អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង អះអាងថា កម្ពុជាបានបាត់បង់ព្រៃឈើយ៉ាងគំហុកនាពេលបច្ចុប្បន្ន។ លោកបន្តថា កាលពីមុន កម្ពុជាសម្បូរព្រៃឈើហូរហៀរ មើលមេឃមើលថ្ងៃមិនឃើញ តែឥឡូវរកកន្លែងជ្រកបាំងថ្ងៃក៏មិនបានដែរ។
ថ្លែងក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ នៅខេត្តបាត់ដំបង កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ លោក ស ខេង បានរំឭកថា នៅទសវត្សរ៍៩០ ព្រៃឈើនៅសល់ច្រើនដែរ ប៉ុន្តែមកដល់ពេលនេះ ព្រៃឈើដែលជាធនធានធម្មជាតិនៅសល់តិចតួចប៉ុណ្ណោះ។ ករណីនេះ បានបង្ហាញឱ្យឃើញពីការបាត់បង់ព្រៃឈើយ៉ាងគំហុកនាពេលបច្ចុប្បន្ន។ លោកបន្តថា នៅពេលបច្ចុប្បន្ននេះ ព្រៃឈើចាប់ពីស្រុកសំឡូត ខេត្តបាត់ដំបង រហូតទៅដល់ព្រំប្រទល់ខេត្តកោះកុង កំពុងរងការទន្រ្ទាន។
លោក ស ខេង បានបញ្ជាទៅអាជ្ញាធរពាក់ព័ន្ធឱ្យចុះទៅពិនិត្យមើលការទន្ទ្រាន និងការកាប់បំផ្លាញព្រៃឈើក្នុងស្រុកសំឡូត ក្នុងនោះលោកបានណែនាំថា វាជាការងាយស្រួលណាស់ដោយអាជ្ញាធរអាចស្នើសុំ Helicopter ណាមួយ ឬប្រើ Drone ដើម្បីថតមើលពីខាងលើក្នុងតំបន់ព្រៃឈើដែលរងការទន្ទ្រាននោះ។
ក្រៅពីព្រៃឈើ លោក ស ខេង ក៏បានរំលេចអំពីការហិនហោចអស់នៃកូនភ្នំនៅកម្ពុជា ដែលករណីទាំងអស់នេះលោកថាថ្ងៃក្រោយនឹងធ្វើឱ្យកម្ពុជាវេទនា។
កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ អង្គការលើកលែងទោសអន្តរជាតិ បង្ហាញរបាយការណ៍ថ្មីមួយថា នៅក្នុងឆ្នាំ២០២១ នេះ ព្រៃឈើជាង ៦ពាន់ហិកតារក្នុងដែនជម្រកសត្វព្រៃចំនួនពីរនៅកម្ពុជា ត្រូវបានបំផ្លាញដោយសារដៃរបស់ក្រុមមន្ត្រីពុករលួយ។
អង្គការ Amnesty International បានចោទអាជ្ញាធរពាក់ព័ន្ធ ជាពិសេសមន្ត្រីក្រសួងបរិស្ថានថាមិនបានអើពើ និងមិនខ្វល់ចំពោះការរាយការណ៍របស់ពលរដ្ឋពាក់ព័ន្ធនឹងបទល្មើសនេះឡើយ ខណៈសកម្មភាពចុះទៅស៊ើបអង្កេតរបស់មន្ត្រីក្រសួងបរិស្ថានខ្លះ ធ្វើឡើងដើម្បីទទួលលុយក្រោមតុពីជនល្មើសតែប៉ុណ្ណោះ។
ប្រធានផ្នែកកិច្ចការវិបត្តិ និងបរិស្ថាននៃអង្គការ Amnesty International លោក Richard Pearshouse បានលើកឡើងក្នុងរបាយការណ៍ថា អាជ្ញាធរកម្ពុជាត្រូវបញ្ឈប់ជាបន្ទាន់នូវសកម្មភាពបើកដៃ និងឃុបឃិតជាមួយជនទុច្ចរិតដើម្បីកាប់បំផ្លាញព្រៃឈើទៀត។ លោកថា ការទទួលសំណូក និងការប្រព្រឹត្តអំពើពុករលួយរបស់អាជ្ញាធរពាក់ព័ន្ធ ក្នុងនោះមានមន្ត្រីប៉ូលិស មន្ត្រីនៃក្រសួងបរិស្ថាន កំពុងធ្វើឱ្យព្រៃឈើរបស់កម្ពុជាដែលនៅសេសសល់ដ៏តិចតួចបំផុត ត្រូវរលាយហិនហោចអស់។
ទោះបីជាយ៉ាងណា កាលពីកន្លងមក លោក ហ៊ុន សែន ប្រកាសក្ដែងៗដោយកាត់កខ្លួនឯង រួមទាំងបង្កើតគណៈកម្មការបង្ក្រាបបទល្មើសព្រៃឈើនៅប្រទេសកម្ពុជាឱ្យបានដាច់ខាតនោះ ត្រូវបរាជ័យ ក្នុងនោះព្រៃឈើនៅប្រទេសកម្ពុជាស្ទើរតែហិនហោចចាប់តាំងពីលោក ហ៊ុន សែន អះអាងថាការពាររហូតមកដល់ពេលបច្ចុប្បន្ននេះ។
ប៉ុន្តែប្រជាសហគមន៍អះអាងថា ព្រៃឡង់នឹងវិនាសក្នុងឆ្នាំ២០២២ និងឆ្នាំ២០២៣ បើសិនរដ្ឋាភិបាលមិនអើពើទប់ស្កាត់នោះ ខណៈសកម្មភាពកាប់បំផ្លាញ និងដឹកជញ្ជូនឈើចេញពីតំបន់ព្រៃឡង់បានកើនឡើងខ្លាំងយ៉ាងគគ្រឹកគគ្រេងជាងពេលកន្លងមក។
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ដ្រា បានប្រាប់អ្នកសារព័ត៌មានកន្លងមកថា អ្វីដែលជាការចោទប្រកាន់របស់ក្រុមសកម្មជនមួយចំនួនដែលតែងតែផ្សព្វផ្សាយព័ត៌មានបែបកុហក ថាកម្ពុជាអស់ឈើហើយ ប៉ុន្តែបើកម្ពុជាអស់ឈើ សួរថាតើរបាយការណ៍របស់លោក ហេតុអ្វីបានជាចេញរហូតមានទៅដល់ ៤៦,៨៦%? ហើយស្ថានភាពជាក់ស្តែង ប្រជាពលរដ្ឋគឺគាត់បានដឹងច្បាស់អំពីវត្តមាននៃព្រៃឈើនៅក្នុងតំបន់ការពារធម្មជាតិ។
បើតាមរបាយការណ៍ស្ដីពី «ស្ថានភាពបរិស្ថានលើកទី៤ និងសៀវភៅធនធានគម្របព្រៃឈើកម្ពុជាឆ្នាំ២០១៨» ចេញផ្សាយនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ របស់ក្រសួងបរិស្ថាន បានឲ្យដឹងថា ក្នុងឆ្នាំ១៩៦៥ ព្រៃឈើលាតសន្ធឹងលើផ្ទៃដី ៧៣% នៃផ្ទៃប្រទេស ប៉ុន្តែត្រឹមឆ្នាំ២០១៨ ព្រៃឈើបានរួមមកនៅតិចជាង ៤៧% ហើយចាប់ពីឆ្នាំ២០១៤ មក ការបាត់បង់គម្របព្រៃឈើពុំសូវមានភាពធ្ងន់ធ្ងរ ប៉ុន្តែនៅកើតមានក្នុងកម្រិតមួយថេរ។
នៅក្នុងវិស័យព្រៃឈើនេះ កម្ពុជាក៏បានបាត់បង់ការគាំទ្រពីទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍន៍អន្តរជាតិ (USAID) នៅក្នុងការអនុវត្តគម្រោងព្រៃឡង់បៃតង នៅតំបន់ដែនជម្រកសត្វព្រៃព្រៃឡង់ ដែលមានរយៈពេល ៥ឆ្នាំ ចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២៣ ដោយមានទឹកប្រាក់ប្រមាណ ២១លានដុល្លារអាមេរិក៕