លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (រូប​កណ្ដាល) ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន ព្រះកុសុមៈ ឬ​ពេទ្យ​លោកសង្ឃ កាលពី​ថ្ងៃ​ទី​២១ ខែ​មីនា ឆ្នាំ​២០២២។

ច្បាប់

លោក ហ៊ុន សែន ចង់​ឱ្យ​មាន​ការ​វះកាត់​ប្តូរ​ក្រលៀន​ដោយ​ស្រប​ច្បាប់​នៅ​កម្ពុជា

By ឌឹ ខេមបូឌា ដេលី

March 23, 2022

លោក ហ៊ុន សែន ស្នើ​ទៅ​ក្រសួង​សុខាភិបាល​ឱ្យ​សិក្សា​ពី​លទ្ធភាព​ក្នុង​ការ​វះកាត់​ដើម្បី​ប្តូរ​ក្រលៀន​ស្រប​ច្បាប់​នៅ​កម្ពុជា ក្រោម​ហេតុផល​ថា មន្ទីរពេទ្យ​មួយ​ចំនួន​នៅ​កម្ពុជា​មាន​សមត្ថភាព​គ្រប់គ្រាន់​លើ​រឿង​នេះ។

ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន ព្រះកុសុមៈ ឬ​ពេទ្យ​លោកសង្ឃ កាលពី​ថ្ងៃ​ទី​២១ ខែ​មីនា ឆ្នាំ​២០២២ លោក ហ៊ុន សែន ថា​កម្ពុជា​មាន​សមត្ថភាព​ក្នុង​ការ​ដូរ​ក្រលៀន​ចាប់តាំង​ពី​ឆ្នាំ​២០១០ មក​ម្ល៉េះ ដោយ​ការ​វះកាត់​នេះ​ធ្វើឡើង​នៅ​មន្ទីរពេទ្យ​ព្រះ​កេតុមាលា រាជធានី​ភ្នំពេញ។

លោក​បន្ត​ថា ទោះបីជា​កម្ពុជា​ធ្វើ​បាន​ហើយ​ក៏ដោយ ប៉ុន្តែ​ព័ត៌មាន​នេះ​មិន​មាន​ការ​ផ្សព្វផ្សាយ​ឱ្យ​បាន​ទូលំទូលាយ​នោះ​ទេ ជា​ហេតុ​ធ្វើ​ឱ្យ​ពលរដ្ឋ​មិន​បាន​ដឹង ហើយ​ពេល​មាន​ជំងឺ​ខូច​ក្រលៀន តម្រូវ​ឱ្យ​ពួកគាត់​ចេញ​ទៅ​ក្រៅ​ប្រទេស​ដើម្បី​ដូរ​សរីរាង្គ។ លោក ហ៊ុន សែន ក៏​បាន​សង្កត់​ធ្ងន់​ថា ត្បិត​មាន​ការ​ដូរ​ក្រលៀន តែ​យ៉ាងណា​មិន​អនុញ្ញាត​ឱ្យ​មាន​ការ​ជួញដូរ​សរីរាង្គ ដោយ​វិធីសាស្ត្រ​ប្តូរ​សរីរាង្គ​នេះ​ត្រូវ​រក​ចេញពី​ក្រុម​គ្រួសារ​របស់​អ្នកជំងឺ ឬ​អ្នក​ដែល​ស្ម័គ្រចិត្ត​តែប៉ុណ្ណោះ។

បើ​តាម​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន ព្រះកុសុមៈ ដែល​ទើប​សម្ពោធ​នេះ​មាន​សមត្ថភាព​ក្នុង​ការ​វះកាត់​ប្តូរ​ក្រលៀន និង​ប្តូរ​ថ្លើម រួម​ទាំង​អវយវៈ​មួយ​ចំនួន​ទៀត​ផង​ដែរ។

មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន ព្រះកុសុមៈ ឬ​ពេទ្យ​លោកសង្ឃ ត្រូវ​បាន​សាងសង់ និង​បំពាក់​បរិក្ខារ​ដោយ​ចំណាយ​ថវិកា​ជាង ៨០​លាន​ដុល្លារ​អាមេរិក ដែល​ជា​ជំនួយ​ឥត​សំណង​របស់​រដ្ឋាភិបាល​ចិន។

លោក​វេជ្ជបណ្ឌិត គួច ម៉េងលី អ្នកជំនាញ​សុខភាព​សាធារណៈ ថ្លែង​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា ការ​ផ្តល់​ភាព​ស្រប​ច្បាប់​លើ​ការ​វះកាត់​ប្តូរ​ក្រលៀន​នៅ​កម្ពុជា គឺជា​រឿង​ល្អ ដោយសារ​ការ​ទៅ​ប្តូរ​ក្រលៀន​នៅ​បរទេស​ចំណាយ​ប្រាក់​អស់​ច្រើន​ណាស់។ លោក​បញ្ជាក់​ថា ពលរដ្ឋ​ខ្មែរ​មាន​បញ្ហា​ក្រលៀន​ច្រើន​ដែល​ជាទូទៅ​កើត​មក​ដោយសារ​ការ​ទទួលទាន​គ្រឿងស្រវឹង។ ដូច្នេះ​ហើយ បង្ក​ឲ្យ​អ្នក​មាន​បញ្ហា​ក្រលៀន​ទៅ​វះកាត់​នៅ​ប្រទេស​ឥណ្ឌា ហើយ​បើ​តាម​លោក​ធ្លាប់​ដឹង គឺ​ចំណាយ​អស់​ខ្ទង់ ៥​ម៉ឺន​ដុល្លារ​ទៅ ៧​ម៉ឺន​ដុល្លារ ដើម្បី​ប្តូរ​ក្រលៀន​បាន។

វេជ្ជបណ្ឌិត គួច ម៉េងលី បាន​ឲ្យ​ដឹង​ដែរ​ថា ទន្ទឹម​នឹង​ការ​ចំណាយ​ច្រើន​លើ​ការ​វះកាត់ ប្រជាជន​កម្ពុជា​ដែល​ទៅ​ប្តូរ​ក្រលៀន​នៅ​បរទេស ក៏​ចំណាយ​ថ្លៃ​ធ្វើ​ដំណើរ និង​ស្នាក់​នៅ​ប្រទេស​គេ​ទៀត​ផង។ ប្រការ​នេះ សម្រាប់​អ្នក​ខ្វះ​លទ្ធភាព គឺ​មិន​អាច​ទៅ​ប្តូរ​បាន​ទេ។ លោក​បន្ត​ថា ការ​ប្តូរ​ក្រលៀន​មិនមែន​ជា​ការ​កាត់​ក្រលៀន​ចោល​ទេ ប៉ុន្តែ​គ្រាន់តែ​គេ​ផ្ស៊ាំ​ក្រលៀន​ថ្មី​មួយ​ទៀត​ពី​ក្រោម ដើម្បី​ឲ្យ​វា​ដំណើរការ​ជំនួស​ក្រលៀន​ដែល​ខូចខាត​នោះ​បាន ខណៈ​នៅ​កម្ពុជា​ក៏​មាន​អ្នក​មាន​សមត្ថភាព​ច្រើន​សម្រាប់​ការ​អនុវត្ត​ការងារ​ប្តូរ​ក្រលៀន និង​សរីរាង្គ៕