33 C
Phnom Penh

ការ​បោះឆ្នោត​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង៖ ឈ្នះ​មិន​ដល់ ១% ផង តែ​គូប្រជែង​ប្រកាស​ទទួលស្គាល់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រទេស​មួយ​នៅ​អាស៊ី​ដែល​ប្រជាធិបតេយ្យ​ចាក់ឫស​ខ្លាំង​រឹងមាំ ហើយ​ជា​ប្រទេស​មាន​សន្តិភាព​ទាំង​ផ្លូវ​កាយ និង​ផ្លូវចិត្ត បាន​ឆ្លងកាត់​ការ​បោះឆ្នោត​មួយ​លើក​ទៀត​ហើយ​នៅ​ពេលនេះ ដោយ​ប្រជាជន​សម្រេច​ជ្រើសរើស​យក​អ្នក​នយោបាយ​ម្នាក់​មកពី​បក្ស​ប្រឆាំង​វិញ​ម្ដង ដើម្បី​ឱ្យ​ដឹកនាំ​ប្រទេស និង​រដ្ឋាភិបាល។

លោក Yoon Suk-yeol បាន​ឈ្នះ​គូប្រជែង​របស់​លោក​មិន​ដល់ ១% នោះ​ទេ​នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង កាលពី​ថ្ងៃ​ទី​៩ មីនា។ បេក្ខជន​មកពី​បក្ស​កាន់​អំណាច គឺ​គណបក្ស​ប្រជាធិបតេយ្យ លោក Lee Jae-myung បាន​ប្រកាស​ទទួលស្គាល់​ជ័យជម្នះ​របស់​លោក Yoon Suk-yeol ដោយ​សេចក្ដី​រីករាយ​គ្មាន​កំហឹង​អ្វី​ឡើយ។

តាម​លទ្ធផល​បោះឆ្នោត​ដែល​ធ្វើ​ឱ្យ​មាន​ការ​ភ្ញាក់ផ្អើល គឺ​ការ​ចាញ់​ឈ្នះ​នឹង​គ្នា​មិន​ដល់ ១% នោះ​ទេ គឺ​រវាង ៤៨,៦% ទល់​នឹង ៤៧,៨% ហើយ​ភាគរយ​ដែល​ប្រជាជន​ចេញ​ទៅ​បោះឆ្នោត គឺ​ជាង ៧៧% ក្នុង​ចំណោម​ប្រជាជន​មាន​ឈ្មោះ​បោះឆ្នោត​ជាង ៤៤​លាន​នាក់​នៃ​ចំនួន​ប្រជាជន​ជិត ៥២​លាន​នាក់។ នេះ​បើ​យោង​តាម​ការ​ស្រង់​មក​ចុះផ្សាយ​ដោយ​សារព័ត៌មាន​អង់គ្លេស The Guardian។

លោក Yoon Suk-yeol មកពី​គណបក្ស​អំណាច​ប្រជាជន (People Power Party)។ ប្រធានាធិបតី​ឈ្នះ​ឆ្នោត​រូប​នេះ គឺជា​អតីត​អគ្គ​រដ្ឋអាជ្ញា។ លោក​ត្រូវ​បាន​ក្រុមប្រឹក្សា​បោះឆ្នោត​របស់​កូរ៉េ​ខាងត្បូង ប្រកាស​ថា លោក​ជា​អ្នក​ឈ្នះ​នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​អាណត្តិ​ថ្មី​នេះ។

លោក Yoon Suk-yeol បាន​ហៅ​ជ័យជម្នះ​របស់​លោក គឺជា​ជោគជ័យ​ដ៏​អស្ចារ្យ​របស់​ប្រជាជន​កូរ៉េ​ខាងត្បូង។ នៅ​ចំពោះ​មុខ​អ្នកគាំទ្រ​រាប់​ម៉ឺន​នាក់ លោក​បាន​ប្រកាស​ការពារ​រដ្ឋធម្មនុញ្ញ និង​ស្ថាប័ន​ប្រជាធិបតេយ្យ​ជាមួយ​នឹង​ការ​សន្យា​បន្ត​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សហរដ្ឋ​អាមេរិក និង​ប្រទេស​ជប៉ុន ដើម្បី​ពង្រឹង​ស្ថិរភាព​ក្នុង​តំបន់។ លោក​ទទូច​ឱ្យ​ប្រជាជន​បន្ត​រួម​សាមគ្គី​គ្នា ដើម្បី​កូរ៉េ​ខាងត្បូង​មាន​អំណាច​មួយ​រឹងមាំ គឺ​អំណាច និង​ឆន្ទៈ​របស់​ប្រជាជន។

លោក​ក៏​បាន​ថ្លែង​អរគុណ​ដល់​គូប្រជែង​របស់​លោក គឺ​លោក Lee Jae-myung ដែល​ប្រកាស​ទទួលស្គាល់​ជ័យជម្នះ​របស់​លោក។ មណ្ឌល​បោះឆ្នោត​ដែល​នាំ​ឱ្យ​អ្នក​នយោបាយ​បក្ស​ប្រឆាំង​នេះ​បាន​ជ័យជម្នះ គឺ​នៅ​តំបន់ Busan។ នៅ​មុន​ការ​បោះឆ្នោត​មួយ​ថ្ងៃ គឺ​នៅ​ថ្ងៃ​ទី​៨ ខែ​មីនា លោក​បាន​ទៅ​ឃោសនា​នៅ​ក្នុង​តំបន់​នេះ​ដែល​មាន​អ្នកគាំទ្រ​រាប់​ម៉ឺន​នាក់ បាន​មក​ស្ដាប់​វោហារសាស្ត្រ​នយោបាយ​របស់​លោក លើកឡើង​អំពី​យុទ្ធសាស្ត្រ​នៃ​ការ​កសាង​ជាតិ ការ​ពង្រឹង​ស្ថិរភាព​លើ​ឧបទ្វីប​ជាមួយ​នឹង​ប្រទេស​កូរ៉េ​ខាងជើង ដោយ​ឈរ​លើ​កម្លាំង​សហការ​ជាមួយ​សហរដ្ឋ​អាមេរិក និង​ប្រទេស​ជប៉ុន។

សហរដ្ឋ​អាមេរិក និង​ប្រទេស​ជប៉ុន ប្រកាស​អបអរ​សាទរ​ភ្លាមៗ​នូវ​ជ័យជម្នះ​របស់​លោក Yoon Suk-yeol ដែល​ក្លាយ​ជា​ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​កូរ៉េ​ខាងត្បូង។ តាម​ការិយាល័យ​អ្នក​នាំពាក្យ​សេតវិមាន លោក Joe Biden បាន​បញ្ជូន​សារ​អបអរ​សាទរ​ជូន​ទៅ​លោក Yoon Suk-yeol ដោយ​សម្ដែង​សេចក្ដី​សង្ឃឹម​អំពី​ចំណង​មិត្តភាព​រវាង​ក្រុង​វ៉ាស៊ីនតោន និង​ក្រុង​សេអ៊ូល កាន់តែ​រឹងមាំ​ថែម​ទៀត។

ចំណែក​នាយករដ្ឋមន្ត្រី​ជប៉ុន លោក Fumio Kishida បាន​ផ្ញើ​សារ​អបអរ​សាទរ​ដល់​លោក Yoon Suk-yeol ផង​ដែរ។ នៅ​ក្នុង​សារ​អបអរ​សាទរ​នេះ លោក Kishida បាន​បង្ហាញ​ក្ដី​សង្ឃឹម​ផង​ដែរ​ថា រូបលោក​អាច​នឹង​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​លោក Yoon Suk-yeol ដើម្បី​ស្ដារ​ទំនាក់ទំនង​រវាង​កូរ៉េ​ខាងត្បូង និង​ជប៉ុន ឱ្យ​ប្រសើរ​ឡើង។ សារ​របស់​លោក Kishida មាន​សេចក្ដី​ថា លោក​សូម​អបអរ​សាទរ​ចំពោះ​ជ័យជម្នះ​របស់​លោក Yoon Suk-yeol ក្នុង​ការ​បោះឆ្នោត​នេះ ជាពិសេស​នៅ​ពេលនេះ គឺជា​ពេល​ដែល​សហគមន៍​អន្តរជាតិ​កំពុង​ប្រឈមមុខ​នឹង​ការ​ផ្លាស់ប្ដូរ​ដ៏​ធំ។ ក្នុង​ស្ថានភាព​នេះ គឺ​ទំនាក់ទំនង​ល្អ​រវាង​ជប៉ុន និង​កូរ៉េ​ខាងត្បូង គឺជា​រឿង​ចាំបាច់​មិន​អាច​ខ្វះ​បាន​ឡើយ។

លោក Yoon Suk-yeol ដែល​ជា​អ្នក​នយោបាយ​មកពី​បក្ស​ប្រឆាំង​នៃ​គណបក្ស​អំណាច​ប្រជាជន ត្រូវ​បាន​មើល​ឃើញ​ថា លោក​មាន​ភាព​ទើសទាល់​ខ្លះៗ​ដែល​ប្រធានាធិបតី​ផុត​អាណត្តិ Moon Jae-in មាន​ភាព​ទោរទន់​នឹង​របប​ផ្ដាច់ការ​នៅ​កូរ៉េ​ខាងជើង។ តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន BBC លោក Yoon Suk-yeol ទំនង​នឹង​ស្វែងរក​ដៃគូ​ជាមួយ​ក្រុម​ចតុភាគី ហៅថា Quad ដែល​មាន ៤​ប្រទេស គឺ​អាមេរិក ជប៉ុន អូស្ត្រាលី និង​ឥណ្ឌា ដើម្បី​ពង្រឹង​កម្លាំង​ទប់ទល់​នឹង​កូរ៉េ​ខាងជើង ហើយ​នឹង​ប្រទេស​ចិន។

ប្រទេស​កូរ៉េ​ខាងត្បូង មាន​រដ្ឋធម្មនុញ្ញ​មួយ​ដ៏​រឹងមាំ​ក្នុង​ការពារ​សិទ្ធិ​របស់​ប្រជាជន និង​ស្ថាប័ន​ប្រជាធិបតេយ្យ។ រដ្ឋធម្មនុញ្ញ​របស់​ប្រទេស​នេះ​កាត់​តម្រឹម​អំណាច​របស់​ប្រធានាធិបតី គឺ​អនុញ្ញាត​ឱ្យ​កាន់​អំណាច​បាន​តែ ៥​ឆ្នាំ​ប៉ុណ្ណោះ គឺ​មួយ​អាណត្តិ។ សម្រាប់​លោក Yoon Suk-yeol មាន​ពេលវេលា​គ្រប់គ្រង​អំណាច​របស់​លោក​បាន​តែ ៥​ឆ្នាំ​ប៉ុណ្ណោះ ហើយ​បើ​លោក​មាន​កំហុស​ណា​មួយ​អំឡុង​កាន់​អំណាច​នេះ គឺ​រដ្ឋធម្មនុញ្ញ​នេះ​ក៏​បើក​សិទ្ធិ​ឱ្យ​តុលាការ​រដ្ឋធម្មនុញ្ញ​ដក​អំណាច​ពី​លោក​បាន​ដែរ។

លោក Yoon Suk-yeol មាន​អាយុ ៦១​ឆ្នាំ។ លោក​ទើប​ចូល​ប្រឡូក​ក្នុង​បក្ស​អំណាច​ប្រជាជន (People Power Party) ក្នុង​ឆ្នាំ​២០២១ ដោយ​លោក​ហក់​ចេញពី​តួនាទី​ជា​អគ្គ​រដ្ឋអាជ្ញា​របស់​ប្រទេស​កូរ៉េ​ខាងត្បូង។ ភាព​លេចធ្លោ​របស់​លោក គឺជា​អ្នក​ផ្ដើម​បណ្ដឹង​ដែល​បាន​រក​ឃើញ​អ្នកស្រី​ប្រធានាធិបតី Park Geun-hye បណ្ដោយ​ឱ្យ​ជំនួយការ​ជំនិត​ម្នាក់​ប្រព្រឹត្ត​អំពើ​សូកប៉ាន់ និង​ពុករលួយ។ លោក​ត្រូវ​បាន​ប្រជាជន​កូរ៉េ​ខាងត្បូង ដាក់​រហស្សនាម​ថា​ជា​ចៅក្រម​ភ្នែក​ភ្លឺ ព្រោះ​លោក​ជា​អ្នក​បំបែក​សំណុំរឿង​របស់​អ្នក​មាន​អំណាច និង​មាន​ប្រាក់​ស្ដុកស្ដម្ភ​ដែល​ប្រព្រឹត្ត​អំពើពុករលួយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស