33 C
Phnom Penh

មេ​រដ្ឋប្រហារ​មួយ​នៅ​អាស៊ី​អាគ្នេយ៍​អាច​ខ្ទាត​ចេញពី​អំណាច​នៅ​ចុង​ឆ្នាំ​នេះ​ឬ​ដើម​ឆ្នាំ​ក្រោយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រាជាណាចក្រ​ថៃ បាន​ឆ្លងកាត់​ការ​ញាំញី​ដោយ​ការ​រំជើបរំជួល​នយោបាយ គឺ​ជាង ៣​ឆ្នាំ​មក​ហើយ។ ចលនា​យុវជន និង​ក្រុម​និស្សិត​នៃ​ប្រទេស​អាស៊ី​អាគ្នេយ៍​មួយ​នេះ បាន​ធ្វើ​បាតុកម្ម​ទាំង​ទ្រង់ទ្រាយ​ធំ និង​ទ្រង់ទ្រាយ​តូច គឺ​មួយ​ឆ្នាំ​ពេញ ប៉ុន្តែ​បាន​ផ្អាក​ទៅវិញ​ដោយសារតែ​ប្រទេស​នេះ​ធ្លាក់​ក្នុង​ជំងឺ​រាតត្បាត​កូវីដ-១៩ ដែល​ដើមហេតុ​ដំបូង​ចេញពី​ប្រទេស​ចិន។

គោលបំណង​របស់​ក្រុម​យុវជន និង​ចលនា​និស្សិត គឺ​ដើម្បី​ទាញ​ទម្លាក់​មេ​រដ្ឋប្រហារ​ឆ្នាំ​២០១៤ ឱ្យ​ធ្លាក់​ពី​អាសនៈ​នាយករដ្ឋមន្ត្រី និង​រុះរើ​រដ្ឋធម្មនុញ្ញ​ឆ្នាំ​២០១៧ ដែល​ពួក​យោធា​តែងតាំង​ឡើង​ដើម្បី​បំពេញ​មហិច្ឆតា​របស់​ខ្លួន ក្នុង​ការ​ច្បាម​យក​អំណាច​នៅ​ក្នុង​ការ​បោះឆ្នោត​សភា​ឆ្នាំ​២០១៩ ដែល​ទីបំផុត មេ​រដ្ឋប្រហារ គឺ​ឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា ក៏​បាន​តោង​អំណាច​តំណែង​នាយករដ្ឋមន្ត្រី​បាន​ដូច​បំណង ដោយ​រដ្ឋធម្មនុញ្ញ​នេះ​បើក​ផ្លូវ​ឱ្យ​សមាជិក​ព្រឹទ្ធសភា​ដែល​ជា​ក្រុម​របស់​ពួក​យោធា ចូល​ទៅ​បោះឆ្នោត​ជ្រើសតាំង​នាយករដ្ឋមន្ត្រី​ជាមួយ​នឹង​ការ​បោះឆ្នោត​របស់​សមាជិក​សភា​ដែល​កើត​ចេញពី​ការ​បោះឆ្នោត​ចេញពី​ឆន្ទៈ​របស់​ប្រជាជន។

ការពិត គណបក្ស​បល្ល័ង្គ​ប្រាចារ៉ាត់ របស់​លោក ប្រាយុទ្ធ ពុំ​មែន​ជា​បក្ស​ឈ្នះ​ឆ្នោត​នោះ​ទេ។ បក្ស​នេះ​ឈ្នះ​ឆ្នោត​លំដាប់​ទី​២ ហើយ​បក្ស​ដែល​ឈ្នះ​ឆ្នោត​ទី​១ គឺ​គណបក្ស​ប្រឆាំង​ភឿ​ថៃ ដែល​នាយករដ្ឋមន្ត្រី​របស់​បក្ស​នេះ គឺ​អ្នកស្រី យីងឡាក់ ស៊ីណាវ៉ាត្រ (Yingluck Shinawatra) ត្រូវ​បាន​តុលាការ​រដ្ឋធម្មនុញ្ញ​ដកហូត​អំណាច ហើយ​មួយ​ខែ​ក្រោយ​មក លោក ប្រាយុទ្ធ ដឹកនាំ​កងទ័ព​ធ្វើ​រដ្ឋប្រហារ​រំលាយ​គណៈរដ្ឋមន្ត្រី​របស់​បក្ស​ភឿ​ថៃ​ចោល​តែម្ដង គឺ​នៅ​ថ្ងៃ​ទី​២២ ខែ​ឧសភា ឆ្នាំ​២០១៤។

ប៉ុន្មាន​ខែ​ប៉ុណ្ណោះ មេដឹកនាំ​រដ្ឋប្រហារ​ឧត្តមសេនីយ៍ ប្រាយុទ្ធ បាន​លើក​ខ្លួនឯង​ជា​នាយករដ្ឋមន្ត្រី គឺ​រហូត​ដល់​ថ្ងៃ​បោះឆ្នោត​ថ្ងៃ​ទី​២៤ ខែ​មីនា ឆ្នាំ​២០១៩ ជា​ថ្ងៃ​បោះឆ្នោត​សភា។ ទីបំផុត មេ​រដ្ឋប្រហារ​រូប​នេះ​បាន​តោង​អំណាច​នាយករដ្ឋមន្ត្រី​បាន​ម្ដង​ទៀត ដោយសារ​តែ​រដ្ឋធម្មនុញ្ញ​របស់​ក្រុមប្រឹក្សា​យោធា​ឆ្នាំ​២០១៧ នេះ​ហើយ ដែល​ផ្ដល់​ឱកាស​ដល់​លោក ប្រាយុទ្ធ មក​ដល់​ពេលនេះ។

ក្នុង​ការ​កាន់​តំណែង​នេះ​បាន​ជាង ៣​ឆ្នាំ លោក ប្រាយុទ្ធ ធ្លាក់​ប្រជាប្រិយភាព​ជា​ខ្លាំង និង​បែកបាក់​ផ្ទៃក្នុង។ ជាក់ស្ដែង​កាលពី​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០២២ លោក ប្រាយុទ្ធ សម្រេច​បន្ទន់​ជំហរ​របស់​ខ្លួន​ដោយ​បើក​កិច្ចពិភាក្សា​ជាមួយ​នឹង​មេដឹកនាំ​គណបក្ស​ក្នុង​ជួរ​រដ្ឋាភិបាល​ចម្រុះ ដើម្បី​ដោះស្រាយ​វិបត្តិ​ផ្ទៃក្នុង​ដែល​កំពុង​រីក​ធំ​ឡើង ដែល​អាច​នាំ​ទៅ​រក​ការ​រំលាយ​សភា ហើយ​បោះឆ្នោត​មុន​អាណត្តិ។

ផ្ទៃក្នុង​បក្ស​បែកបាក់ មិនមែន​មក​តែ​មាន​បាតុកម្ម​ទាមទារ​ឱ្យ​លោក ប្រាយុទ្ធ ចុះចេញ​ពី​តំណែង​នោះ​ទេ គឺ​កត្តា​នៅ​ចំពោះ​មុខ​អសមត្ថភាព​នៃ​រដ្ឋាភិបាល​របស់​លោក​ទាំងមូល ដែល​ទប់ស្កាត់​មិន​បាន​សម្រេច​នូវ​ការ​រាតត្បាត​ជំងឺ​កូវីដ-១៩។

ឧបនាយករដ្ឋមន្ត្រី​ថៃ លោក Prawit Wongsuwan និយាយ​ថា ប្រទេស​ថៃ អាច​នឹង​រៀបចំ​ការ​បោះឆ្នោត​មុន​កាលកំណត់​ក្នុង​ខែ​វិច្ឆិកា ខាងមុខ បន្ទាប់ពី​បញ្ចប់​ការ​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​កំពូល​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី-ប៉ាស៊ីហ្វិក ហៅ​កាត់​ថា APEC។ លោក Prawit បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ថា លោក​បាន​ជួប​មេដឹកនាំ​មួយ​ចំនួន​ក្នុង​ជួរ​រដ្ឋាភិបាល​ចម្រុះ​ដែល​មាន​គណបក្ស​ចំនួន​១៧ ដើម្បី​ស្នើសុំ​រំលាយ​សភា​បន្ទាប់ពី​កិច្ចប្រជុំ APEC នៅ​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា ឆ្នាំ​២០២២ តែ​លោក​បញ្ជាក់​ថា ការ​រំលាយ​សភា​គឺ​អាស្រ័យ​លើ​នាយករដ្ឋមន្ត្រី។

យោង​តាម​រដ្ឋធម្មនុញ្ញ​ថៃ ការ​រំលាយ​សភា គឺជា​សិទ្ធិ​របស់​នាយករដ្ឋមន្ត្រី ហើយ​ក្រោយ​មក តុលាការ​រដ្ឋធម្មនុញ្ញ​នឹង​ប្រកាស​ឱ្យ​ក្រុមប្រឹក្សា​រៀបចំ​បោះឆ្នោត​ប្រកាស​ថ្ងៃ​ខែ​កំណត់​ការ​បោះឆ្នោត បើ​នាយករដ្ឋមន្ត្រី​មិន​ប្រកាស​កាលបរិច្ឆេទ​នៃ​ការ​បោះឆ្នោត។

លោក ប្រាយុទ្ធ ដែល​បាន​សច្ចា​នៅ​ចំពោះ​មុខ​បាតុករ​រាប់​ម៉ឺន​នាក់​ដែល​តវ៉ា​ឱ្យ​លោក​ចុះចេញ​ពី​តំណែង ថា​លោក​ស៊ូទ្រាំ​នៅ​ក្នុង​តំណែង​នេះ​រហូត​ចប់​អាណត្តិ​របស់​លោក​នៅ​ខែ​មីនា ឆ្នាំ​២០២៣។ តែ​នៅ​ពេលនេះ បែរជា​ឱ្យ​ជំនួយការ​របស់​ខ្លួន​សាកសួរ​ដើម្បី​រំលាយ​សភា​បោះឆ្នោត​មុន​អាណត្តិ​ទៅ​វិញ។

កាលពី​ថ្ងៃ​ទី​២០ ខែ​មករា ឆ្នាំ​២០២២ គឺ​ក្រោយ​ការ​សម្រេច​ចិត្ត​របស់​គណបក្ស​បាល្ល័ង្គ​ប្រាចារ៉ាត់ បណ្តេញ​អគ្គលេខាធិការ​បក្ស គឺ​លោក Thamanat Prompow និង​សមាជិក​សភា​ចំនួន ២០​នាក់​ផ្សេង​ទៀត ករណី​បង្ក​ឱ្យ​មាន​ការ​បែកបាក់​នៅ​ក្នុង​បក្ស​កាន់​អំណាច លោក ប្រាយុទ្ធ ធានា​ថា​នឹង​មិន​មាន​ការ​បែកបាក់​ផ្ទៃក្នុង​បក្ស និង​ក្នុង​គណៈរដ្ឋមន្ត្រី​ចម្រុះ​នោះ​ទេ តែ​ខណៈ​នេះ លោក​ដូចជា​ចុះចាញ់​នឹង​ស្ថានភាព​ប្រឈមមុខ​បែប​នេះ​ហើយ។

តើ​អ្នក​សង្កេតការណ៍​យល់​ឃើញ​ដូចម្ដេច ដែល​លោក ប្រាយុទ្ធ មាន​ផែនការ​រំលាយ​សភា ហើយ​បោះឆ្នោត​មុន​អាណត្តិ?

ក្រុម​អ្នក​សង្កេតការណ៍​យល់​ថា ប្រសិនបើ​មាន​ការ​រៀបចំ​បោះឆ្នោត​មុន​អាណត្តិ​មែន គឺ​មិនមែន​ជា​សំណាង​ល្អ​ទៀត​ទេ​សម្រាប់​អតីត​មេ​រដ្ឋប្រហារ​ឆ្នាំ​២០១៤។ ដូច​បាន​ដឹង​ហើយ​ថា ប្រជាជន​ថៃ​រាប់​លាន​នាក់​ពិតជា​ចង់​ឃើញ​ឧត្តមសេនីយ៍ ប្រាយុទ្ធ ត្រូវ​បាន​ទាត់​ឱ្យ​ចេញពី​តំណែង​នាយករដ្ឋមន្ត្រី។

លោក Thitinan Pongsudhirak ដែល​ជា​សាស្ត្រាចារ្យ​ម្នាក់​នៅ​សាកលវិទ្យាល័យ Chulalongkorn ទីក្រុង​បាងកក បាន​ពន្យល់​ថា ការ​ដែល​បុរស​ម្នាក់​តោង​អំណាច​បាន​ដោយ​យក​ច្បាប់​ជា​ឧបករណ៍​នយោបាយ​របស់​ខ្លួន គឺជា​ការ​ដើរ​ខុស​គោលការណ៍​ប្រជាធិបតេយ្យ។

គេ​ពុំ​អាច​ទស្សន៍ទាយ​ថា លោក ប្រាយុទ្ធ នឹង​មាន​វាសនា​ឈរ​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី ឬ​ជាប់​ជា​នាយករដ្ឋមន្ត្រី​ឡើងវិញ ឬ​យ៉ាង​ណា​នោះ​ទេ។ ប៉ុន្តែ​បើ​មេ​រដ្ឋប្រហារ​រូប​នេះ​នៅ​បន្ត​កាន់​តំណែង​ជា​មេដឹកនាំ​បក្ស​បាល្ល័ង្គ​ប្រាចារ៉ាត់ ក៏​មើល​ទៅ​បក្ស​នេះ​អស់​ជំនឿ​ទុកចិត្ត​ពី​អ្នក​បោះឆ្នោត​ដែរ ព្រោះ​អ្នក​បោះឆ្នោត​បាន​ភ្លក់​រសជាតិ​រដ្ឋអំណាច​របស់​លោក ប្រាយុទ្ធ ជិត ៤​ឆ្នាំ​ទៅ​ហើយ ដែល​គេ​ថា​ពុំ​មែន​ជា​រដ្ឋាភិបាល​ប្រជាធិបតេយ្យ​អ្វី​នោះ​ទេ គឺជា​រដ្ឋាភិបាល​របស់​ពួក​យោធា។

តែ​បែប​ណា អំឡុង​សភា​ត្រូវ​បាន​រំលាយ គឺ​ស្ថានភាព​នយោបាយ​នៅ​ថៃ ទំនង​នឹង​រំជើបរំជួល​ខ្លាំង ហើយ​បាតុកម្ម​អាច​ផ្ទុះឡើង​ដើម្បី​បង្ខំ​ឲ្យ​មាន​សភាធម្មនុញ្ញ​ថ្មី​មួយ​ឡើងវិញ ដើម្បី​តាក់តែង​ឡើងវិញ​រដ្ឋធម្មនុញ្ញ​ឆ្នាំ​២០១៧ របស់​ពួក​យោធា ដែល​បាតុករ​បាន​ទាមទារ​ឲ្យ​លុបចោល​សមាជិក​ព្រឹទ្ធសភា ២៥០​រូប ដែល​ពួក​យោធា​លើក​បន្តុប និង​អាច​កែប្រែ​មាត្រា​ដែល​ពាក់ព័ន្ធ​នឹង​អំណាច​របស់​ព្រះមហាក្សត្រ និង​រាជបល្ល័ង្គ​ទៀត​ផង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស