្រទេស​មួយ​ចំនួន​មិន​ទទួលយក​អ្នកទោស​ដែល​ជា​ជនជាតិ​របស់​ខ្លួន​ឡើយ បន្ទាប់ពី​ប្រព្រឹត្ត​បទល្មើស​នៅ​កម្ពុជា ហើយ​អាជ្ញាធរ​ចាប់​បញ្ជូន​ទៅវិញ ដែល​ករណី​នេះ​បាន​ក្លាយ​ជា​បន្ទុក​មួយ​ផ្នែក​ទៀត​ដល់​កម្ពុជា។

ថ្លែង​ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ និង​ទិសដៅ​បន្ត​របស់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ នា​ថ្ងៃ​ពុធ ទី​៩ មីនា នេះ លោក ស ខេង បាន​ថ្លែង​ថា មាន​តែ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ប៉ុណ្ណោះ​ដែល​សហការ​ល្អ​ជាមួយ​កម្ពុជា ដោយ​ទទួល​យក​អ្នកទោស​ជា​ជនជាតិ​របស់​ខ្លួន​វិញ ហើយ​បន្ត​យក​ទៅ​អនុវត្ត​ទោស​នៅ​ប្រទេស​ចិន ក្រោយ​បញ្ចប់​ការ​បំពេញ​បែបបទ​នៅ​កម្ពុជា។

ចំណែក​ប្រទេស​ខ្លះ លោក ស ខេង ថា​មិនព្រម​ទទួល​យក (អ្នកទោស) ទៅ​ប្រទេស​ខ្លួន​វិញ​ឡើយ បើ​ទោះបីជា​រដ្ឋាភិបាល​ប្រទេស​នោះ​បាន​ដឹង​ហើយ​ថា​ជនជាតិ​របស់​ខ្លួន​នោះ។

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​បញ្ជាក់​ថា កន្លងមក កម្ពុជា​ធ្លាប់​ស្នើ​ឱ្យ​ប្រទេស​មួយ​ទទួល​យក​ជនជាតិ​របស់​ខ្លួន​ត្រឡប់​ទៅវិញ ប៉ុន្តែ​នៅ​ពេល​បញ្ជូន​ទៅ បែរជា​រដ្ឋាភិបាល​ប្រទេស​នោះ​បដិសេធ។ លោក​ថា ចំណុច​នេះ​មាន​ការ​ពិបាក ទោះបីជា​អាជ្ញាធរ​បាន​ខិតខំ​ប្រឹងប្រែង​ធ្វើ​ការងារ​នេះ​ក៏ដោយ។

ការ​ថ្លែង​របស់​លោក ស ខេង ហាក់​ទំនង​ចង់​សំដៅ​ទៅលើ​រដ្ឋាភិបាល​ប្រទេស​វៀតណាម បន្ទាប់ពី​ជនជាតិ​វៀតណាម​ជាច្រើន​បាន​ព្យាយាម​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ​តាម​ច្រក​ព្រំដែន​ក្អម​សំណ ស្រុក​លើកដែក ខេត្ត​កណ្ដាល ប៉ុន្តែ​អាជ្ញាធរ​វៀតណាម​បែរជា​បិទ​មិន​ឱ្យ​ជនជាតិ​របស់​ខ្លួន​អាច​ធ្វើ​ដំណើរ​ទៅ​ស្រុក​កំណើត​របស់​ពួកគេ​វិញ​នោះ​ឡើយ ចាប់តាំង​ពី​ខែ​មិថុនា ឆ្នាំ​២០២១ ដល់​ខែ​មីនា ឆ្នាំ​២០២២ នេះ។

កាលពី​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០២២ លោក​នាយ​ឧត្តមសេនីយ៍ ប៉ោ ភក្តិ អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន​ក្រសួង​មហាផ្ទៃ បាន​ប្រកាស​ចំ​ឈ្មោះ​ប្រទេស​នោះ គឺ​វៀតណាម ដែល​មិនព្រម​ទទួល​យក​ជន​អន្តោប្រវេសន៍​របស់​ខ្លួន​វិញ​ដែល​ត្រឡប់​ទៅ​ពី​កម្ពុជា។

របាយការណ៍​ពី​សមាគម​ខ្មែរ-វៀតណាម​នៅ​កម្ពុជា ដែល​ដកស្រង់​ទៅ​ចុះផ្សាយ​ដោយ​សារព័ត៌មាន VN EXPRESS របស់​វៀតណាម កាលពី​ចុង​ឆ្នាំ​២០២១ បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​តែ​មួយ​ប៉ុណ្ណោះ យ៉ាងហោចណាស់​មាន​ជនជាតិ​វៀតណាម​ប្រមាណ ៣​ម៉ឺន​នាក់​កំពុង​រស់នៅ។

ប៉ុន្តែ​ក្រុម​អ្នក​សង្កេតការណ៍​ជឿ​ថា ចំនួន​ពលរដ្ឋ​វៀតណាម​ទាំង​ស្រប​ច្បាប់ និង​ខុសច្បាប់​ក្នុង​ទីក្រុង​ភ្នំពេញ និង​នៅ​ទូទាំង​ប្រទេស​កម្ពុជា អាច​មាន​ច្រើន​ជាង​នេះ​រាប់​សិប​ដង​ទៀត​ឯណោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស