33 C
Phnom Penh

គ.ជ.ប លុប​ឈ្មោះ​បេក្ខជន​១១​រូប​ចេញពី​បញ្ជី​ឈរ​ឈ្មោះ​បោះឆ្នោត​ជា​មេឃុំ​ព្រោះ​មិន​ចេះ​អក្សរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) សម្រេច​លុប​ឈ្មោះ​បេក្ខជន​ចំនួន ១១​រូប​មកពី​គណបក្ស​នយោបាយ​ចំនួន​២ ចេញពី​បញ្ជី​ឈ្មោះ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​សម្រាប់​នីតិកាល​ទី​៥ នេះ ព្រោះ​មិន​ចេះ​អក្សរ។

ក្នុង​សេចក្តី​សម្រេច​នៅ​ថ្ងៃ​ទី​១៨ ខែ​មីនា ដោយ​បង្ហាញ​ថា បេក្ខជន​ទាំង ១១​រូប​ដែល​ត្រូវ​បាន គ.ជ.ប លុប​ចេញ​ពី​បញ្ជី​បោះឆ្នោត​សម្រាប់​នីតិកាល​ទី​៥ ឆ្នាំ​២០២២ នេះ ក្នុង​នោះ​មកពី​គណបក្ស​ភ្លើង​ទៀន និង​គណបក្ស​ឆន្ទៈ​ខ្មែរ។

គ.ជ.ប ដដែល​ថា​មក​ដល់​ថ្ងៃ​នេះ បេក្ខភាព​មកពី​គណបក្ស​ភ្លើង​ទៀន មាន​ចំនួន ៧​រូប​ហើយ​ត្រូវ​បាន​លុប​ឈ្មោះ​ចេញពី​បញ្ជី​បោះឆ្នោត ក្នុង​នោះ​ម្នាក់​នៅ​សង្កាត់​ផ្សារដេប៉ូ២ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ ខណៈ​បេក្ខភាព ៦​នាក់​ទៀត​មកពី​ឃុំ​ជំនាប់ ស្រុក​ថ្មបាំង ខេត្ត​កោះកុង។ ចំណែក​បេក្ខភាព ៤​រូប​ផ្សេង​ទៀត​មកពី​គណបក្ស​ឆន្ទៈ​ខ្មែរ នៅ​សង្កាត់​វត្តភ្នំ ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ។

បើ​តាម​សេចក្តី​សម្រេច​របស់ គ.ជ.ប បញ្ជាក់​ថា ការ​លុប​ឈ្មោះ​បេក្ខភាព​ទាំងនោះ​ចេញពី​បញ្ជី​ឈ្មោះ​បោះឆ្នោត​នេះ ធ្វើឡើង​តាម​បណ្តឹង​ពលរដ្ឋ​ដែល​បាន​ប្តឹង​មក​ស្ថាប័ន​ជាតិ​រៀបចំ​ការ​បោះឆ្នោត ដើម្បី​ស្នើសុំ​ឱ្យ​លុប​ឈ្មោះ​បេក្ខភាព​ទាំងនោះ​ចេញ។ ពលរដ្ឋ​ដែល​ប្ដឹង​មក គ.ជ.ប ក្នុង​នោះ​មាន​ឈ្មោះ អ៊ុំ ចន្ទដារ៉ា លោក សៀង វាសនា និង​ឈ្មោះ កែវ ប៊ុនធឿន។

ពាក់ព័ន្ធ​នឹង​រឿង​នេះ កាលពី​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០២២ គ.ជ.ប បាន​ចេញ​សេចក្តី​សម្រេច​មួយ​បន្ទាប់ពី​បាន​ធ្វើ​សវនាការ​សង្ខេប ដោយ​បង្ហាញ​ភស្តុតាង​ដាក់​បន្ទុក​ដែល​ចេញ​ដើមបណ្ដឹង​ទាំងនោះ។ សវនាការ​សង្ខេប​នោះ គ.ជ.ប ក៏​បាន​បង្ហាញ​ពី​មាន​ភាព​រឹងមាំ​តាម​ផ្លូវច្បាប់ ខណៈ​ចម្លើយ​សារភាព​របស់​បេក្ខភាព​នីមួយៗ​ក៏​បាន​បញ្ជាក់​ថា ខ្លួន​ពិតជា​មិន​ចេះ​អាន និង​សរសេរ​ខ្មែរ។ បេក្ខភាព​ទាំងនោះ​មិន​បាន​បំពេញ​ប្រវត្តិរូប និង​ការ​ប្រកាស​យល់ព្រម​ឈរ​ឈ្មោះ​ជា​បេក្ខជន​ផ្ទាល់​របស់​ពួកគេ​ដែរ។

ប្រធាន​គណបក្ស​ឆន្ទៈ​ខ្មែរ លោក គង់ មុនីកា បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា លោក​ភ្ញាក់ផ្អើល​នៅ​ពេល​ទទួល​បាន​ដំណឹង​ពី​ការ​សម្រេច​របស់ គ.ជ.ប ប្រឆាំង​បេក្ខភាព​របស់​គណបក្ស​ក្រៅ​រដ្ឋាភិបាល​មួយ​នេះ។

លោក​ថា កន្លងមក គណបក្ស​នេះ​បាន​ជ្រើសរើស​បេក្ខភាព​ដែល​ឈរ​ឈ្មោះ​ទាំងនោះ​ដោយ​បាន​សិក្សា​ពី​ប្រវត្តិ​ច្បាស់លាស់។ លោក​បន្ត​ថា គណបក្ស​របស់​លោក​នឹង​ចុះ​អង្កេត​រឿង​នេះ​ដោយ​ម៉ត់ចត់។ លោក​ថា នេះ​គឺជា​រូបភាព​គំរាមកំហែង និង​ជា​ចេតនា​នយោបាយ​ពី​ភាគី​ណា​មួយ​ប្រឆាំង​គណបក្ស​ក្រៅ​រដ្ឋាភិបាល​ច្រើន​ជាង។

នាយក​ប្រតិបត្តិ​អង្គការ​និចហ្វិច លោក សំ គន្ធាមី បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា រូបភាព​នៃ​ការ​យាយី និង​ហិង្សា​ផ្នែក​នយោបាយ​នៅ​ក្នុង​នីតិកាល​ទី​៥ នេះ ហាក់ដូចជា​មាន​ស្ថានភាព​ធ្ងន់ធ្ងរ បើ​ធៀប​នឹង​ដំណើរការ​នៃ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​មុនៗ។ លោក​បន្ថែម​ថា ប្រសិនបើ​រក​ឃើញ​ថា​សវនាការ​ដែល​សម្រេច​លុប​ឈ្មោះ​នេះ​មាន​ភាព​មិន​ត្រឹមត្រូវ គណបក្ស​នយោបាយ​សាមី គួរ​ប្តឹង​តវ៉ា​ប្រឆាំង​នឹង​សេចក្តី​សម្រេច​នេះ​ដោយ​ផ្អែក​ទៅតាម​នីតិវិធី និង​បទបញ្ញត្តិ​ដែល​មាន​ជាធរមាន។

រហូត​មកទល់​ពេលនេះ យ៉ាងហោចណាស់​មាន​គណបក្ស​នយោបាយ​ចំនួន​១៧ បាន​ដាក់​បញ្ជី​បេក្ខភាព​របស់​ខ្លួន​ចូលរួម​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ឆ្នាំ​២០២២។ ចំពោះ​ប្រតិទិន​ដែល​បាន​កំណត់​រួចហើយ​អំពី​ថ្ងៃ​បោះឆ្នោត​ជ្រើសរើស​មេឃុំ​ចៅសង្កាត់ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​អាទិត្យ ទី​៥ ខែ​មិថុនា ខាងមុខ​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស