41.3 C
Phnom Penh

ពលរដ្ឋ​បារម្ភ​អំពី​តម្លៃ​ប្រេងសាំង​ឡើង​ថ្លៃ​ខណៈ​រដ្ឋាភិបាល​បន្ទោស​ថា​មកពី​សង្គ្រាម​រុស្ស៊ី​និង​អ៊ុយក្រែន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពលរដ្ឋ​បង្ហាញ​ក្ដី​បារម្ភ​អំពី​តម្លៃ​ប្រេងសាំង​ហក់​ឡើង ៥០០​រៀល​បន្ថែម​ទៀត​ក្នុង​មួយ​លីត្រ ខណៈ​រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​អះអាង​ថា ការ​ឡើង​ថ្លៃ​នេះ​បណ្ដាល​មកពី​វិបត្តិ​នៃ​សង្គ្រាម​រវាង​រុស្ស៊ី និង​អ៊ុយក្រែន ដែល​ជា​ប្រទេស​ផលិត​ប្រេង​ធំ។

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃ​ទី​១៦ ខែ​មីនា ឆ្នាំ​២០២២ ក្រសួង​ពាណិជ្ជកម្ម ឱ្យ​ដឹង​ថា ចាប់ពី​ថ្ងៃ​ទី​១៦ ដល់​ថ្ងៃ​ទី​៣១ ខែ​មីនា ឆ្នាំ​២០២២ តម្លៃ​សាំង​ធម្មតា និង​ប្រេង​ម៉ាស៊ូត​បាន​ហក់​ឡើង​ចំនួន ៥៣០០​រៀល​ក្នុង​មួយ​លីត្រ ខណៈ​តម្លៃ​សាំង​ស៊ូពែ​ហក់​ឡើង​ដល់ ៥៨៥០​រៀល​ក្នុង​មួយ​លីត្រ។

តម្លៃ​ប្រេងឥន្ធនៈ​ចាប់ផ្ដើម​ហក់​ឡើង​ចាប់ពី​ថ្ងៃ​នេះ ខណៈ​កាលពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​១៥ ខែ​មីនា តម្លៃ​ប្រេងសាំង​ធម្មតា​មាន​តម្លៃ ៤៨០០​រៀល​ក្នុង​មួយ​លីត្រ។ ចំណែក​ប្រេង​ម៉ាស៊ូត​តម្លៃ ៤៥០០​រៀល​ក្នុង​មួយ​លីត្រ​ប៉ុណ្ណោះ។

កាលពី​ថ្ងៃ​ទី​២ ខែ​មីនា ឆ្នាំ​២០២២ លោក ហ៊ុន សែន បាន​ថ្លែង​ថា ការ​ឡើង​ថ្លៃ​ប្រេងសាំង​នេះ​មិនមែន​តែ​នៅ​កម្ពុជា​នោះ​ទេ ដោយ​លោក​ថា​សូម្បីតែ​ប្រទេស​ផលិត​ប្រេង​ក៏​ឡើង​ថ្លៃ​ដែរ។

តម្លៃ​ប្រេងសាំង​បាន​ហក់​ឡើង​នេះ បាន​បង្ក​ឱ្យ​ពលរដ្ឋ​មួយ​ចំនួន​ដែល​កំពុង​ប្រកប​របរ​ដឹកជញ្ជូន​ទំនិញ និង​អ្នកដំណើរ​ប្រើប្រាស់ រួម​ទាំង​កសិករ​ដែល​បាន​ប្រើប្រាស់​ប្រេងសាំង បាន​បង្ហាញ​ក្តី​បារម្ភ​ពី​ការ​ថយ​ចុះ​ប្រាក់ចំណូល ខណៈ​ពួកគេ​កំពុង​រង​ផល​ប៉ះពាល់​ដោយសារ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូវីដ-១៩ អស់​រយៈពេល​ជាង ២​ឆ្នាំ​រួច​ទៅ​ហើយ​នោះ។

ជាក់ស្ដែង បើ​តាម​អ្នក​លក់ដូរ​តាម​ផ្ទះ អ្នក​ដឹក​អីវ៉ាន់​តាម​អនឡាញ អ្នក​រត់​ម៉ូតូឌុប អ្នក​រត់​រ៉ឺម៉ក​កង់​៣ និង​អ្នក​បើកបរ​រថយន្ត​តាក់ស៊ី បាន​លើកឡើង​ប្រហាក់ប្រហែល​គ្នា​ថា នៅ​តាម​តំបន់​ជាយក្រុង និង​តាម​បណ្តា​ខេត្ត​មួយ​ចំនួន ប្រេងសាំង​ធម្មតា​មាន​តម្លៃ ៥៥០០​រៀល ខណៈ​ស្ថានីយ​ប្រេង​ខ្លះ​បាន​អស់​ប្រេង​ក្នុង​ស្តុក​ថែមទៀត​ផង។

អ្នក​នាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​កន្លងមក​ថា កន្លងទៅ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​អនុញ្ញាត​ផ្តល់​ការ​ឧបត្ថម្ភ​ធន ៤​សេន​ដុល្លារ​ក្នុង ១​លីត្រ ហើយ​ក្រសួង​ក៏​បាន​អនុវត្ត​ជាហូរហែ​មក​ដែរ។ ក្រៅពី​នេះ ក្រសួង​ពាណិជ្ជកម្ម​នឹង​បន្ត​ប្រឹងប្រែង​ពិនិត្យ និង​តាមដាន បើ​សភាពការណ៍​នេះ​នៅតែ​មិន​ល្អ ហើយ​ប្រសិនបើ​តម្លៃ​ប្រេងសាំង​នៅតែ​ឡើង​ថ្លៃ​ទៀត នោះ​ក្រសួង​នឹង​បើក​កិច្ចប្រជុំ​ជាមួយ​វិស័យ​ឯកជន។

លោក​បញ្ជាក់​ថា វិធានការ​តទៅមុខ​ទៀត គឺ​មិន​ព្រងើយកន្តើយ​ចំពោះ​បញ្ហា​នេះ​ឡើយ កាលណា​តម្លៃ​ប្រេង​ឡើង​ខ្ពស់​ដល់​ដំណាក់កាល​ត្រូវ​ជជែក​ជាមួយ​វិស័យ​ឯកជន ដើម្បី​ស្វះស្វែង​រក​វិធីសាស្ត្រ​ធ្វើ​យ៉ាងណា​សម្រួល​ថា ខាង​ភាគី​ឯកជន​អាច​ទទួលយក​បាន ហើយ​ពលរដ្ឋ​អាច​មាន​ប្រេង​ប្រើប្រាស់​បាន។

លោក ប៉ែន សុវិជាតិ អះអាង​ថា កម្ពុជា​ចៀស​មិន​ផុត​ពី​បញ្ហា​តម្លៃ​ប្រេងឥន្ធនៈ​ប្រែប្រួល​នោះ​ទេ ដោយសារតែ​ជា​ប្រទេស​នាំចូល​ប្រេង ដូចនេះ​ត្រូវតែ​ពឹងផ្អែក​លើ​តម្លៃ​ប្រេង​អន្តរជាតិ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស