28 C
Phnom Penh

តុលាការ​បដិសេធ​សំណើ​លោក កឹម សុខា ទៅ​ប្រជុំ​ក្នុង​វេទិកា​គោល​នយោបាយ​ពិភពលោក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ បដិសេធ​សំណើ​របស់​មេ​បក្ស​ប្រឆាំង លោក កឹម សុខា ក្នុង​ការ​ស្នើសុំ​ចេញ​ទៅ​ចូលរួម​កិច្ចប្រជុំ​ក្នុង​វេទិកា​ស្ដីពី​គោល​នយោបាយ​ពិភពលោក​របស់​អង្គការ Global Solution ក្នុង​ទីក្រុង​ប៊ែរឡាំង ប្រទេស​អាល្លឺម៉ង់ នៅ​ថ្ងៃ​ទី​២៨ និង​ទី​២៩ ខែ​មីនា ឆ្នាំ​២០២២ ខាងមុខ​នេះ ប៉ុន្តែ​ចៅក្រម​បាន​បង្គាប់​ឲ្យ​លោក កឹម សុខា ចូលរួម​ប្រជុំ​តាម​ប្រព័ន្ធ​វីដេអូ​ជំនួស​វិញ។

សហ​មេធាវី​ការពារ​ក្តី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក ចាន់ ចេន បាន​ប្រាប់​អ្នក​សារព័ត៌មាន​បន្ទាប់ពី​សវនាការ​នៅ​ថ្ងៃ​ទី​២៣ ខែ​មីនា ឆ្នាំ​២០២២ ថា តុលាការ​បាន​ច្រានចោល​នូវ​សំណើ​របស់​មេធាវី​ការពារ​ក្តី​ប្រធាន​បក្ស​ប្រឆាំង ដោយ​មិន​អនុញ្ញាត​ឱ្យ​លោក កឹម សុខា ទៅ​ចូលរួម​ក្នុង​វេទិកា​រក​ដំណោះស្រាយ​សកល​នៅ​ប្រទេស​អាល្លឺម៉ង់ នោះ​ទេ ប៉ុន្តែ​តុលាការ​បង្វែរ​ឱ្យ​លោក កឹម សុខា ចូលរួម​កិច្ចប្រជុំ​នេះ​តាម​ប្រព័ន្ធ​វីដេអូ​ជំនួស​វិញ។

មេធាវី​ការពារ​ក្តី​ឲ្យ​លោក កឹម សុខា រូប​នេះ​បាន​សម្ដែង​ការ​ខកចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​ការ​សម្រេច​ចិត្ត​របស់​តុលាការ​បែប​នេះ ព្រោះ​ថា​ក្នុង​លិខិត​អញ្ជើញ​ដែល​មេធាវី​បាន​ដាក់​ជូន​តុលាការ​កាលពី​ថ្ងៃ​ទី​២១ ខែ​មីនា កន្លងទៅ បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា អគ្គលេខាធិការ​របស់​អង្គការ Global Solution បាន​អញ្ជើញ​លោក កឹម សុខា ឱ្យ​ទៅ​ចូលរួម​កិច្ចប្រជុំ​នេះ​ដោយ​ផ្ទាល់ ដើម្បី​ផ្តល់​អនុសាសន៍​ទៅកាន់​ពិភពលោក និង​មាន​កម្មវិធី​ជួបជុំ​ក្រុម​ពិភាក្សា​តូចៗ​ជាមួយ​មេដឹកនាំ​ប្រទេស​ជាច្រើន​ទៀត​ផង​ដែរ។

នៅ​ថ្ងៃ​ទី​២៣ ខែ​មីនា ឆ្នាំ​២០២២ នេះ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បើក​សវនាការ​លើ​សំណុំរឿង​ប្រធាន​បក្ស​ប្រឆាំង លោក កឹម សុខា ដោយ​ពិនិត្យ​លើ​ភស្តុតាង​ដោះ​បន្ទុក​ដែល​បាន​ដាក់​ជូន​ដោយ​មេធាវី​ការពារ​ក្តី​លោក កឹម សុខា។

នៅ​ថ្ងៃ​ទី​២៣ ខែ​មីនា ឆ្នាំ​២០២២ នេះ សារព័ត៌មាន The Cambodia Daily ទទួល​បាន​លិខិត​អញ្ជើញ​របស់​អគ្គលេខាធិការ​នៃ​អង្គការ Global Solution ដែល​បាន​អញ្ជើញ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ឱ្យ​ទៅ​ចូលរួម​ក្នុង​វេទិកា​គោល​នយោបាយ​ពិភពលោក​ក្នុង​ប្រទេស​អាល្លឺម៉ង់ ពី​ប្រភព​ដ៏​ជឿ​ទុកចិត្ត។

ខ្លឹមសារ​នៅ​ក្នុង​លិខិត​នោះ​សរសេរ​ថា អញ្ជើញ​លោក កឹម សុខា ឱ្យ​ចូលរួម​ជា​វាគ្មិន​ធ្វើ​បាឋកថា​ក្នុង​សន្និសីទ​ដំណោះស្រាយ​សកល នៅ​ថ្ងៃ​ទី​២៨ និង​ទី​២៩ ខែ​មីនា ឆ្នាំ​២០២២ ខាងមុខ​នេះ។ លិខិត​ដដែល​លើកឡើង​ថា ការ​ចូលរួម​របស់​មេ​បក្ស​ប្រឆាំង​រូប​នេះ នឹង​ពិភាក្សា​ទៅលើ​បញ្ហា​ប្រឈម​សំខាន់ៗ​អំពី​គោល​នយោបាយ​សកល​សម្រាប់​ប្រទេស​ជា​សមាជិក G20 និង​ប្រទេស​ជា​សមាជិក G7 ក្នុង​ឆ្នាំ​២០២២ នេះ និង​ឆ្នាំ​បន្ត​ទៀត ជាពិសេស​ពិភាក្សា​លើ​ប្រជាធិបតេយ្យូបនីយកម្ម​ដើម្បី​ចូលរួម​ស្ដារ​ឡើងវិញ​នូវ​ការ​អភិវឌ្ឍ​ផ្នែក​សេដ្ឋកិច្ច និង​សង្គម។

ប្រភព​ដដែល​បញ្ជាក់​ថា គំនិត​ផ្ដួចផ្ដើម​ដំណោះស្រាយ​សកល​នេះ ធ្វើឡើង​ដើម្បី​បន្ត​កិច្ចការ​របស់​ប្រទេស​ជា​សមាជិក G20 ដែល​នឹង​គាំទ្រ​ដល់​ការ​កាន់​តួនាទី​ជា​ប្រធាន​ប្តូរ​វេន​របស់​ជំនួប​កំពូល G20 ក៏ដូចជា​ការ​ផ្សារភ្ជាប់​ការងារ​របស់​ប្រធាន​អាណត្តិ​មុន និង​អាណត្តិ​ក្រោយ​ផង​ដែរ ខណៈ​ប្រធាន​ប្តូរ​វេន​សម្រាប់​ឆ្នាំ​២០២២ នេះ ពួកគេ​បាន​គាំទ្រ​ដល់​ប្រទេស​ឥណ្ឌូនេស៊ី។

ជុំវិញ​ការ​អញ្ជើញ​មេដឹកនាំ​នយោបាយ​នៅ​កម្ពុជា​នេះ អង្គការ Global Solution បាន​ដាក់​លិខិត​អញ្ជើញ​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា តែ​ម្នាក់​គត់ ចំណែក​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន និង​អតីត​មេដឹកនាំ​ប្រឆាំង លោក សម រង្ស៊ី មិន​ទទួល​បាន​ការ​អញ្ជើញ​ឱ្យ​ចូលរួម​ក្នុង​វេទិកា​គោល​នយោបាយ​ពិភពលោក​នេះ​ទេ។

ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា លិខិត​អញ្ជើញ​របស់​អង្គការ Global Solution ឱ្យ​លោក កឹម សុខា ចូលរួម​ក្នុង​វេទិកា​គោល​នយោបាយ​ពិភពលោក​នេះ ជា​ការ​បញ្ជាក់​អំពី​ជំហរ​អន្តរជាតិ​ដែល​តែង​ឱ្យ​តម្លៃ​លើ​ការ​ដឹកនាំ​នយោបាយ​អហិង្សា​របស់​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា នេះ​ដែរ។ ជាង​នេះ​ទៅ​ទៀត លិខិត​អញ្ជើញ​នេះ​ស្មើ​នឹង​ច្រានចោល​រាល់​ការ​ចោទប្រកាន់​របស់​តុលាការ​កម្ពុជា​គ្រប់​យ៉ាង​លើ​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា ថែម​ទៀត​ផង។

លោក កឹម សុខា ធ្លាប់​បាន​អះអាង​កាលពី​ពេល​កន្លងទៅ​ថា បើ​ទោះបីជា​លោក​មិនទាន់​មាន​សេរីភាព​ពេញលេញ​ក៏ដោយ ក៏​បណ្តា​ប្រទេស​លោកសេរី​នៅតែ​ទទួលស្គាល់​អំពី​គុណតម្លៃ​របស់​លោក​ក្នុង​ការងារ​សិទ្ធិមនុស្ស ប្រជាធិបតេយ្យ គោលការណ៍​អហិង្សា និង​ការស្វែងរក​ដំណោះស្រាយ​លើ​បញ្ហា​នានា​ដោយ​សន្តិវិធី ដើម្បី​បម្រើ​ប្រយោជន៍​ជាតិ​ខ្មែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស