28.4 C
Phnom Penh

ការស្ទង់មតិ៖ កូនប្រុស​អតីត​ជន​ផ្ដាច់ការ​ហ្វីលីពីន​អាច​ឈ្នះ​ការ​បោះឆ្នោត​នា​ពេល​ខាងមុខ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ហ្វីលីពីន គឺជា​ប្រទេស​មួយ​ស្ថិត​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍។ ប្រទេស​ដី​កោះ​មួយ​នេះ​ប្រកាន់​យក​របប​ប្រជាធិបតេយ្យ​បែប​សាធារណរដ្ឋ ហើយ​ការ​បោះឆ្នោត​ប្រហាក់ប្រហែល​ទៅ​នឹង​សហរដ្ឋ​អាមេរិក។

នៅ​ថ្ងៃ​ទី​៩ ខែ​ឧសភា ប៉ុន្មាន​សប្ដាហ៍​ទៀត​នេះ សាធារណរដ្ឋ​ហ្វីលីពីន នឹង​មាន​ការបោះឆ្នោត​ប្រធានាធិបតី​ផង អនុប្រធានាធិបតី​ផង ហើយ​ក៏​មាន​ការបោះឆ្នោត​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា និង​សមាជិក​សភា​ផង​ដែរ។ ប៉ុន្តែ​មាន​តែ​ការបោះឆ្នោត​ប្រធានាធិបតី​មួយ​គត់​ត្រូវ​បាន​កំណត់​ថា​ជា​ការ​បោះឆ្នោត​ឆ្លងកាត់​ដំណាក់កាល ៦​ឆ្នាំ​ម្ដង​តាម​ការកំណត់​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​របស់​ប្រទេស​នេះ។

យោង​តាម​រដ្ឋធម្មនុញ្ញ​របស់​សាធារណរដ្ឋ​ហ្វីលីពីន ប្រធានាធិបតី​កាន់​អំណាច​បានតែ ៦​ឆ្នាំ​ប៉ុណ្ណោះ គឺ​មួយ​អាណត្តិ។ រដ្ឋធម្មនុញ្ញ​របស់​ប្រទេស​នេះ​មិន​បាន​បើក​ផ្លូវ​ឲ្យ​ធ្វើការ​រុះរើ​អាណត្តិ​ប្រធានាធិបតី​បាន​ឡើយ ទោះ​ជា​ប្រធានាធិបតី​រូប​នោះ​មាន​អំណាច​នីតិប្រតិបត្តិ​ខ្លាំង​យ៉ាងណាក៏ដោយ។

ប្រធានាធិបតី​បច្ចុប្បន្ន គឺ​លោក រ៉ូឌ្រីហ្គោ ឌូទើតេ។ បុរស​ខ្លាំង​រូប​នេះ​ប៉ុនប៉ង​រុះរើ​រដ្ឋធម្មនុញ្ញ តែ​ទៅ​ពុំ​រួច​នោះ​ទេ ព្រោះតែ​ព្រឹទ្ធសភា និង​តុលាការ​កំពូល​របស់​ប្រទេស​នេះ​មាន​អំណាច​អាច​ចោទប្រកាន់​ប្រធានាធិបតី​រូប​នេះ​បាន​ពី​បទ​បំពាន​អំណាច​រដ្ឋ។ ដោយ​មូលហេតុ​នេះ លោក ឌូទើតេ ដែល​ចង់​បន្ត​កាន់​អំណាច​មួយ​អាណត្តិ​ទៀត ក៏​ពុំ​អាច​ទៅ​រួច ហើយ​ក៏​ចង់​ឈរ​ឈ្មោះ​ជា​បេក្ខជន​អនុប្រធានាធិបតី​វិញ តែ​ត្រង់​ចំណុច​នេះ​ពុំ​មាន​មាត្រា​នៃ​រដ្ឋធម្មនុញ្ញ​ចែង​ហាមឃាត់​នោះ​ទេ។

បើ​ប្រធានាធិបតី​រូប​ណា​ធ្វើ​បែប​នេះ​បាន ក៏​អាច​រង​ការ​ចោទប្រកាន់​ដោយ​តុលាការ​កំពូល និង​ព្រឹទ្ធសភា ថា​ជា​អ្នក​នយោបាយ​នាំ​ឲ្យ​អ្នក​នយោបាយ​ជំនាន់​ក្រោយ​យក​គំរូ​តាម គឺ​អាក្រក់​បំផុត។ នៅ​ទីបំផុត លោក ឌូទើតេ បាន​លះបង់​មហិច្ឆតា​របស់​ខ្លួន​វិញ។ ឥឡូវ​នេះ បេក្ខជន​ជា​ផ្លូវការ​នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​ថ្ងៃ​ទី​៩ ខែ​ឧសភា ខាងមុខ​មាន​តែ ៥​រូប​ប៉ុណ្ណោះ។

ពួកគាត់​កំពុងតែ​ធ្វើ​យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត​យ៉ាង​ភ្លូក​ទឹក​ភ្លូក​ដី ក្នុង​នោះ​ក្រុម​បេក្ខជន​អនុប្រធានាធិបតី​ក៏​ឃោសនា​រក​សំឡេង​ឆ្នោត​របស់​ខ្លួនឯង​យ៉ាង​ខ្លាំងក្លា​ផង​ដែរ ទោះ​ជា​ការ​បោះឆ្នោត​នៅ​ថ្ងៃ​តែ​មួយ​មែន តែ​ការ​រាប់​សន្លឹកឆ្នោត​ដាច់ដោយឡែក​ពី​គ្នា។

ក្នុង​ក្រសែភ្នែក​របស់​ប្រជាជន​ហ្វីលីពីន ជិត ៧០​លាន​នាក់​ដែល​មាន​ឈ្មោះ​បោះឆ្នោត កំពុង​សម្លឹង​ទៅ​រក​បេក្ខជន​ប្រធានាធិបតី ៥​រូប​នេះ គឺ៖

  • លោក Bongbong Marcos កូនប្រុស​អតីត​ជន​ផ្ដាច់ការ​កាលពី​ទសវត្ស​១៩៨០ គឺ​លោក Ferdinand Marcos
  • អ្នកស្រី Leni Robredo បច្ចុប្បន្ន​អនុប្រធានាធិបតី
  • លោក Isko Moreno អតីត​អភិបាល​ក្រុង​ម៉ានីល
  • លោក Many Pacquioa អ្នក​ប្រដាល់​កម្រិត​ពិភពលោក និង​ជា​សមាជិក​ព្រឹទ្ធសភា
  • និង​លោក Ping Lacson ធ្លាប់​កាន់​តំណែង​អគ្គស្នងការ​នគរបាល​ហ្វីលីពីន និង​ជា​សមាជិក​ព្រឹទ្ធសភា។

ក្នុង​ចំណោម​បេក្ខជន​ទាំង ៥​រូប​នេះ​មាន​បេក្ខជន​ម្នាក់​គត់​ដែល​មាន​ប្រជាប្រិយភាព​ជាងគេ គឺ​កូនប្រុស​ជន​ផ្ដាច់ការ Ferdinand Marcos គឺ​លោក Bongbong Marcos។ យោង​តាម​ការ​ស្ទង់មតិ​មួយ​របស់​បណ្ដាញ​ស្ទង់មតិ​តំបន់​អាស៊ី​ឈ្មោះ​ថា Pulse Asia ដែល​បាន​ធ្វើឡើង​កាលពី​ថ្ងៃ​ទី​១៨ ដល់​ថ្ងៃ​ទី​២៣ កុម្ភៈ ក្នុង​ចំណោម​ប្រជាជន​ចាប់ពី​អាយុ ១៨​ឆ្នាំ​ឡើង​ទៅ​នៅ​ទូទាំង​ប្រទេស​ចំនួន ២៤០០​នាក់​ដែល​លទ្ធផល​នៃ​ការស្ទង់មតិ​នេះ​បង្ហាញ​ថា កូនប្រុស​អតីតជន​ផ្ដាច់ការ Ferdinand Marcos គឺ​លោក Bongbong Marcos មាន​សំឡេង​គាំទ្រ​ដល់​ទៅ ៦០%។ រីឯ​បេក្ខជន​ស្ត្រី គឺ​អ្នកស្រី​អនុប្រធានាធិបតី Leni Robredo មាន​សំឡេង​គាំទ្រ ១៥%។ ចំណែក​លោក Isko Moreno មាន​សំឡេង​គាំទ្រ ១០%។ រីឯ​កីឡាករ​ប្រដាល់​ជើងឯក Many Pacquioa មាន​សំឡេង​គាំទ្រ ៨%។ ដោយឡែក​បេក្ខជន​ចុងក្រោយ​គេ គឺ​លោក Ping Lacson មាន​សំឡេង​គាំទ្រ ២%។ នេះ​បើ​យោង​តាម​សារព័ត៌មាន​ហ្វីលីពីន គឺ Philippines Star ដែល​បាន​ចុះផ្សាយ​លទ្ធផល​នៃ​ការស្ទង់មតិ​របស់​បណ្ដាញ​ស្រង់​មតិ Pulse Asia ដូចនេះ​កាលពី​ថ្ងៃ​ទី​១៤ មីនា។

ឆ្លងកាត់​លទ្ធផល​នៃ​ការស្ទង់មតិ​នេះ ទីភ្នាក់ងារ​សារព័ត៌មាន Reuters បាន​ធ្វើការ​វិភាគ​ដ៏​ខ្លី​មួយ​របស់​ខ្លួន​អំពី​លក្ខណៈ​សម្បត្តិ​របស់​លោក Bongbong Marcos វ័យ ៦៤​ឆ្នាំ។

សំណួរ​មួយ​ចោទ​សួរ​ថា តើ​ហេតុ​អ្វី​បាន​ជា​បុរស​នេះ​ទទួល​បាន​ការ​គាំទ្រ​ច្រើន​នៅ​ពេលនេះ ហើយ​បើ​មាន​ការ​បោះឆ្នោត​ជា​ផ្លូវការ​នៅ​ថ្ងៃ​នេះ គឺ​បុរស​វ័យ ៦៤​ឆ្នាំ​នេះ​ច្បាស់​ជា​ឈ្នះ​ឆ្នោត​ភ្លូក​ទឹក​ភ្លូក​ដី។

អ្នក​សង្កេតការណ៍​មើល​ឃើញ​ថា លោក Bongbong Marcos មាន​ប្រជាប្រិយភាព​ក្នុង​ចំណោម​ប្រជាជន​ហ្វីលីពីន ក្នុង​សម័យ​នេះ ព្រោះ​លោក​ជា​កូនប្រុស​របស់​ជន​ផ្ដាច់ការ​នៅ​ទសវត្ស​១៩៨០ បាន​ក្លាយ​ខ្លួន​ពី​អ្នកជំនួញ ហើយ​ក្រោយ​មក​ជា​សមាជិក​សភា និង​ជាប់​ឆ្នោត​ជា​សមាជិក​ព្រឹទ្ធសភា។ បុរស​រូប​នេះ​ជា​អ្នក​តស៊ូ​មតិ​យ៉ាង​ខ្លាំងក្លា​នៅ​ក្នុង​ព្រឹទ្ធសភា ក្នុង​ការ​លើក​ជ្រោង​សេរីភាព​របស់​ប្រជាជន និង​ប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​នេះ។

អ្នក​សង្កេតការណ៍​មើល​ឃើញ​ថា លោក Bongbong Marcos មាន​ប្រជាប្រិយភាព​ទំនង​ដោយសារ​ប្រជាជន​ហ្វីលីពីន គិត​ថា បុរស​នេះ​មិន​ដើរ​តាម​គន្លង​របស់​ឪពុក​នោះ​ទេ ហើយ​ម្យ៉ាង​ទៀត រដ្ឋធម្មនុញ្ញ​ហ្វីលីពីន​នៅ​ពេលនេះ គឺជា​ប្រព័ន្ធ​ការពារ​មួយ​យ៉ាង​រឹងមាំ​ទៅ​ហើយ​មិន​ឲ្យ​បុរស​មួយ​នេះ​រុះរើ​រដ្ឋធម្មនុញ្ញ​បាន​ដាច់ខាត ហើយ​ថា​បើ​អំឡុង​ពេល​កំពុង​កាន់​អំណាច ប្រធានាធិបតី​បែរជា​មាន​កំហុស​ធ្ងន់ធ្ងរ ក៏​តុលាការ​កំពូល និង​ព្រឹទ្ធសភា​របស់​ហ្វីលីពីន អាច​ជំនុំជម្រះ​ក្ដី​ប្រធានាធិបតី​បាន​ដែរ ដោយ​ផ្អែក​លើ​អំណាច​របស់​រដ្ឋធម្មនុញ្ញ។

ក្នុង​ស្ថានភាព​បែប​នេះ​ហើយ​មើល​ទៅ​បាន​ជា​ប្រជាជន​ហ្វីលីពីន គិត​ថា​នឹង​សម្រេច​ជ្រើសរើស​កូនប្រុស​អតីត​ជន​ផ្ដាច់ការ​រូប​នេះ​ដើម្បី​ដឹកនាំ​ប្រទេស ដោយ​ផ្អែក​លើ​អំណាច​របស់​រដ្ឋធម្មនុញ្ញ។ ប៉ុន្តែ​ប្រជាជន​ហ្វីលីពីន ទំនង​ក៏​មើល​ឃើញ​ដែរ ព្រោះ​លោក Bongbong Marcos មាន​ឧត្តមគតិ​ស្នេហា​ជាតិ​ក្នុង​ការ​ការពារ​ដែនទឹក​របស់​ហ្វីលីពីន ដែល​កំពុង​ទន្ទ្រាន​កាន់កាប់​ពី​សំណាក់​ប្រទេស​ចិន។ លោក​បាន​សច្ចា​ថា​នឹង​ពិនិត្យ​ឡើងវិញ​សាលដីកា​មជ្ឈិត្តការ​អន្តរជាតិ​ឆ្នាំ​២០១៦ ដែល​ផ្ដល់​សិទ្ធិ​ឱ្យ​ហ្វីលីពីន​ចូល​ទៅ​កាន់កាប់​ដែន​កោះ​របស់​ហ្វីលីពីន​នៅ​សមុទ្រ​ចិន​ខាងត្បូង គឺ​ឈ្នះ​ក្ដី​លើ​ប្រទេស​ចិន។ នេះ​ជា​ចំណុច​ខ្លាំង​មួយ​របស់​បេក្ខជន​រូប​នេះ។ ចំណុច​ខ្លាំង​មួយ​ទៀត​ដែល​ធ្វើ​ឲ្យ​ប្រជាជន​ហ្វីលីពីន ចង់​សាកល្បង​ជ្រើសរើស​បុរស​កូនប្រុស​អតីត​ជន​ផ្ដាច់ការ គឺ​បុរស​នេះ​មាន​ចរន្ត​នយោបាយ​ទៅ​រក​សហរដ្ឋ​អាមេរិក​ច្រើន​ជាង​បេក្ខជន​ផ្សេងៗ​ទៀត។

លោក Bongbong Marcos បាន​និយាយ​ថា ពេល​គាត់​ក្លាយ​ជា​ប្រធានាធិបតី គឺ​សហរដ្ឋ​អាមេរិក​ជា​មិត្ត​ជិតស្និទ្ធ​របស់​ហ្វីលីពីន ដែល​ប្រជាជន​ហ្វីលីពីន​ដឹង​គ្រប់​គ្នា​ថា អាមេរិក​កំពុងតែ​ការពារ​ដែនទឹក​ហ្វីលីពីន​ពី​ការ​ប្រឈម​មុខ​ជាមួយ​នឹង​ការ​រំលោភបំពាន​ពី​សំណាក់​កងទ័ព​ចិន​នៅ​សមុទ្រ​ចិន​ខាងត្បូង។

តែ​អ្នក​សង្កេតការណ៍​ខ្លះ​មិន​ចង់​ធ្វើការ​កត់សម្គាល់​អ្វី​ច្រើន​ទេ ដោយ​ពួកគេ​ថា ត្រូវ​រង់ចាំ​មើល​ឆន្ទៈ​របស់​ប្រជាជន ថា​តើ​បេក្ខជន​ប្រធានាធិបតី​ទាំង​ប្រាំ​រូប​នេះ មួយ​ណា​នឹង​ដណ្ដើម​បាន​បេះដូង​ពិតប្រាកដ និង​ច្រើន​ជាង​គេ​ចេញពី​ប្រជាជន​ហ្វីលីពីន ៦៧​លាន ៥​សែន​នាក់ ដែល​នឹង​ធ្វើ​សេចក្ដី​សម្រេច​នៅ​ថ្ងៃ​បោះឆ្នោត ថ្ងៃ​ទី​៩ ខែ​ឧសភា ឆ្នាំ​២០២២ នៅ​ប៉ុន្មាន​សប្ដាហ៍​ទៀត​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស