35 C
Phnom Penh

លោក ហ៊ុន សែន គំរាម​សម្លាប់​អ្នកវិភាគ​ម្នាក់​ដែល​រស់នៅ​ក្នុង​សហរដ្ឋ​អាមេរិក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បុរស​ខ្លាំង​នៅ​កម្ពុជា​ដែល​គេ​ហៅថា​ជា​មេដឹកនាំ​បែប​ជើង​កាង ចិត្ត​ឆៅ ដៃ​ឆើត ក្រាញ​អំណាច​ត​ត្រកូល តាំង​ខ្លួន​ជា​ម្ចាស់​របស់​ប្រទេស បាន​គំរាម​សម្លាប់​អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​កម្ពុជា​មួយ​រូប​ក្រៅ​ប្រព័ន្ធ​ច្បាប់ បន្ទាប់ពី​អ្នកវិភាគ​រូប​នោះ​ចាប់ផ្តើម​ធ្វើ​ការ​រិះគន់​ទៅលើ​ការ​ដឹកនាំ​របស់​ខ្លួន​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ។

កាលពី​ពេល​ថ្មីៗ​នេះ លោក ហ៊ុន សែន បាន​បញ្ចេញ​សារ​សំឡេង​តាមរយៈ​បណ្ដាញ​សង្គម​តេឡេក្រាម គំរាម​សម្លាប់​ជា​សាធារណៈ​លើ​អ្នកវិភាគ​មួយ​រូប គឺ​លោក សុខ សុគន្ធ ដែល​តែង​ប្រកាស​គាំទ្រ​លោក​ក្នុង​រយៈពេល​កន្លងមក។

លោក ហ៊ុន សែន បាន​ចោទ​សួរ​លោក សុខ សុគន្ធ ថា​តើ​លោក សុខ សុគន្ធ ចង់​ស្លាប់​តាម​ដំណើរ​អស់​អាយុ​ធម្មតា ឬ​ចង់​ស្លាប់​ឱ្យ​បាន​ឆាប់? លោក​គំរាម​ថា បើ​ទោះ​ជា​លោក សុខ សុគន្ធ ចង់​រស់ ក៏​រស់​មិន​បាន​យូរ​ដែរ។

អតីត​មេ​កម្មាភិបាល​ខ្មែរក្រហម​ពី​របប​យង់ឃ្នង​វាល​ពិឃាត​ប្រល័យ​ពូជសាសន៍​រូប​នេះ បាន​ប្រមាថ​លោក សុខ សុគន្ធ ទាំង​កំហឹង​ថា គ្រាន់​សត្វ​សុនខ​មួយ​ក្បាល​ប៉ុណ្ណោះ ហើយ​ថា ទោះ​ទៅ​គណបក្ស​ណា​ក៏​គេ​មិន​ត្រូវការ​ដែរ ព្រោះ​ជា​មនុស្ស​ចង្រៃ​បំផុត។

ការ​គំរាម​ផ្តាច់​សង្ខារ​ពលរដ្ឋ​របស់​ខ្លួន​ពី​សំណាក់​មេដឹកនាំ​បែប​ជើង​កាង​ក្រាញ​អំណាច​លុះ​ក្ស័យ​រូប​នេះ មិនមែន​ជា​លើក​ទី​មួយ​នោះ​ទេ ហើយ​ក៏​មិនមែន​ជា​លើក​ចុងក្រោយ​ដែរ។

កាលពី​ថ្ងៃ​ទី​១៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ លោក ហ៊ុន សែន បាន​អះអាង​ក្នុង​ពិធី​មួយ​នៅ​មជ្ឈមណ្ឌល​កោះពេជ្រ​ក្នុង​ទីក្រុង​ភ្នំពេញ​ថា ប្រសិនបើ​លោក​បាន​ដឹង​ជា​មុន​អំពី​ផែនការ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​ការ​ប៉ុនប៉ង​ផ្តួល​រំលំ​រដ្ឋាភិបាល​របស់​លោក​តាមរយៈ​រូបភាព​បដិវត្តន៍​ពណ៌ ម្ល៉េះ​លោក​បញ្ជា​ឲ្យ​ក្រុម​របស់​លោក​សម្លាប់​ក្រុម​អ្នក​ប្រឆាំង​ទាំងអស់​នោះ​ចោល​អស់​ទៅ​ហើយ នៅ​ពេល​ដែល​ពួកគេ​បាន​ដឹកនាំ​ធ្វើ​បាតុកម្ម​នៅ​ក្រោយ​ការ​បោះឆ្នោត​ឆ្នាំ​២០១៣ ក្នុង​ទីក្រុង​ភ្នំពេញ​នោះ។

លោក ហ៊ុន សែន បញ្ជាក់​ថា លោក​ពិត​ជា​មាន​ការ​សោកស្តាយ​ខ្លាំង​ណាស់​ដែល​លោក​មិន​បាន​សម្លាប់​អ្នក​ទាំងនោះ។

មេដឹកនាំ​បក្ស​កាន់​អំណាច​ដែល​គេ​ចាត់ទុក​ថា​ជា​មេ​ជើង​កាង​នយោបាយ ហែហម​ទៅ​ដោយ​ក្រុម​ឃាតក​បាតដៃ​ប្រឡាក់​ឈាម សម្លាប់​មនុស្ស​មិន​ញញើត​ដៃ​រូប​នេះ ត្រូវ​បាន​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ រួម​ទាំង​ពលរដ្ឋ​ខ្មែរ​ផង​ចាត់ទុក​ថា​ជា​មេដឹកនាំ​ដែល​បំពាន​ច្បាប់ ប្រើ​អំណាច​រំលោភ​សិទ្ធិ​ពលរដ្ឋ​តាម​ទំនើងចិត្ត ហើយ​ក៏​មាន​ការ​ជាប់​ពាក់ព័ន្ធ​យ៉ាង​ជ្រៅ​ទៅ​នឹង​អំពើ​ឃាតកម្ម​ក្រៅ​ប្រព័ន្ធ​ច្បាប់​នៅ​កម្ពុជា​ដោយ​ផ្ទាល់ ដូចជា​ការ​សម្លាប់​តារា​ភាពយន្ត និង​ជា​គ្រូ​របាំ​ព្រះរាជទ្រព្យ អ្នកស្រី ពិសិដ្ឋ ពិលីកា។

ជាង​នេះ​ទៅ​ទៀត ឃាតកម្ម​ទៅលើ​ព្រះ​ភិក្ខុ សំ ប៊ុនធឿន លោក ជា វិជ្ជា លោក ឈុត វុទ្ធី បណ្ឌិត កែម ឡី អ្នក​សារព័ត៌មាន សកម្មជន​នយោបាយ និង​ពលរដ្ឋ​រងគ្រោះ​ដទៃ​ទៀត​នៅ​ក្នុង​របប​ដឹកនាំ​របស់​លោក ហ៊ុន សែន ត្រូវ​គេ​ដឹង​ថា​មិន​ដែល​រក​ឃើញ​ឃាតក​ពិត​យក​មក​ផ្ដន្ទាទោស​ចំពោះ​មុខ​ច្បាប់​នោះ​ឡើយ។

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​លើកឡើង​ថា របៀប​ដឹកនាំ​របស់​លោក ហ៊ុន សែន គឺ​ប្រើ​ច្បាប់​ព្រៃ​ដែល​គាត់​ធ្លាប់​ទទួល​បាន​ការ​បណ្តុះបណ្តាល​ក្នុង​ឋានៈ​ជា​មេ​កម្មាភិបាល​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត ព្រោះ​អ្វី​ដែល​លោក ហ៊ុន សែន ធ្វើ​និង​និយាយ គឺ​តែងតែ​បំពាន​គ្រប់​បែប​យ៉ាង​ទៅលើ​អាយុ​ជីវិត​អ្នក​ដទៃ រួម​ទាំង​ព្រះមហាក្សត្រ​ផង​ដែរ ដែល​ជា​ការ​រំលោភ​ទៅលើ​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា​យ៉ាង​ធ្ងន់ធ្ងរ។

ប្រភព​ដដែល​បន្ត​ថា លោក ហ៊ុន សែន មិន​ដែល​ចាត់ទុក​ជីវិត​មនុស្ស​សំខាន់​ជាង​អំណាច​របស់​គាត់​នោះ​ទេ ហើយ​គាត់​តែង​យក​ពាក្យ​ការពារ​សន្តិភាព​មក​បាំង​ពី​មុខ​ជានិច្ច។ ប៉ុន្តែ​សន្តិភាព​ដែល​លោក ហ៊ុន សែន ប្រឹង​ការពារ​សព្វថ្ងៃ​នេះ​ជា​សន្តិភាព​ក្រោម​គំនរ​សាកសព​ពលរដ្ឋ​ខ្មែរ​ស្លូតត្រង់​ប៉ុណ្ណោះ។

របាយការណ៍​ស្ដីពី​នីតិរដ្ឋ​ឆ្នាំ​២០២១ នៃ​គម្រោង​យុត្តិធម៌​ពិភពលោក (The World Justice Project) បាន​រក​ឃើញ​ថា កម្ពុជា​បាន​ជាប់​ចំណាត់ថ្នាក់​លេខ​ទី​១៣៨ ក្នុង​ចំណោម​ប្រទេស​១៣៩ ដោយសារតែ​ការ​ដឹកនាំ​គ្មាន​តម្លាភាព មាន​ការ​គំរាមកំហែង​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ និង​ការ​មិន​ធានា​បាន​នូវ​ប្រព័ន្ធ​យុត្តិធម៌​របស់​ខ្លួន ជាដើម៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស