ពលរដ្ឋជិត ២០០នាក់នៅស្រុកបុទុមសាគរ និងស្រុកថ្មបាំង ដែលកំពុងមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនរបស់ឧកញ៉ា លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជា បាននាំគ្នាទៅប្រមូលផ្ដុំតវ៉ានៅមុខសាលាដំបូងខេត្តកោះកុង ជាថ្មី ខណៈតំណាងរបស់ពួកគេ ២នាក់ចូលបំភ្លឺនៅតុលាការ។
តំណាងអយ្យការអមសាលាដំបូងខេត្តកោះកុង បានចេញដីកាកោះហៅតំណាងសហគមន៍ចំនួន ២នាក់ទៀតឱ្យចូលបំភ្លឺនៅតុលាការនៅថ្ងៃទី២១ ខែមីនា ដើម្បីសាកសួរបទចោទករណី «បង្កភាពចលាចលធ្វើឱ្យខូចសណ្ដាប់ធ្នាប់» នៅក្នុងភូមិសាស្ត្រខេត្តកោះកុង។ តំណាងទាំងពីរនាក់ដែលរងបណ្ដឹងពីតុលាការនោះ មានអ្នកស្រី ជឹម ថន និងអ្នកស្រី ណុប សុថា។
ពលរដ្ឋដែលទៅគាំទ្រនៅមុខសាលាដំបូងខេត្តកោះកុង បន្ទាប់ពីបញ្ចប់ការសាកសួរតំណាងសហគមន៍ម្នាក់ គឺអ្នកស្រី ជឹម ថន។ អ្នកស្រីលើកឡើងថា តុលាការបានសួរគាត់ពាក់ព័ន្ធនឹងការតវ៉ារបស់ពលរដ្ឋកន្លងមកថាមានអង្គការសង្គមស៊ីវិលណានៅពីក្រោយឧបត្ថម្ភថវិកាដល់ពួកគាត់ ដែលចេញតវ៉ារឿងដីធ្លីឬអត់។ មួយវិញទៀត តុលាការក៏បានសួរគាត់ពីមូលហេតុដែលនាំឱ្យពលរដ្ឋសរសេរបដាភ្ជាប់ជាមួយពាក្យ «បាត់បង់ដី បាត់ជីវិត» ដោយតុលាការចាត់ទុកការសរសេរបែបនេះថាជាការ «បង្កភាពចលាចលធ្វើឲ្យខូចសណ្ដាប់ធ្នាប់»។
អ្នកស្រី ជឹម ថន អះអាងថា ការដែលពួកគាត់សរសេរបដាបែបនេះ ទាំងភាសាខ្មែរ និងអង់គ្លេស គ្រាន់តែចង់បង្ហាញឱ្យសហគមន៍អន្តរជាតិបានដឹងដោយគ្មានចេតនាបង្កភាពចលាចលដល់សង្គមជាតិនោះទេ ព្រោះគាត់បាត់បង់ដីពិតមែន។ ជាមួយគ្នានេះដែរ អ្នកស្រីថាការតវ៉ារបស់ពលរដ្ឋកន្លងមក គ្មានអ្នកណានៅពីក្រោយ និងឧបត្ថម្ភដល់ពួកគាត់ឡើយ គឺជាថវិកាផ្ទាល់ខ្លួន។ ការបន្តចេញតវ៉ាទោះបីត្រូវចំណាយថវិកាខ្លួនឯងនេះ ដោយសារចង់បានដំណោះស្រាយ ព្រោះកសិករបើគ្មានដីសម្រាប់ធ្វើស្រែចម្ការទេ នឹងគ្មានមានអ្វីសម្រាប់ចិញ្ចឹមជីវិតតទៅមុខទៀត ព្រោះជម្លោះដីធ្លីនេះបានអូសបន្លាយរាប់ឆ្នាំមកហើយនោះ។
អ្នកស្រី ជឹម ថន ស្នើទៅតុលាការឱ្យទម្លាក់ចោលការចោទប្រកាន់លើរូបគាត់ និងតំណាងផ្សេងទៀតដែលកំពុងជាប់បណ្ដឹង និងស្នើជួយរកយុត្តិធម៌ជូនពួកគាត់។
ខណៈតំណាងពីរនាក់កំពុងបំភ្លឺនៅតុលាការនោះ ពលរដ្ឋប្រមាណ ១៨០នាក់បានប្រមូលផ្ដុំគ្នានៅមុខសាលាដំបូងខេត្តកោះកុង។
បើតាមក្រុមប្រជាពលរដ្ឋ លើកឡើងថា តំណាងរបស់ពួកគាត់មិនបានប្រព្រឹត្តបទល្មើសដូចការចោទប្រកាន់របស់តុលាការខេត្តកោះកុង ឡើយ ដោយថារាល់សកម្មភាពដែលពួកគាត់ធ្វើការតស៊ូមតិដើម្បីស្វែងរកដំណោះស្រាយដីធ្លីតែប៉ុណ្ណោះ។ ពួកគាត់បន្តថា ការដែលពួកគាត់នាំគ្នាទៅប្រមូលផ្ដុំនៅមុខសាលាដំបូងនេះ ដើម្បីគាំទ្រ និងលើកទឹកចិត្តតំណាងរបស់ពួកគាត់ដែលចូលបំភ្លឺ និងទាមទារឱ្យសាលាដំបូងខេត្តទម្លាក់ចោលនូវរាល់ការចោទប្រកាន់មកលើតំណាងសហគមន៍។
កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២ សមាគមការពារសិទ្ធិមនុស្សអាដហុក បានចេញរបាយការណ៍មួយដោយរកឃើញថា ក្នុងឆ្នាំ២០២១ ពលរដ្ឋចំនួនជិត ២ម៉ឺនគ្រួសារ (១៧០៣៣គ្រួសារ) បានរងផលប៉ះពាល់ដោយសារវិវាទដីធ្លីដែលមានទំហំជាង ៥ម៉ឺនហិកតារ (៥២៦០១,៨៧ហិកតារ)។
សមាគមអាដហុក ឱ្យដឹងទៀតថា ពលរដ្ឋរងគ្រោះដីធ្លីចំនួន ១៥៧នាក់នោះកំពុងជាប់បណ្ដឹងអាជ្ញា និងដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យពីតុលាការ ខណៈជនរងគ្រោះ ១៧នាក់ទៀតកំពុងឃុំខ្លួនបណ្ដោះអាសន្នក្នុងពន្ធនាគារ ដោយសារតែពួកគេតវ៉ាទាមទារដីធ្លីរបស់ខ្លួនមកវិញ៕