34 C
Phnom Penh

CCIM៖ ស្ថានភាព​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​ឆ្នាំ​២០២២ នឹង​កាន់តែ​អាក្រក់​ថែម​ទៀត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) ព្យាករ​ថា ស្ថានភាព​សារព័ត៌មាន​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០២២ កាន់តែ​អាក្រក់​ថែម​ទៀត ដោយសារ​ការ​បន្ត​រឹតត្បិត​ផ្នែក​នយោបាយ និង​បទដ្ឋាន​ច្បាប់​ផ្សេងៗ​ដែល​ផ្ដល់​អំណាច​កាន់តែ​ខ្លាំង​ដល់​រដ្ឋាភិបាល ក្នុង​ការ​គ្រប់គ្រង​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​កម្ពុជា។

មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) បាន​ចេញ​របាយការណ៍​របស់​ខ្លួន​ស្ដីពី​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​សម្រាប់​ឆ្នាំ​២០២២ នេះ​ថា សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០២១ បាន​ធ្លាក់ចុះ​កាន់តែ​អាក្រក់ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០២០ កន្លងទៅ។

បើ​តាម​ការ​សិក្សា​ស្រាវជ្រាវ​នេះ អ្នកជំនាញ​ផ្នែក​ព័ត៌មាន និង​អ្នក​ពាក់ព័ន្ធ គ្មាន​សង្ឃឹម​ថា​ស្ថានភាព​សារព័ត៌មាន​នៅ​ឆ្នាំ​២០២២ អាច​នឹង​ល្អ​ឡើងវិញ​នោះ​ទេ ដោយសារ​ការ​បន្ត​រឹតត្បិត​ផ្នែក​នយោបាយ និង​បទដ្ឋាន​ច្បាប់​ផ្សេងៗ​ដែល​ផ្ដល់​អំណាច​កាន់តែ​ច្រើន​ដល់​រដ្ឋាភិបាល​ក្នុង​ការ​គ្រប់គ្រង​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​កម្ពុជា។

របាយការណ៍​ដដែល​អះអាង​ថា សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០២១ បាន​ធ្លាក់ចុះ​កាន់តែ​អាក្រក់ ក្នុង​នោះ​ការ​បៀតបៀន​លើ​អ្នក​សារព័ត៌មាន​ជាង ៥០​ករណី។ អ្នក​កាសែត​ជាង ៣០​នាក់​ត្រូវ​បាន​ចាប់​ខ្លួន ខណៈ​អ្នក​សារព័ត៌មាន​ជាង ២០​នាក់​ប្រឈម​នឹង​ចំណាត់ការ​តាម​ផ្លូវច្បាប់។ ចំណែក ១៨​ករណី​ផ្សេង​ទៀត ត្រូវ​រង​នូវ​អំពើ​ហិង្សា​ដោយ​ការ​យាយី​លើ​រូបរាងកាយ​យ៉ាង​ធ្ងន់ធ្ងរ។

ប្រភព​ដដែល​អះអាង​ថា ក្នុង​ចំណោម​បញ្ហា​ប្រឈម​ជាច្រើន​ដែល​អ្នក​សារព័ត៌មាន​កម្ពុជា​ប្រឈម​មុខ គឺ​ការ​ភ័យខ្លាច​នូវ​ការ​ប្រើ​ចំណាត់ការ​ផ្លូវច្បាប់​ដែល​មិន​ត្រឹមត្រូវ និង​ការ​រំលោភ​បំពាន​លើ​រាងកាយ​របស់​ពួកគេ ដែល​ជា​បញ្ហា​ប្រឈម​ដ៏​ធ្ងន់ធ្ងរ​បំផុត​ដែល​កើត​ចេញពី​ការ​រឹតត្បិត​របស់​រដ្ឋាភិបាល កំពុង​ដឹកនាំ​ដោយ​គណបក្ស​កាន់​អំណាច​បច្ចុប្បន្ន។

កាលពី​អំឡុង​ខែ​ធ្នូ ឆ្នាំ​២០២១ មេដឹកនាំ​បក្ស​កាន់​អំណាច ហ៊ុន សែន ចោទ​ថា ស្ថាប័ន និង​អ្នក​សារព័ត៌មាន​មួយ​ចំនួន​នៅ​កម្ពុជា​បាន​ប្រើ​ឧបាយកល​បំផុស​បំផុល​ពលរដ្ឋ​ដោយ​ការ​ផ្សព្វផ្សាយ​នូវ​ព័ត៌មាន​មិន​ពិត​ជាច្រើន ប៉ុន្តែ​ត្រូវ​បាន​រដ្ឋាភិបាល​របស់​លោក​គ្រប់គ្រង​បាន​ទាន់​ពេល។ ជា​លេស​ដើម្បី​គ្រប់គ្រង​ស្ថាប័ន​សារព័ត៌មាន​ក្នុង​ស្រុក​ទាំងអស់ ក្នុង​ការ​បិទ​សំឡេង​សារព័ត៌មាន​ឯករាជ្យ បុរស​ខ្លាំង​លោក ហ៊ុន សែន ដែល​ក្រាញ​អំណាច​យូរ​ជាងគេ​នៅ​អាស៊ី​រូប​នេះ បាន​ធ្វើ​ទុក្ខបុកម្នេញ​ដោយ​ការ​បង្ខំ​ឲ្យ​កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) និង​វិទ្យុ​មួយ​ចំនួន​បិទ​ការិយាល័យ​របស់​ខ្លួន​នៅ​ភ្នំពេញ ដោយសារ​រង​សម្ពាធ​នយោបាយ និង​ការ​គាបសង្កត់​ពី​រដ្ឋាភិបាល​ក្រោម​ហេតុផល​មិន​បង់​ពន្ធ​ឲ្យ​រដ្ឋាភិបាល។

របាយការណ៍​របស់​ក្រសួង​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ស្ថាប័ន​សារព័ត៌មាន​ជាង ៥០០​ស្ថាប័ន​ដែល​បាន​ចុះបញ្ជី​នៅ​ក្រសួង​ព័ត៌មាន យ៉ាងហោចណាស់​មាន​កាសែត​បរទេស​ចំនួន ៤៣​ស្ថាប័ន វិទ្យុ​ក្នុង​ស្រុក​ជាង ២០០​ស្ថាប័ន ទូរទស្សន៍ ២០​ស្ថាប័ន និង​គេហទំព័រ ឬ Website ចំនួន ១៤៨​ស្ថាប័ន បាន​ចុះបញ្ជី។

ប៉ុន្តែ​អ្នក​ឃ្លាំមើល​និយាយ​ថា ស្ថាប័ន​ទាំងនោះ​គ្រាន់តែ​ជា​ឧបករណ៍​ដើម្បី​បំពង​សំឡេង​របស់​បក្ស​កាន់​អំណាច​តែប៉ុណ្ណោះ ហើយ​រដ្ឋាភិបាល​ខ្លួនឯង​ក៏​មិន​ដែល​យកចិត្ត​ទុកដាក់​ចំពោះ​ការ​ចុះផ្សាយ​របស់​ស្ថាប័ន​ទាំងនោះ​ដែរ ព្រោះ​បាន​ដឹង​ច្បាស់​ថា​គ្មាន​អ្វី​ក្រៅតែ​និយាយ​អំពី​សកម្មភាព​ល្អៗ​របស់​ថ្នាក់​ដឹកនាំ និង​មន្ត្រី​របស់​បក្ស​នោះ​ទេ។

ផ្ទុយទៅវិញ សារព័ត៌មាន​មួយ​ចំនួន​ដែល​ក្រុម​របស់​លោក ហ៊ុន សែន បង្ខំ​ឲ្យ​បិទ​ទ្វារ​នោះ​សុទ្ធសឹងតែ​ជា​សារព័ត៌មាន​ដែល​ហ៊ាន​សរសេរ​ឆ្លុះបញ្ចាំង​នូវ​ការពិត​ជាក់ស្តែង។

ជុំវិញ​បញ្ហា​នេះ ទិន្នន័យ​សង្គម​ស៊ីវិល​បាន​លាតត្រដាង​កាលពី​ពេល​ថ្មីៗ​នេះ​ថា ចាប់តាំង​ពី​ឆ្នាំ​១៩៩៤ មក យ៉ាងហោចណាស់​អ្នក​សារព័ត៌មាន​ជិត ២០​នាក់​ត្រូវ​បាន​សម្លាប់​នៅ​កម្ពុជា ក្នុង​នោះ​ស្ទើរតែ​គ្រប់​ករណី​ទាំងអស់ ជនរងគ្រោះ​ត្រូវ​បាន​ផ្តាច់​ជីវិត​ក្នុង​ពេល​កំពុង​បំពេញ​ការងារ ជាពិសេស​នៅ​ពេល​ដែល​អ្នក​ទាំងនោះ​ស៊ើប​អង្កេត​ទៅលើ​បញ្ហា​រសើប​នានា ដូចជា​បញ្ហា​អំពើពុករលួយ ភាព​អយុត្តិធម៌​សង្គម និង​រឿង​នយោបាយ​ទាក់ទិន​ទៅ​នឹង​ការ​ដឹកនាំ​គ្មាន​តម្លាភាព​របស់​រដ្ឋាភិបាល​ឯក​បក្ស​បច្ចុប្បន្ន។

ស្ថានទូត​អាល្លឺម៉ង់ ប្រចាំ​នៅ​កម្ពុជា ធ្លាប់​បាន​អះអាង​កាលពី​ចុង​ឆ្នាំ​២០២១ ថា នៅ​ពេល​ដែល​អ្នក​សារព័ត៌មាន​រង​ការ​វាយប្រហារ​ដោយសារ​ការងារ​របស់​ពួកគេ មិនមែន​ត្រឹមតែ​ជា​ការ​រំលោភ​សិទ្ធិ​បុគ្គល​អំពី​សេរីភាព​នៃ​ការ​បញ្ចេញមតិ​របស់​អ្នក​សារព័ត៌មាន​ប៉ុណ្ណោះ​ទេ តែ​ជា​ការ​រំលោភ​សិទ្ធិ​សមូហភាព​របស់​សង្គម​ក្នុង​ការ​ទទួល​បាន​ព័ត៌មាន​យ៉ាង​ធ្ងន់ធ្ងរ​ផង​ដែរ។

ជុំវិញ​បញ្ហា​នេះ អង្គការ Freedom House បាន​ចាត់ទុក​សារព័ត៌មាន​នៅ​កម្ពុជា ថា​មិន​មាន​សេរីភាព​ពេញលេញ ខណៈ​អង្គការ​អ្នកកាសែត​គ្មាន​ព្រំដែន (RSF) បាន​ដាក់​ចំណាត់ថ្នាក់​ប្រទេស​កម្ពុជា​លេខ​១៤៤ ក្នុង​ចំណោម ១៨០ សម្រាប់​ឆ្នាំ​២០២០ កន្លងទៅ។ អង្គការ​ដដែល​បញ្ជាក់​ថា សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា បាន​បន្ត​ធ្លាក់ចុះ ៣​ឆ្នាំ​ជាប់ៗ​គ្នា គឺ​ក្នុង​ឆ្នាំ​២០១៨ ឆ្នាំ​២០១៩ និង​ឆ្នាំ​២០២០ ខណៈ​ឆ្នាំ​២០២២ នេះ មិន​អាច​ងើប​ឡើង​ទៅ​រក​ភាព​ល្អ​ប្រសើរ​នោះ​ទេ មាន​តែ​ដុនដាប​ជាង​មុន៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស