27 C
Phnom Penh

កម្ពុជា​ស្នើ​អ្នក​រាយការណ៍​ពិសេស​ពី​សិទ្ធិមនុស្ស​បញ្ជូន​របាយការណ៍​ឱ្យ​មាន​តុល្យភាព​ទៅ UN

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា ស្នើ​ឲ្យ​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​សិទ្ធិមនុស្ស​នៅ​កម្ពុជា បញ្ជូន​របាយការណ៍​ទៅ​ទីក្រុង​ហ្សឺណែវ ឱ្យ​មាន​លក្ខណៈ​តុល្យភាព ដើម្បី​បង្ហាញ​ឱ្យ​ឃើញ​ពី​ភាព​ស្មើ​គ្នា​ក្នុង​ការ​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​ចំពោះ​ការ​លើក​កម្ពស់​សិទ្ធិមនុស្ស​នៅ​កម្ពុជា។

ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា លោក កែវ រ៉េមី លើកឡើង​ក្នុង​កិច្ចប្រជុំ​ជាមួយ​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​សិទ្ធិមនុស្ស​នៅ​កម្ពុជា លោក វីទិត មុនតាប៊ន (Vitit Muntarbhorn) កាលពី​ថ្ងៃ​ទី​២៤ ខែ​មីនា ឆ្នាំ​២០២២ ថា តួនាទី​របស់​អ្នក​រាយការណ៍​ពិសេស​ទទួល​បន្ទុក​សិទ្ធិមនុស្ស មិន​ត្រូវ​រាយការណ៍​បញ្ហា​សិទ្ធិមនុស្ស​ដោយ​មិន​ខ្វល់​ពី​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​នោះ​ទេ។ លោក​បន្ត​ថា របាយការណ៍​របស់​អ្នក​រាយការណ៍​ពិសេស​ដែល​ទទួល​បាន​ពី​ប្រភព​ណា ក៏​គណៈកម្មការ​សិទ្ធិមនុស្ស​កម្ពុជា​មិន​ខ្វល់​ដែរ ប៉ុន្តែ​ត្រូវ​ដាក់​របាយការណ៍​របស់​គណៈកម្មការ​សិទ្ធិមនុស្ស​កម្ពុជា​ទៅ​ទីក្រុង​ហ្សឺណែវ ផង ដើម្បី​ឱ្យ​មាន​តុល្យភាព​ក្នុង​ការ​ជជែក​គ្នា​ជាមួយ​ភាគី​ពាក់ព័ន្ធ​លើ​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា។

លោក​បញ្ជាក់​ថា ការ​ធ្វើ​បែប​នេះ​មិនមែន​ឱ្យ​អ្នក​រាយការណ៍​ពិសេស​ធ្វើជា​អ្នក​នាំពាក្យ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ទេ តែ​ជា​ការ​ធ្វើ​ឱ្យ​មាន​តុល្យភាព​ក្នុង​របាយការណ៍​ដែល​ដាក់​ទៅកាន់​អង្គការ​សហប្រជាជាតិ។

កាលពី​ថ្ងៃ​ទី​២៤ ខែ​មីនា ឆ្នាំ​២០២២ គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា បាន​បើក​កិច្ចប្រជុំ​ជាមួយ​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​សិទ្ធិមនុស្ស​នៅ​កម្ពុជា លោក វីទិត មុនតាប៊ន ដោយ​ពិភាក្សា​លើ​ការ​បង្កើត​ស្ថាប័ន​សិទ្ធិមនុស្ស​ជាតិ លំហ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា និង​ការ​ដឹកនាំ​ស្ថាប័ន​សិទ្ធិមនុស្ស​អាស៊ាន។

អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​២៥ មីនា ថា​ការ​សរសេរ​របាយការណ៍​ឱ្យ​មាន​តម្លាភាព គឺ​គណៈកម្មការ​សិទ្ធិមនុស្ស​កម្ពុជា​ទៅវិញ​ទេ​ដែល​ត្រូវ​ពិនិត្យ និង​កែតម្រូវ​លើ​របាយការណ៍​របស់​ខ្លួន​ជុំវិញ​បញ្ហា​សិទ្ធិមនុស្ស​នេះ។ លោក​បន្ត​ថា របាយការណ៍​សិទ្ធិមនុស្ស​របស់​គណៈកម្មការ​សិទ្ធិមនុស្ស​កម្ពុជា​កន្លងមក​មិន​បាន​ឆ្លុះបញ្ចាំង​ពី​ការពិត​នៃ​ការ​អនុវត្ត​សិទ្ធិមនុស្ស​របស់​កម្ពុជា​នោះ​ទេ ដូច្នេះ​ការ​ជំរុញ​ឱ្យ​អ្នក​រាយការណ៍​ពិសេស​កែតម្រូវ​នូវ​របាយការណ៍​របស់​ពួកគេ​នោះ ជា​រឿង​ដែល​មិន​គួរ​កើត​មាន​នោះ​ទេ។

លោក ស៊ឹង សែនករុណា បញ្ជាក់​ថា ក្នុង​នាម​គណៈកម្មការ​សិទ្ធិមនុស្ស​ដែល​ជា​ស្ថាប័ន​ធានា​នូវ​ការ​អនុវត្ត​សិទ្ធិ​របស់​ពលរដ្ឋ​ឱ្យ​បាន​ពេញលេញ គួរ​តែ​យក​របាយការណ៍​របស់​អ្នក​រាយការណ៍​ពិសេស​មក​ធ្វើការ​កែតម្រូវ និង​រាយការណ៍​ជូន​រដ្ឋាភិបាល ដើម្បី​ឱ្យ​ការ​អនុវត្ត​នូវ​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ​បាន​ល្អ​ប្រសើរ ព្រោះ​របាយការណ៍​របស់​អ្នក​រាយការណ៍​ពិសេស គឺ​ទាមទារ​ឱ្យ​មាន​ការ​ធានា​សិទ្ធិ​របស់​ពលរដ្ឋ​ឱ្យ​បាន​ពេញលេញ​ស្រប​តាម​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា​ប៉ុណ្ណោះ។

ជុំវិញ​បញ្ហា​នេះ លោក ហ៊ុន សែន ធ្លាប់​សារភាព​កាលពី​ពេល​កន្លងទៅ​ថា ការ​ចាប់​ខ្លួន​សកម្មជន​សង្គម និង​អ្នក​តវ៉ា​ផ្សេង​ទៀត​កន្លងមក គឺ​លោក​ជា​អ្នក​បញ្ជា​ដោយ​ផ្ទាល់ ពីព្រោះ​ពួកគេ​នាំគ្នា​តវ៉ា​ប្រឆាំង​នឹង​ការ​ដឹកនាំ​របស់​លោក ដែល​ធ្វើ​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម។

អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​នៅ​កម្ពុជា ព្រមាន​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​ដំបូង​កាលពី​ថ្ងៃ​ទី​៦ ខែ​តុលា នៅ​ទីក្រុង​ហ្សឺណែវ (Geneva) ប្រទេស​ស្វីស (Switzerland) ទៅកាន់​សម័យប្រជុំ​លើក​ទី​៤៨ របស់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​ថា កម្ពុជា​កំពុងតែ​ដើរ​ថយក្រោយ​ដោយ​ងាក​ចេញពី​ការ​គោរព​សិទ្ធិមនុស្ស និង​គន្លង​ប្រជាធិបតេយ្យ។

លោក​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បញ្ឈប់​ការ​បង្កើត​ច្បាប់​នានា និង​លុបបំបាត់​ការ​ប្រើ​អំណាច​ដែល​បំពាន​នឹង​ច្បាប់​រដ្ឋធម្មនុញ្ញ និង​ច្បាប់​សិទ្ធិមនុស្ស​អន្តរជាតិ ហើយ​ងាក​មករ​ក​កិច្ចពិភាក្សា​ជាមួយ​អង្គការ​សង្គម​ស៊ីវិល ដើម្បី​កែប្រែ​មាត្រា​ខ្លះ​នៃ​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល។

របាយការណ៍​ស្ដីពី​នីតិរដ្ឋ​ឆ្នាំ​២០២១ របស់​គម្រោង​យុត្តិធម៌​ពិភពលោក (The World Justice Project) បាន​លាតត្រដាង​ថា កម្ពុជា​គឺជា​ប្រទេស​ដែល​មាន​ការ​ដឹកនាំ​គ្មាន​តម្លាភាព ពោរពេញ​ដោយ​ការ​គំរាមកំហែង​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ និង​ការ​មិន​ធានា​បាន​នូវ​ប្រព័ន្ធ​យុត្តិធម៌​របស់​ខ្លួន​តាម​ផ្លូវ​តុលាការ ជាដើម ដែល​បាន​ធ្លាក់​ទៅ​ក្នុង​ចំណោម​ប្រទេស​ដែល​មាន​នីតិរដ្ឋ​អាក្រក់​បំផុត​ក្នុង​ចំណាត់ថ្នាក់​លេខ​ទី​១៣៨ ក្នុង​ចំណោម​ប្រទេស​១៣៩ នៅ​លើ​ពិភពលោក៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស