ភាគច្រើននៃពលរដ្ឋខ្មែរជាកសិករដែលរស់នៅទីជនបទ និងមានជីវភាពក្រីក្រលំបាក។ ភាពក្រីក្រចំពោះកសិករ និងបញ្ហាចម្បងៗក្នុងវិស័យកសិកម្មដែលបាន និងកំពុងតែកើតមានក្នុងប្រទេសកម្ពុជា ជាសក្ខីភាពមួយសម្រាប់ការឆ្លុះបញ្ចាំងអំពីសមត្ថភាព និងឆន្ទៈរបស់លោក ហ៊ុន សែន ក្នុងនាមជាមេដឹកនាំប្រទេស។
ជាមួយគ្នានេះ ទឹកដី និងភូមិសាស្ត្រនៃប្រទេសកម្ពុជាតែងតែត្រូវបានគេអះអាងថា ជាទឹកដីដ៏មានជីជាតិ និងមានអំណោយផលសម្រាប់វិស័យកសិកម្ម ប៉ុន្តែបើដូច្នេះមែន តើហេតុអ្វីបានជាកសិករខ្មែរក្រ? តើអ្វីទៅជាមូលហេតុដែលនាំឱ្យកសិករក្រ?
អ្នករៀនសូត្រគ្រប់ជំនាន់មុនៗ គ្រូបង្រៀនគ្រប់ជំនាន់មុនៗ បង្រៀនសិស្សានុសិស្សឲ្យដឹង ហើយប្រជាពលរដ្ឋខ្មែរនិយាយតៗគ្នាថា ដែនដីខ្មែរជាដែនដីសុវណ្ណភូមិ។
ប្រទេសកម្ពុជាជាប្រទេសដែលមានទឹកដីប្រកបដោយជីជាតិ និងភូមិសាស្ត្រអំណោយផលសម្រាប់បង្កបង្កើនផលកសិកម្មគ្រប់ប្រភេទ។ ផ្ទុយទៅវិញ ភោគផលកសិកម្ម ដូចជា បន្លែ ផ្លែឈើ និងត្រីសាច់សម្រាប់ផ្គត់ផ្គង់តម្រូវការក្នុងស្រុក ស្ទើរតែពឹងផ្អែកលើបរទេសទាំងស្រុង។
ថ្លែងក្នុងកម្មវិធីតុមូលសារព័ត៌មាន VOD កាលពីខែមិថុនា ឆ្នាំ២០២០ លោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) បានលើកឡើងថា មន្ត្រីរដ្ឋាភិបាលធ្លាប់លើកឡើងក្នុងឆ្នាំ២០១៧ ថា ប្រទេសកម្ពុជាបាននាំចូលបន្លែផ្លែឈើជាង ២០០លានតោនក្នុងមួយថ្ងៃៗ និងចំណាយប្រាក់រាប់រយលានដុល្លារអាមេរិកក្នុងមួយឆ្នាំៗសម្រាប់ការចំណាយលើបន្លែផ្លែឈើដែលនាំចូលពីបរទេស។
ក្រៅពីនាំចូលភោគផលកសិកម្មពីប្រទេសជិតខាងដើម្បីបំពេញសេចក្តីត្រូវការក្នុងស្រុក ប្រទេសកម្ពុជាក៏បាននាំចូលផលិតផលផ្សេងៗទៀតពីប្រទេសធ្វើជំនួញ ឬពាណិជ្ជកម្មនឹងគ្នាជាទ្វេភាគី លើសពីការនាំចេញផលិតផលរបស់ខ្លួនទៅបរទេសដែរ ដូចជាគ្រឿងម៉ាស៊ីន គ្រឿងចក្រ គ្រឿងអេឡិចត្រូនិក ជាដើម។ ក្នុងឆ្នាំ២០២០ ប្រទេសកម្ពុជានាំចូលផលិតផលពីប្រទេសយៀកណាម មានទឹកប្រាក់ស្មើនឹងជាង ២៦០០លានដុល្លារ។ ប្រទេសកម្ពុជាគ្មានអ្វីនាំចេញទៅយៀកណាមទេក្នុងឆ្នាំ២០២០ នេះ បើយោងតាមចុះផ្សាយស្ថិតិពាណិជ្ជកម្មក្នុងពិភពលោកប្រចាំឆ្នាំនាចុងឆ្នាំ២០២១ ដោយ Trend Economy។ នាំចូលទំនិញពីប្រទេសថៃឡង់ដ៍ មានទឹកប្រាក់ជិត ៣ពាន់លានដុល្លារ នាំផលិតផលចេញទៅវិញមានទឹកប្រាក់ប្រមាណជាង ៦៥០លានដុល្លារ។ នេះហៅថាអតុល្យភាពក្នុងជំនួញរវាងគ្នានឹងគ្នា ហៅថា trade imbalance។
ស្ថិតិ និងតួលេខទាំងនេះបានឆ្លុះបញ្ចាំងអំពីភាពបរាជ័យរបស់លោ ហ៊ុន សែន ក្នុងការលើកស្ទួយ ឬរក្សាកិត្យានុភាពវិស័យកសិកម្មខ្មែរក្នុងនាមជាមេដឹកនាំប្រទេស។ មិនគ្រាន់តែបរាជ័យប៉ុណ្ណោះទេ តែលោក ហ៊ុន សែន ក៏មិនទទួលខុសត្រូវ និងមិនខ្វល់អំពីសុខមាលភាពប្រជាពលរដ្ឋខ្មែរទូទៅឡើយ ជាពិសេសជីវភាពកសិករខ្មែរ។
កាលពីឆ្នាំ២០១៧ លោក ហ៊ុន សែន បានប្រាប់ប្រជាពលរដ្ឋថា បើខ្លាចបន្លែផ្លែឈើមានជាតិគីមី ពេលទៅទិញសូមពិនិត្យមើលទៅ ហើយកុំទិញបើទំនិញនោះមានជាតិគីមី។ ប៉ុន្តែផលប៉ះពាល់កាន់តែខ្លាំងឡើងៗលើសុខភាពប្រជាពលរដ្ឋខ្មែរដោយសារជាតិគីមីក្នុងបន្លែផ្លែឈើ និងត្រីសាច់នាំចូលពីបរទេស ជាពិសេសពីប្រទេសវៀតណាម វាបានជំរុញឱ្យក្រសួងមហាផ្ទៃ ចេញលិខិតមួយក្នុងពាក់កណ្តាលឆ្នាំ២០២០ ដោយស្នើឱ្យអាជ្ញាធរដែនដីជាប់ព្រំដែនទាំងអស់ទប់ស្កាត់ទំនិញដែលមានជាតិគីមី។
ដូច្នេះ អ្វីដែលលោក ហ៊ុន សែន និយាយក្នុងឆ្នាំ២០១៧ នោះ គឺជាការបង្ហាញនូវភាពមិនខ្វល់ ឬការទទួលខុសត្រូវរបស់គាត់ចំពោះប្រជាពលរដ្ឋខ្មែរ។
បើតាមគេហទំព័ររបស់ភ្នាក់ងារផ្តល់ជំនួយអន្តរជាតិអាមេរិកាំង (USAID) ប្រជាពលរដ្ឋខ្មែរប្រមាណ ៨០% រស់នៅជនបទ ៦៥% រស់នៅពឹងអាស្រ័យវិស័យកសិកម្ម។
ដោយផ្អែកលើតួលេខនេះ វាមានន័យថា កសិករគឺមានចំនួនភាគច្រើនក្នុងចំណោមប្រជាពលរដ្ឋខ្មែរ ឬវិស័យកសិកម្មប៉ះពាល់ដោយផ្ទាល់នឹងជីវិតប្រជាពលរដ្ឋខ្មែរភាគច្រើន។ លើសពីនេះទៀត គណបក្សប្រជាជនកម្ពុជាធ្លាប់ប្រកាសក្នុងទសវត្ស១៩៨០ ថា ខ្លួនជាបក្សកុម្មុយនីស្តកើតចេញពីវណ្ណៈកសិករ និងកម្មករ និងធ្វើអ្វីៗដើម្បីផលប្រយោជន៍នៃវណ្ណៈទាំងពីរនេះ។
បើដូច្នេះមែន លោក ហ៊ុន សែន និងគណបក្សរបស់គាត់គួរតែយកចិត្តទុកដាក់លើកស្ទួយជីវភាពកសិករ និងកម្មករខ្មែរឱ្យបានល្អប្រសើរ។ ផ្ទុយទៅវិញ របបលោក ហ៊ុន សែន រងការរិះគន់ពីអ្នកឃ្លាំមើលសិទ្ធិមនុស្សនានាថាជារដ្ឋាភិបាលការពារឈ្មួញខ្មែរ និងបរទេសប្លន់ដីកសិករ និងជិះជាន់កម្មករយ៉ាងឃោរឃៅ។
ឆ្លើយតបនឹងការរិះគន់នោះ ពួកមន្ត្រីការពារលោក ហ៊ុន សែន តែងតែបដិសេធ និងថ្កោលទោសអ្នករិះគន់ទាំងនោះ។ ប៉ុន្តែរឿងដែលសំខាន់មិនស្ថិតត្រង់ការរិះគន់ ឬការបដិសេធអ្វីទេ គឺស្ថិតនៅត្រង់ថា តើកសិករមានបញ្ហាទេ ?
តើរបបនេះដោះស្រាយបញ្ហាទាំងនោះជូនកសិករបានឬអត់? សារព័ត៌មាន Khmer Times ដែលគាំទ្ររបបនេះដែរនោះ បានផ្សាយនូវអត្ថបទមួយកាលពីចុងឆ្នាំ២០២០ ថា បញ្ហាដែលកសិករខ្មែរកំពុងប្រឈមនោះ គឺការខ្វះមធ្យោបាយកែច្នៃ ការខ្វះទីផ្សារ តម្លៃផលិតខ្ពស់ និងការខ្វះបច្ចេកទេសកសិកម្ម។ អ្នកជំនាញជាតិ និងអន្តរជាតិបានលើកឡើងជាញឹកញាប់អំពីបញ្ហាទាំងអស់នេះ ដោយរួមទាំងអំពើពុករលួយ ការប្លន់យកដីពីកសិករ និងការខ្វះឆន្ទៈនយោបាយជួយលើកស្ទួយកសិករទៀតផង។
តើនេះជាគោលនយោបាយធ្វើឲ្យកសិករក្រ រស់ពឹង ផ្ញើជីវិតតែលើអ្នកដឹកនាំ ឬយ៉ាងណា?
ស្រដៀងគ្នានេះដែរ សេចក្តីរាយការណ៍ពីការសិក្សាមួយពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) កាលពីខែកក្កដា ឆ្នាំ២០២១ ក៏បានបង្ហាញនូវបញ្ហាធំៗជាច្រើន និងអនុសាសន៍ជាយុទ្ធសាស្ត្រដែលរដ្ឋាភិបាលគួរតែពិចារណា និងចាត់វិធានការ។
បន្ថែមលើបញ្ហាដូចរៀបរាប់មកនេះ គេឃើញមានបញ្ហាពីរទៀតដែលត្រូវបានលើកឡើងផងដែរក្នុងសេចក្តីរាយការណ៍នេះ គឺតម្លៃដឹកជញ្ជូនក្នុងប្រទេស និងបញ្ហាដើមទុន។
តម្លៃដឹកជញ្ជូនក្នុងប្រទេសកម្ពុជាថ្លៃជាងប្រទេសជិតខាង គឺថៃ និងវៀតណាម រួមនឹងតម្លៃថាមពលអគ្គិសនីខ្ពស់។ រីឯបញ្ហាដើមទុន គឺជាបញ្ហាដ៏ចម្បងមួយ ហើយរដ្ឋាភិបាលពុំបានជួយអ្វីទេ។ ធនាគារអភិវឌ្ឍន៍អាស៊ី បានបញ្ជាក់ថា បើផ្អែកលើរបាយការណ៍ឆ្នាំ២០១៨ ហិរញ្ញប្បទានសរុបមានតែ ៩,៤% សម្រាប់កសិករ និងអ្នកជំនួញវិស័យកសិកម្ម។
ប៉ុន្តែបើគេក្រឡេកមើលអំពីការរួមចំណែកលើកស្ទួយសេដ្ឋកិច្ចជាតិវិញ កសិកម្មគឺជាវិស័យមួយដ៏សំខាន់ និងថែមទាំងពាក់ព័ន្ធដោយផ្ទាល់ជាមួយប្រជាពលរដ្ឋខ្មែរភាគច្រើនក្នុងប្រទេសដែលជាកសិករ។ ដូច្នេះ វាគួរជាវិស័យមួយដែលរបបលោក ហ៊ុន សែន យកចិត្តទុកដាក់ខ្ពស់។
បើយោងតាមរបាយការណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ីខាងលើ ជាមធ្យមវិស័យកសិកម្មបានរួមចំណែកក្នុងប្រាក់ចំណូលរបស់ប្រទេសកម្ពុជា (GDP) ប្រមាណ ៣០% ចាប់ពីឆ្នាំ២០០០ ដល់ឆ្នាំ២០១៤ និងជាង ២២% ក្នុងឆ្នាំ២០១៩ ឬមានទំហំមួយភាគបីនៃចំណូលផលទុនក្នុងស្រុកសរុប GDP។
តួលេខនេះ ជាសក្ខីភាពថាវិស័យកសិកម្មសំខាន់ ឬការចូលរួមពីកសិករខ្មែរ គឺមានទំហំធំធេងជាងដែលរបបលោក ហ៊ុន សែន គួរយកចិត្តទុកដាក់ លើកស្ទួយ និងការពារពីការរំលោភបំពានផ្សេងៗ ដូចជាការប្លន់យកដីពីសំណាក់ឈ្មួញ និងមន្ត្រីទុច្ចរិត។
សហគមន៍អន្តរជាតិ ជាពិសេសសហគមន៍អឺរ៉ុប និងអាមេរិក បានព្យាយាមជួយលើកស្ទួយសេដ្ឋកិច្ចនៃប្រទេសកម្ពុជាតាមរយៈការផ្តល់ទីផ្សារដោយលើកលែងពន្ធនាំចូល ឬបន្ទាបអត្រាពន្ធដារ។ ឆ្នាំ២០២០ ប្រទេសកម្ពុជានាំផលិតផលទៅអាមេរិកមានទឹកប្រាក់ជាង ៥៣០០លានដុល្លារ គឺច្រើនជាងប្រទេសទាំងអស់ធ្វើជំនួញជាមួយគ្នា។
ទាក់ទិននឹងទីផ្សារកសិកម្មខ្មែរ ស្ថានទូតអាមេរិកបានចេញផ្សាយសេចក្តីរាយការណ៍មួយថា ការធ្វើពាណិជ្ជកម្មលើវិស័យកសិកម្មរវាងកម្ពុជា-អាមេរិកមានចំនួន ២២០លានដុល្លារអាមេរិកក្នុងមួយឆ្នាំ និងមានសក្ដានុពលជាច្រើនទៀតដែលអាចបង្កើននូវទំហំពាណិជ្ជកម្មនេះ។ បើតាមសេចក្តីរាយការណ៍នោះ កម្ពុជាបាននាំផលិតផលកសិកម្មទៅលក់ក្នុងទីផ្សារអាមេរិកក្នុងតម្លៃ ១៥៧លានដុល្លារអាមេរិក ហើយអាមេរិកនាំផលិតផលកសិកម្មរបស់ខ្លួនមកលក់ក្នុងប្រទេសកម្ពុជាតែ ៦២លានដុល្លារអាមេរិកប៉ុណ្ណោះសម្រាប់ឆ្នាំ២០១៨។
តាមពិត ប្រទេសកម្ពុជាមានឱកាសធំណាស់ដែលបានទទួលប្រព័ន្ធអនុគ្រោះពន្ធ EBA ពីសហគមន៍អឺរ៉ុប ដែលមានប្រទេសចំនួន២៧ ជាសមាជិក និងប្រព័ន្ធអនុគ្រោះពន្ធ GSP របស់អាមេរិក។ ការទទួលបានប្រព័ន្ធអនុគ្រោះពន្ធនេះ គឺមានន័យថា ទំនិញផលិតនៅប្រទេសកម្ពុជានាំចូលទៅប្រទេសទាំងនោះ មិនបាច់បង់ពន្ធ តែទំនិញនាំចូលពីប្រទេសទាំងនោះមកក្នុងកម្ពុជាវិញត្រូវតែបង់ពន្ធ។ ប៉ុន្តែសហគមន៍អឺរ៉ុបបានកាត់បន្ថយប្រពន្ធអនុគ្រោះព័ន្ធ EBA ចំនួន ២០% ហើយប្រទេសអាមេរិកបានព្យួរប្រព័ន្ធអនុគ្រោះពន្ធ GSP ចាប់តាំងពីឆ្នាំ២០១៩ មក បន្ទាប់ពីលោក ហ៊ុន សែន បានចាប់លោក កឹម សុខា រំលាយគណបក្សសង្គ្រោះជាតិ និងបំផ្លាញដំណើរការប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជា។
ទោះតិច ឬច្រើន ឬវិធានការរបស់សហគមន៍អឺរ៉ុប និងសហរដ្ឋអាមេរិក គឺប៉ះពាល់ដល់កសិករខ្មែរ និងប្រជាពលរដ្ឋដទៃទៀត ប៉ុន្តែលោក ហ៊ុន សែន ធ្លាប់ប្រកាសថា គាត់មិនខ្វល់ ហើយថែមទាំងចំអកផ្គើនឲ្យបណ្តាប្រទេសទាំងនោះកាត់បន្ថយប្រព័ន្ធអនុគ្រោះពន្ធបន្ថែមទៀត។
បើគេពិនិត្យមើលឥរិយាបថបែបនេះ តើលោក ហ៊ុន សែន កំពុងជួយ ឬកំពុងសម្លាប់កសិករខ្មែរ ?
បើគេនិយាយអំពីទីផ្សារអន្តរជាតិ លោក ហ៊ុន សែន គឺជាអ្នកបំផ្លាញ តែបើគេនិយាយអំពីទីផ្សារក្នុងស្រុក ប្រជាកសិករខ្មែរថាលោក ហ៊ុន សែន គឺជាមនុស្សអត់បានការ។ ឧទាហរណ៍កសិករខ្មែរក្នុងខេត្តប៉ៃលិន បានអំពាវនាវឱ្យរបបលោក ហ៊ុន សែន ជួយរកទីផ្សារលក់ផ្លែមៀនរបស់ពួកគេកាលពីចុងឆ្នាំ២០២១ កន្លងទៅ។ លោក ហ៊ុន សែន បានបញ្ចេញលុយបន្តិចបន្តួចឱ្យក្រុមអង្គរក្សរបស់ខ្លួនដើរទិញផ្លែមៀនរបស់កសិករ និងថតផ្សាយតាមទូរទស្សន៍ដើម្បីយកមុខមាត់។ តែការជួយរបស់គាត់បែរជាធ្វើឱ្យកសិករកាន់តែរងគ្រោះទៅវិញ។ កសិករខ្លះខំបេះផ្លែមៀនទុករហូតដល់រលួយខូចចោល ហើយមន្ត្រីរបស់លោក ហ៊ុន សែន មិនមកទិញតាមពេលកំណត់ និងអ្នកខ្លះទៀតជាប់ពន្ធនាគារដោយសារតែហ៊ានរិះគន់កំហុសឆ្គងពួកមន្ត្រីទាំងនោះ។
ក្រៅពីបញ្ហារៀបរាប់មកនេះ របបលោក ហ៊ុន សែន ក៏បង្កើតបញ្ហាដីធ្លីយ៉ាងធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសផងដែរ ជាពិសេសកសិករ។ បើគេពិនិត្យតួលេខផ្លូវការនៃទំហំដីសម្បទានសេដ្ឋកិច្ចដែលរបបនេះបានផ្តល់ជូនឈ្មួញខ្មែរ និងបរទេស គឺស្ទើរស្មើនឹងពាក់កណ្តាលនៃទំហំដីកសិកម្មសរុបក្នុងប្រទេសកម្ពុជា។
បើយោងតាមរបាយការណ៍ពីធនាគារពិភពលោក (World Bank) ប្រទេសកម្ពុជាមានផ្ទៃដីកសិកម្មសរុបចំនួន ៥៥ ៦៦០គីឡូម៉ែត្រការ៉េ ឬស្មើប្រមាណ ៥លាន ៥សែនហិកតារក្នុងឆ្នាំ២០១៨។ យោងតាមគេហទំព័ររបស់អង្គការលីកាដូ បច្ចុប្បន្ន តួលេខផ្លូវការនៃដីសម្បទានដែលរបបលោក ហ៊ុន សែន បានផ្តល់ឱ្យឈ្មួញជាតិ និងបរទេស គឺមានទំហំជិត ២លាន ២សែនហិកតារ។ អង្គការលីកាដូ ក៏បានថ្លែងថា ជាច្រើនឆ្នាំហើយដែលអាជ្ញាធរមិនផ្តល់តួលេខច្បាស់លាស់អំពីការផ្តល់ដីសម្បទាននេះ និងអំពាវនាវឱ្យអាជ្ញាធរបង្ហាញតួលេខទាំងនោះដោយពេញលេញ។ ដូច្នេះ វាមានន័យថា ទំហំដីសម្បទានដែលរបបលោក ហ៊ុន សែន បានផ្តល់ឱ្យអ្នកជំនួញទាំងនោះ គឺប្រាកដជាមានទំហំធំជាងតួលេខដែលបង្ហាញនោះហើយ។
ដោយសារតែដីសម្បទានភាគច្រើនជាដីកសិកម្ម អ៊ីចឹងទំហំដីកសិកម្មអាចពាក់កណ្តាល ឬច្រើនជាងនេះកំពុងស្ថិតក្នុងដៃឈ្មួញឯកជន។ គេអាចនិយាយម្យ៉ាងទៀតថា ក្រុមឈ្មួញដែលមានចំនួនតិច កំពុងគ្រប់គ្រងដីកសិកម្មខ្មែរប្រមាណ ៥០% រីឯកសិករខ្មែរមានចំនួនដ៏ច្រើន អាចកំពុងគ្របគ្រងដីកសិកម្ម ៥០% ទៀត។
ក្រៅតែពីកសិករខ្មែរ ៦៥% ឬស្មើនឹងប្រមាណ ១១លាននាក់រងផលប៉ះពាល់ដោយប្រយោល ឬដោយផ្ទាល់នឹងដីសម្បទាននេះ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានផ្សាយលើគេហទំព័ររបស់ខ្លួនថា ប្រជាពលរដ្ឋខ្មែរចំនួនជាង ៤ម៉ឺន ៧ពាន់គ្រួសារ ឬជាង ៧៦ម៉ឺននាក់បានរងគ្រោះដោយផ្ទាល់ពីគោលនយោបាយធ្វើសម្បទានដីសេដ្ឋកិច្ច។ សច្ចភាពនេះជាដើមហេតុធ្វើឲ្យកសិករខ្មែរមានភាពក្រីក្រលើទឹកដីសុវណ្ណភូមិ៕