41.3 C
Phnom Penh

កិច្ចប្រជុំ​កំពូល​អាស៊ាន-អាមេរិក​ត្រូវ​បាន​លើក​ពេល​មិនទាន់​មាន​ការ​កំណត់​ជា​ថ្មី​នៅឡើយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា លោក ជុំ សុន្ទរី នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែ​មីនា អះអាង​ថា កិច្ចប្រជុំ​កំពូល​អាស៊ាន-អាមេរិក​ដែល​គ្រោង​ធ្វើឡើង​នៅ​សហរដ្ឋ​អាមេរិក នា​ថ្ងៃ​ទី​២៨-២៩ ខែ​មីនា ខាងមុខ​នេះ ត្រូវ​បាន​លើក​ពេល​ដោយសារតែ​ថ្នាក់​ដឹកនាំ​ប្រទេស​ជា​សមាជិក​អាស៊ាន​មួយ​ចំនួន​ជាប់​រវល់ ដែល​មិនទាន់​អាច​កំណត់​ពេល​ជួប​គ្នា​បាន។

លោក ជុំ សុន្ទរី បាន​ប្រាប់​អ្នក​សារព័ត៌មាន​តាម​បណ្ដាញ​សង្គម​តេឡេក្រាម​ថា ភាគី​ទាំង​សងខាង​អាស៊ាន និង​សហរដ្ឋ​អាមេរិក បាន​សម្រេច​លើក​ពេល​កិច្ចប្រជុំ​កំពូល​នេះ និង​បន្ត​ស្វែងរក​កាលបរិច្ឆេទ​ដែល​សមស្រប​សម្រាប់​ភាគី​ទាំង​សងខាង។ លោក​ថា ឥណ្ឌូនេស៊ី ក៏​បាន​ខិតខំ​អស់​ពី​សមត្ថភាព​ក្នុង​ការ​សម្របសម្រួល​ដើម្បី​ស្វែងរក​កាលបរិច្ឆេទ​មួយ​ដែល​អាច​ទទួលយក​បាន​ដោយ​ថ្នាក់​ដឹកនាំ​អាស៊ាន​ទាំងអស់។

លោក​បន្ត​ថា កម្ពុជា​ក្នុង​នាម​ជា​ប្រធាន​អាស៊ាន គឺ​ប្រកាន់​ភាព​បត់បែន​ទៅលើ​កាលបរិច្ឆេទ​ដែល​បាន​ស្នើ​ឡើង និង​សម្របសម្រួល ជាពិសេស​ទៅលើ​របៀបវារៈ​នៅ​ក្នុង​ប្រទេស ដើម្បី​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន​ក្នុង​តំបន់ និង​អន្តរជាតិ។ ប៉ុន្តែ​ដើម្បី​ភាព​សមស្រប និង​លទ្ធភាព​ចូលរួម​របស់​ថ្នាក់​ដឹកនាំ កម្ពុជា​បាន​ឯកភាព​ជាមួយ​ប្រទេស​សមាជិក​អាស៊ាន​ក្នុង​ការ​លើក​ពេល​កិច្ចប្រជុំ​នេះ។

សហរដ្ឋ​អាមេរិក​បាន​ប្រកាស​កាលពី​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ ថា កិច្ចប្រជុំ​កំពូល​អាស៊ាន-អាមេរិក​នឹង​ធ្វើឡើង​នៅ​វិមាន​ប្រធានាធិបតី​អាមេរិក (White House) នៃ​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក នៅ​ថ្ងៃ​ទី​២៨-២៩ ខែ​មីនា នេះ។

ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​នេះ​ផង​ដែរ មន្ត្រី​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​មួយ​រូប​ដែល​បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​កាលពី​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី​២៧ មករា កន្លងទៅ​ថា លោក ហ៊ុន សែន បាន​រៀបចំ​មន្ត្រី​ជាន់ខ្ពស់​របស់​ខ្លួន​ឱ្យ​ចូលរួម​កិច្ចប្រជុំ​នេះ​ប្រមាណ ៣០០​នាក់ ប៉ុន្តែ​ពួកគេ​នឹង​ខកចិត្ត​យ៉ាង​ធ្ងន់ធ្ងរ​នៅ​ពេល​ដែល​កិច្ចប្រជុំ​កំពូល​អាស៊ាន-អាមេរិក​ខាងមុខ​នេះ​ត្រូវ​បាន​ប្រកាស​លុប​ចោល។

អ្នក​តាមដាន​ស្ថានការណ៍​សង្គម​ខ្លះ​ក្នុង​សហរដ្ឋ​អាមេរិក និយាយ​ថា ការ​ខកខាន​មិន​បើក​កិច្ចប្រជុំ​កំពូល​អាមេរិក-អាស៊ាន​ក្នុង​ឆ្នាំ​នេះ ដោយសារ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ចូ បៃដិន មិន​អាច​ទទួល​ស្វាគមន៍​មេដឹកនាំ​ខ្មែរ​ជា​មនុស្ស​ក្រាញ​អំណាច​ត​ត្រកូល មាន​ប្រវត្តិ​មិន​ស្អាតស្អំ អម​ទៅ​ដោយ​ក្រុម​មន្ត្រី​បែប​បង​ធំ និង​បែប​ជើង​កាង ចិត្ត​ឆើត ដៃ​ឆៅ ប្រឡាក់​ដោយ​ឈាម​រូប​នេះ​ទេ។

រីឯ​អ្នកវិភាគ​នយោបាយ លោក គឹម សុខ បាន​សរសេរ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​ថ្ងៃ​ទី​១០ មីនា នេះ​ថា មូលហេតុ​មួយ​ចំនួន​ដែល​អាមេរិក​លើក​ពេល​កិច្ចប្រជុំ US-ASEAN គឺ​ទី​១ វិបត្តិ​ខ្វែង​គំនិត​គ្នា​នៅ​ផ្ទៃក្នុង​អាស៊ាន មិន​អាច​សម្របសម្រួល​គ្នា​បាន ហើយ​ទី​២ វិបត្តិ​នៃ​ការ​ប្រើ​កម្លាំង​ឈ្លានពាន​របស់​រុស្ស៊ី ដល់​កម្រិត​បាញ់​ប្រហារ​ពេញ​ទំហឹង​ចូល​ទឹកដី​ប្រទេស​អ៊ុយក្រែន។ លោក​ថា ករណី​ទី​២ នេះ​ហើយ គឺជា​ការ​រាំងស្ទះ​ដ៏​ធំ ពីព្រោះ​សហរដ្ឋ​អាមេរិក​ទំនង​ជា​ត្រូវ​គិត​ពី​សន្តិសុខ​នៅ​តំបន់​អឺរ៉ុប​ជា​អាទិភាព ជាជាង​កិច្ចប្រជុំ​ជាមួយ​អាស៊ាន។

កាលពី​ថ្ងៃ​ទី​១៤ ខែ​មករា ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ចូ បៃដិន បាន​អញ្ជើញ​លោក ហ៊ុន សែន ដែល​ជា​ប្រធាន​អាស៊ាន​ប្ដូរ​វេន​ឆ្នាំ​២០២២ ឱ្យ​ទៅ​ចូលរួម​ប្រជុំ​កំពូល​អាស៊ាន-អាមេរិក។ លោក បៃដិន លើកឡើង​ក្នុង​លិខិត​នោះ​ក្រោម​ភាព​ជា​ប្រធាន​អាស៊ាន​របស់​កម្ពុជា សហរដ្ឋ​អាមេរិក​សង្ឃឹម​ថា​ទំនាក់ទំនង​រវាង​អាស៊ាន និង​អាមេរិក នឹង​កាន់តែ​រីកចម្រើន ហើយ​អាច​បន្ត​ឆ្ពោះ​ទៅ​រក​ការ​សម្រេច​គោលដៅ​រួម​ទាំងអស់​គ្នា​នៅ​ក្នុង​តំបន់។

លោក ចូ បៃដិន បញ្ជាក់​ថា សហរដ្ឋ​អាមេរិក​គាំទ្រ​ការ​សម្រេច​របស់​អាស៊ាន ហើយ​គាំទ្រ​ឥត​ងាករេ​អំពី​អាស៊ាន​ជា​ស្នូល និង​ជា​បេះដូង​នៃ​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស